កថាទី១៖ រឿងហង្ស និងក្ងោក

កថាទី២៖ រឿងបក្សី និងស្វា

កថាទី៣៖ រឿងលាពាក់ស្បែកខ្លា

កថាទី៤៖ រឿងដំរី និងទន្សាយ

កថាទី៥៖ រឿងហង្ស និងក្អែក

កថាទី៦៖ រឿងក្អែក និងទទា

កថាទី៧៖ រឿងជាងរថ ភរិយា និងសហាយ

កថាទី៨៖ រឿងចចកនីលពណ៌

កថាទី៩៖ រឿងស្ដេចសូទ្រកៈ និងអាមាត្យវីរវរៈ

កថាទី១០៖ រឿងជាងកោរកាត់ល្មោភ

សៀវភៅអេឡិកត្រូនិក

កាលពីមុននោះ យើងទៅអាស្រ័យនៅហែលលេងក្នុងស្រះមួយ នៃព្រះបាទសូទ្រកៈ ដោយមានចិត្តប្រតិព័ទ្ធចំពោះនាងហង្សឈ្មោះ កប៌ូរម្ជរីជាកូនហង្សឈ្មោះ កប៌ូរកេលី ។ ថ្ងៃមួយ មានទាហានម្នាក់ឈ្មោះ វីរវរៈ ជាបុត្រស្ដេចនឹងគេដែរ គេទើបមកទពីបរទេស ចង់ចូលទៅក្រាបបង្គំគាល់ព្រះបាទសូទ្រកៈ ។ វីរវរៈ ទៅជួបនឹងទ្វារបាលសុំចូលទៅក្រាបបង្គំគាល់ព្រះរាជា និយាយប្រាប់ទ្វារបាលថា៖ ខ្ញុំបាទជាទាហានជាអ្នកចម្បាំង ខ្ញុំមានបំណងចង់ធ្វើជាខ្ញុំរាជការថ្វាយព្រះរាជា សូមលោកមេត្តានាំខ្ញុំចូលទៅក្រាបបង្គំគាល់ព្រះអង្គ ។ ទ្វារបាលនាំវីរវរៈ ចូលទៅគាល់វីរវរៈ ក្រាបបង្គំប្រណម្យហត្ថ ហើយក្រាបទូលថា៖ ទេវៈ! សូមទ្រង់មេត្តាប្រោស បើព្រះករុណាយល់ឃើញមានប្រយោជន៍ សូមមេត្តាប្រោសទទួលទូលព្រះបង្គំជាខ្ញុំធ្វើជាសេវកាមាត្យ ហើយសូមទ្រង់ព្រះមេត្តាប្រទានរង្វាន់លាងជីវិត ។ ព្រះបាទសូទ្រកៈត្រាស់សួរថា៖ ឯងចង់បានរង្វាន់ជាប្រាក់ប៉ុន្មាន? ។ វីរវរៈ ទូលស្នងតបទៅវិញថា៖ ក្នុងមួយថ្ងៃចំនួន៥០០ សុវណ៌ៈ ។ ប្រះបាទសូទ្រកៈ ត្រាស់សួរថា៖ ឯងបានអ្វីជាគ្រឿងការពារ? ។ វីរវរៈក្រាបទូលថា៖ សូមព្រះមេត្តាប្រោស ទូលព្រះបង្គំជាខ្ញុំមានដៃពីរ និងដាវមួយជាគម្រប់បី ។ ព្រះបាទសូទ្រកៈលុះទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រាស់ដោយចម្លែកព្រះទ័យថា៖ ទេ! ទេ! មិនកើតទេ ។ វីរវរៈ ទទួលព្រះរាជឱង្ការហើយ អៀនអន់ចិត្តក្រាបបង្គំលាត្រឡប់ទៅវិញ ។ កាលនោះ អាមាត្យជាទីប្រឹក្សាព្រះអង្គទូលស្នើថា៖ ទេវៈ! សូមត្រង់ព្រះមេត្តាប្រោសប្រទានល្បងមើលបាន៤ថ្ងៃសិន ដើម្បីពិនិត្យមើលក្ខណៈ និស្ស័យវាឲ្យឃើញច្បាស់ថា វាមានគុណសម្បត្តិសមទទួលរង្វាន់ថ្លៃឈ្នួលប៉ុណ្ណោះ ឬមិនសមទទួលទេ ។ ខណៈនោះព្រះបាទសូទ្រកៈទ្រង់ត្រាស់ហៅវីរវរៈមកវិញ តាមពាក្យស្នើណែនាំអាមាត្យទីប្រឹក្សាព្រះអង្គ ហើយទ្រង់ប្រោសប្រទានម្លូ និងថ្លៃឈ្នួល ៥០០ សុវណ៌ៈតាមកំណត់ ។ តាំងពីកាលនោះ ទ្រង់តែងសង្កេតមើលការចាយវាយនៃវីរវរៈនោះរឿយៗ ទ្រង់បានជ្រាបថា៖ វីរវរៈ បែងចែកថ្ងៃឈ្នួលខ្លះ សម្រាប់ធ្វើពលិការថ្វាយទេវតា និងបូជាព្រាហ្មណ៍ ខ្លះសម្រាប់ជួយដល់អ្នកដែលមានក្ដីទុក្ខលំបាក នៅសល់ខ្លះសម្រាប់ការចិញ្ចឹមជីវិត និងការកម្សាន្តរបស់ខ្លួន ។ វីរវរៈប្រតិបត្តិនាទីខ្លួនយ៉ាងនេះជានិច្ចនិរន្តរ៍ ចូលទៅរក្សាទ្វារព្រះរាជវាំងកាន់ដាវនៅដៃឥតធ្វេសប្រហែស កាលណាបើព្រះរាជាមានព្រះរាជឱង្ការអនុញ្ញាត កាលនោះទើបហ៊ានត្រឡប់ទៅកាន់ទីលំនៅខ្លួនវិញ ។

យប់មួយ ពេលពាក់កណ្ដាលអាធ្រាត្រថ្ងៃ១៤រោចងងឹតសូន្យឈឹង ព្រះរាជាទ្រង់ព្រះសណ្ដាប់សំឡេងយំលលូងក្រឡួចគួរឲ្យអាណិតទើបទ្រង់មានព្រះតម្រាស់ត្រាស់សួរថា៖ អ្នកណានៅចាំទ្វារនេះ? ។ វីរវរៈ បានឮព្រះតម្រាស់ត្រាស់សួរហើយ ក្រាបបង្គំទូលតបភ្លាមថា៖ ទេវៈ! សូមទ្រង់ព្រះមេត្តាប្រោស ទូលព្រះបង្គំជាខ្ញុំវីរវរៈ ។ ព្រះបាទសូទ្រកៈត្រាស់បង្គាប់ថា៖ ឯងទៅមើល! អ្នកណាយំអ្វីហ្នឹង? ។ វីរវរៈទទួលព្រះរាជឱង្ការថា៖ ទេវៈ! សូមតេជៈតម្កល់លើត្បូង! ហើយចេញទៅភ្លាម ។ ព្រះរាជាកាលត្រាស់បង្គាប់ឲ្យវីរវរៈចេញទៅហើយ ទ្រង់មានព្រះបរិវតក្កថា៖ យីអាត្មាអញ ប្រើវីរវរៈនេះជារាជបុត្រផងឲ្យចេញទៅតែម្នាក់ឯងទាំងងងឹតសូន្យសុងស្ទើរតែចាក់ភ្នែកមិនយល់ បើដូច្នេះគួរតែអាត្មាអញចេញទៅដើម្បីឲ្យដឹងសេចក្ដីនោះ ដោយខ្លួនឯងផង ។ ទ្រង់ព្រះចិន្ដាហើយ ព្រះហស្ដចាប់ព្រះខ័នស្ដេចចេញពីរាជនិវេសន៍ទៅខាងក្រៅតម្រង់ទៅកន្លែងដែលឮសំឡេងយំនោះ ។ វីរវរៈ ចេញទៅមុនទៅឃើញស្រីម្នាក់មានរូបឆោមល្អកំពុងពេញវ័យ ប្រដាប់តុបតែងខ្លួនដោយគ្រឿងអលង្ការដ៏វិចិត្រ កំពុងតែយំសោយសោកខ្សឹកខ្សួល ក៏សួរទៅថា៖ ម្នាលនាង! នាងជាស្រីអ្វី? ហេតុដូចម្ដេចក៏នាងយំសោយសោកដូច្នេះ? ស្រីនោះ ឆ្លើយតបមកវិញថា៖ ខ្ញុំនេះជារាជលក្ស្មី ជាទេវីប្រចាំសេចក្ដីចម្រើនព្រះបាទសូទ្រកៈអង្គនេះ ខ្ញុំបានអាស្រ័យនៅក្រោមម្លប់ព្រះឆាយានៃព្រះពាហុព្រះអង្គសុខសប្បាយមកយូរហើយ តែនៅបីថ្ងៃទៀត តពីថ្ងៃនេះទៅព្រះរាជាទ្រង់នឹងដល់នូវបញ្ចភាពក្ស័យព្រះជន្មហើយ ខ្ញុំជាមនុស្សឥតទីពឹងនៅតទៅទៀតមិនបាន ព្រោះហេតុនេះហើយបានជាខ្ញុំទួញយំ ។ វីរវរៈ សួរតទៅទៀតថា៖ បពិត្រព្រះនាងលក្ស្មី! ធ្វើដូចម្ដេចទើបព្រះនាងភគវតីអាចនៅតទៅទៀតបាន? ។ នាងរាជលក្ស្មីតបថា៖ ថាបើអ្នកអាចសម្លាប់ សក្តិធរជាកូនអ្នកដ៏ប្រកបដោយមហាបុរិសលក្ខណៈ ៣២ប្រការនេះចេញ ដោយដៃខ្លួនឯងបូជាជាពលីកម្មដល់ព្រះសវ៌មង្គលា (ព្រះនាងទុគ៌ា សក្តិព្រះឥសូរ) ព្រះរាជាម្ចាស់ផែនដីស្ដេចក៏នឹងមានព្រះជន្មនៅបានដល់រយវស្សា ឯខ្លួនខ្ញុំនឹងបានអាស្រ័យនៅជាសុខតទៅផង ។ និយាយដូច្នេះហើយ ព្រះនាងរាជលក្ស្មី អន្តរធានបាត់ទៅក្នុងកាលនោះឯង ។ លំដាប់នោះ វីរវរៈ លុះបានស្ដាប់ពាក្យព្រះនាងរាជលក្ស្មីសព្វគ្រប់ហើយ មានចិត្តត្រេកអរណាស់ ត្រឡប់ទៅផ្ទះខ្លួនវិញទៅដល់ដាស់ប្រពន្ធដែលកំពុងដេកលក់សិ្និទ្ធ ឲ្យក្រោកឡើងអង្គុយ ហើយនិយាយរៀបរាប់រឿងរ៉ាវ ដែលព្រះនាងរាជលក្ស្មីប្រាប់ ឲ្យស្ដាប់សព្វអាថ៌សេចក្ដី ។ សក្ដិធរជាកូនបានស្ដាប់សេចក្ដីរហូតដល់ចប់ ក៏មានចិត្តរីករាយ និយាយដោយទឹកមុខស្រស់ញញឹមថា៖ លោកឪពុក! ហេតុអ្វីលោកឪពុកពន្យាពេលឲ្យយឺតយូរដល់ម៉្លេះ! ព្រោះអំពើប្រសើរបែបនេះ មិនត្រូវគិតពេលណាៗទេ ការលះបង់អត្តភាពខ្លួនទៅក្នុងកិច្ចស្នងព្រះករុណាទិគុណ នេះជាអំពើដ៏ប្រសើរក្រៃលែង ព្រោះ៖ 

១០០- អ្នកប្រាជ្ញគប្បីលះបង់នូវទ្រព្យផង នូវជីវិតផង ដើម្បីជាប្រយោជន៍ដល់ជនដទៃ ថាបើសេចក្ដីស្លាប់ជាធម៌ទៀត គួរលះបង់អត្តភាពខ្លួនទើបប្រសើរ ។ 

មាតាសក្ដិធរ និយាយបណ្ដោយដោយសប្បាយចិត្តថា៖ ស្វាមី! បើមិនគិតធ្វើការនេះជាប្រយោជន៍ដល់ព្រះរាជាជាម្ចាស់យើងទេ តើត្រូវធ្វើអ្វីដទៃពីនេះវិញ ដើម្បីតបស្នងព្រះករុណាទិគុណឲ្យសមតាមដំណើរដែលទ្រង់បានប្រទាន ព្រះរាជទ្រព្យ និងវត្ថុខ្ពង់ខ្ពស់នោះ? ។ ជនទាំង៣ នាក់ប្រឹក្សាព្រមព្រៀងគ្នាដោយក្ដីរីករាយស្មោះចំពោះដូច្នេះហើយ ក៏បបួលគ្នាទាំង៣ នាក់ដើរទៅកាន់ទេវស្ថាន ព្រះនាងសវ៌មង្គលា ទៅដល់ហើយ វីរវរៈដាក់ខ្លួនចុះ លើកទសករប្រណម្យដោយគោរពទើបពោលថា៖ បពិត្រព្រះនាងទេវី! សូមព្រះនាងមេត្តាប្រោស សូមព្រះមហារាជ ព្រះបាទសូទ្រកៈ ជាម្ចាស់យើងទ្រង់មានជ័យជម្នះឈ្នះអស់មារសត្រូវ សូមព្រះនាងទទួលទេវពលីនេះ ។ ពោលហើយក៏កាត់សក្ដិធរជាកូនមួយរំពេចនោះជាគ្រឿងពលី ។ ក្រោយពីហេតុភេទនេះ វីរវរៈរំពឹងគិតថា៖ អាត្មាអញបានធ្វើអំពើដ៏ប្រសើរ តបស្នងព្រះករុណាទិគុណព្រះមហាក្សត្រិយ៍ធួនល្មមដល់រង្វាន់រាល់ខែ ដែលទ្រង់ប្រទានឲ្យអាត្មាអញរស់នៅក៏ជាភារៈធ្ងន់ឥតអំពើ ។ គិតហើយគិតទៀតថា នឹងរស់តទៅទៀតមិនសម ក៏កាត់កខ្លួនស្លាប់ទៀត ។ ឯភរិយា ក៏មានសេចក្ដីសោកស្ដាយ ក្នុងរឿងស្វាមី និងកូនមិនតិចទើបសម្លាប់ខ្លួនទៅតាមស្វាមី និងកូននោះថែមទៀត ។ ព្រះបាទសូទ្រកៈ ទ្រង់ប្រថាប់ក្បែរទីស្ថាននោះដែរ ទ្រង់បានព្រះសណ្ដាប់ ទ្រង់បានទតព្រះនេត្រប្រព្រឹត្តហេតុតាំងពីដើមដល់ចុងរហូតតក់ស្លុតរន្ធត់ព្រះទ័យ ទ្រង់រំពឹងគិតថា៖ 

១០១- មនុស្សអន់បែបដូចអាត្មាអញនេះ តែងកើតមានហើយស្លាប់បាត់ទៅវិញ តែក្នុងលោកនេះ មនុស្សបែបវីរវរៈនេះមិនសូវដែលមាន ហើយមិនសូវនឹងកើតមានទេ ។ បើដូច្នេះ អ្នកអស់នេះស្លាប់ចោលអាត្មាអញអស់ទៅហើយ សូម្បីមានរាជសម្បត្តិក៏មានប្រយោជន៍អ្វីទ្រង់រំពឹងហើយឃើញថានឹងរស់តទៅមិនកើត ទ្រង់ក៏ចាប់ព្រះសែងថ្លាមកបម្រុងនឹងកាត់ព្រះសិរសាព្រះអង្គ ។ លំដាប់នោះ ព្រះនាងសវ៌មង្គលាភគវតី ក៏ក្លែងខ្លួនឲ្យឃើញប្រាកដដោយករុណាដ៏ខ្លាំង ចាប់ព្រះករព្រះបាទសូទ្រកៈ ហើយត្រាស់ថា៖ កូនអើយ! យើងមានសេចក្ដីពេញចិត្តហើយ  ណ្ហើយកុំសម្លាប់ខ្លួនឯង សព្វបើសេនាមាត្យខ្លួនប៉ុណ្ណោះ រាជសម្បត្តិនឹងស្ថិតស្ថេររហូតមួយជីវិតអ្នក មិនវិនាសអន្តរាយទេ ។ ព្រះបាទសូទ្រកៈដាក់ព្រះអង្គចុះក្រាបប្រណម្យដោយអស្ដាង្គបាត ហើយទូលថា៖ បពិត្រព្រះនាងទេវី! ប្រយោជន៍អ្វីដោយរាជសម្បត្តិនេះ? កាលបើខ្ញុំព្រះអង្គមានជីវិតរស់នៅ តើមានប្រយោជន៍ដូចម្ដេចខ្លះ? បើខ្ញុំព្រះអង្គសមគួរនឹងបានទទួលមេត្តា សូមឲ្យវីរវរៈរាជបុត្រជាសេវកាមាត្យខ្ញុំព្រះអង្គនេះ ព្រមទាំងបុត្រភរិយាមានជីវិតឡើងវិញ បើមិនដូច្នោះទេ ខ្ញុំព្រះអង្គនៅតែតាំងព្យាយាមសម្លាប់ខ្លួនទៅតាមគំនិតដែលបានតាំងទុករួចហើយ ។ ព្រះនាងទូគ៌ាភគវតីត្រាស់តបថា៖ កូនអើយ! យើងមានសេចក្ដីពេញចិត្តណាស់ ព្រោះកូនមានចិត្តសប្បុរស មានចិត្តស្មោះត្រង់នឹងសេវកាមាត្យ ឯងចូរត្រឡប់ទៅចុះ ចូរឲ្យឯងមានជ័យជម្នះ ចូរឲ្យវីរវរៈព្រមទាំងបុត្រភរិយាមានជីវិតរស់ឡើងឲឡូវនេះ ។ ត្រាស់តែប៉ុណ្ណោះ នាងក៏អន្តរធានបាត់ទៅ ។ លំដាប់នោះ ស្ទើរតែមិនទាន់ផុតផ្សែងផង វីរវរៈព្រមទាំងបុត្រភរិយារស់ឡើងវិញភ្លាម ហើយបបួលគ្នាវិលត្រឡប់ត្រសងទៅកាន់ផ្ទះវិញ ។ ឯព្រះបាទសូទ្រកៈ ជនទាំង៣ នាក់នោះមិនបានឃើញទេ ទ្រង់ស្ដេចត្រឡប់ទៅកាន់រាជនិវេសវិញ ។ លុះព្រឹកព្រាងឡើង វីរវរៈទៅចាំត្វារដូចប្រក្រតីដើម កាលព្រះរាជាត្រាស់សួរ គាត់ក៏ក្រាបទូលថា៖ បពិត្រព្រះទេវវង្ស! មាននាងរូបល្អម្នាក់យំសោយសោក កាលឃើញទូលព្រះបង្គំជាខ្ញុំហើយ ក៏អន្តរធានបាត់ទៅ មិនឃើញមានហេតុភេទអ្វីផ្សេងដទៃទៀតទេ ។ ព្រះបាទសូទ្រកៈ កាលទ្រង់បានព្រះសណ្ដាប់ហើយ ទ្រង់ព្រះតម្រិះថា៖ មហាបរុសបែបនេះនឹងសរសើរដូចម្ដេចឲ្យសមគួរ? ព្រោះថា៖ 

១០២- អ្នកមានចិត្តអាណិតតែងពោលពាក្យជាទីគាប់ចិត្ត អ្នកក្លៀវក្លាតែងមិនពោលអួតខ្លួន អ្នកឲ្យទានតែងឲ្យទានមិនរើសមុខ អ្នកមានប្រាជ្ញាប្រតិភាណតែងមិនកោងកាច ។ 

នេះជាលក្ខណៈមហាបុរស មាននៅក្នុងរូបវីរវរៈទាំងមូល ។ 

ព្រឹកថ្ងៃមួយ ព្រះបាទសូទ្រកៈទ្រង់ត្រាស់បង្គាប់ឲ្យប្រជុំសភាជាន់ខ្ពស់ ហើយទ្រង់ប្រកាសប្រព្រឹត្តិការណ៍ដែលមានក្នុងយប់នោះទាំងអស់ ទើបទ្រង់ប្រទានប្រទេសកណ៌ាដកៈឲ្យវីរវរៈគ្រប់គ្រងដោយទ្រង់មានសេចក្ដីពេញព្រះទ័យខ្លាំង ។ រាជហង្សហិរណ្យគក៌ និយាយបញ្ជាក់ថែមទៀតថា៖ បើដូច្នេះ ថ្វីបើគ្រាន់តែជាអាគន្តុកសុទ្ធតែជាសត្រូវទាំងអស់ទៅឬ? ក្នុងពួកជនជាអាគន្តុកទាំងអស់ តែងមានខ្លះល្អ ខ្លះអាក្រក់ មានខ្លះទៀតតាំងនៅកណ្ដាល ដូចគ្នានឹងអ្នកនៅក្នុងស្រុកដែរ ។ ចាក្រពាកសវ៌ជ្ញៈពោលសុភាសិតតទៅថា៖ 

១០៣- នរជនណានែនាំព្រះរាជាក្នុងការមិនគួរធ្វើ ថាជាការគួរធ្វើ ដើម្បីបំពេញព្រះទ័យព្រះនរបតី នរជននោះសមធ្វើជាមន្ត្រីឬទេ? ការធ្វើឲ្យលំបាកព្រះទ័យម្ចាស់ ប្រសើរជាងការធ្វើឲ្យម្ចាស់វិនាសព្រោះការនេះគ្រាន់តែជាកិច្ចមិនគួរប៉ុណ្ណោះទេ ។ 

១០៤- ព្រះរាជាអង្គណា មានទ្រព្យ រាជគ្រូ និងមន្ត្រីសុទ្ធតែជាអ្នកបញ្ជរ ព្រះរាជាអង្គនោះនឹងស្គមព្រះសរីរៈ ថយគុណធម៌ និងអន្តរាយឃ្លាំងដោយឆាប់រហ័ស ។ 

សូមព្រះករុណាមេត្តាប្រោសទ្រង់ព្រះសណ្ដាប់!

១០៥- ទ្រព្យណាដែលត្រូវបានដោយបុណ្យ ទ្រព្យនោះយើងគួរគប្បីចង់បាន ជាងកោរសក់ម្នាក់ជាអ្នកចង់បានទ្រព្យ សម្លាប់យាចកព្រោះល្មោភលោភលន់ពន់ប្រមាណ ក៏ត្រូវស្លាប់ខ្លួនឯងវិញ ។ 

រាជហង្សហិរណ្យគក៌ សួររឿងនោះថា៖ ចុះរឿងនោះតើដូចម្ដេច? ។ ចាក្រពាកសវ៌ជ្ញៈ រៀបរាប់រឿងនោះដូចសេចក្ដីតទៅថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!