កថាទី១៖ រឿងហង្ស និងក្ងោក

កថាទី២៖ រឿងបក្សី និងស្វា

កថាទី៣៖ រឿងលាពាក់ស្បែកខ្លា

កថាទី៤៖ រឿងដំរី និងទន្សាយ

កថាទី៥៖ រឿងហង្ស និងក្អែក

កថាទី៦៖ រឿងក្អែក និងទទា

កថាទី៧៖ រឿងជាងរថ ភរិយា និងសហាយ

កថាទី៨៖ រឿងចចកនីលពណ៌

កថាទី៩៖ រឿងស្ដេចសូទ្រកៈ និងអាមាត្យវីរវរៈ

កថាទី១០៖ រឿងជាងកោរកាត់ល្មោភ

សៀវភៅអេឡិកត្រូនិក

មានចចកមួយអាស្រ័យនៅក្នុងព្រៃ ហើយដើរស្វះស្វែងរកចំណីអាហារតាមទំនើងចិត្ត ដើរទៅៗដល់ជាយក្រុងមួយ មិនដឹងមានគ្រោះអ្វីក៏ធ្លាក់ទៅក្នុងរណ្ដៅធ្នះមួយ ហើយមិនអាចឡើងពីរណ្ដៅនោះវិញបានសោះ ដល់ព្រឹកឡើងក៏ពុតធ្វើជាស្លាប់ស្ដូកស្ដឹង ។ ខណៈនោះ ម្ចាស់រណ្ដៅឃើញចចកនោះមានជើងស្រទាំងឡើងលើ ភ្នែកបិទជិត ហាមាត់បញ្ចេញធ្មេញស្ញេញ ក៏យល់ថាចចកនោះស្លាប់ហើយ ទើបស្រង់ចេញពីរណ្ដៅធ្នះ ហើយអូសគ្រវែងចោលឆ្ងាយពីភូមិទៅ ។ កាលនោះ ចចកនោះបានចូលព្រៃវិញ ដល់ក្រឡេកមើលខ្លួនឃើញខៀវស្រងាត់ដូច្នោះ គិតក្នុងចិត្តដោយក្ដីត្រេកអរថា៖ យី! អាត្មាអញនេះមានពណ៌ខៀវល្អណាស់តើ! បើដូច្នេះ អាត្មាអញនេះខ្ពង់ខ្ពស់ប្រសើរជាងចចកឯទៀតទាំងអស់ ។ លុះគិតរួចហើយ ចចកនោះហាហៅចចកទាំងឡាយមកជួបជុំ ហើយនិយាយប្រាប់ដោយក្ដីរីករាយថា៖ ទេពតាដ៏មានបុណ្យ អាស្រ័យនៅក្នុងព្រៃនេះ បានតាំងយើងឲ្យធ្វើជាស្ដេចម្រឹគ ហើយលោកបានអភិសេកយើងនឹងព្រះហស្ដលោកដោយទឹកទិព្វមន្តយកពីជាតិឈើគ្រប់មុខ អ្នកទាំងអស់គ្នាក្រឡេកមើលរូបយើងមើល? ចាប់តាំងពីថ្ងៃនេះតទៅ អ្នកធ្វើកិច្ចការអ្វីៗត្រូវធ្វើតាមបង្គាប់យើងទាំងអស់ ។ បណ្ដាចចកទាំងឡាយកាលមើលចចកនោះឃើញពណ៌ចម្លែកដូច្នោះ ក៏បបួលគ្នាប្រណិបតន៍ដោយអស្ដាង្គបាត ប្រណម្យចំពោះចចកនោះ ហើយពោលតបដោយគោរពថា៖ យើងខ្ញុំទាំងអស់គ្នាសូមទទួលបង្គាប់ពីលោកម្ចាស់គ្រប់គ្នា ។ ដោយទំនងនេះ ចចកនោះឡើងជាស្ដេចម្រឹគទាំងអស់ បណ្ដាដែលអាស្រ័យនៅនាព្រៃនោះទាំងប៉ុន្មាន ។ មុខដំបូង ចចកនីលពណ៌នោះរើសយកកសុទ្ធតែចចកដូចគ្នាមកធ្វើបរិវារ មានអំណាចរាជសក្តិខ្ពង់ខ្ពស់ណាស់ ប៉ុន្តែតមក ទៅរើសយកសត្វឯទៀតដូចសីហៈ ខ្លា និងសត្វឯទៀតដែលមានសភាពដូច្នេះជាដើម មកធ្វើជាបរិវារវិញបោះបង់ចចកគ្នាឯងចោលអស់ ។ ខណៈនោះ មានចចកចាស់មួយ កាលឃើញសហាយខ្លួនគ្រប់គ្រាន់ព្រួយចិត្ត ទើបនិយាយលួងលោមថា៖ នែសហាយទាំងឡាយអើយ អ្នកទាំងឡាយកុំព្រួយបារម្ភថ្វី សព្វបើប៉ុណ្ណេះ ព្រះទេវបាទយើងល្ងង់ខ្លៅមិនចេះនីតិសាស្ត្រ គឺនយោបាយប្រមាថមើលងាយយើងសូម្បីយើងចេះនយោបាយប្រាកដដូច្នេះ ការនេះមិនជាអ្វីទេ! ខ្ញុំមានមធ្យោបាយល្អ រករឿងនឹងសម្លាប់ចោលឲ្យទាល់តែបាន រឿងនេះសត្វទាំងឡាយឯងទៀតមានសីហៈ ខ្លាជាដើម ដែលភ័ន្តគំនិតព្រោះឃើញថាវាមានពណ៌ខៀវល្អ មើលមិនស្គាល់ថាជាចចក បានជាលើកទុកដាក់ឲ្យធ្វើជាស្ដេចខ្លួន បើដូច្នោះ យើងគិតដូចម្ដេចឲ្យសត្វឯងទៀតស្គាល់ថាជាចចក? ។ មធ្យោបាយដែលយើងត្រូវធ្វើដូច្នេះ៖ ពេលល្ងាចអ្នកទាំងឡាយត្រូវចូលទៅជិតចចកទាំងអស់គ្នា ហើយបបួលគ្នាស្រែកលូឲ្យពេញទំហឹង កាលចចកនេះឮសម្រែកយើងហើយ មុខជានឹងស្រែកលូ-តយើងវិញ ព្រោះវាសត្វដែលមានសភាពដូចគ្នា ព្រោះថា៖ 

៥៨- សេចក្ដីពិត សភាពនៃនរជនណាដូចម្ដេច នរជននោះមិនអាចប្រព្រឹត្តកន្លងសភាពខ្លួនបានឡើយ បើលើកសុនខជាតិឲ្យធ្វើជាស្ដេច វានឹងមិនអង្គៀមទ្រនាប់ស្បែក ឬអ្វី? 

កាលបើខ្លាឮសំឡេង និងស្គាល់ថាជាចចកពិត មុខជាខ្លានឹងគប្បីខាំស៊ីស្ដេចខ្លួនមិនខាន ព្រោះថា៖

បើសត្រូវស្គាល់ចំណុចខ្សោយយើង នឹងសេចក្ដីក្លៀវក្លាយើងហើយ គេនឹងចូលទៅរហូតដល់ចិត្តគំនិតយើងខាងក្នុងទៀត ហើយសម្លាប់យើងចោលបង់សៀត ដូចភ្លើងឆេះឈើស្ងួតតែងឆេះរូងរហូតដល់ខ្លឹមខាងក្នុង ។ តមកចចកចាស់ព្រមទាំងចចកទាំងឡាយ ប្រើឧបាយកលដូចបានគិតទុកហើយសម្លាប់ចចកនីលពណ៌បានដូចសេចក្ដីប្រាថ្នា ព្រោះហេតុនោះបានជាខ្ញុំ (ចាក្រពាក) ពោលថា៖ នរជនណាលះបង់ចោលបក្សពួកខ្លួនដូច្នេះជាដើម (លេខ៥៧) ។

ហង្សហិរណ្យគក៌ ឆ្លើយថា៖ ពិតមែនហើយ ប៉ុន្ដែក្អែកនេះមកពីប្រទេសឆ្ងាយណាស់ គួរតែឲ្យចូលមកជួប ហើយរក្សាទុកចាំពិនិត្យមើលទៅខាងមុខ ។ ចាក្រពាកនិយាយតទៅទៀតថា៖ យើងបានបញ្ជូនចារបុរសទៅហើយ បន្ទាយការពារយើងបានធ្វើត្រៀមទុកព្រមហើយ បើដូច្នោះ យើងត្រូវឲ្យនាំសេកចូលមកសាកសួរហើយសឹមលែងឲ្យទៅវិញ ។ ពេលនោះយើងមានសែន្យានុភាពត្រៀមទុកព្រមហើយ យើងនឹងចាំមើលវាពីចម្ងាយ ព្រោះថា៖ 

៦០- ព្រាហ្មណ៍ចារណក្យៈ ប្រើទូតដែលឆ្លៀវឆ្លាតមុះមុតឲ្យសម្លាប់ស្ដេចចន្ទៈបាន ព្រោះហេតុនោះបើយើងមានយោធាក្លៀវក្លាហានចោមរោមការពារម៉ត់ចត់ ហើយ ទើបគួរជួបទូតដែលមកពីប្រទេសឆ្ងាយ ។ 

លុះបានរៀបចំសភាសម្រាប់ទទួលភ្ញៀវសព្វគ្រប់ហើយ ហង្សហិរណ្យគក៌ ក៏បើកសេក និងក្អែកឲ្យចូលទៅជួប ។ កាលដើរចូលទៅសេកងើបក្បាលស្ងើនបន្តិច ទៅដល់ហើយអង្គុយលើអាហនៈដែលគេរៀបចំទុកសម្រាប់ ទើបថ្លែងសារយ៉ាងក្លៀវក្លាថា៖ បពិត្រលោកហិរណ្យគក៌ ស្ដេចក្ងោកនាមចិត្រពណ៌ជារាជាធិរាជ ជាម្ចាស់នៃមយុរជាតិ មានព្រះបាទទ្រដោយផ្កាឈូករីកភ្លឺច្រុះឆ្លុះច្រវាត់ដោយកែវមណីដែលប្រដាប់ដោយមកុដនៃស្ដេចសាមន្តរាជ ដែលឱនសិរសាក្រាបគោរពត្រាស់បង្កាប់មកលោកថា៖ បើចង់មានជីវិតរស់នៅតទៅ ឬប្រាថ្នាឥស្សរយស ចូរប្រញាប់ចូលទៅអភិវាទ វន្ទាចំពោះបាទយើង បើមិនដូច្នោះទេ ចូរគេចរត់ចេញទៅកាន់ទីដ៏ទៃឲ្យឆាប់ៗ!ទៅ! ។ ហិរណ្យគក៌ កាលបានស្ដាប់សេចក្ដីថ្លែងសារនោះចប់សព្វគ្រប់ហើយ ក៏ក្រេវក្រោធច្រឡោតតបទៅវិញថា៖ អ៎ា! ក្នុងសភានេះ ឥតមានរណាម្នាក់ដែលមានចិត្តចាប់ច្របាច់កអាព្រហើននេះទេឬអ្វី? ។ ក្អែកមេឃពណ៌ងើបឡើងស្ទុះចូលទៅវិយាយថា៖ ទេវៈ! សូមត្រាស់បង្គាប់មកចុះ ខ្ញុំបាទនឹប្រហារអាសេកព្រហើននេះចោលបង់ឥឡូវនេះ ។ ខណៈនោះចាក្រពាកសវ៌ជ្ញៈ ជាប្រធានរដ្ឋមន្ត្រីឈ្មោះ និយាយសម្រុះសម្រួលហិរណ្យគក៌ និងក្អែកមេឃពណ៌ថា៖ នែលោកម្ចាស់! ស្ដាប់ខ្ញុំបាទជម្រាបសិន កុំអាលធ្វើក្រោធឆុរឆេវដូច្នេះ ព្រោះថា៖ 

៦១- ទីណាមិនមានចាស់ព្រឹទ្ធាចារ្យ ទីនោះមិនមែនជាសភាទេ នរជនណាមិនពោលធម៌ នរជននោះមិនមែនជាព្រឹទ្ធាចា្យទេ ពាក្យណាមិនមានសត្យ ពាក្យនោះមិនមែនជាធម៌ទេ ត្រង់ណាមានតែប្រវញ្ចន៍ ត្រង់នោះមិនមានពាក្យសត្យទេ ។ 

លក្ខណៈជនដែលប្រកបដោយធម៌ដូច្នេះ៖

៦២- ទូតសូម្បីអនារ្យជន និយាយពាក្យមិនគប្បីក៏មិនត្រូវសម្លាប់ដែរ ព្រោះគេជាមាត់នៃព្រះរាជា កណ្ដាលអាវុធច្រូងច្រាងភ្លឺស្ញាច ទូតមិនចរចាអ្វីក្រៅពីពាក្យបង្គាប់ ។ 

៦៣- នរណាហ្ន៎ជាអ្នកប្រាជ្ញ អាចសម្គាល់ខ្លួនថាថោកទាប ឬសម្គាល់សត្រូវថាខ្ពង់ខ្ពស់ ព្រោះតែពាក្យទូតនិយាយជាប្រមាណ? អាស្រ័យដោយហេតុដែលគេមិនត្រូវសម្លាប់ទូត ទើបត្រូវតែនិយាយទាំងអស់សព្វកាលទាំងពួង ។ 

រាជហង្សហិរណ្យគក៌ និងក្អែកមេឃពណ៌បានតម្កល់ទឹកចិត្តជាប្រក្រតី ។ សេកក្រោកឡើងហើយសុំលាទោវិញ ចាក្រពាកសវ៌ជ្ញៈជូនដំណើរ លុះនាំទៅដល់ក្រៅហើយ ក៏សម្ដែងអាការធ្វើជាសុំទោសឲ្យរង្វាន់ខាន់ខៅមានមាស និងវត្ថុឯទៀតជាដើមទើបបញ្ជូនសេកឲ្យត្រឡប់ទៅប្រទេសខ្លួនវិញ ។ សេកកាលត្រឡប់មកដល់ទៅភ្នំវិន្ធ្យាជាប្រទេសខ្លួនវិញហើយ ក៏ចូលទៅអភិវាទស្ដេចក្ងោកចិត្រពណ៌ជាម្ចាស់ខ្លួន ។ ស្ដេចក្ងោកចិត្រពណ៌ ឃើញសេកត្រឡប់មកដល់ហើយ ក៏និយាយប្រាស្រ័យនឹងសេកថា៖ ម្នាលសេក! ឯងបានដំណឹងអ្វីខ្លះ? ប្រទេសនោះដូចម្ដេចទៅ? ។ សេកឆ្លើយតបថា៖ ទេវៈ! បើពោលឲ្យខ្លី ត្រូវតែរៀបទ័ពត្រៀមធ្វើសង្គ្រាមពីឥឡូវនេះ ឯកប៌ូរទ្វីបទុកជាឯកទេសមួយនៃស្ថានសួគ៌ ស្ដេចប្រទេសនោះទុកដូចជាម្ចាស់ស្ថានសួគ៌ទីពីរ គឺព្រះឥន្ទ្រជាគម្រប់ពីរ ធ្វើដូចម្ដេចនឹងពណ៌នាបាន? ។ ស្ដេចក្ងោកចិត្រពណ៌លុះបានហៅមន្ត្រីធំៗ ចូលមកកាន់ទីប្រជុំហើយ ទើបប្រឹក្សាថា៖ យើងសូមសេចក្ដីយល់អស់លោកគ្រប់គ្នា យើងត្រូវចាត់ការអ្វីខ្លះ? បើទុកជាដូចម្ដេច យើងក៏ត្រូវធ្វើសង្គ្រាមពិតប្រាកដ ព្រោះថា៖ 

៦៤- ក្ដីមិនសន្ដោសជាវិបត្តិនៃព្រាហ្មណ៍ ក្ដីសន្ដោសជាវិត្តិនៃព្រះរាជា ក្ដីខ្មាសអៀនជាវិបត្តិនៃស្រីផ្កាមាស ក្ដីមិនខ្មាសអៀនជាវិបត្តិនៃកុលធីតាទាំងឡាយ ។ 

កាលនោះ ត្មាតទុរទសីជាប្រធានរដ្ឋមន្ត្រីពោលឡើងថា៖ ទេវៈ! ការធ្វើសង្គ្រាមសព្វបើដោយការឃ្នើសចិត្តជាប្រក្រតី មិនមែនជាវិធីទេ ព្រោះថា៖ 

៦៥- កាលណាមិត្តអាមាត្យជាពួកអ្នកមានចិត្តស្រឡាញ់ មានភក្ដីមាំហើយទំនាស់ចំពោះសត្រូវកាលនោះគប្បីធ្វើសង្គ្រាម ។ 

៦៦- ត្រូវបានផែនដី បានសម្ពន្ធមិត្ត បានមាស នេះជាផល៣ ប្រការដែលគេត្រូវធ្វើសង្គ្រាមកាលណាបើគេប្រាកដជាបានផល ៣ ប្រការនេះហើយ កាលនោះគេត្រូវធ្វើសង្គ្រាម ។ 

ស្ដេចក្ងោកចិត្រពណ៌ថ្លែងបង្គាប់ថា ចូរឲ្យមន្ត្រីដើរត្រួតត្រាសែន្យានុភាពទ័ពមើល ត្រូវមើលគ្រឿងវុធយុទ្ធភណ្ឌ និងស្បៀងអារហារឲ្យដឹងសព្វគ្រប់ រួចហើយត្រូវហៅហោរាមកឲ្យគន់គូរមើលឫក្សពារសុភមង្គល ដែលត្រូវយាត្រាទ័ព ។ ត្មាតទុរទសីនិយាយរំឭកថា៖ ទេវៈ! ការយាត្រាទ័ពចេញទៅដោយរួសរាន់ដូច្នេះ មិនគួរគប្បីទេ ព្រោះថា៖ 

៦៧- មនុស្សល្ងង់ណា មិនបានពិចារណាសែន្យានុភាពពៃរី ហើយចូលទៅប្រយុទ្ធ ដោយរួសរាន់មនុស្សល្ងង់នោះ នឹងបានឱបមុខដាវ នេះជាសច្ចៈឥតសង្ស័យឡើង ។ 

ស្ដេចក្ងោកចិត្រពណ៌ពោលទ្រគោះបោកបោះបន្ទោសសត្មាតថា៖ នែមន្ត្រី! ឯងកុំមកបង្អាក់ធ្វើឲ្យយើងថយក្ដីក្លាហានដូច្នេះ ចូរឯងនិយាយប្រាប់មក តើនរណាអាចចូលទៅកាន់ប្រទេសសត្រូវ ហើយយកជ័យជម្នះបាន? ត្មាតទុរទសីឆ្លើយតបថា៖ ទេវៈ! ខ្ញុំបាទនឹងជម្រាបឲ្យជ្រាបបាន តែនឹងឲ្យបានផលល្អ លុះត្រាតែទទួលប្រតិបត្តិតាម លោកពោលទុកដូច្នេះថា៖ 

៦៨- មានប្រយោជន៍អ្វីដោយការណែនាំព្រះរាជា ឲ្យធ្វើតាមសាស្ត្របើទ្រង់មិនព្រមប្រតិបត្តិតាម! សេចក្ដីពិត មិនមែនគ្រាន់តែចេះដឹងថ្នាំ ហើយបំបាត់ជំងឺបានទេ ។

ខ្ញុំបាទមិនហ៊ានប្រព្រឹត្តិកន្លងព្រះរាជបង្គាប់ទេ តែខ្ញុំបាទសូមជម្រាបតាមកិច្ចការដែលខ្ញុំបាទបានចេះដឹងមក សូមលោកម្ចាស់ស្ដាប់ដូចតទៅនេះ៖ 

៦៩- បពិត្រព្រះរាជា បណ្ដាទីទាំងឡាយមានស្ទឹង ភ្នំ ព្រៃ បន្ទាយជាដើម ទីណាមានភ័យសេនីយ ត្រូវលើកព្យុហៈកងពលយាត្រាទ័ពទៅក្នុងទីនោះ ។ 

៧០- សេនាបតី ព្រមដោយមេកងពលដែលក្លៀវក្លាហាន ត្រូវដើរទៅមុខទ័ព ត្រូវដាក់ស្រី ម្ចាស់ផែនដី ឃ្លាំង និងពលដែលមានកម្លាំងខ្សោយនៅកណ្ដាលទ័ព ។ 

៧១- ត្រូវដាក់កងទ័ពសេះនៅស្លាបទ័ពទាំងសងខាង នៅសងខាងទ័ពសេះត្រូវដាក់ពលរថ នៅសងខាងពលរថ ត្រូវដាក់ពលដំរី នៅសងខាងពលដំរី ត្រូវដាក់ពលថ្មើរជើង ។ 

៧២- សេនាបតី ត្រូវដើរខាងក្រោយកងទ័ព ដើម្បីកម្លាកម្លាំងទឹកចិត្តកងពលដែលអន់ថយឲ្យក្លាហាន ព្រះរាជាចោមរោមដោយរដ្ឋមន្ត្រីជាទីប្រឹក្សា និងវីរយោធា ទ្រង់ជាអគ្គបញ្ជាការកងទ័ព ។ 

៧៣- ត្រូវយាត្រាទ័ពលុកចូលទៅ ក្នុងទីមិនរាបស្មើ និងភ្នំក្រំថ្ម​ដោយកងទ័ពដំរី ក្នុងទីវាលដោយកងទ័ពសេះ ក្នុងទីទឹកដោយកងទ័ពជើងទឹក ក្នុងទីទាំងពួងដោយកងទ័ពថ្មើរជើង ។ 

៧៤- ក្នុងរដូវភ្លៀង លោកសម្ដែងទុកថា ត្រូវធ្វើដំណើរដោយកងទ័ពដំរី រដូវក្រៅពីនោះ ត្រូវប្រើកងទ័ពសេះ ឯកងពលថ្មើរជើង ប្រើបានគ្រប់ពេលទាំងពួង ។

៧៥- គប្បីប្រយ័ត្នរក្សាព្រះរាជាទុកក្នុងភ្នំ ឬតាមផ្លូវដែលគេទៅបានដោយលំបាក សូម្បីព្រះអង្គមានយោធាហៅហានចោមរោមរក្សាល្អហើយក្ដី ទ្រង់ក៏ត្រូវចូលកាន់យោគនិទ្រាបន្តិចៗងាយនឹងតើន ។

៧៦- ទ្រង់គប្បីបំផ្លិតបំផ្លាញសត្រូវ សម្លាប់សត្រូវញាំញីសត្រូវឲ្យខ្សោយ ដោយការបំផ្លាញកុំឲ្យមានបន្ទាយ មានភូមិ មានគ្រឿងចម្រូង កាលចូលទៅដល់ក្នុងបរទេសហើយ ត្រូវបញ្ជូនអ្នកថ្មើរព្រៃជាមុន ។ 

៧៧- ព្រះរាជាប្រថាប់នៅទីណា ត្រូវឃ្លាំងនៅទីនោះ មិនមានឃ្លាំង ឥតមានរាជ្យ ព្រះរាជាទ្រង់ត្រូវប្រកបដោយព្រះទ័យទូលាយ ទ្រង់ត្រូវប្រទានរង្វាន់ដល់យោធាណាក្លៀវក្លាហាន តែសេចក្ដីពិតយោធាណាមួយដែលមិនច្បាំង ដើម្បីព្រះរាជា? ។

៧៨- បពិត្រព្រះរាជា! មនុស្សមិនមែនជាទាសនៃមនុស្សទេ មនុស្សជាទាសនៃទ្រព្យ ការបានទៅជាបុគ្គលខ្ពង់ខ្ពស់ ឬការធ្លាក់ខ្លួនជាបុគ្គលថោកទាប ស្រេចហើយតែមានទ្រព្យ ឬក្រីក្រប៉ុណ្ណោះ ។

៧៩- ត្រូវចូលទៅប្រយុទ្ធកុំឲ្យបែកទ័ព ហើយប្រយ័ត្នមើលគ្នីគ្នាកងទ័ពណាទន់ខ្សោយកម្លាំងត្រូវប្រមូលមកទុកកណ្ដាលក្បួនទ័ព ។ 

៨០- ព្រះមហីបាល ត្រូវកងពលថ្មើរជើងទៅនៅមុខកងទ័ព កាលបើបង្ក្រាបសត្រូវបានហើយ ព្រះអង្គត្រូវប្រថាប់នៅកម្រាបអរិរាជសត្រូវឲ្យរាបទាប ។  

៨១- ទ្រង់គប្បីចូលទៅប្រយុទ្ធក្នុងទីវាល ដោយកងរថ និងកងសេះ ក្នុងទីទឹកដោយកងទូក និងដំរី ក្នុងទីព្រៃ និងព្រៃញាតស្បាត ដោយកងធ្នូ ក្នុងទីគោកដោយកាវខែល និងអាវុធផ្សេងៗ ។ 

៨២- ទ្រង់ត្រូវបំផ្លិតបំផ្លាញរឿយៗនូវទីវាលស្មៅ ស្រូវ សត្រូវ ហើយបង្អត់កុំឲ្យមានទឹក មានឱស ត្រូវទម្លាក់ទំនប់ទឹក កំពែង និងគូ ។ 

៨៣- បណ្ដាកងទ័ពទាំងអស់ កងទ័ពដំរីជាកងទ័ពជាន់ឯកសម្រាប់ព្រះមហីបតី មិនមានកងទ័ពអ្វីប្រសើរជាងឡើយ ព្រោះដំរីសូម្បីតែអវៈយវៈវាប៉ុណ្ណោះ ក៏ទុកថាជាអាវុធ៨ ប្រការបានស្រេចហើយ ។ 

៨៤- សេះជាកម្លាំងនៃកងទ័ព គេទុកថាជាកំពែងដើរបានព្រោះហេតុនេះ បើព្រះរាជាអង្គណាប្រកបដោយកងទ័ពសេះច្រើនក្រៃលែងជាសត្រូវហើយ ក៏ឈ្មោះថាមានជ័យក្នុងយុទ្ធសង្គ្រាមផ្លូវគោក ។ 

៨៥- ទាហានណា ឡើងសេះចូលប្រយុទ្ធ សូម្បីទេវតាក៏លំបាកនឹងយកឈ្នះទាហាននោះបានពួកពៃរី បើទុកជានៅឆ្ងាយ ក៏ទុកជាធ្លាក់មកនៅក្នុងកណ្ដាប់ដៃស្រេចហើយ ។ 

៨៦- ក្នុងប្រថមកិច្ចនៃយុទ្ធសង្គ្រាម ការអភិបាលរក្សាពលនិករទុកឲ្យគ្រប់សព្វ គេទុកជាគោលដ៏សំខាន់ ព្រោះការកម្រាបផ្លូវក្នុងទិសទាំងពួងជានាទីនៃកងពល ។ 

៨៧- លោកពោលថា៖ កងទ័ពដែលប្រសើរនោះគឺកងទ័ពដែលមាននិស្ស័យក្លៀវក្លាពីកំណើតប៉ិនប្រសប់ក្នុងការកាន់អាវុធ មានភក្ដី ធន់ទ្រាំក្នុងការខ្សោយកម្លាំង ហើយមានវីរក្សត្រិយ៍ (ទាហានវីរ) ជាប្រមុខដោយច្រើនផង ។ 

៨៨- បពិត្រព្រះរាជា! មនុស្សក្នុងលោក ចូលទៅច្បាំងដោយក្លាហាន ព្រោះចង់បានកិត្តិយសពីម្ចាស់ខ្លួន មិនមែនដោយចង់បានរង្វាន់គឺទ្រព្យទេ ។ 

៨៩- កងទ័ពមានចំនួនតិច តែសុទ្ធសឹងវិញ្ញូជនទើបប្រសើរ កងទ័ពមានចំនួនច្រើន តែសុទ្ធតែយោធាអស់ជម្រើសមិនល្អទេ ព្រោះយោធាអស់ជម្រើសបណ្ដោយឲ្យចាញ់ងាយ ហើយនាមឲ្យទាហានវិញ្ញូជនយកជ័យថែមទៀតផង ។ 

៩០- ការមិនជ្រះថ្លា១ ការបាក់មុខញយៗ១ ការមិនឲ្យចំណែកដល់មនុស្សម្នាក់ៗដែលត្រូវបាន១ ការពន្យឺតពេលវេលាចែក១ ការមិនធ្វើតប១ ទាំងអស់នេះជាហេតុនាំឲ្យព្រងើយកន្ដើយពីគ្នា ។ 

៩១- ព្រះរាជាប្រាថ្នាជ័យ គប្បីវាយសត្រូវដោយមិនធ្វើឲ្យកងទ័ពព្រះអង្គឲ្យលំបាកក្ដៅក្រហាយ កងទ័ពដែលរូយស្រពន់ដោយដើរផ្លូវឆ្ងាយ សត្រូវយកជ័យបានដោយងាយ ។

៩២- ត្រូវព្យាយាមបំបែកសត្រូវឲ្យបែកបាក់គ្នា វិធីបំបែកនេះមិនមានអ្វីដទៃក្រៅពីញុះញង់ព្រះរាជាទាយាទក្នុងរាជ្យសត្រូវទេ ព្រោះហេតុនោះ ត្រូវព្យាយាមតាំងរាជទាយាទរប់សប្រទេសសត្រូវឲ្យទាល់តែបាន ។ 

៩៣- ការចងស្ពានមេត្រី នឹងស្ដេចយុវរាជ (មកុដរាជកុមារ) ឬនាយករដ្ឋមន្ត្រីរបស់ប្រទេសសត្រូវបានហើយគប្បីបំបែកសាមគ្គីខាងក្នុងពួកសត្រូវដែលមានចិត្តមឹងម៉ាត់ ។ 

៩៤- លុះដើរឧបាយបំបែកក្នុងសង្គ្រាមយ៉ាងនេះបានហើយ គប្បីសម្លាប់មិត្តដ៏ហៅហាននៃសត្រូវនោះចោលចេញ ពុំនោះចាប់ចងពួកមុខមន្ត្រី ឬកូនចៅបរិវារឃុំឃាំងទុក ធ្វើដូចជាការបំបែកកូនគោ ហើយចាប់មេគោ (ត្រង់នេះអាចមានសេច្ដីមួយទៀតថា ពុំនោះចូលដៃនឹងមន្ត្រីរាជបរិពារ កូនចៅសត្រូវដោយឲ្យទ្រព្យដូចជាបង្ហាញស្មៅបញ្ឆោតគោ) ដូច្នោះ ។ 

៩៥- លុះដើរឧបាយបំបែកក្នុងសង្គ្រាមយ៉ាងនេះបានហើយ គប្បីសម្លាប់មិត្តដ៏ហៅហាននៃសត្រូវនោះចោលចេញ ពុំនោះចាប់ចងពួកមុខមន្ត្រី ឬកូនចៅបរិវារឃុំឃាំងទុក ធ្វើដូចជាការបំបែកកូនគោហើយចាប់មេគោ (ត្រង់នេះមានសេចក្ដីមួយទៀតថា ពុំនោះចូលដៃនឹងមន្ត្រីរាជបរិពារ កូនចៅសត្រូវដោយឲ្យទ្រព្យដូចជាបង្ហាញស្មៅបញ្ឆោតគោ) ដូច្នោះ ។ 

៩៥- ព្រះរាជាគប្បីធ្វើឲ្យប្រទេសព្រះអង្គមានពលរដ្ឋច្រើនបរិបូណ៌ ដោយការកាវយកប្រជាជនពីប្រទេស ឬពុំនោះទំនុកបម្រុងប្រជាជនដោយការឲ្យទាន និងរាប់អាន ។ មួយទៀត ប្រទេសដែលមានប្រជាជនច្រើនមកពីប្រទេសនោះអាចកពូនទ្រព្យសម្បត្តិជាមហាសេដ្ឋីបាន ។ 

ស្ដេចក្ងោកចិត្រពណ៌ និយាយពាក្យទ្រគោះឲ្យត្មាតទុរទសីថា៖ ឯងនិយាយបូរបាច់ច្រើនពេកដូច្នេះ តើមានប្រយោជន៍អ្វី? ព្រោះថា៖ 

៩៦- សេចក្ដីចម្រើនរបស់ខ្លួន និងសេចក្ដីសាបសូន្យរបស់សត្រូវ ទាំងពីរប្រការនេះជារដ្ឋប្រសាសនយោបាយ កាលបើប្រកាន់តាមមតិនេះបានហើយ ការពោលអួតសម្ដីថ្វីមាត់របស់ខ្លួន ទើបបណ្ឌិតសរសើរ ។ 

ត្មាតទុរទសីញញឹមបណ្ដើរឆ្លើយតបបណ្ដើរថា៖ ពាក្យនេះវិសេសពិតមែនហើយ តែលោកពោលថា៖ 

៩៧- ពួកមួយធ្វើតាមចិត្ត ពួកមួយទៀតធ្វើទៅតាមសាស្ត្រពន្លឺ និងងងឹត ទាំងពីរប្រការនេះ មានលក្ខណៈស្មើគ្នាបានឬទេ? ។ 

កាលនោះ ស្ដេចក្ងោកចិត្រពណ៌ លុះបានស្ដាប់ហើយឃើញថាទាស់ចិត្តខ្លួន ក៏ក្រោកឡើងត្រាស់បង្គាប់ឲ្យបរទ័ពយាត្រាចេញទៅតាមហោរកំណត់នក្ខត្តឫក្សឲ្យ ។ 

ឯចារបុរសរាជហង្សហិរណ្យគក៌ កាលបានដឹងកិច្ចការសត្រូវសព្វគ្រប់ហើយ ក៏ត្រឡប់យកដំណឹងទៅប្រាប់ម្ចាស់ខ្លួនវិញថា៖ បពិត្រលោកម្ចាស់! ស្ដេចក្ងោកចិត្រពណ៌លើកក្បួនព្យុហៈ យាត្រាទ័ពចរចេញទៅបោះបន្ទាយនៅជើងមលយបព៌តហើយ សូមលោកម្ចាស់មានបញ្ជាឲ្យលើកទ័ពទៅបំផ្លាញបន្ទាយនោះឲ្យឆាប់ៗទៅ ។ ពេលនេះ ត្មាតទុរទសីធ្វើជាប្រធានរដ្ឋមន្ត្រី តាមដែលខ្ញុំបាទបានដឹងមកថា សត្រូវបានបញ្ជូនចារបុរសគេឲ្យមកធ្វើការសម្ងាត់នៅខាងបន្ទាយយើងហើយ ។ ខណៈនោះ ចាក្រពាកវ៌ជ្ញៈ និយាយរំឭករាជហង្សហិរណ្យគក៌ថា៖ លោកម្ចាស់! ចារបុរសគេនោះ គឺក្អែកមេឃពណ៌នេះឯង ។ ស្ដេចហង្សហិរណ្យគក៌គំហកថា៖ មិនមែនទេ! មិនមែនទេ! បើវាជាចារបុរសមែន ហេតុអ្វីក៏វាហ៊ានស្ទុះទៅបម្រុងក្រញិចសេកសម្លាប់ចោលបង់? មួយទៀត ការប្រកាសសង្គ្រាមនេះ ទើបនឹងកើតឡើងពីកាលសេកវាមកទេតើ! ឯក្អែកមេឃពណ៌វាមកនៅទីនេះយូរយារណាស់ហើយ ។ ចាក្រពាកសវ៌ជ្ញៈ ឆ្លើយកាត់ដោយម៉ឺងម៉ាត់ថា៖ បពិត្រលោកម្ចាស់! ត្រូវតែយើងកុំទុកចិត្តអ្នកបរទេសអាគន្តុក ។ រាជហង្សហិរន្យគក៌ និយាយទទឹងទាស់ថា៖ ចួនកាល អាគន្តុកអ្នកបរទេស គេធ្វើប្រយោជន៍ឲ្យយើងដែរ ឯងស្ដាប់មើល លោកពោលថា៖ 

៩៨- ជនដទៃ តែជាអ្នកធ្វើប្រយោជន៍ឲ្យយើង ទុកជាផៅពង្ស ឯផៅពង្សពិត តែជាអ្នកមិនធ្វើប្រយោជន៍ឲ្យយើង ក៏ទុកជាអ្នកដទៃ រោគកើតក្នុងរាងកាយយើងពិតៗ រកប្រយោជន៍គ្មាន ថ្នាំកើតនៅក្នុងព្រៃធ្វើប្រយោជន៍ឲ្យយើង ។ 

៩៩- សេវកាមាត្យព្រះបាទសូទ្រកៈម្នាក់ឈ្មោះវីរវរៈទើបនឹងមកធ្វើខ្ញុំរាជការថ្មី ក៏អាចថ្វាយកូនខ្លួនឯងជារាជពលីបាន ។ 

ចាក្រពាសួររឿងនោះថា៖ តើរឿងនោះដូចម្ដេច? ។ រាជហង្សហិរណ្យគក៌រៀបរាប់រឿងនោះថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!