កថាទី១៖ រឿងហង្ស និងក្ងោក

កថាទី២៖ រឿងបក្សី និងស្វា

កថាទី៣៖ រឿងលាពាក់ស្បែកខ្លា

កថាទី៤៖ រឿងដំរី និងទន្សាយ

កថាទី៥៖ រឿងហង្ស និងក្អែក

កថាទី៦៖ រឿងក្អែក និងទទា

កថាទី៧៖ រឿងជាងរថ ភរិយា និងសហាយ

កថាទី៨៖ រឿងចចកនីលពណ៌

កថាទី៩៖ រឿងស្ដេចសូទ្រកៈ និងអាមាត្យវីរវរៈ

កថាទី១០៖ រឿងជាងកោរកាត់ល្មោភ

សៀវភៅអេឡិកត្រូនិក

ថ្ងៃមួយ នៅក្នុងរដូវភ្លៀងរាំងរីងស្ងួតហួតហែងឥតមានទឹកភ្លៀងសោះ ដំរីមួយហ្វូងធំដែលមានក្ដីស្រេកឃ្លានបៀតបៀនហើយ ចូលទៅនិយាយនឹងដំរីជាមេខ្លោងថា៖ លោកជាទីពឹង! ធ្វើឧបាយដូចម្ដេចយើងទាំងអស់គ្នានឹងមានជីវិតរស់នៅតទៅទៀត? ទីនេះត្រពាំងបឹបួរីងអស់ហើយ សូម្បីតែសម្រាប់សត្វតូចតាចក៏មិនមានដែរ យើងទាំងអស់គ្នាបើមិនមានទឹកសម្រាប់ស្រប់សម្រាប់ផឹកសម្រាប់មុជទេ មុខជានឹងស្លាប់អសារបង់អស់ហើយ ដូចជាអណ្ដើកខ្វាក់ទៅណាមិនរួច យើងទាំងអស់គ្នានឹងទៅឯណាហ្ន៎? ។ កាលនោះ ស្ដេចដំរីបានស្ដាប់ហើយ នាំបរិវារដើរចេញទៅមិនឆ្ងាយបានឃើញត្រពាំងមួយ ទឹកថ្លាយល់ដី ។ ក្នុងថ្ងៃដែលដំរីបបួលគ្នាដើរទៅន៎ុះ ទន្សាយតូចធំទាំងឡាយដែលអាស្រ័យនៅនាត្រើយត្រពាំងទាំងប៉ុន្មាន ត្រូវដំរីដើរជាន់ស្លាប់ខ្ទេចខ្ទីស្ទើរតែអស់ ។ គ្រានោះ មានទន្សាយមួយឈ្មោះសិលីមុខៈ កាលបានឃើញព្រឹត្តិការណ៍អន្តរាយដូច្នោះ ទើបគិតថា៖ ហ្វូងដំរីនេះ គឹកកងជ្រួលច្របល់ដោយក្ដីស្រេកឃ្លាននឹងគប្បីមកកាន់ត្រពាំងនេះរាល់ថ្ងៃ កាលបើដូច្នេះ ត្រកូលពូជទន្សាយទាំងឡាយមុខជានឹងវិនាសអន្តរធានអស់មិនខានឡើយ ។ ពេលនោះ មានទន្សាយចាស់មួយឈ្មោះ វិជ័យ ចូលមកនិយាយរ៉ាប់រងថា៖ នែ អ្នកទាំងឡាយ! កុំភិតភ័យជ្រួលត្របល់ថ្វី ទុកងារឲ្យខ្ញុំទៅធ្វើប្រតិបត្តិការក្នុងទីនោះជួយដោះទុក្ខបងប្អូនទាំងឡាយ ។ ទន្សាយចាស់ឈ្មោះវិជ័យនោះធ្វើប្ដេជ្ញាដូច្នេះហើយ ក៏ដើរចេញទៅ ។ កាលដែលកំពុងដើរចេញទៅ វិជ័យដើរបណ្ដើរគិតបណ្ដើរថា៖ ដល់អាត្មាអញដើរទៅជិតស្ដេចដំរីជាម្ចាស់ហ្វូង តើអាត្មាអញត្រូវធ្វើដូចម្ដេច? ព្រោះថា៖ 

១៤- ដំរីគ្រាន់តែពាល់ ភុជង្គគ្រាន់តែព្រួសពិស ព្រោះរាជាគ្រាន់តែរក្សា មនុស្សទុជ៌នសូម្បីញញឹមទាំងអស់នេះ សុទ្ធតែធ្វើឲ្យសេចក្ដីស្លាប់បានទាំងអស់ ។ 

បើដូច្នោះ គួរតែអាត្មាអញឡើងទៅលើកំពូលភ្នំសិន ហើយសឹមនិយាយប្រាប់មេខ្លោងដំរី ។ លុះទន្សាយធ្វើដូចគំនិតស្រេចហើយ មេខ្លោងដំរីស្រែកសួរតបទៅវិញថា៖ ចុះអ្នកឯងជាអ្វី? អ្នកឯងមកពីណា? ។ វិជ័យឆ្លើយប្រាប់ថា៖ យើងជាទន្សាយព្រះចន្ទ្រដ៏មានបុណ្យ លោកប្រើយើងមកកាន់សំណាក់អ្នករាល់គ្នានេះឯង ។ មេខ្លោងដំរីសួរតបវិញភ្លាមថា៖ បើដូច្នេះ ចូរនិយាយប្រាប់មកមានការណ៍ដូចម្ដេចខ្លះ? ។ វិជ័យប្រាប់ថា៖ 

១៥- ទូតសូម្បីនៅកណ្ដាលសស្ត្រាវុធ ដែលគេលើកច្រូងច្រាងក៏មិននិយាយអ្វីដទៃក្រៅពីការខ្លួន អាស្រ័យដោយខ្លួនជាទូត គេមិនសម្លាប់ ហេតុនោះទើបទូតចរចាត្រង់ទៅត្រង់មកតាមសេចក្ដីពិត ។ 

ដូច្នោះ ខ្ញុំនឹងសូមពោលទៅតាមព្រះរាជាអាជ្ញាព្រះចន្ទ្រដ៏មានបុណ្យ ដែលខ្ញុំអ្នកទាំងឡាយមក សូមប្រុងស្ដាប់ដូចតទៅនេះ៖ ទន្សាយទាំងឡាយនេះ ជាអ្នករក្សានូវត្រពាំងព្រះចន្ទ្រ ឥឡូវអ្នកទាំងឡាយមកបណ្ដេញបំបរបង់ ហើយសម្លាប់ផង ការធ្វើដូច្នេះមិនត្រឹមត្រូវកាមគន្លងធម៌ទេ ព្រោះទន្សាយទាំងអស់ដែលរក្សានូវត្រពាំងនេះជាបរិវារយើង ហេតុនេះហើយបានជាមានពាក្យគេហៅយើងថា សសាង្ក ជានាមធេយ្យរបស់យើង ។ កាលដែលទូតថ្លែងសេចក្ដីដូច្នេះចប់ហើយ មេខ្លោងដំរីភ័យញ័ររន្ធត់ ហើយនិយាយទាំងញញាក់ញញ័រតបថា៖ បពិត្រលោកជាអ្នកថ្លែងសេចក្ដី! យើងខ្ញុំនេះមិនដឹង បើដូច្នោះចាប់តាំងពីពេលនេះតទៅ យើងខ្ញុំលែងទៅក្នុងត្រពាំងនោះទៀតហើយ ។ 

វិជ័យជាទូតនិយាយបំភ័យថែមទៀតថា៖ បើដូច្នោះ ចូរអ្នកទាំងឡាយទៅមាត់ត្រពាំងសិន ដើម្បីថ្វាយបង្គំព្រះអង្គលោក សូមឲ្យលោកត្រាប្រណីប្រោសប្រាណអត់ទោស រួចហើយសឹមត្រឡប់ទៅវិញចុះ ព្រះចន្ទ្រដ៏មានបុណ្យលោកខ្ញាល់ខ្លាំងណាស់ ។ កាលនោះ វិជ័យនាំដំរីមេខ្លោងនឹងបរិវារទៅក្នុងរាត្រី ហើយបង្ហញរូបព្រះចន្ទ្រដែលកំពុងញ័រដោយរលកក្នុងត្រពាំងនោះ ដំរីខ្លោងមើលទៅឃើញព្រះចន្ទ្រញ័រមែន ។ វិន័យនិយាយអង្វរថា៖ ទេវៈ! កំហុសគឺដំរីធ្វើពិតមែនហើយ ព្រោះគ្នាមិនបានដឹង បើដូច្នោះ សូមលោកម្ចាស់អភ័យទោសឲ្យទានដោយករុណា តទៅហ្វូងដំរីទាំងឡាយនេះ ប្ដេជ្ញាថានឹងមិនមកកាន់ទីនេះទៀតទេ ។ វិជ័យសូមអភ័យទោសឲ្យដំរីរួចហើយ ទើបបង្គាប់ឲ្យដំរីទាំងឡាយថយចេញពីទីនោះទៅហោង ព្រោះហេតុនោះ បានជាយើង (ក្ងោកទាំងឡាយ) និយាយថា៖ ដោយការប្រើឧបាយកល ដូច្នេះជាដើម (លេខ ១៤) ។

លំដាប់នោះ ខ្ញុំបាទ (ទីឃ៌មុខ) និយាយអួតប្រាប់ក្ងោកទាំងឡាយនោះថា៖ រាជហង្សម្ចាស់យើងជាស្ដេចមានតេជានុភាព មានសក្ដានុភាព ព្រមទាំងមានសមត្ថភាពបរិបូណ៌ផង គួរនឹងបានសោយរាជ្យគ្រប់គ្រងត្រៃលោកនេះទៅទៀត នឹងនិយាយថ្វី សព្វបើរាជសម្បត្តិលើផែនដីនេះ ។ កាលនោះក្ងោកជេរប្រទេចខ្ញុំបាទថា៖ នែអាកុកព្រហើន! បើគ្រាន់បើណាស់ ម្ដេចអាឯងមកកាន់ទឹកដីយើងនេះធ្វើអ្វី? ជេរហើយចាប់ខ្ញុំបាទនាំយកទៅកាន់សំណាក់ស្ដេចក្ងោកឈ្មោះចិត្រពណ៌ ។ កាលទៅដល់ចំពោះមុខស្ដេចក្ងោកហើយ ក្ងោកជាបរិវារលើកទសករប្រណម្យថ្វាយបង្គំ ទើបបង្ហាញខ្ញុំបាទប្រាប់ស្ដេចក្ងោកថា៖ ទេវៈ! សូមលោកម្ចាស់ជ្រាប អាកុកព្រហើននេះវាមកកាន់ប្រទេសយើង ហើយវាហ៊ានក្បត់ព្រះចេស្ដានៃព្រះបាទ! អាកុកនេះជាចារបុរសនៃរាជហង្សហិរណ្យគក៌ វាមកពីកប៌ូទ្វីប ។ គ្រានោះឯង ត្មាតឈ្មោះទុរទសី ជាប្រធានរដ្ឋមន្ត្រីនៃស្ដេចចិត្រពណ៌ សួរខ្ញុំបាទថា៖ អ្នកណាជាប្រធានរដ្ឋមន្ត្រីក្នុងប្រទេសសឯង? ។ ខ្ញុំបាទឆ្លើយប្រាប់ថា៖ ចាក្រពាកឈ្មោះសវ៌ជ្ញៈជាអ្នកដល់នូវត្រើយនៃវិទ្យាសាស្ត្រទាំងអស់ ។ ត្មាតនិយាយតទៅថា៖ ថាបើចាក្រពាកឈ្មោះសវ៌ជ្ញៈនេះកើតក្នុងប្រទេសនោះមែន សមគួរនឹងកាន់ដំណែងជាប្រធានរដ្ឋមន្ត្រីហើយ ព្រោះថា៖ 

១៦- កើតក្នុងប្រទេសខ្លួន ប្រព្រឹត្តល្អបរិសុទ្ធតាមវង្សត្រកូល មានចិត្តស្អាត ស្ទាត់ជំនាញក្នុងសាស្ត្រ មានអាថ៌កំបាំង មិនតាំងខ្លួនជាអ្នកលេងល្បែងភ្នាល់ វៀរមិនប្រព្រឹត្តបរទារកម្ម ។ 

១៧- ព្រះរាជាគួរគប្បីស្វែងរកមន្ត្រី ជាអ្នកចេះចាំធម្មាសាស្ត្រ ជាអ្នកមានពូជជានាម៉ឺនធំ មាននាមល្បីល្បាញ ជាបណ្ឌិត ជាអ្នកបង្កើតទ្រព្យសម្បត្តិ ។ 

ក្នុងលំដាប់នោះ សេកជាមន្ត្រី និយាយប្រាប់ស្ដេចក្ងោកចិត្រពណ៌ទៀតថា៖ ទេវៈ! កប៌ូរទ្វីប និងទ្វីបទាំងឡាយទៀត គ្រាន់តែជាកោះតូចតាចទេ ហើយនៅក្នុងបរិវេណអាណាចក្រជម្ពូទ្វីបទាំងអស់ដូច្នេះ ។ ទ្វីបទាំងឡាយនេះនៅក្នុងអធិបតេយ្យព្រះទេវៈបាទទាំងអស់ ។ ស្ដេចក្ងោកឈ្មោះចិត្រពណ៌ និយាយចាក់បណ្ដោយដោយល្មោភថា៖ អើ! ពិតដូចឯងនិយាយមែន ព្រោះថា៖ 

១៨- ព្រះរាជា១ មនុស្សឆ្កួត១ កូនក្មេង១ អ្នកបរិភោគកាម១ តែងចង់បានរបស់ដែលខ្លួនមិនទាន់បាន ចាំបាច់និយាយថ្វីដល់របស់ដែលខ្លួនបានហើយ ។ 

កាលនោះ ខ្ញុំបាទ (ទីឃ៌មុខ) ឆ្លើយតបថា៖ ថាបើគ្រាន់តែថា ឬគ្រាន់តែនិយាយ ហើយបានសម្រេចអធិតេយ្យដូចមាត់មែននោះ ខ្ញុំបាទក៏ចេះនិយាយដែរថា៖ ជម្ពូទ្វីបទាំងមូលនៅក្នុងអំណាចស្ដេចម្ចាស់ខ្ញុំបាទឈ្មោះហិរណ្យគក៌ទាំងអស់ ។ សេកសួរមកខ្ញុំបាទវិញភ្លាមថា៖ ធ្វើមធ្យោបាយដូចម្ដេច នឹងឲ្យសម្រេចប្រស្នានេះបាន? ។ ខ្ញុំបាទឆ្លើយតបពាក្យសេកវិញថា៖ ធ្វើសង្គ្រាម ។ កាលនោះស្ដេចក្ងោកចិត្រពណ៌និយាយប្រាប់ខ្ញុំបាទថា៖ ឯងត្រឡប់ទៅប្រាប់ម្ចាស់ឯងវិញទៅឲ្យរៀបចំសែន្យានុភាពត្រៀមចាំចុះ ។ ខ្ញុំបាទនិយាយថា៖ សូមលោកបញ្ជូនទូតទៅចរចាជាមួយលោកម្ចាស់ខ្ញុំសិន ។ ពេលនោះ ស្ដេចក្ងោកចិត្រពណ៌ បែរទៅប្រឹក្សាចំពោះមន្ត្រីទាំងឡាយថា៖ តើនឹងតែងតាំងអ្នកណាជាទូត? ព្រោះទូតគួរចេះការ និងឲ្យមានលក្ខណៈសម្បត្តិដូច្នេះ ។

១៩- មានភាក្ដី មានគុណ បរិសុទ្ធល្អ ប្រសប់វាងវៃ ឆ្លៀវឆ្លាត និងមានប្រតិភាន បុគ្គលបែបនេះគួរធ្វើជាទូត ។ 

ត្មាតឆ្លើយថា៖ បុគ្គលមានលក្ខណៈដូច្នេះមានច្រើនណាស់ ទោះម្ដេចម្ដា គួរយើងតែងតាំងព្រាហ្មណ៍ឲ្យធ្វើជាទូទៅចរចា ព្រោះថា៖ 

២០- ធ្វើសេចក្ដីជ្រះថ្លា (ធ្វើឲ្យចម្រើន) ដល់ម្ចាស់ផែនដីមិនប្រាថ្នាចង់បានសម្បត្តិ ដូចថ្នាំពិសពុលឈ្មោះ កាលកូដៈ (ថ្នាំពិសពុលដែលកើតពីការកូរសមុទ្ទទឹកដោះ នៅជាប់នឹងកព្រះឥសូរមានពណ៌ខ្មៅ មិនប្រឡាក់កព្រះឥសូរ ហើយជាគ្រឿងលម្អព្រះឥសូរ ឯព្រាហ្មណ៍ ជាអ្នកទាល់ក្រនៅរួមជាមួយស្ដេចដែលមានទ្រព្យច្រើន ក៏មិនត្រូវការចង់បានទ្រព្យស្ដេច) មិនប្រាសចាកពណ៌ខ្មៅ ជាប់នៅក្រពះឥសូរជានិច្ច ។ 

ក្ងោកចិត្រពណ៌បង្គាប់សេកថា៖ នែសេក! ឯងចូរទៅជាមួយទីឃ៌មុខនេះ ហើយនិយាយប្រាប់ម្ចាស់គេថា យើងរៀបទ័ពត្រៀមព្រមហើយ ។ សេកទទួលអាជ្ញាថា ទេវៈ! ខ្ញុំបាទទទួលតាមអាជ្ញាហើយ តែកុកទីឃ៌មុខនេះជាសត្វទុជ៌ន ខ្ញុំបាទទៅជាមួយផងមិនបានទេ ព្រោះថា៖ 

២១- មនុស្សទុជ៌ន ប្រព្រឹត្តអំពើរអាក្រក់ ផលអាក្រក់តែងធ្លាក់ទៅលើមនុស្សល្អវិញ (កាលរាពណ៍លួចនាងសីតាយកទៅទុកនៅក្រុងលង្កា ព្រះរាមចងថ្នល់ឆ្លងសមុទ្ទលើករេហ៍ពលទៅវាយក្រុងល័ង្កាបែក) ដូចរាពណ៍ទៅលួចនាងសីតា (ផលអាក្រក់របស់រាពណ៍នេះធ្លាក់ទៅលើសមុទ្ទ) គឺសមុទ្ទត្រូវព្រះរាមចងថ្នល់ ។ 

២២- បុគ្គលមិនគប្បីស្ថិតនៅ ឬមិនគប្បីដើរទៅជាមួយមនុស្សទុជ៌នឡើយ ក្នុងកាលណាក៏ដោយ ហង្សស្លាប់ព្រោះស្ថិតនៅជាមួយ ទទាស្លាប់ព្រោះដើរទៅជាមួយ ទាំងអស់នេះមកតែពីសមាគមមួយអន្លើដោយក្អែក ។ 

ក្ងោកចិត្រពណ៌សួរឡើងថា៖ ចុះរឿងនោះតើដូចម្ដេច? ។ 

សេកដំណាលរឿងនោះប្រាប់ដូចតនេះថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!