កថាទី១៖ រឿងហង្ស និងក្ងោក

កថាទី២៖ រឿងបក្សី និងស្វា

កថាទី៣៖ រឿងលាពាក់ស្បែកខ្លា

កថាទី៤៖ រឿងដំរី និងទន្សាយ

កថាទី៥៖ រឿងហង្ស និងក្អែក

កថាទី៦៖ រឿងក្អែក និងទទា

កថាទី៧៖ រឿងជាងរថ ភរិយា និងសហាយ

កថាទី៨៖ រឿងចចកនីលពណ៌

កថាទី៩៖ រឿងស្ដេចសូទ្រកៈ និងអាមាត្យវីរវរៈ

កថាទី១០៖ រឿងជាងកោរកាត់ល្មោភ

សៀវភៅអេឡិកត្រូនិក

នៅយៅវនស្រីនគរ មានជាងរថម្នាក់ឈ្មោះមន្ទមតិ ។ មន្ទមតិដឹងច្បាស់ថាភរិយាខ្លួនផិតក្បត់ប្រាកដតែមិនទាន់មានភស្តុតាង គឺមិនទាន់ឃើញសហាយភរិយាស្ថិតនៅក្នុងទីជាមួយគ្នាជាក់ច្បាស់នៅឡើយ ។ ថ្ងៃមួយ ជាងរថឈ្មោះ មន្ទមតិនិយាយប្រាប់ភរិយាថា ខ្លួនមានដំណើរទៅកាន់ស្រុកដទៃ និយាយរួចហើយ ដើរចេញទៅ ។ មន្ទមតិ ធ្វើជាដើរទៅមិនបានប៉ុន្មាន ក៏ត្រឡប់វិលមកវិញ លបចូលទៅលាក់ខ្លួនពួនអាត្មានៅក្រោមគ្រែដោយស្ងាត់ៗ សហាយភរិយាដឹងច្បាស់ថា ជាងរថចេញទៅកាន់ស្រុកក្រៅបាត់ហើយ ដល់ពេលសន្ធិយារាត្រី ក៏ចូលទៅដេកជាមួយភរិយាជាងរថ ។ ឯស្រីចិត្តចើក កាលប្រឡែងលេងជាមួយសហាយជាទីស្រឡាញ់ដោយសេចក្ដីស្នេហា យ៉ាងក្រៃលែងនៅលើគ្រែ ក្នុងទីកំបាំងនោះបានទម្លាក់ដៃទៅខាងក្រោម ទៅប៉ះនឹងមនុស្សដែលដេកនៅក្រោមគ្រែនោះ ដឹងច្បាស់ថាជាប្ដីខ្លួនមកដេកបន្លំ ក៏ស្រងាកព្រួយចិត្ត ។ សហាយ កាលឃើញស្រីសហាយខ្លួនមិនសូវអើពើដូចសព្វដង សាកសួរទៅថា៖ ថ្ងៃនេះ ហេតុដូចម្ដេចក៏អូនមិនសូវអើពើលេងសប្បាយជាមួយបង? បងមើលទៅឃើញថា ស្វាមីជាម្ចាស់ជីវិតខ្ញុំគាត់មិននៅថ្ងៃនេះឬអ្វី? គាត់ចេញទៅស្រុកក្រៅហើយ ក្នុងពេលដែលគាត់ចេញទៅនេះ នៅក្នុងផ្ទះសូម្បីមានមនុស្សពេញណែនណាន់តាន់តាប់ ខ្ញុំក៏ឃើញហាក់ដូចជាស្រឡះល្ហល្ហេវស្ងាត់សូន្យឈឹង ស្វាមីខ្ញុំទៅកាន់ស្រុកគេ ប្លែកទឹកប្លែកដី មិនដឹងជាគាត់នឹកស្រងេះស្រងោចដូចម្ដេចទៅអេះ បានអ្វីបរិភោគអាស្រ័យដំណេកនៅឯណា ខ្ញុំឥតដឹងឥតយល់សោះ ខ្ញុំគិតទៅៗឃើញដូច្នេះហើយចិត្តខ្ញុំក៏រលឹកស្រណោះអាឡោះអាល័យ ហើយអណ្ដែតអណ្ដូងទៅបាត់ពីរូបរាងកាយខ្ញុំ ។ សហាយនិយាយឡកឡឺយថា៖ ចុះជាងរថប្ដីនាងចេះស្នៀតស្នេហាចំណានដូចម្ដេចទៅ? ។ ស្រីចិត្តចើកធ្វើជាក្រោកឆ្លើយថា៖ នែអាគម្រក់ចង្រៃ! អ្វីអាឯងហ៊ាននិយាយដូច្នេះ? ឯងស្ដាប់មើល!៖ 

២៥- នារីណាប្ដីជេរប្រទេចក្ដី ឬប្ដីសម្លឹងសម្លក់ដោយក្ដីក្រោធក្ដី នៅតែធ្វើទឹកមុខស្រស់ស្រាយញញឹម នារីនោះទើបឈ្មោះថា ស្រីមានលក្ខណ៍ ។ 

២៦- ស្រីណា ស្រឡាញ់ប្ដី ទោះជាប្ដីនៅក្រុង ឬនៅស្រុកព្រៃ ឬពុំនោះទេ ជាប្ដីគ្មានបុណ្យ ឬមានបុណ្យក្ដី ស្រីនោះទើបលោកទាំងមូលឲ្យសេចក្ដីសុខ ។ 

២៧- សេចក្ដីពិត ភស្ដាជាគ្រឿងអលង្ការនៃនារីទាំងឡាយ នារីឥតភស្ដា ឈ្មោះថាមិនមានគ្រឿងអលង្ការ បើទុកជាមានរូបល្អ ក៏មិនឈ្មោះថាមានរូបល្អដែរ ។ 

ឯងគ្រាន់តែជាសហាយ មានចិត្តអាក្រក់ក្រឡិចក្រឡុចដូចជាផ្កាស្លា គេត្រូវការលេងតែមួយគ្រាឯភស្ដាវិញជាម្ចាស់ជីវិតអញ បើគាត់ចង់លក់ គាត់លក់អញទៅឲ្យទេពតា ឬក៏ឲ្យអញទៅដល់ព្រាហ្មណ៍ក៏សឹងតែបាន តែចាំបាញ់និយាយបូរបាច់ច្រើនធ្វើអ្វី បើភស្ដាអញមានជីវិតរស់នៅ អញក៏មានជីវិតរស់នៅដែរ ថាបើគាត់ធ្វើមរណកាល អញក៏សុខចិត្តស្លាប់ទៅតាម នេះជាសេចក្ដីប្ដេជ្ញារបស់អញ ព្រោះថា៖ 

២៨- លោមជាតិដែលស្ថិតនៅនឹងរូបនរជនមានចំនួន៣៥ កោដិ ឯនារីដែលស្លាប់ទៅតាមប្ដីបានកើតក្នុងសួគ៌ក៏មានចំនួនច្រើនដូចលោមជាតិដែរ ។ 

២៩- អាលម្ពាយ ចាប់ពស់ទាញចេញពីរូងបានយ៉ាងណា ភរិយាដែលស្លាប់ទៅតាមភស្ដា អាចនាំភស្ដាខ្លួន (ពីនរក) ទៅកាន់ឋានសួគ៌បានយ៉ាងនោះដែរ ។

៣០- នារីស្រឡាញ់់ប្ដី កៀកឱបប្ដីស្លាប់ជាប់នឹងខ្លួន លះបង់ខ្លួនចូលក្នុងនគរភ្លើងជើងថ្ករជាមួយប្ដី នាងនារីនោះសូម្បីធ្វើបាបរាប់ទាំងសែនឆ្នាំ ក៏អាចនាំភស្ដាខ្លួនទៅកាន់សុរលោក (ឋានសួគ៌) បាន ។ 

កាលនោះ ជាងរថបានស្ដាប់ភរិយានិយាយសព្វអស់អាថ៌សេចក្ដី គិតក្នុងចិត្តថា៖ អាត្មាអញហៅចំជាមានភ័ព្វមានសំណាងបានប្រពន្ធគ្រប់លក្ខណ៍ ចេះនិយាយពាក្យពីរោះ មានចិត្តស្មោះត្រង់នឹងប្ដីប្រាកដដូច្នេះ ។ គិតដូច្នេះហើយ ក៏លើកទូលគ្រែដែលសហាយ និងភរិយាដេកនោះលើក្បាល លត់រាំកញ្ឆក់កញ្ឆោង ដោយក្ដីត្រេកអរខ្លាំ ព្រោះហេតុនោះហើយ បានជាខ្ញុំបាទ (សេក) និយាយថា៖ រីទោសដែលបុគ្គលធ្វើឲ្យឃើញប្រត្យក្សហើយ ដូច្នេះជាដើម (លេខ ២៥) ។ 

កាលនោះ ស្ដេចក្ងោកចិត្រពណ៌ ទទួលស្គាល់ខ្ញុំបាទពេញកិត្តិយសថាជាទូត ហើយបណ្ដោយឲ្យខ្ញុំបាទវិលត្រឡប់មកវិញ ព្រមទាំងឲ្យសេកជាទូតមកតាមខ្ញុំបាទផង ។ ឥឡូវនេះ បើលោកម្ចាស់បានជ្រាបសេចក្ដីរហូតហើយ កិច្ចការណាដែលគួរចាត់ចែង ក៏សូមលោកម្ចាស់ត្រិះរិះមើលទៅចុះ ។ ចាក្រពាកជាប្រធានរដ្ឋមន្ត្រីសើចសាសហាយ ហើយនិយាយ៖ ទេវៈ! បងកុកធ្វើដំណើរចេញទៅបរទេសហើយត្រឡប់មកវិញ ចេះចាត់ចែងកិច្ចការរាជការស្រេចតាមសមត្ថភាព តែថាការចាត់ចែងរាជការដូច្នេះ ជាវិធីមនុស្សល្ងង់ទេ ព្រោះថា៖ 

៣១- គួរគប្បីឲ្យមួយរយ តែមិនគួរធ្វើឲ្យវិវាទជាមួយទេ នេះជាមតិអ្នកប្រាជ្ញ សូម្បីមិនមានមូលហេតុអ្វីជាមាំមួន ហើយក៏ធ្វើវិវាទដែរ នេះជាលក្ខណៈមនុស្សល្ងង់ទេ ។ 

រាជហង្សហិរណ្យគក៌ឆ្លើយកាត់ឡើងថា៖ បន្ទោសរឿងដែលកន្លងទៅហើយ តើមានប្រយោជន៍អ្វី? គួរជួយត្រិះរិះពិចារណាគ្នាមើលរឿងបច្ចុប្បន្ននេះវិញ ។ ចាក្រពាកនិយាយថា ទេវៈ! ខ្ញុំបាទសូមជម្រាបរឿងនេះក្នុងទីសម្ងាត់ ព្រោះថា៖

៣២- អ្នកប្រាជ្ញអាចស្ទង់មើលចិត្តនៃជនដទៃដោយទឹកមុខ អាការសំឡេង វិការនៃភ្នែក និងវិការនៃមុខបាន ព្រោះដូច្នោះ គួរប្រឹក្សាគ្នាក្នុងទីស្ងាត់ ។ 

កាលនោះឯង ហង្សហិរណ្យគក៌ និងចាក្រពាក ស្ថិតនៅក្នុងទីនោះតែពីរនាក់ សត្វទាំងឡាយជាបរិវារដទៃទៀតដឹងទំនងដូច្នេះ ក៏ថយគេចចេញទៅក្រៅអស់ ។ ចាក្រពាក និយាយប្រាប់ហង្សហិរណ្យគក៌៖ ទេវៈ! ខ្ញុំបាទមានសេចក្ដីយល់ឃើញថា ប្រព្រឹត្តហេតុដែលទីឃ៌មុខបានធ្វើឲ្យកើតឡើងនេះប្រហែលជាមានបរិវារយើងខ្លះជាអ្នកញុះញង់ឲ្យធ្វើទេដឹង ព្រោះថា៖ 

៣៣- មនុស្សឈឺឲ្យសេចក្ដីសុខចម្រើនដល់ពេទ្យ មនុស្សមានវិបត្តិគ្រោះថ្នាក់ ឲ្យសេចក្ដីសុខចម្រើនដល់មន្ត្រី  មនុស្សល្ងង់ជាការរស់នៅនៃអ្នកប្រាជ្ញ វណ្ណៈល្អទាំងឡាយ ជាការរស់នៅនៃសប្បុរសទាំងឡាយ (ត្រង់បាតទី៤ នេះក្នុងច្បាប់ខ្លះថា បរិពារព្រះរាជា អាចនាំឲ្យកើតវិវាទបាន) 

៣៤- គួរប្រើចារបុរសក្នុងការស៊ើបអង្កេតឲ្យបានដឹងសេចក្ដីថា ការគួរធ្វើ និងមិនគួរធ្វើក្នុងប្រទេសខ្លួន ឬក្នុងបរទេស ព្រោះចារបុរសជាព្រះនេត្រានៃព្រះរាជា ព្រះរាជាអង្គណាមិនមានសូម្បីតែម្នាក់ ព្រះរាជាអង្គនោះទុកដូចជាមនុស្សខ្វាក់ពិតៗ ។ ត្រូវចាត់កុកទីឃ៌មុខនេះជាចារបុរសឲ្យនាំយកមនុស្សម្នាក់ដែលទំនុកទុកចិត្តទៅជាមួយជួយធ្វើការផង កាលបើស៊ើបសួរមើលដឹងការប្រឹក្សា ឬប្រព្រឹត្តការណ៍នៃសត្រូវនៅក្នុងប្រទេសគេនោះហើយ ខ្លួនឯងត្រូវនៅក្នុងប្រទេសគេនោះចុះ តែត្រូវប្រើឲ្យអ្នកទីពីរដែលនាំជាជំនួយនោះនាំយកការសម្ងាត់ ដែលស៊ើបបានមកប្រាប់យើងដោយសម្ងាត់ជាបំផុត ព្រោះថា៖ 

៣៥- ព្រះរាជា ត្រូវបង្កប់ចារបុរសប្រើឲ្យយកភេទជាតបស ឲ្យចូលទៅដើម្បីសិក្សាសាស្ត្រវិជ្ជាក្នុងបុណ្យស្ថាន ក្នុងអាស្រម ក្នុងទេវស្ថានផ្សេងៗ ។ 

ចារបុរសនៃការសម្ងាត់នេះ ក៏ត្រូវរកមនុស្សសំខាន់ដែលទៅផ្លូវទឹកក៏បានផ្លូវគោកក៏បាន ដូច្នេះបានជាត្រូវចាត់ឲ្យទីឃ៌មុខនេះទៅ ហើយត្រូវរកកុកមួយទៀតឲ្យបានជាគ្នាជូនទៅផង ព្រមទាំងយកកុកមួយក្នុងផ្ទះទីឃ៌មុខឲ្យមកធ្វើជាទ្វាបាលរក្សាព្រះរាជវាំងជំនួសផង តែការនោះត្រូវធ្វើឲ្យស្ងាត់ដែលនឹងអាចស្ងាត់បាន ព្រោះថា៖ 

៣៧- កាលបើមន្ត្រី គឺការសម្ងាត់ធ្លាយហើយ ទោសតែងធ្លាក់ស្រោចមកលើព្រះរាជា ទោសនោះបុគ្គលមិនអាចកែសម្រួលបានងាយទេ នេះជាមតិអ្នកនយោបាយ ។ ហង្សហិរណ្យគក៌ ត្រិះរិះពិចារណាមួយស្របក់ហើយនិយាយថា៖ អើ! ចារបុរសធ្វើការសម្ងាត់ប្រសើរដូច្នេះយើងរកបានហើយ ។ ក្នុងលំដាប់នោះ បក្សីរក្សាព្រះអង្គចូលទៅលើកហត្ថាប្រណម្យហើយជម្រាបថា៖ ទេវៈ! សូមជ្រាប សេកដែលមកពីជម្ពូទ្វីបនោះ ឥឡូវនេះស្ថិតរង់ចាំនៅមាត់ទ្វារ ។ ហង្សហិរណ្យគក៌ ក្រឡេកមើលមុខចាក្រពាកៗក៏វាងវៃទាន់ភ្លាមនិយាយថា៖ ចូរបង្គាប់ឲ្យគេនាំសេកទៅរង់ចាំនៅសាលចាំមួយស្របក់សិន សឹមឲ្យគេនាំមកជួបនឹងលោកជាម្ចាស់ ។ អ្នករក្សាព្រះអង្គទទួលបង្គាប់ហើយ ក៏នាំសេកជារាជទូតចេញទៅរង់ចាំ ។ ហង្សហិរណ្យគក៌តក់ស្លុតនិយាយថា៖ គួរឲ្យនឹកបារម្ភណាស់ ក្រែងសង្គ្រាមនឹងផ្ទុះឆេះឡើង ។ ចាក្រពាកឆ្លើយតបថា៖ ទេវៈ! ការធ្វើសង្គ្រាមភ្លាមៗ មិមែនជាវិធីល្អទេ ព្រោះថា៖

៣៨- ក្នុងការផ្ដើមធ្វើសង្រាម សេវកណាមិនមានការពិចារណាម៉ត់ចត់ ដឹកនាំឲ្យព្រះរាជាធ្វើសង្គ្រាម ឬឲ្យលះបង់ប្រទេសជាតិចោល សេវកនោះសមជាអាមាត្យឬទេ? សមជាមន្ត្រីឬទេ?

៣៩- ក្នុងកាលណាក៏ដោយ ព្រះរាជាគប្បីព្យាយាមយកជ័យជម្នះចំពោះសត្រូវដោយការមិនច្បាំងឲ្យបាន ព្រោះកាលបើអ្នកទាំងពីរខាងច្បាំងតយុទ្ធគ្នាហើយ គេមិនសូវឃើញជ័យជម្នះទៀងទាត់ទេ ។ 

៤០- ក្នុងកាលណាក៏ដោយ ព្រះរាជាគប្បីយកឈ្នះសត្រូវដោយការផ្សះផ្សាខ្លះ ដោយការបែងចែកឲ្យខ្លះ ដោយប្រើឧបាយបំបែកសាមគ្គីខ្លះ គប្បីប្រើឧបាយទាំងនេះ ឬប្រើឧបាយណាមួយៗ ធ្វើដូចម្ដេចកុំឲ្យកើតសង្គ្រាមបាន ។ 

៤១- ជនទាំងឡាយដែលមិនធ្លាប់ចូលសង្គ្រាម តែងអួតអាងថាខ្លួនក្លៀវក្លា នរណាមួយដែលមិនទាន់ឃើញសមត្ថភាពនៃសត្រូវទេ ម្ដេចឡើយនឹងមិនឡើងចិត្តទ្រនង់?

៤២- បុគ្គលមិនគប្បីអាចគាស់លើកដំុថ្មតាន់ ដោយកម្លាំងមនុស្សបានស្មើដោយការប្រើកំណាត់ឈើទេយ៉ាងណា ដោយការប្រើឧបាយតែបន្តិច គេបានសម្រេចប្រយោជន៍ធំយ៉ាងនោះ នេះហើយការប្រឹក្សារកឧបាយមានផលធំណាស់ដូច្នេះ ។ 

៤៣- កសិកម្មដែលបានផលល្អ មកពីគេប្រកបព្យាយាម ធ្វើល្អម៉ត់ចង់ទៅតាមកាលវេលាយ៉ាងណា ទេវៈ នយោបាយនេះគេធ្វើដោយម៉ត់ចត់ ហើយអស់កាលយូរផងទើបបានផល មិនមែនធ្វើកញ្ឆក់កណ្ដៀតទេ យ៉ាងនោះដែរ ។ 

តែកាលណាគេឃើញថាសង្គ្រាមនឹងកើតពិតហើយ គេចមិនរួចទេ ទើបគេត្រូវច្បាំងត ព្រោះថា៖ 

៤៤- ភ័យនៅឆ្ងាយមានក្ដីខ្លាច ភ័យមកដល់ជិតមានក្ដីក្លៀវក្លា នេះជាគុណលក្ខណៈមហាបុរស ក្នុងកាលវិបត្តិនៅនាលោកនេះ មហាបុរសតែងសម្ដែងខ្លួនជាអ្នកធីរជន ។ 

៤៥- មែនពិត ការប្រឹងហួសកម្លាំងជាឧបសគ្គធំខាងដើមនៃការសម្រេចសព្វកិច្ចការទាំងអស់ ទឹកសូម្បីត្រជាក់ នឹងមិនទម្លាយភ្នំបានឬអ្វី? 

ទេវៈ! មានដំណឹងផ្សេងមួយទៀតថា ស្ដេចចិត្រពណ៌នេះ មានកម្លាំងសែន្យានុភាពធំណាស់ ព្រោះថា៖ 

៤៦- ការច្បាំងនឹងអ្នកមានកម្លាំងដូច្នេះមិនមានឧទាហរណ៍ទេ មនុស្សច្បាំងតនឹងដំរី ឈ្មោះថានាំម្រឹត្យុមកឲ្យឥតសង្ស័យឡើយ ។ 

៤៧- នរណា មិនទាន់ដល់កាលគួរ ហើយធ្វើសង្គ្រាម អ្នកនោះឈ្មោះថាជាមនុស្សល្ងង់ព្រោះការច្បាំងតនឹងអ្នកមានកម្លាំងប្រាកដ ដូចជាប្រើស្លាបរុយហោះដូច្នោះ ។ 

៤៨- នរជនចេះដឹងនីតិសាស្ត្រ (នយោបាយ) ត្រូវនៅក្នុងគ្រឿងការពារដូចអណ្ដើកនៅក្នុងស្នូកហើយត្រូវចេះអត់ធន់គ្រឿងប្រហារនៃសត្រូវផង កាលបើកាល (ចក្រ ផ្លូវ ទំនង ឱកាស) គួរមកដល់ហើយ គប្បីលោកឡើងតស៊ូដូចពស់មានអាសិរពិស ។ 

៤៩- នរជនចេះនយោបាយ អាចរំលីងឬសគល់សត្រូវទោះធំតូច ឬក៏ប៉ុនគ្នាបាន ដូចខ្សែទឹកអាចនាំយកឈើ ឬស្មៅទាំងឫសទាំងគល់បានដូច្នោះដែរ ។ 

បើដូច្នេះ យើងគប្បីយកចិត្តទុកដាក់រក្សាសេកជាទូតនេះទុកក្នងទីយើងសិន កុំអាលលែងឲ្យចេញទៅ ដរាបទាល់នឹងយើងកសាងបន្ទាយការពារយើងរួចស្រេចហើយសិន ព្រោះថា៖ 

៥០- ទាហានធ្នូម្នាក់នៅក្នុងបន្ទាយ សម្លាប់ទាហានសត្រូវបានមួយរយនាក់ ទាហានធ្នូ១០០នាក់ សម្លាប់សត្រូវបាន ១០០០នាក់ ព្រោះហេតុនោះ ការតាំងបន្ទាយការពារទុកមុន ជាកិច្ចសំខាន់មួយ ។ 

៥១- ប្រទេសជាតិដែលឥតបន្ទាយការពារ ម្ដេចក៏សត្រូវនឹងមិនត្រូវមើលងាយ? ឯព្រះរាជាមិនមានបន្ទាយការពារ ក៏ឥតមានទីពឹងដូចមនុស្សធ្លាក់ពីសំពៅកណ្ដាលសមុទ្ទ ។ 

៥២- គួរកសាងបន្ទាយការពារ ហើយឲ្យមានគូធំៗ មានប្រការខ្ពស់ៗ មានគ្រឿងយន្តមានទឹក មានភ្នំ មានទន្លេ វាលខ្សាច់ និងព្រៃ ជាគ្រឿងការពារ ។ 

៥៣- សម្បត្តិបន្ទាយការពារមាន៧ ប្រការដូចមានខាងលើនេះ ត្រូវកសាងឲ្យធំមាំ សត្រូវចូលប្រយុទ្ធលំបាកជាបំផុត ត្រូវមានឃ្លាំងដាក់ស្បៀងអាហារទឹកស្រូវអង្ករ ហើយឲ្យមានផ្លូវចេញចូល ។ 

ហង្សហិរណ្យគក៌ប្រឹក្សាថា៖ គួរតាំងអ្នកណា ឲ្យចាត់ចែងបន្ទាយការពារត្រៀមទុកទើបបានល្អ? ។ ចាក្រពាកតបថា៖ 

៥៤- នរជនណាឆ្លាតវាងវៃក្នុងកិច្ចការណា គួរតាំងនរជននោះឲ្យចាត់ចែងការនោះ នរជនដែលមិនធ្លាប់ប្រសប់កិច្ចការទេ សូម្បីចេះដឹងសាស្ត្រវិជ្ជា ក៏រមែងធ្វើការមិនដិតដល់ដែរ ។ បើដូច្នោះ គួរហៅក្រសារជាសេនាបតីឲ្យចូលមក ។ កាលហៅក្រសារជាសេនាបតីឲ្យចូលមកដល់ហើយ ហង្សហិរណ្យគក៌បង្គាប់ក្រសារថា៖ នែក្រសារ! ចូរឯងចាត់ចែងធ្វើបន្ទាយការពារត្រៀមទុកឲ្យសព្វគ្រប់យ៉ាងរហ័យ ។ ក្រសារសេនាបតីប្រណម្យ ហើយពោលតបទៅវិញថា៖ ទេវៈ! បន្ទាយការពារនោះខ្ញុំបាទបានចាត់ចែងត្រៀមទុកសព្វគ្រប់ហើយ មានទាំងគូទឹកធំផង តែសូមមានបង្គាប់ឲ្យធ្វើឃ្លាំងសន្សំស្បៀងទុកទៀត ព្រោះថា៖ 

៥៥- បពិត្រព្រះរាជា! ការប្រមូលគរទុកនូវស្រូវអង្ករជាស្បៀង ប្រសើរជាងប្រមូលទុកទ្រព្យឯទៀត ព្រោះថា ពេជ្រទទឹមបុគ្គលយកមករក្សាទុកក្នុងមាត់ មិនអាចធ្វើឲ្យជីវិតទ្រទ្រង់នៅបានទេ ។ 

៥៦- បណ្ដាវត្ថុដែលមានរសជាងគេទាំងអស់ អំបិលគេទុកជាវត្ថុមានរសប្រសើរជាងគេ បុគ្គលគប្បីស្វែងរកអំបិលទុកកុំបីឃ្លាត ព្រោះថាបើឥតអំបិលហើយ សម្លគេទុកដូចគោម័យ ។ 

ហង្សហិរណ្យគក៌បង្គាប់ភ្លាមថា៖ នែក្រសារសេនាបតី! ចូរឯងប្រញាប់ប្រញាល់ទៅស្វែងរកស្បៀងយកមកទុកដាក់ឲ្យមានគ្រប់ព្រមកុំបីឲ្យខ្វះខាត ។ ក្នុងខណៈនោះ បក្សីរក្សាព្រះអង្គចូលមកម្ដងទៀតថ្លែងសេចក្ដីប្រាប់ថា៖ ទេវៈ! ក្អែកឈ្មោះមេឃពណ៌ ទើបមកដល់ពីសីហលទ្វីបជាមួយនឹងបរិវារចង់ជួបលោកជាទេវបាទ ឥឡូវនេះនៅរង់ចាំឯមាត់ទ្វារ ។ ហង្សហិរណ្យគក៌និយាយថា៖ ក្អែកមេឃពណ៌ជាអ្នកប្រាជ្ញមានការធ្លាប់ពីសោធន៍ច្រើន បើដូច្នោះឯងឲ្យគេចូលមកចុះ! ។ ចាក្រពាកនិយាយរំឭកស្មារតីកាត់ឡើងថា៖ ទេវៈ! លោកម្ចាស់ពោលនេះបានជាការម្យ៉ាង តែសុំកុំភ្លេចសូមជ្រាបថាក្អែកជាបក្សីគោក បើវាជាបក្សីថលចរ វាជាសត្រូវនឹងយើងដែរ តើយើងនឹងទទួលវាដូចម្ដេចបាន ព្រោះថា៖ 

៥៧- នរជនណាលះបង់ចោលបក្សពួកខ្លួន ហើយត្រេកអរទៅចូលដៃនឹងបរបក្សវិញ នរជននោះជាមនុស្សល្ងង់ ត្រូវបរបក្សសម្លាប់បង់សៀត ដូចចចកឈ្មោះនីលពណ៌ ។ 

ហង្សហិរណ្យគក៌ សួរឡើងថា៖ ចុះរឿងនោះ តើដូចម្ដេច? ។ ចាក្រពាកនិយាយរៀបរាប់រឿងនោះប្រាប់ថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!