កថាទី១៖ រឿងហង្ស និងក្ងោក

កថាទី២៖ រឿងបក្សី និងស្វា

កថាទី៣៖ រឿងលាពាក់ស្បែកខ្លា

កថាទី៤៖ រឿងដំរី និងទន្សាយ

កថាទី៥៖ រឿងហង្ស និងក្អែក

កថាទី៦៖ រឿងក្អែក និងទទា

កថាទី៧៖ រឿងជាងរថ ភរិយា និងសហាយ

កថាទី៨៖ រឿងចចកនីលពណ៌

កថាទី៩៖ រឿងស្ដេចសូទ្រកៈ និងអាមាត្យវីរវរៈ

កថាទី១០៖ រឿងជាងកោរកាត់ល្មោភ

សៀវភៅអេឡិកត្រូនិក

នៅក្រុងអយោធ្យ មានក្សត្រិយ៍មួយអង្គឈ្មោះ ចូឌាមណី ជាអ្នកល្មោភចង់បានទ្រព្យ ។ ចូឌាមណី នឿយខ្លួនយ៉ាងខ្លាំងដើម្បីបូជាព្រះឥសូរដ៏មានបុណ្យ ដែលទ្រទ្រង់នូវអធិចន្ទ្រជាចូឌាមណី អស់កាលយូរលង់ណាស់ហើយ ។ ថ្ងៃមួយ ក្នុងកាលខាងក្រោយមក ចូឌាមណី ជម្រះខ្លួនលាងបាបរួចហើយ ប្រាស់ខ្លួនដេកលក់ទៅ អាស្រ័យដោយសេចក្ដីប្រោសប្រាណព្រះឥសូរដ៏មានបុណ្យ ក៏យល់សប្ដិឃើញព្រះបាទកុវេរយក្ខមកបញ្ជាប្រាប់ថា៖ នែក្សត្រិយ៍! ស្អែកនេះឯងចូរឲ្យជាងកោរកាត់មកកោរពីព្រឹកព្រលឹម កោរហើយកាន់ដំបងមួយទៅឈរអែបប្របទ្វារផ្ទះខ្លួន កាលឃើញយាចកណាចូលមកក្នុងអាណាចខេត្តផ្ទះហើយ ចូរយកដំបងសំពងសម្លាប់ទៅកុំអាណិតឡើយ ធ្វើដូច្នេះ យាចកនោះនឹងក្លាយទៅជាក្អមពេញដោយមាសមួយរំពេច ខ្លួនឯងព្រមទាំងបរិវារនឹងបាននៅជាសុខសប្បាយរហូតមួយជីវិត ។ ក្សត្រិយ៍ចូឌាមណីធ្វើតាមពាក្យបង្គាប់បញ្ជារហូត ផលក៏សម្រេចដូចបំណង ។ ឯជាងកោរកាត់ដែលមកនោះបានឃើញប្រព្រឹត្តិការណ៍ជាក់លាក់នឹងភ្នែកខ្លួន គិតតែក្នុងចិត្តម្នាក់ឯងថា៖ ឱហ្ន៎! នេះជាឧបាយឲ្យកើតទ្រព្យសម្បត្តិទេតើ! បើដូច្នេះអាត្មាអញចាំបាច់ធ្វើអ្វីផ្សេងទៅទៀត? ។ ចាប់តាំងពីថ្ងៃនោះមក ជាងកោរកាត់កាន់ដំបងមួយធំទៅឈរនៅអែបមាត់ទ្វាររាល់ព្រឹក ចាំឆ្មក់ក្រែងលោមានយាចកមួយចូលមកក្នុងអាណាខេត្តខ្លួន ។ 

ថ្ងៃមួយ មានយាចកម្នាក់ចូលមកក្នុងទីលានផ្ទះ ជាងកោរកាត់យកដំបងវាយម៉កស្លាប់ទៅ ក៏ត្រូវរាជបុរសមកចោមចាប់ដោយអំពើទុច្ចរិតរបស់ខ្លួន ហើយវាយត្រូវដំណំច្រើនដងទាល់តែស្លាប់ទៅហោង ព្រោះហេតុនោះ បានជាខ្ញុំ (ចាក្រពាក) ពោលថា៖ ទ្រព្យណាដែលត្រូវបានដោយបុណ្យ ដូច្នេះជាដើម (លេខ ១០៥) ។ រាជហង្សហិរណ្យគក៌ រករឿងមកពោលជំទាស់ថា៖ 

១០៦- ការដែលយកប្រព្រឹត្តិហេតុពីបុរាណមកសម្ដែងជាគ្រឿងនិទស្សន៍ថា មនុស្សអាគន្តុកមកពីបរទេសថា ជាមិត្តឥតចេតនាអាក្រក់ ឬថាជាមនុស្សក្បត់ជាតិនោះបានឬទេ? ។ 

ទៅ! ទៅ! ត្រូវធ្វើតាមដំណើរការដែលមកដល់ហើយ យើងនឹងគិតគូរធ្វើអ្វីផ្សេងទៀត ។ ចាក្រពាកសវ៌ជ្ញៈ និយាយទៀតថា៖ ទេវៈ! ខ្ញុំបាទបានឮចារបុរសយើងនិយាយប្រាប់ថា ស្ដេចក្ងោកចិត្រពណ៌ នេះជាមនុស្សល្ងង់ យើងមានផ្លូវយកជ័យជម្នះបានហើយ ព្រោះថា៖ 

១០៧- លោក ទ្រនង់យង់ឃ្នង ខ្ជិល មិនមានពាក្យសត្យ ធ្វេសប្រហែស ខ្លាច មិនម៉ឺងម៉ាត់ ល្ងង់ខ្លៅ មើលងាយយោធា ទាំងអស់នេះជាលក្ខណៈសត្រូវ ដែលបរបក្សយកជ័យជម្នះបានដោយងាយ ។ 

ដរាបណា សត្រូវយើងនេះមិនទាន់ទម្លាយទន្ទាយយើងបានទេ ដរាបនោះ យើងនឹងបញ្ជូនសនាបតីទាំងឡាយ មានក្រសារជាដើម ដើម្បីទៅកម្ចាត់បង់នូវសែន្យានុភាពនៃសត្រូវដែលតាំងបន្ទាយនៅស្ទឹង ទន្លេ ភ្នំ ព្រៃ និងផ្លូវទាំងឡាយនោះៗ មុនសិន ព្រោះថា៖ 

១០៨- នឿយហត់ដោយដើរផ្លូវឆ្ងាយ ទីមទាមដោយស្ទឹង ភ្នំ និងព្រៃ តក់ស្លុតដោយអគ្គីភ័យសម្បើម រហេមរហាមដោយឃ្លានបាយក្រហាយទឹក ។ 

១០៩- ធ្វេសប្រហែស ខ្វះខាតស្បៀងអាហារ មានព្យាធិ និងទុរភិក្សបៀតបៀន គ្រប់គ្រងកងទាហានមិនល្អ មិនមានរេហ៍ពលច្រើន ជ្រួលច្របល់លំបាកដោយភ្លៀង និងខ្យល់ ។ 

១១០- ប៉បាច់ដោយភក់ ធូលី និងទឹក រសាមរសាយខ្ចាត់ខ្ចាយ ឬបៀតបៀនដោយសត្រូវ សែន្យាករនៃពៃរីមានប្រការដូច្នេះ ព្រះមហីបាលគប្បីពិឃាតបានងាយ ។ 

១១១- ព្រះរាជាគប្បីបំផ្លាញកងទ័ពសត្រូវដែលហត់នឿយ ដោយការយាមល្បាតជាដរាប ក្នុងពេលដែលដេកសម្រាកក្នុងវេលាថ្ងៃ ឬងងុយងោកងក់និទ្រា ។ 

អាស្រ័យដោយហេតុនេះ គួរឲ្យក្រសារព្រមទាំងសត្វឯទៀតលើកងពលទៅបំផ្លាញកងទ័ពសត្រូវដែលប្រមាថ សម្លាប់ចោលបង់ទាំងយប់ទាំងថ្ងៃកុំឲ្យសេសសល់តាមឱកាសដែលគួរ ។ រាជហង្សហិរណ្យគក៌ ប្រតិបត្តិតាមពាក្យណែនាំចាក្រពាកសវ៌ជ្ញៈសព្វប្រការ ។ កាលនោះស្ដេចក្ងោកចិត្រពណ៌ខូចខាតកងទ័ព និងសេនាបតីអស់ជាច្រើន ហើយកើតទុក្ខធ្លាក់ទឹកចិត្ត បែរទៅនិយាយនឹងត្មាតទុរទសី ថា៖ ម្នាលបា! ម្ដេចក៏ឯងធ្វើព្រងើយកន្តើយចំពោះយើង? ឬក៏ថាយើងមិនមានវិន័យដូចម្ដេចខ្លះ? ព្រោះថា៖ 

១១២- បុគ្គលមិនគប្បីធ្វេសប្រហែសដោយគិតថា ឈ្នះបានប្រទេសហើយ ដូច្នេះមិនគួរទេព្រោះថា ការមិនមានវិន័យអាចបំផ្លាញព្រះរាជាណាចក្របាន ដូចជរាធ្វើឲ្យរូបសោភាវិនាស ។ 

១១៣- ជនក្លៀវក្លាតែងបានទ្រព្យ ជនបរិភោគអាហាររលួយងាយតែងមិនមានរោគ ជនមិនមានរោគតែងបានសេចក្ដីសុខ ជនមានព្យាយាមតែងបានដល់ត្រើយនៃវិជ្ជា ជនមានវិន័យតែងបានសេចក្ដីចម្រើនទ្រព្យសម្បត្តិ និងយសសក្ដិ ។ 

ត្មាតទុរទសីឆ្លើយតបថា៖ ទេវៈ! សូមលោកម្ចាស់ស្ដាប់! 

១២៤- ព្រះភូមិបាលសូម្បីមិនមានការចេះដឹង ក៏អាចទទួលសេចក្ដីចម្រើនយ៉ាងឯកបាន ដោយការសេពគប់អ្នកចេះដឹងវិជ្ជា ប្រៀបដូចប្រឹក្សាដុះក្បែរមេទឹកដូច្នេះ ។ 

១១៥- ប្រមឹកសុរា ស្រវឹងដោយនារី វក់ការបរបាញ់ លេងល្បែងភ្នាល់ រិបជាន់ទ្រព្យសម្បត្តិ វាចាអាក្រក់ ទណ្ឌកម្មដ៏អាក្រក់ ទាំងអស់នេះជាសេចក្ដីអន្តរាយនៃព្រះរាជា ។

១១៦- អ្នកនាំដែលប្រពឹត្តហៅហានតាមតែទំនើងចិត្តខ្លួន ឬដែលខូចចិត្តក្នុងការធ្វើនយោបាយរមែងមិនអាចទទួលផលដ៏ពិសាលបានឡើយ សេចក្ដីចម្រើនរមែងធ្លាក់មកទៅលើដៃនៃបុគ្គលអ្នកមាន នយោបាយល្អ និងសេចក្ដីក្លៀវក្លាហាន ។ 

លោកម្ចាស់ឃើញកងទ័ពមានកម្លាំង មានសេចក្ដីប្រឹងប្រែងហើយប្រញាប់ប្រញាល់ធ្វើ ហៅហានតែម្យ៉ាង ឥតពិចារណាមើលងាយពាក្យណែនាំមន្ត្រីទាំងឡាយដែលដាស់តឿនព្រះស្មារតីដោយពាក្យជូរចត់មិនជាទីពេញចិត្ត ហេតុនេះហើយបានជាលោកម្ចាស់ត្រូវទទួលផលនៃវិធីដើរផ្លូវខុសនេះឯង ព្រោះថា៖ 

១១៧- មន្ត្រីអាក្រក់ណាដែលមិនធ្វើឲ្យភ្លាត់ខុសក្នុងផ្លូវនយោបាយ? ជំងឺណាដែលមិនចាក់ដោតអ្នកឈឺដែលបរិភោគអាហារមិនល្អ? ទ្រព្យសម្បត្តិណាដែលមិនធ្វើនរជនឲ្យឡើងចាង? នរជនណាដែលម្រឹត្យុមិនសម្លាប់? នរជនណាដែលស្ត្រីធ្វើឲ្យលុះវិស័យវាហើយមិនរសាប់រសល់ខ្វល់ខ្វាយ ។ 

១១៨- សេចក្ដីសុបសៅទម្លាយបង់នូវសេចក្ដីរីករាយ សរទកាលទម្លាយបង់នូវសោភាក្នុងរដូវក្ដៅ ព្រះអាទិត្យទម្លាយបង់នូវងងឹក ការមិនតបគុណទម្លាយបង់នូវសេចក្ដីល្អ ការបានអ្វីមួយជាទីស្រឡាញ់ទម្លាយបង់នូវការខូចចិត្ត នយោបាយល្អទម្លាយបង់នូវការវិបត្តិ នយោបាយមិនល្អទម្លាយបង់នូវសិរីសួស្ដីដែលខ្លួនបានហើយ ។ 

ព្រោះហេតុនេះ បានជាខ្ញុំបាទត្រិះរិះថា៖ ឱ! ស្ដេចអង្គនេះហីនប្រាជ្ញាទេតើ! បើមិនមែនដូច្នោះទេ ធ្វើម្ដេចនឹងមិនបង្អាប់នូវនីតិសាស្ត្រគឺ កថារបស់អញដូចជាពន្លឺព្រះចន្ទ្រកំពុងភ្លឺឲ្យអាប់អន់ដោយពាក្យអាក្រក់របស់លោកដូចជាគប់ភ្លើង? ព្រោះថា៖ 

១១៩- នរជនណាមិនមានប្រាជ្ញាខ្លួនឯង សាស្ត្រវិជ្ជានឹងធ្វើអ្វីដល់នរជននោះកើត? នរជនខ្វាក់ភ្នែកទាំងសងខាង កញ្ជក់នឹងធ្វើប្រយោជន៍អ្វីដល់នរជននោះបាន? ។ 

ខ្ញុំបាទគិតឃើញដូច្នេះហើយ បានជាអង្គុយនៅស្ងៀម ។ កាលនោះ ស្ដេចក្ងោកចិត្រពណ៌ យកម្រាមជើងទាំងពីរមកផ្គុំគ្នាជាទីគោរព ហើយពោលថា៖ សម្លាញ់អើយ! ខ្ញុំខុសពិតមែនហើយ តែឥឡូវនេះ ចូរសម្លាញ់ប្រាប់ឧបាយមក ធ្វើដូចម្ដេចខ្ញុំអាចនឹងលើកទ័ពដែលសេសសល់ទាំងប៉ុន្មានឲ្យត្រឡប់ទៅកាន់ភ្នំវិន្ធ្យាវិញបាន? ត្មាតទុរទសី រំពឹងគិតថា៖ ដំណើរនេះ ត្រូវតែរកផ្លូវកែខែ ព្រោះថា៖ 

១២០- បុគ្គលគប្បីអត់សង្កត់សេចក្ដីក្រោធចំពោះទេវតា គ្រូ គោ ព្រះរាជា ព្រាហ្មណ៍ កូនក្មេង ចាស់ព្រឹទ្ធា និងមនុស្សឈឺទាំងឡាយ ។ 

លុះគិតឃើញឧបាយដូច្នេះហើយញញឹមៗទើបពោលថា៖ ទេវៈ! សូមលោកកុំភ័យថ្វី សូមលោកធ្វើចិត្តឲ្យត្រជាក់ ហើយដកដង្ហើមឲ្យស្រួលទៅចុះ ទេវៈ! សូមលោកស្ដាប់ពាក្យនេះ៖ 

១២១- បា្រជ្ញាមន្ត្រី គេឃើញច្បាស់ក្នុងពេលធ្វើការងារផ្លាស់ស្ពានមេត្រី ប្រាជ្ញគ្រូពេទ្យ គេឃើញច្បាស់ក្នុងពេលព្យាបាលរោគសាំនិបាតក៍ (រោគកាច) ព្រោះថា កាលបើកិច្ចការប្រព្រឹត្តទៅដោយល្អហើយ នរណាមួយមិនអួតខ្លួនថាជាបណ្ឌិត? ។ 

១២២- ដោយពិត នរជនអប្បឥតប្រាជ្ញា សូម្បីប្រារព្ធធ្វើការតូចតាច តែងសម្ដែងអាការឡេះឡោះ ឯអ្នកមានប្រាជ្ញា សូម្បីប្រារព្ធធ្វើការធំៗ នៅនឹងថ្កល់ដូចថ្ម មិនសម្ដែងអាការឡេះឡោះឡើយ ។ 

ខ្ញុំបាទនឹងលើកកងទ័ពលោកម្ចាស់យាត្រាចេញទៅទម្លាយបន្ទាយសត្រូវក្នុងទីនោះៗ ឥឡូវនេះមិនយូរប៉ុន្មាននឹងនាំលោកម្ចាស់ទៅកាន់ភ្នំវិន្ធ្យាវិញដោយកិត្តិយស និងតេជានុភាពដ៏ខ្ពង់ខ្ពស់ក្រៃលែង ។

ស្ដេចក្ងោកចិត្រពណ៌សួរទៀតថា៖ ពេលនេះ យើងនឹងទៅតស៊ូទៀតម្ដេចកើត បើកងទ័ពយើងតិចម៉្លេះ? ។ ត្មាតទុរទសីឆ្លើយដោយអង់អាចថា៖ ទេវៈ! គេអាចនឹងសម្រេចបានគ្រប់ប្រការ ព្រោះថា អ្នកជាញជ័យតែងយកការឆាប់វៃ គឺមិនឲ្យជ្រលៀកយឺតយូរកន្លងពេលវាលា នេះជាលក្ខណ៍ក្នុងការយកជ័យឲ្យសម្រេចបានឥតសង្ស័យឡើយ ព្រោះហេតុនេះ ត្រូវចាប់ចូលលុកវាយទម្លាយបន្ទាយសត្រូវយ៉ាងឆាប់រហ័យតាំងពីពេលនេះទៅ ។ 

កាលនោះឯង ក្រសារចារបុរសដែលរាជហង្សហិរណ្យគក៌ បញ្ជូនឲ្យស៊ើបការត្រឡប់មករាយការប្រាប់ថា៖ ទេវៈ! ស្ដេចក្ងោកចិត្រពណ៌បង្គាប់ឲ្យលើករេហ៍ពលបន្តិចបន្តួចរបស់ខ្លួន ដែលនៅសេសសល់ឲ្យចូលបន្ទាយយើង តាមពាក្យឧបទេសត្មាតទុរទសីហើយ ។ 

រាជហង្សហិរណ្យគក៌សួរថា៖ នែសវ៌ជ្ញៈ! ឥឡូវនេះតើយើងគិតធ្វើដូចម្ដេចហ៎ៈ? ។ ចាក្រពាកឆ្លើយតបថា៖ ទេវៈ! សូមលោកកម្ចាស់ពិចារណាមើលកងពល យោធាណាមានសារៈ យោធាណាឥតសារៈ ឲ្យស្គាល់ច្បាស់លាស់ លុះបានស្គាល់យោធាច្បាស់ហើយ សូមប្រទានរង្វាន់ខាន់ខៅមានមាសប្រាក់សំពត់អាវជាដើម តាមសមគួរដល់គុណានុរូប ដើម្បីរក្សាទឹកចិត្តយោធា ព្រោះថា៖ 

១២៣- ព្រះរាជាអង្គណាប្រមូលកៀរគរទ្រព្យសម្បត្តិសូម្បីមួយកាកិនី (ឈ្មោះជាតិរូបសម្រាប់ចាយមានតម្លៃតិច) ដែលមិនគួរខ្ជះខ្ជាយក្នុងការមិនគួរចាយ ទុកស្មើដូចជាទ្រព្យមួយពាន់និស្កៈ (ឈ្មោះជាតិរូបមាសមានតម្លៃច្រើន) តែដល់កាលគួរហើយ ទ្រង់ត្រូវបរិច្ចាកទ្រព្យទាំងកោដិ លក្ស្មី (ទ្រព្យ សំណាង សិរី) មិនលះបង់នូវសីហៈពោលគឺព្រះរាជានោះឡើយ ។ 

១២៤- ក្នុងកាលធ្វើពលីកម្ម១ ក្នុងកាលធ្វើវិវាហៈ១ ក្នុងកាលអន្តរាយ១ ក្នុងការកម្ចាត់បង់នូវសត្រូវ១ ក្នុងការតម្កើងយស១ ក្នុងការសង្គ្រោះមិត្ត១ ក្នុងភរិយាជាទីស្រឡាញ់១ ក្នុងផៅពង្សដែលក្រីក្រ១ វត្ថុ៨ប្រការនេះ ឱព្រះនរាធិបៈ! លោកមិនហៅថា ខ្ជះខ្ជាយទ្រព្យទេ ។ 

១២៥- សេចក្ដីពិត មនុស្សល្ងង់ ឈ្មោះថាធ្វើទ្រព្យទាំងអស់ឲ្យវិនាស ព្រោះខ្លាចការបង់ខាតទ្រព្យបន្តិចបន្តួច អ្នកមានប្រាជ្ញាណាដែលបោះបង់ទ្រព្យសម្បត្តិចោល ព្រោះតែខ្លាចបង់ពន្ធច្រើន? ។ 

រាជហង្សហិរណ្យគក៌សសួរឡើងថា៖ ការចាយវាយម៉្លាទៅទើបសមគួរ? ព្រោះលោកពោលថា៖ បុគ្គលគប្បីរក្សាទ្រព្យទុក ដើម្បីការពារក្ដីអន្តរាយ ដូច្នេះ ។ ចាក្រពាសវ៌ជ្ញៈ ឆ្លើយថា៖ បុគ្គលមានសិរីសួស្ដី តើនឹងកើតមានអន្តរាយមកពីណា? ។ រាជហង្សហិរណ្យគក៌ពោលថា៖ លក្ស្មីចួនកាលក៏កម្រើកញាប់ញ័រដែរ ។ ចាក្រពាកសវ៌ជ្ញៈឆ្លើយកាត់ថា៖ ឯទ្រព្យសម្បត្តិដែលសន្សំទុកហើយក៏វិនាសសាបសូន្យដែរ បើដូច្នោះសូមលោកម្ចាស់តាំងចិត្តលះសេចក្ដីកំណាញ់ទ្រព្យចោលឲ្យស្រឡះទៅ ហើយចាយវាយទ្រព្យសម្បត្តិឲ្យជារង្វាន់ខាន់ខៅ និងឲ្យយសសក្តិដល់យោធាក្លៀវក្លា ដើម្បីនឹងឲ្យអ្នកបម្រើលោកម្ចាស់បានទទួលសេចក្ដីពេញចិត្ត ព្រោះថា៖

១២៦- ទាហាន និងម្ចាស់ស្គាល់ចិត្តគ្នាទៅវិញទៅមក មានសេចក្ដីរីករាយ មានចិត្តដាច់លះបង់ជីវិតជាពលី ជាអ្នកមានត្រកូល ជាអ្នកគឺមេទ័ពសរសើរហើយ អាចកម្រាបពលពៃរីបានដោយប្រពៃ ។ 

១២៧- ទាហានអ្នកច្បាំង មានវិន័យល្អ ព្រមព្រៀងគ្នា មានទឹកចិត្តដាច់ខាត សុទ្ធតែជាវីរយោធា សូម្បីតែ៥០០នាក់ ក៏ជាសម្លាប់ទ័ពសត្រូវមួយវាហិនី (កងទ័ពដែលមានដំរី៨១ រថ៨១ ទាហានសេះ២៤៣ ពលថ្មើរចើង៤០៥នាក់) បាន ។ 

១២៨- ម្ចាស់ណាគិតតែខ្លួនម្នាក់ឯង ឥតពិចារណា កាចទ្រនង់ មិនដឹងឧបការៈគេ ម្ចាស់នោះត្រូវអ្នកបម្រើដែលប្រសើរលះបង់ចោល ។ 

១២៩- គុណសម្បត្តិដ៏ប្រសើរនៃព្រះនរបតីមាន៤ប្រការគឺ៖ ពាក្យសត្យ១ សេចក្ដីអង់អាច១ សេចក្ដីអាណិត១ និងបរិច្ចាកទាន១ ព្រះមហីបាលខ្វះខាតគុណសម្បត្តិនេះហើយ ត្រូវបានពាក្យគរហានិន្ទាពិតប្រាកដ ។ 

ក្នុងហេតុការណ៍ប្រាកដដូច្នេះ លោកម្ចាស់គួរហៅអាមាត្យទាំងឡាយឲ្យចូលមកប្រឹក្សា ព្រោះថា៖

១៣០- នរជនណាប្រតិព័ទ្ធនឹងជនណា គប្បីមានការខ្ពង់ខ្ពស់ ឬការថោកទាបមួយអន្លើដោយជននោះ នរជននោះគួរប្រគល់ជីវិតផង ទ្រព្យសម្បត្តិផង ដល់ជននោះដើម្បីប្រកបកិច្ចការទាំងពួង ។ 

១៣១- ព្រះរាជាអង្គណា យកអ្នកឆរបោក ឬស្ត្រីពុំនោះកូនក្មេងធ្វើជាមន្ត្រីប្រឹក្សា ព្រះរាជាអង្គនោះ នឹងត្រូវប៉ើងដោយខ្យល់គឺ នយោបាយមិនល្អ ហើយនឹងលិចលង់ក្នុងសមុទ្ទគឺការងារ ។ 

មួយទៀត សូមព្រះទេវបានស្ដាប់ពាក្យនេះតទៅ៖

១៣២- ព្រះរាជាអង្គណា មានសេចក្ដីរីករាយ និងសេចក្ដីក្រោធស្មើគ្នា មានសេចក្ដីត្រេកអរក្នុងសាស្ត្រ និងអាថ៌មានការទំនុកបម្រុងអាមត្យអស់កាលជានិច្ច ផែនដីគប្បីចម្រើននូវទ្រព្យចំពោះព្រះរាជាអង្គនោះ ។ 

១៣៣- ក្នុងកាលណាក៏ដោយ ព្រះរាជាមិនគួរគប្បីមើលងាយអាមាត្យដែលធ្លាប់បានរុងរឿង និងអាបឱនជាមួយព្រះអង្គ ដោយយល់ថាវាគ្រាន់តែជា អាមាត្យ ដូច្នេះឲ្យសោះ ។ 

១៣៤- ព្រះរាជាងងឹតងងល់ដោយការស្រវឹងរាជ្យ តែងធ្លាក់ផុងព្រះអង្គទៅក្នុងកណ្ដាលការងារត្របូកច្របល់ដូចជាដំរីផុងជាប់ភក់មានតែមន្ត្រីជាមិត្តពិតប្រាកដទេ ដែលលូកដៃចូលទៅជួយព្រយុងស្រង់ព្រះអង្គបាន ។ 

ខណៈនោះ ក្អែកមេឃពណ៌ចូលទៅដល់ លើកទសករប្រណម្យ ហើយជម្រាបថា៖ ទេវៈ! សូមលោកមេត្តាប្រោសទស្សនាការឥឡូវ! ស្ដេចក្ងោកចិត្រពណ៌ជាបរបក្សបរពលសកលយោធាចូលមកឡោមព័ទ្ធប្រជិតបន្ទាយយើងហើយ បើទេវបាទមានបញ្ជាបង្គាប់នោះ ខ្ញុំបាទនឹងពេញទៅឥឡូវនេះ ដើម្បីតស៊ូសម្ដែងឫទ្ធិថ្វីដែលដ៏ក្លាហានឲ្យឃើញប្រាកដជាកិច្ចតបសងគុណលោកម្ចាស់ ។ ចាក្រពាកសវ៌ជ្ញៈស្រែកកាត់ឡើងថា៖ ទេ! ទេ! ចេញទៅមិនបានទេ បើយើងចេញតស៊ូ តើបន្ទាយជាប្រាការការពារយើងនេះមានប្រយោជន៍អ្វី! ព្រោះថា៖ 

១៣៥- ប្រពើ ក៏កាចហៅហានពន្លឹក បើចេញផុតពីទឹកហើយ ក៏អន់អំណាច សីហៈ សូម្បីសាហាវយង់ឃ្នង បើចេញផុតពីព្រៃហើយ ដូចគ្នានឹងសត្វចចក ។ 

ទេវៈ សូមលោកម្ចាស់ចេញទៅពិនិត្យមើល ឲ្យឃើញច្បាស់ ហើយតស៊ូដោយខ្លួនឯង ព្រោះថា៖ 

១៣៦- ការបរពលចូលប្រយុទ្ធ ព្រះរាជាគប្បីទតព្រះនេត្រត្រួត្រាមើល ហើយពោលពាក្យលើកទឹកចិត្តយោធាឲ្យក្លាហាន ឲ្យចូលតស៊ូផ្ចាញ់សត្រូវ សូម្បីសុនខ កាលបើម្ចាស់ឈរពន្យុះនៅជិតហើយនឹងសម្ដែងខ្លួនដូចជារាជសីហាពិតប្រាកដមិនមែនឬអ្វី? ។ 

គ្រានោះ រាជហង្សហិរណ្យគក៌បរពលលើកចេញទៅតាំងទ័ពនៅទ្វារបន្ទាយធ្វើសង្គ្រាមជាញជ័យធំសែនសាហ័ស ។ លុះព្រឹកព្រាងឡើង ស្ដេចក្ងោកចិត្រពណ៌សួរទៅត្មាតទុរទសីថា៖ នែលោកមន្ត្រីជាទីស្រឡាញ់! ចូរលោកចាត់ការតាមដែលបានប្ដេជ្ញាទុកពីកាលមុនចុះ ។ ត្មាតទុរទសីឆ្លើយតបថា៖ ទេវៈ! សូមលោកម្ចាស់ស្ដាប់ពាក្យនេះ៖

១៣៧- អ្នកប្រាជ្ញពោលថា បន្ទាយដែលមានក្ដីអន្តរាយ គឺបន្ទាយមិនមាំទ្រាំតស៊ូយូរមិនបាន តូចពេក មេបញ្ជាការល្ងង់ ឬគម្រក់ កាការពារមិនល្អ មានតែយោធាកម្លាច ។ 

១៣៨- ញុះញង់បំបែកឲ្យកើតក្បត់១ ឡោមព័ទ្ធទុកឲ្យបានយូរ១ ចូលលុកចោលវាយ១ ក្លាហានក្រៃលែង១ ទាំង៤ប្រការនេះ លោកពោលថាជាមធ្យោបាយសម្រាប់វាយបន្ទាយឲ្យបែក ។ 

ក្នុងពេលនេះ ត្រូវបញ្ចេញសេចក្ដីប្រឹងប្រែងឲ្យអស់ទំហឹងតាមកម្លាំងដែលអាចធ្វើបាន និយាយដូច្នេះហើយត្មាតទុរទសីឱនទៅខ្សឹបដាក់ជិតត្រចៀកចិត្រពណ៌ប្រាប់ថាយើងនឹងធ្វើយ៉ាងនេះ ។ ព្រឹកព្រាង ព្រះអាទិត្យមិនទាន់រះឡើង កាលសង្គ្រាមដ៏សាហ័យកំពុងតែប្រយុទ្ធគ្នានៅទ្វារបន្ទាយទាំង៤ ឯពលក្អែកទាំងឡាយក៏យកភ្លើងទៅដុតបំផ្លាញគេហដ្ឋាននៅខាងក្នុងបន្ទាយ ខណៈនោះ ឮសូរសម្រែកគឹកកងរំពងគ្រប់ទិសទិថា៖  បន្ទាយបែកហើយ! បន្ទាយបែកហើយ! ។ លុះឮសូរសម្រែកកោលាហលដូច្នេះ មើលទៅឃើញឆេះផុសសន្ធោសន្ធៅសព្វកន្លែង ស្ដេចហង្សហិរណ្យគក៌ ព្រមទាំងរេហ៍ពលសកលយោធាបណ្ដាដែលនៅក្នុងបន្ទាយទាំងប៉ុន្មានជ្រួលច្របល់បបួលគ្នាប្រញាប់ប្រញាល់រត់ធ្លាក់ទឹកទាំងអស់ ព្រោះថា៖ 

១៣៩- កាន់យកពាក្យបញ្ជាម៉ត់ចត់១ សម្ដែងទឹកចិត្តក្លាហានមុះមុត១ តយុទ្ធច្បាំងម៉ឺងម៉ាត់១ ថយទ័ពរត់រៀបរយល្អ១ បើកាលយ៉ាងនេះមកដល់ហើយ បុគ្គលគប្បីធ្វើភ្លាមតាមការដែលអាចធ្វើបានកុំរេរង់ឡើយ ។ 

គ្រាកាលនោះ រាជហង្សហិរណ្យគក៌ តែងមានដំណើរយឺតៗតាមសភាពខ្លួន ព្រោះមាននិស្ស័យធ្លាប់សោយសុខ រត់ចេញទៅឥតមានអ្នកណាហែហមមានតែក្រសារជាសេនាបតីជាគ្នា ពេលនោះ មាន់ ជាសេនាបតីនៃស្ដេចក្ងោកចិត្រពណ៌ ចូលមកឡោមព័ទ្ធបិទផ្លូវបាន  រាជហង្សហិរណ្យគក៌ នឹកទាន់ពោលភ្លាមថា៖ លោកសេនាបតី! លោកកុំនៅឲ្យសម្លាប់ ព្រោះតែលោកមានភក្ដីចំពោះខ្ញុំធ្វើអ្វី ពេលនេះលោកនៅមានពេលអាចរត់គេចបានទេតើ រត់ទៅ! មុជចុះទៅក្នុងទឹកហើយរក្សាខ្លួនឲ្យបានសុខ កាលលោករួចខ្លួនហើយ ចូរលើកយកកូនខ្ញុំឈ្មោះចូឌាមណីឲ្យឡើងសោយរាជ្យជំនួសខ្ញុំ ក្រោយដែលបានស្នើមតិចាក្រពាកសវ៌ជ្ញៈទៅឃើញថាព្រមព្រៀងផង ។ ក្រសារសេនាបតីឆ្លើយតបដោយរអាក់រអួលថា៖ ទេវៈ! សូមលោកម្ចាស់កុំបានប្រសាសន៍យ៉ាងនេះ ពាក្យលោកម្ចាស់នេះធ្វើឲ្យខ្ញុំបាទតឹងទ្រូងណាស់ ដរាបណាព្រះចន្ទ្រ និងព្រះអាទិត្យនៅតែមានពន្លឺ ដរាបនោះ សូមឲ្យលោកម្ចាស់មានជ័យ ទេវៈ! ខ្ញុំបាទជាសេនាបតីត្រួតត្រាការពារបន្ទាយ បើបច្ចាមិត្តចូលមកបាន លុះត្រាតែទ្វារបន្ទាយនេះប្រឡាក់ប្រហមច្រាលដោយឈាម និងសាច់ខ្ញុំបាទ ព្រោះថា៖ 

១៤០- សេវកាមាត្យ រកម្ចាស់ប្រកបដោយគុណ គឺមានចិត្តសទ្ធាជាអ្នកអត់ធន់ ស្គាល់តម្លៃអាមាត្យបានដោយក្រ ។ 

១៤១- ថាបើបុគ្គលគេចរត់ចេញពីសង្គ្រាមក្នុងសមរភូមិ ហើយមិនមានភ័យពីក្ដីស្លាប់ទេ ដូច្នេះក៏គួរគេចរត់ចេញទៅទីដទៃដែរ តែបើសេចក្ដីស្លាប់ជាធម៌ទៀងសម្រាប់សត្វគ្រប់រូបគ្រប់នាមហើយ ហេតុអ្វីក៏ត្រូវឲ្យកិត្តិយសរបស់ខ្លួនប្រឡាក់សៅហ្មង ដោយទទេឥតប្រយោជន៍? ។ 

១៤២- ពិភពលោកនេះ មានតែការបែកធ្លាយ ដូចជាការឃ្លេងឃ្លោងនៃរលកទឹកដែលខ្យល់បោកបក់រំលាយហើយ ការលះបង់ជីវិត ដើម្បីប្រយោជន៍ជនដទៃ ឈ្មោះថាប្រកបកិច្ចការជាបុណ្យ ។ 

១៤៣- ម្ចាស់ផែនដី១ អាមាត្យ១ អាណាចក្រ១ បន្ទាយ១ ឃ្លាំង១ សែន្យនុភាព១ សម្ពន្ធមិត្ត១ ពលរដ្ឋ១ សង្គមប្រជាករ១ ទាំងអស់នេះជាអង្គនៃរាជ្យគឺប្រទេសជាតិ ។ 

ទេវៈ! បើដូច្នេះ សូមលោកម្ចាស់រក្សាព្រះអង្គឲ្យស្ថិតស្ថេរតទៅដោយប្រការទាំងពួង ព្រោះថា៖ 

១៤៤- ប្រក្រតី គឺពលរដ្ឋ សូម្បីចម្រើនធំប៉ុនណាក៏ដោយ បើព្រះរាជាជាម្ចាស់លះបង់ចោលហើយ មិនស្ថិតស្ថេរនៅបានទេ ដូចធន្វន្ត្រីជាពេទ្យទេពតា បើនរជនដល់កាលមរណៈហើយនឹងធ្វើអ្វីកើត? ។ 

១៤៥- កាលបើចមនរជន បិទព្រះនេត្រ (ទិវង្គត) ហើយ លោកទាំងមូលក៏បិទភ្នែក (ស្លាប់) ទៅតាមដែរ កាលបើទ្រង់តើន (កើត) ឡើង លោកទាំងមូលក៏កើតឡើងដែរ ដូចផ្កាឈូកកាលព្រះអាទិត្យអស្តង្គតក៏រួយ កាលព្រះអាទិត្យរះក៏រីកទទួល ។ 

តែបណ្ដាអង្គទាំងឡាយនេះ អង្គធំជាប្រធានជាងគេនោះគឺព្រះរាជា ។ គ្រានោះឯង មាន់មេទ័ពស្ដេចចិត្រពណ៌លុកចូលមកដល់ ហើយស្ទុះចូលច្រាសរាជហង្សហិរណ្យគក៌ដោយខ្នាយរឹងដ៏ក្រៃលែងរបស់ខ្លួន ខណៈនោះក្រសារសេនាបតីរាជហង្ស ឃើញដូច្នោះ ស្ទុះភ្លែតទៅរាំងយកខ្លួនការពារស្ដេច បើទុកជាមាន់ចឹកដោយចំពុះស្រួច ចាក់ដោយខ្នាយរឹងមុត ដាច់សាច់សុះសព្វខ្លួនឈាមហូរល្ហាច ក្រសារនៅតែយកខ្លួនជាបន្ទាយការពាររាជហង្សដរាបដល់ទីបំផុត នាំរាជហង្សចុះទឹកបាន ។ ឯមាន់សេនាបតីស្ដេចក្ងោក ត្រូវក្រសារសេនាបតីរាជហង្ស ចឹកដោយចំពុះស្រួចសម្លាប់បាន ។ ខណៈនោះ កងពលមាន់ឃើញមេទ័ពខ្លួនស្លាប់ដូច្នោះ ក៏បបួលគ្នាមកទាំងហ្វូងព្រួតគ្នាចោមចឹកចោមចាក់ក្រសារជាសេនាបតីនៃរាជហង្ស គ្រាំគ្រាដល់កាលមរណៈទៅហោង ។ ឯស្ដេចក្ងោកចិត្រពណ៌ ចូលទៅក្នុងបន្ទាយបាន បង្គាប់យោធាឲ្យរឹបយកទ្រព្យសម្បត្តិដែលសេសសល់នៅក្នុងបន្ទាយទាំងប៉ុន្មាន ហើយលើករេហ៍ពលសកលយោធាត្រឡប់ទៅកាន់បន្ទាយខ្លួនវិញ ឮតែសូរស័ព្ទស្រែកហោសរសើរឲ្យពរជ័យថា៖ ជយោ!​​ ជយោ! គឹកកងរំពងទូរទ័រផែនដី ។ 

ព្រះរាជកុមារទាំងឡាយត្រាស់ឡើងថា៖ ក្នុងកងទ័ពស្ដេចហង្សហិរណ្យគក៌ ក្រសារជាបុគ្គលគួរបានពាក្យសរសើរថាជាអ្នកចិត្តបុណ្យ ព្រោះបានយកខ្លួនការពារស្ដេចថ្វាយជារាជពលី ព្រោះថា៖ 

១៥៦- មេគោសម្រាលកូនគោ សុទ្ធសឹងតែមានទ្រង់ទ្រាយដូចមេគោដោយច្រើន រីមេគោបង្កើតកូនបានជាម្ចាស់គោ (គោឧសភ) មានស្នែងងស្ងើនដល់កងខ្លួន កម្រមានណាស់! ។

មហាបណ្ឌិតវិស្ណុស៌ម័នពោលថែមទៀតថា៖ សូមឲ្យក្រសារជាសេនាបតី ជាមហាសត្វមានចិត្តប្រសើរ បានទៅកើតក្នុងសុគតិលោក ដោយគុណសម្បត្តិប្រសើររបស់លោក ហើយឲ្យបានចោមរោមហែហមដោយនាងវិទ្យាធរី សោយសេចក្ដីសុខក្នុងឋានសួគ៌និរន្តរ៍ទៅហោង ព្រោះថា៖

១៤៧- នរជនណាក្លៀវក្លាហាន លះបង់ជីវិត ដើម្បីម្ចាស់ក្នុងសង្គ្រាម មានភក្ដីចំពោះអ្នកចិញ្ចឹមជាបុគ្គលកតញ្ញូ នរជននោះទៅកាន់ឋានសួគ៌ ។ 

១៤៨- វីរបុរសជាតិអ្នកច្បាំង ដែលសត្រូវឡោមព័ទ្ធជាប់ហើយ គេបំណងប្រហាជីវិតបង់ក្នុងទីណាក៏ដោយ មិនតក់ស្លុតលះបង់ឋានៈជាកូនប្រុស នឹងបានទៅដល់អមរលោក ។ 

ឥឡូវនេះ ទ្រង់ទាំងឡាយបានស្ដេចព្រះសណ្ដាប់រឿងសង្គ្រាមចប់ហើយ ។ ព្រះរាជកុមារទាំងឡាយក៏ថ្លែងព្រះបន្ទូលគ្រប់ព្រះអង្គតបវិញថា៖ យើងខ្ញុំគ្រប់គ្នាមានសេចក្ដីត្រេកអរក្រៃលែង ដោយបានស្ដាប់រឿងនេះ ។ មហាបណ្ឌិតវិស្ណុស៌ម័ន ក្រាបបង្គំទូលតទៅថា៖ សុំទ្រង់ទាំងឡាយ ព្រះសណ្ដាប់ស្លោកទីបំផុតនេះថែមទៀត៖ 

១៤៩- សូមព្រះរាជកុមារទាំងឡាយកុំបានជួបប្រទះសឹកសង្គ្រាម ដែលប្រកបដោយពលដំរីសេះ និយោធាទាំងឡាយ ដូច្នេះឡើយ សូមឲ្យអរិន្ទរាជពួកបច្ចាមិត្តបាក់បបខ្លបខ្លាចបារមី ដោយគ្រាន់តែខ្យល់ គឺព្រះរាជនយោបាយ ហើយរត់ខ្ចាត់ខ្ចាយទៅពួនលាក់ខ្លួននៅនាព្រៃភ្នំក្រំថ្មវិនាសគ្រប់កាលទៅហោង ។ 

កថាសង្គ្រោះទី៣ ឈ្មោះសង្គ្រាមដែលមានមកក្នុងហិតោបទេសចប់តែប៉ុណ្ណោះ ។ 

ស្រី ហិតោបទេសភាគ៣ ចប់តែប៉ុណ្ណេះ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!