ការបំបែកមិត្ត

កថាទី១៖ រឿងគោឧសភ ចចកពីរ និងសត្វសីហៈ

កថាទី២៖ រឿងពានរ និងសសរ

កថាទី៣៖ រឿងលា និងឆ្កែ

កថាទី៤៖ រឿងសីហៈ និងឆ្មា

កថាទី៥៖ រឿងស្ត្រីពេស្យា និងគង

កថាទី៦៖ រឿងបរិព្វាជកកន្ទប៌កេត

កថាទី៧៖ រឿងភរិយាគោបាល និងសហាយពីរនាក់

កថាទី៨៖ រឿងក្អែកញីឈ្មោល និងពស់

កថាទី៩៖ រឿងសីហៈ និងទន្សាយ

កថាទី១០៖ រឿងត្រដេវវិចញីឈ្មោល និងសមុទ្ទ

សៀវភៅអេឡិកត្រូនិក

លើត្រើយសមុទ្ទទក្ខិណាមានត្រដេវវិចញីឈ្មោលអាស្រ័យនៅ ។ កាលដល់ពេលពង ត្រដេវវិចញីនិយាយទៅកាន់ត្រដេវវិចឈ្មោលថា៖ អ្នកបងជាទីពឹង! ខ្ញុំជិតពងហើយ សូមអ្នកបងរៀបចំកាច់សម្បុកទុកពងក្នុងទីដទៃឲ្យបានសុខស្រួលជាងទីនេះ ។ ត្រដេវវិចឈ្មោលសួរតបទៅវិញថា៖ ហៃអូន! ទីនេះ មិនសមគួរនឹងពងឬអ្វី? ។ ត្រដេវវិចញីឆ្លើយប្រាប់ថា៖ ទីនេះប្រកបដោយភ័យធំ រលកសមុទ្ទអាចបោកមកផាត់យកពងយើងទៅបាន ។ ត្រដេវវិចឈ្មោលនិយាយដោយការមើលងាយថា៖ យី! អីបងឥតកម្លាំងតស៊ូបណ្ដោយឲ្យរលកសមុទ្ទបោកយកពងទៅបាន? ។ ត្រដេវវិចញីអស់សំណើច សើចហើយឆ្លើយតបថា៖ នែអ្នកស្វាមី! ចុះអ្នកបងនឹងសមុទ្ទ អ្នកណាធំជាងអ្នកណា? ព្រោះថា៖ 

១៥០- នរជនណាដឹងច្បាស់ថា គួរ ឬមិនគួរប្រកបដើម្បីកម្ចាត់បង់នូវសេចក្ដីវិនាស នរជននោះកាលដឹងថា៖ ទីនេះមានអន្តរាយ ដូច្នេះហើយ មិនលិចលង់ផុងគំនិតនាំឲ្យវិនាស ក្នុងគ្រាក្រទុក្ខលំបាកឡើយ ។ 

១៥១- ការប្រាព្ធធ្វើការងារដែលមិនគួរធ្វើ១ ការទាស់ទែងខ្វែងគំនិតបងប្អូនឯង១ ការប្រណាំងប្រជែងតស៊ូអ្នកមានកម្លាំងជាង១ ការទុកចិត្តក្នុងស្ត្រីទាំងឡាយ១ ទាំង៤ប្រការនេះឈ្មោះថា បើកទ្វារឲ្យដល់ម្រឹត្យុទាំងរស់ ។

កាលនោះឯង ត្រដេវវិចញី ប្រកែកមិនឈ្នះត្រដេវវិចឈ្មោលក៏ព្រមពងនៅលើឆ្នេរសមុទ្ទនោះទាំងសេចក្ដីទុក្ខព្រួយ ។ កាលដែលបក្សីញីឈ្មោលនិយាយជជែកគ្នា សមុទ្ទបានស្ដាប់អស់អាថ៌សេចក្ដីពីដើមដល់ចុង ក៏ចង់ដឹងសក្ដានុពលភាពសត្វញីឈ្មោលនោះ ទើបផាត់រលកធំៗមកបោកយកពងអស់ទៅ ។ លំដាប់នោះ ត្រដេវវិចញីកើតទុក្ខសោកសៅ ទង្គឹះខ្សឹកខ្សួលក្ដួលក្ដៅចិត្ត យំបណ្ដើរនិយាយប្រាប់ស្វាមីបណ្ដើរថា៖ នែអ្នកបងជាទីពឹង! ម៉េចមិនជឿពាក្យខ្ញុំ ឥឡូវនេះក្ដីទុក្ខធ្លាក់មកដល់យើងហើយ ពងវិនាសអន្តរធានបាត់អស់រលីង ។ ត្រដេវវិចឈ្មោលឆ្លើយតបដោយអួតអាងថា៖ ប្អូនអើយ! ប្អូនកុំភ័យបារម្ភថ្វី ទុកងារឲ្យបងចុះ ។ និយាយដូច្នេះហើយស្រែកកញ្ជ្រៀវខ្ញៀវខ្ញាហាហៅហ្វូងបក្សីទាំងឡាយឲ្យចូលមកប្រជុំផ្ដុំគ្នាបានស្រេចកាលណា ក៏ហិចហើរទៅកាន់សំណាក់គ្រុឌជាស្ដេចបក្សី ។ លុះទៅដល់ទីឋានគ្រុឌហើយ ត្រដេវវិចឈ្មោលនិយាយរៀបរាប់ព្រឹត្តិការណ៍ទាំងអស់ប្ដឹងគ្រុឌបក្សាដ៏មានបុណ្យដែលជាស្ដេចគ្រប់គ្រងរក្សាពពួកបក្សី ឲ្យបានដឹងសេចក្ដីសព្វគ្រប់ប្រការថា៖ ទេវៈ! ខ្ញុំបាទបានតាំងទីឋានកាច់សម្បុកទុកពងអាស្រ័យនៅនាឆ្នេរសមុទ្ទ មិនបានប្រព្រឹត្តឆ្គាំឆ្គងឲ្យខុសគន្លងធម៌ទេ ឥឡូវសមុទ្ទកំណាចចង្រៃនេះផាត់រលកមកបោកយកពងខ្ញុំបាទទៅអស់រលីង ខ្ញុំបាទកើតទុក្ខពុំសុខចិត្ត ទើបចូលមកក្រាបប្រណិប័តន៍ជម្រាបព្រះបាទម្ចាស់ឲ្យជ្រាប ។ កាលនោះ គ្រុឌស្ដេចបក្សី បានស្ដាប់សម្ដីត្រដេវវិចប្ដីដូច្នោះហើយ ចូលទៅក្រាបបង្គំព្រះនារាយណ៍បរមឥសូរដ៏កំពូល អ្នកដ៏មានបុណ្យចេស្ដាជាអ្នកកសាងលោក ជាអ្នកគ្រប់គ្រងលោក និងជាអ្នកប្រល័យលាញលោក ឲ្យទ្រង់ជ្រាបតាមដំណើរសេចក្ដី ។ ព្រះនារាយណ៍កាត់សេចក្ដីឲ្យសមុទ្ទយកពងមកសងត្រដេវវិចញីឈ្មោលវិញ ។ គ្រុឌស្ដេចបក្សីទទួលទេវឱង្ការតម្កល់លើត្បូងទុកជាទីគោរពហើយត្រឡប់វិលមកវិញ មកបង្គាប់សមុទ្ទឲ្យយកពងទៅប្រគល់ឲ្យបក្សីញីឈ្មោលក្នុងកាលនោះឯងហោង ។ ព្រោះហេតុនោះឯងបានជាខ្ញុំបាទ (ចចកទមនកៈ) ជម្រាបថា៖ នរជន មិនដឹងភាវៈនៃការទាក់ទងជនដទៃហើយ ដូច្នេះជាដើម (លេខ ១៤៩) ។ 

សីហបិង្គលកៈ សួបញ្ជាក់ថា៖ ធ្វើម្ដេច យើងគប្បីដឹងបាថាសញ្ជីវកៈមានគំនិតក្បត់យើង? ចចកទមនកៈ និយាយដំណើរទំនងប្រាប់ថា៖ សញ្ជីវកៈនេះជាសត្វព្រហើនណាស់ កាលណាវាចូលមកទេវបាទម្ចាស់ វាសម្ដែងអាការធ្វើហាក់ជាគោរពកោតក្រែង ហើយបង្ហាញស្នែងតម្រង់ទៅមុខ កាលនោះទេវបាទម្ចាស់គង់ជ្រាបមិនខាន ។ ចចកនិយាយហើយដើររលះរលាំងចូលទៅរកសញ្ជីវកៈ បង្ហាញឲ្យសញ្ជីវកៈមើលឃើញខ្លួន ធ្វើទឹកមុខស្រងូតហាក់ជាមានភ័យធំខ្លាំងណាស់ ។ ឯគោសញ្ជីវកៈមើលឃើញចចក ត្រេកអរសាទរណាស់ សួរចៅរ៉ៅទៅថា៖ ហៃបងចចកដ៏ចម្រើនអើយ! មានការអ្វីរលះរលាំងដូច្នេះ ឬមួយសុខសប្បាយជាទេហ៎ៈ? ។ ទមនកៈឆ្លើយដោយឧបាយថា៖ ឱលោកអើយ! ធម្មតាធ្វើជាខ្ញុំបម្រើរាជការផែនទឹក ផែនដី រកក្ដីសុខសប្បាយមកពីណា ព្រោះថា៖ 

១៥២- នរជនណាធ្វើជារាជសេវកាមាត្យ នរជននោះត្រូវតែពឹងសម្បត្តិដែលនៅក្នុងអំណាចនៃជនដទៃ មានចិត្តមិនដែលបានស្ងប់ក្សេមក្សាន្តល្ហែល្ហើយទេ ព្រមទាំងមិនទុកចិត្តក្នុងជីវិតខ្លួនថែមទៀតផង ។ 

១៥៣- នរណាបានទ្រព្យសម្បត្តិហើយ មិនឡើងចាង? នរណាលុះក្នុងអំណាចវិស័យខ្លួនហើយអាចរំលង់ក្ដីទុក្ខទោសអន្តរាយបាន? លើផែនដី នរណាមានចិត្តរឹងមិនធ្លោយខ្លួនដួលព្រោះស្ត្រី? មួយទៀត នរណាជាទីស្រឡាញ់នៃព្រះរាជា? ក្នុងលោកនេះ នរណាមានអំណាចខ្លាំងមិនចូលទៅក្នុងកណ្ដាប់ដៃនៃព្រះកាល? នរណាជាអ្នកសូមទាន ហើយបានដល់ក្ដីគោរពដ៏ខ្ពង់ខ្ពស់? មួយវិញទៀត នរណា ដែលធ្លាក់ខ្លួនទៅក្នុងអន្ទាក់នៃទុជ៌ន ហើយបានត្រឡប់ជាបុរសបរិបូណ៍ដោយក្ដីក្សេមក្សាន្ត? ។ 

សញ្ជីវកៈសួរដោយក្ដីងឿងឆ្ងល់ថា៖ បងសម្លាញ់អើយ! បងនិយាយនេះ តើចង់ថាដូចម្ដេច? ។ ចចកទមនកៈឆ្លើយប្រាប់ថា៖ ចុះឲ្យខ្ញុំជាបុគ្គលមានបុណ្យតិចសក្តិតូចប្រាប់ដូចម្ដេចទៅទៀត ចូរមើល! លោកថា៖

១៥៤- ខ្លួនខ្ញុំនេះដូចជាបុគ្គលលិចលង់ក្នុងមហាសមុទ្ទមានតែពស់កាចសម្រាប់តោង នឹងលែងក៏មិនកើត នឹងប្រតោងកាន់ពស់ទៅទៀតក៏មិនកើត ពេលនេះ លំបាកចិត្តខ្វល់គំនិតខូចអស់ហើយ ដូចអ្នកតោងពស់ច្នោះឯង ។ 

១៥៥- មួយចំណែក ក្ដីស្និទ្ធស្នាលចំពោះព្រះរាជា វិនាសអស់ហើយ មួយចំណែកទៀត ក្ដីស្និទ្ធស្នាលចំពោះពួកញាតិសន្ដាន ក៏វិនាសដែរ ឲ្យរូបខ្ញុំធ្វើដូចម្ដេច? ឲ្យរូបខ្ញុំទៅឯណា? ខ្លួនខ្ញុំដូចជាធ្លាក់ក្នុងកណ្ដាលសមុទ្ទសាគរគឺក្ដីទុក្ខស្រេចទៅហើយ ។ 

ចចកនិយាយបណ្ដើរដង្ហើមធំឃូរវែងៗបណ្ដើរ ហើយអង្គុយធ្វើមុខក្រៀមផ្អែះ ។ សញ្ជីវកៈអង្វរកសួរថា៖ បងសម្លាញ់! ចូរបងប្រាប់ឲ្យជាក់លាក់មកមើល! ក្នុងចិត្តបងតើមានគិតធ្វើអ្វីខ្លះ? ។ ចចកធ្វើអាការហាក់ដូចតូចចិត្តណាស់ ឱនទៅជិតត្រចៀកហើយនិយាយខ្សឹបបន្តិចៗប្រាប់គោថា៖ មែនពិតបើតាមក្ដីស្និទ្ធស្នាលចំពោះព្រះរាជា ខ្ញុំមិនគួរយករឿងអាថ៌កំបាំងព្រះអង្គមកនិយាយបរិហារឲ្យគេឯងដឹងឮទេ តែដូចរូបបង ខ្ញុំនឹងលាក់លៀមមិនកើត ព្រោះបងបាននៅក្នុងទីនេះក៏ដោយសារខ្លួនខ្ញុំនាំមកដែរ ឯខ្ញុំក៏ចង់បានអានិសង្សទៅកើតក្នុងឋានសួគ៌គួរតែស្រាយអាថ៌កំបាំងប្រយោជន៍ប្រាប់ឲ្យដឹងមុន សូមបងស្ដាប់មើល! ម្ចាស់យើងប្រែចិត្តចេញពីបងហើយ បាននិយាយរហស្សការប្រាប់ខ្ញុំដោយសម្ងាត់ថា៖ អញបម្រុងនឹងសម្លាប់សញ្ជីវកៈយកសាច់ស៊ីនឹងចែកចាយលៀងបរិវារឲ្យស៊ីចម្អែតផ្ទៃហើយ ។ សញ្ជីវកៈបានស្ដាប់ពាក្យនេះហើយ ធ្លាក់ទឹកមុខជ្រុបតូចចិត្តក្រៀមក្រំដំឱរា ។ ចចកធ្វើជាលួងលោមនិយាយរំឭកថា៖ ណ្ហើយបងសម្លាញ់! កុំកើតទុក្ខតូចចិត្តធ្វើអ្វី ធ្វើម្ដេចសំណាងយើង ត្រូវតែត្រិះរិះមើលមួយស្របក់ហើយ យល់សេចក្ដីផ្សេងតែម្នាក់ឯងថា៖ កិច្ចការដូច្នេះក៏អាចកើតមានដែរ តែពាក្យនេះទំនងជាអាកប្បកិរិយាចចកទុជ៌ន ឬមិនមែនទេដឹង? ដំណើរនេះ នរណាក៏មិនគប្បីអាចនឹងយល់សេចក្ដីចំពោះអំពើដូច្នោះបានឡើយ ព្រោះថា៖ 

១៥៦- ដោយច្រើន នារីទាំងឡាយតែងចូលចិត្តសេពគប់ទុជ៌ន ព្រះរាជាតែងសព្វព្រះទ័យអាមាត្យមិនមានគុណសម្បត្តិ ទ្រព្យសម្បត្តិតែងហូរទៅរកតែជនកំណាញ់ ឯភ្លៀងតែងបង្អុរចុះតែលើភ្នំ និងមហាសមុទ្ទ ។ 

១៥៧- ជនអសប្បុរស តែងទទួលរស្មីសោភាដែលផ្សាយចេញពីគុណម្បត្តិនៃអភិជនដែលខ្លួនអាស្រ័យនៅ ដូចអញ្ជនៈ (ជ័រពណ៌ខ្មៅ សម្រាប់លាបរោមចិញ្ចើមឲ្យខ្មៅរលោងស្រិល) ខ្មៅក្រខ្វក់ពីកំណើត កាលបើទៅស្ថិតលើរោមចិញ្ចើមនៃស្ត្រីល្អហើយ ក៏ត្រឡប់ជារបស់រុងរឿង ។ 

គោសញ្ជីវកៈ ត្រិះរិះគិតមើលសាចុះសាឡើងមួយស្របក់ហើយពោលថា៖ អនិច្ចាឱកម្មអាក្រក់ចង្រៃ! ចុះហេតុដែលនាំឲ្យវិបត្តិនេះកើតមកពីណាអេះ? ព្រោះថា៖

១៥៨- ព្រះនរបតី សូម្បីអាមាត្យប្រតិបត្តិការដោយប្រយ័ត្នប្រយែងក៏ក្រៃលែង ក៏មិនសព្វព្រះទ័យត្រេកអរប៉ុន្មាន តែរឿងនេះនឹងទុកថាប្លែកដូចម្ដេចកើត? ឯអាមាត្យណានីមួយដែលគោរពភក្ដីដោយល្អហើយក៏ត្រឡប់បានភាពជាសត្រូវវិញ នេះទើបហៅថាប្លែកអស្ចារ្យមែន ។ 

ដំណើរនេះ នរជនណាមួយក៏មិនគប្បីអាចយល់សេចក្ដីបានងាយទេ ព្រោះថា៖ 

១៥៩- មែនពិត  នរជនណាកាន់យកហេតុណាមួយជានិមិត្តហើយទើបក្រេវក្រោធ នរជននោះកាលបើកម្ចាត់បង់ហេតុនោះបានហើយនឹងបាត់ក្រេវក្រោធហើយកើតក្ដីជ្រះថ្លាភ្លាម បើចិត្តនរជនណាក្រេវក្រោធស្អប់ដោយមិនមានហេតុ ធ្វើដូចម្ដេចហ្ន៎ នឹងញ៉ាំងចិត្តនរជននោះឲ្យស្ងប់ហើយឲ្យត្រេកអរបាន? ។ 

អាត្មាអញធ្វើអំពើអ្វីខ្លះក្បត់ព្រះរាជា? ឬមួយ ព្រះរាជាទ្រង់ក្រេវក្រោធដោយព្រះទ័យអាក្រក់ប្រាសចាកហេតុផល? ។ ចចកទមនកៈឆ្លើយស្របតបវិញថា៖ អើ! រឿងនេះ ក៏អាចកើតមានយ៉ាងនោះបានដែរ ចូរបងស្ដាប់សុភាសិតនេះតទៅ៖

១៦០- អាមាត្យខ្លះ ជាអ្នកប្រាជ្ញា ជាអ្នកស្វាមីភក្ដិស្និទ្ធស្នេហាធ្វើឧត្តមប្រយោជន៍ចំពោះព្រះរាជាពិតៗ ត្រឡប់ជាបានក្ដីស្អប់ខ្ពើមវិញក៏មាន អាមាត្យខ្លះទៀត ក្បត់ព្រះរាជាដោយប្រត្យក្សលាំងៗត្រឡប់ជាបានមេត្រីទៅវិញក៏មាន ឱចរិតនៃព្រះរាជាជាទីជ្រកកោននៃជននេះប្លែកអស្ចារ្យ ប្លែកអស្ចារ្យច្រើនប្រការមេត្រីទៅវិញក៏មាន ឱចរិតព្រះរាជាជាទីជ្រកកោននៃជននេះប្លែកអស្ចារ្យ ប្លែកអស្ចា្យច្រើនប្រការអ្វីម៉្លេះហ្ន៎! សេវាធម៌ (នាទីនៃអាមាត្យ) នេះ មានប្រស្នារញ៉ិករញ៉ុកសាំញ៉ាំស្មុគស្មាញណាស់សូម្បីព្រះយោគីមានឫទ្ធិ ក៏មិនអាចប្រតិបត្តិឲ្យល្អបរិបូណ៌បានឡើយ ។ 

១៦១- ធ្វើគុណដល់អសប្បុរស១០០ដង មិនបានផល និយាយពាក្យសុភាសិតដល់មនុស្សល្ងង់១០០ដង ឥតប្រយោជន៍ប្រើឧបាយប្រាជ្ញា១០០ដង ចំពោះជនឥតការត្រិះរិះពិចារណា ក៏មិនបានការ ។ 

១៦២- នៅលើដើមចន្ទន៍មានពស់ នៅក្នុងត្រពាំងដែលដេរដាសដោយផ្កាឈូកមានក្រពើ នៅក្នុងភោគទ្រព្យមានជនពាលជាអ្នករុកកួនឈ្នាសនីស ក្នុងលោកនេះសេចក្ដីសុខប្រាសចាកការថ្នាំងថ្នាក់ចិត្តមិនដែលមានសោះឡើយ ។ 

១៦៣- នៅគល់ដើមចន្ទន៍មានអាសិរពិស នៅផ្កាចន្ទន៍មានមេឃ្មុំ នៅមែកចន្ទន៍មានពានរ នៅចុងដើមចន្ទន៍មានខ្លាឃ្មុំ ដូច្នេះនៅដើមចន្ទន៍ទាំងមូលឥតមានត្រង់ណាដែលមិនមានសត្រូវចង្រៃអាក្រក់អាស្រ័យនៅទេ ។ 

ស្ដេចយើង ខ្ញុំស្គាល់លក្ខណៈគ្រប់ ព្រះបន្ទូលពីរោះផ្អែមដូចទឹកឃ្មុំ តែព្រះទ័យពេញពោរដោយពិសពុល ព្រោះថា៖ 

១៦៤- ហុចដៃបក់ហៅពីចម្ងាយ ភ្នែកក្រឡេកមើលដោយអាការស្រឡាញ់ពេញចិត្ត ហៅឲ្យអង្គុយអាសនៈរួមជាមួយពាក់កណ្ដាលម្នាក់ លូកដៃទៅត្រកងឱបដោយក្ដីស្នេហា សម្ដែងការអើពើចៅរ៉ៅសាកសួរដោយវាចាជាទីស្រឡាញ់ពេញចិត្ត តែខាងក្នុងចិត្ត ពេញដោយពិសពុល ខាងក្រៅទឹកសម្ដីផ្អែមដូចទឹកឃ្មុំ ស្ទាត់ជំនាញក្នុងកលោបាយ ឱនាដកវិធី (វិធីអ្នករាំ កិច្ចកលឧបាយអ្នករាំ) បែបថ្មីអ្វីនេះ ពួកទុជ៌នសិក្សាយកមកប្រើជាល្បែងបានហ្ន៎? ។ 

១៦៥- សំពៅគេសាងសម្រាប់ឆ្លងសមុទ្ទសាគរ ដែលគេឆ្លងបានដោយក្រ ប្រទីបគេសាងសម្រាប់អុជទ្រោលបំភ្លឺក្នុងពេលងងឹតអន្ធការ វីជនីគេធ្វើសម្រាប់បក់ក្នុងពេលមិនមានខ្យល់ កង្វេរគេធ្វើសម្រាប់ហ្វឹកហ្វឺនដំរីកាចទ្រនង់ងងឹតមុខដោយចុះប្រេង ដូច្នេះនៅលើភូគោលនេះមានរបស់អ្វីមួយដែលព្រះអ្នកកសាងលោកមិនបានកសាងទុកឲ្យជាឧបាយចិន្ដា (ឧបាយខាងផ្លូវគំនិតត្រិះរិះពិចារណានាំឲ្យយល់សេចក្ដី ឬឲ្យយល់កិច្ចការផងទាំងពួងឥតចន្លោះ) ខ្ញុំជឿជាក់ច្បាស់ថា សូម្បីព្រះព្រហ្មដែលបង្កើតលោកក៏ទម្លាក់កម្លាំងព្យាយាមចោល ក្នុងការទូន្មានប្រៀនប្រដៅសន្ដានមនុស្សទុជ៌ន ។ 

គោសញ្ជីវកៈព្រួយបារម្ភតានតឹងក្នុងចិត្តស្ទើរប្រេះទ្រូង ដកដង្ហើមធំឃូរៗវែងៗគិតថា៖ ឱកម្មអាត្មាអញអើយ អ្វីក៏អាក្រក់ម៉្លេះហ្ន៎? អាត្មាអញស៊ីតែសន្ទូងជាភក្សាហារ ហេតុអ្វីក៏លោកមកចោទប្រកាន់ ហើយប្រាថ្នាសម្លាប់ចោលបង់សៀតដូច្នេះហ្ន៎? ព្រោះថា៖ 

១៦៦- ជនពីរផ្នែកណាមានទ្រព្យស្មើគ្នា មានកម្លាំងស្មើគ្នា ជនពីរផ្នែកនោះ ទើបវិវាទច្បាំងគ្នាបានចុះ បើមួយផ្នែកមានអំណាចខ្ពង់ខ្ពស់ មួយផ្នែកទៀតថោកទាបឥតអំណាចសោះ តើគួរនឹងនាំឲ្យកើតវិវាទច្បាំងគ្នាបានខ្លះទេហ៎ៈ? ។ 

សញ្ជីវកៈសញ្ជឹងគិតហើយគិតទៀត៖ នរណាហ្ន៎ ញុះញង់ស្ដេចបិង្គលកៈឲ្យក្រេវក្រធ ហើយឲ្យគុំគួនរករឿងប៉ងសម្លាប់អាត្មាអញដូច្នេះ? អាត្មាអញគិតពុំយល់ហេតុនេះសោះ ។ បើលោកម្ចាស់ក្រេវក្រោធ ហើយប្រាថ្នានឹងបំផ្លិតបំផ្លាញអាត្មាអញមែន រឿងនេះគួរភិតភ័យជានិច្ចមែន ព្រោះថា៖ 

១៦៧- កាលណាក៏ដោយ ព្រះទ័យព្រះភូមិបាល ដែលមន្ត្រីព្រះអង្គបំបែកឲ្យបែកហើយ តវិញមិនជាប់ទេ ដូចកងដៃជាវិការៈនៃកេវផលិតដែលជនឲ្យបែកហើយ ជនណាហ្ន៎មានអំនាចអាចតឲ្យជាប់ដូចដើមវិញបាន? ។ 

១៦៨- ហេតុដែលគួរភ័យខ្លាចមាន២ប្រការគឺ៖ អសនីបាត និងតេជានុភាពព្រះរាជា តែអសនីបាត ធ្លាក់តែមួយកន្លែង ឯតេជានុភាពព្រះរាជាធ្លាក់នៅជុំវិញខ្លួនយើង ។ 

ក្នុងករណីបែបនេះ ថាបើត្រូវស្លាប់ ស្លាប់ក្នុងសង្គ្រាមប្រសើរជាជាង ឥឡូវនេះ មកស្លាប់ដោយប្រើអាជ្ញាយ៉ាងនេះមិនល្អមើលសោះ ព្រោះថា៖ 

១៦៩- ស្លាប់ហើយបានទៅកើតក្នុងឋានសួគ៌១ សម្លាប់សត្រូវហើយបានក្ដីសុខ១ ធម៌២ប្រការនេះឯង ជាធម៌មានគុណប្រសើរបំផុត គេធ្វើបានដោយក្រក្រៃលែង មានតែបុរសមានចិត្តក្លៀវក្លាទាំងឡាយទេ ទើបអាចធ្វើបាន ។ 

ពេលនេះ ជាកាលតយុទ្ធគ្នាទៅហើយ នឹងដកថយវិញក៏មិនកើត ។ 

១៧០- ក្នុងកាលណា បើមិនច្បាំងក៏ទៀងតែស្លាប់ បើច្បាំងមានផ្លូវរួចជីវិតបាន ក្នុងកាលនោះពួកអ្នកប្រាជ្ញតែងសម្រេចសេចក្ដីថា៖ ត្រូវច្បាំងតយុទ្ធពិតប្រាកដ ។ 

១៧១- ថាបើ ក្នុងកាលណា អ្នកប្រាជ្ញមើលមិនឃើញផ្លូវអ្វីមួយដទៃក្រៅពីការច្បាំងតយុទ្ធទេក្នុងកាលនោះ លោកយល់ថាត្រូវតែធ្វើសង្គ្រាមស៊ូស្លាប់ក្នុងដៃសត្រូវ ។ 

១៧២- បើមានជ័យ ត្រូវបានទ្រព្យសម្បត្តិ បើបែរជាស្លាប់វិញ ក៏ត្រូវបានជាភស្ដាស្រីទេពអប្សរបវរកញ្ញា កាយយើងនេះជារបស់ត្រូវបែកឆ្លាយទៅក្នុងមួយខណៈ ហេតុអ្វីក៏គិតញញើតញញើមមិនហ៊ានស្លាប់ក្នុងរណរង្គ ។ 

គោសញ្ជីវកៈគិតយ៉ាងនេះរួចហើយ បែរទៅនិយាយប្រាប់ចចកថា៖ នែសម្លាញ់! ធ្វើដូចម្ដេចនឹងដឹងថា បិង្គលកៈនេះចង់សម្លាប់ខ្ញុំ ។ ចចកទមនកៈឆ្លើយប្រាប់ថា៖ កាលណាបិង្គលកៈនេះចងចិញ្ចើមមាំសម្លឹងមើលបងឯងដោយភ្នែកដ៏មុត កងកន្ទុយឆ្តែត លាក់ក្រញាំក្រចក ហាមាត់បញ្ចេញចង្កូមគួរស្បើមកាលនោះ បងត្រូវសម្ដែងក្ដីអង់អាចហៅហ៊ានតស៊ូសីហៈវិញ ព្រោះថា៖ 

១៧៣- នរជន សូម្បីមានកម្លាំងតែឥតតេជៈ បើដូច្នេះ ម្ដេចក៏មិនមានទំនងឲ្យគេមើលងាយ? ចូរមើល! អ្នកភ្លើង មនុស្សលោកហ៊ានជាន់ក្រោមបាតជើងឥតកោតញញើតទេ ។ 

ទោះយ៉ាងណាក៏ដោយ រឿងទាំងអស់នេះ ត្រូវលាក់បំបិទបំបាំងឲ្យជិតកុំឲ្យសាយភាយឡើយ បើមិនដូច្នោះទេ ខ្លួនបង ឬក៏ខ្លួនខ្ញុំត្រូវវិនាសអន្តរធានមិនខានឡើយ ។ ទមនកៈនិយាយបង្ការស្កាត់ផ្លូវយ៉ាងនេះរួចស្រេចហើយ ដើរចេញទៅរកជួបចចកករដកៈ ។ ចចកករដកៈឃើញទមនកៈមកដល់ស្រែកសួរថា៖ ម៉េចទៅបងអើយ! ការនោះសម្រេចហើយឬនៅ? ចចកទមនកៈឆ្លើយប្រាប់មកវិញថា៖ សម្រេចហើយវើយ! ទាំងពីនាក់នោះបែកបាក់គ្នាស្រឡះហើយ ។ ចចកករដកៈសួរបញ្ជាក់ថាទៀតថា៖ រឿងនេះ មានកិច្ចការអ្វីសង្ស័យគួរនាំឲ្យទាក់ទាមទៀតទេ? ព្រោះថា៖ 

១៧៤- នរណាហ្ន៎ចង់ចងពន្ធជាមួយនឹងមនុស្សទុជ៌ន? នរណាហ្ន៎មិនក្នាញ់បើមានគេសូមញយៗ? នរណាហ្ន៎ ជាបណ្ឌិតមិនចាញ់កលក្នុងវិធីទុច្ចរិត? ។ 

១៧៥- ជនពាលប៉ិនកល អាចញ៉ាំងនរជនដែលមានសិរីឲ្យប្រព្រឹត្តអាក្រក់បាន ព្រោះមានបំណងចង់ចម្រើនបានប្រយោជន៍ខ្លួន ការសេពគប់ជនពាលប៉ិនកលនេះ មិនទុកដូចជាការលេងជាមួយភ្លើង ឬអ្វី? ។ 

លំដាប់នោះ ចចកទមនកៈដើរទៅរកជួបបិង្គលកៈ ហើយនិយាយប្រាប់ថា៖ ទេវៈ! ឥឡូវនេះ អាគោចង្រៃទុយ៌សចិត្តអាក្រក់ វាមកហើយ សូមលោកម្ចាស់រៀបចំត្រៀមខ្លួនទុកមុនឲ្យស្រេច ។ និយាយដាស់តឿនដូច្នេះហើយ បង្គាប់ឲ្យសីហៈបញ្ចេញចង្កូមដូចបានពោលខាងដើម ។ មិនយូរប៉ុន្មាន គោសញ្ជីវកៈដើរចូលមកដល់ ឃើញសីហៈរៀបចំខ្លួនស្រេចដូចចចកប្រាប់ ក៏ចូលទៅប្រយុទ្ធជាញជ័យ ។ កាលនោះឯងកើតសង្គ្រាមធំរវាងសីហៈ និងគោយ៉ាងសម្បើមអស្ចារ្យ បិង្គលកៈប្រហាសញ្ជីវកៈដល់ក្ដីស្លាប់ទៅហោង ។ កាលធ្វើសង្គ្រាមជាញជ័យសម្លាប់គោជាសេវកាមាត្យល្អរួចហើយ សីហៈទើបដឹងខ្លួនថាចាញ់កល់ចចក កើតសុបសៅសែនស្លុតចិត្តបន្លឺវាចាថា៖ អនិច្ចាអាត្មាអញមិនគួរមកធ្វើអំពើទារុណកម្មដូច្នេះសោះ ព្រោះថា៖ 

១៧៦- រាជ្យខ្លួនឯង នៅក្នុងកណ្ដាប់ដៃស្ដេចដទៃគ្រប់គ្រង ទុកដូចជាភាជនៈសម្រាប់ត្រងរងនូវបាបអប្បមង្គល ព្រះរាជាប្រព្រឹត្តល្មើសច្បាប់ ដូចសីហៈសម្លាប់ដំរី (សីហៈសម្លាប់ដំរី ទោសធ្លាក់មកលើសីហៈ ព្រោះសាច់ឆ្អឹងដំរី ត្រូវបានទៅជាអាហារសត្វដទៃ)

១៧៧- ត្រូវឲ្យវិនាសភាគផែនដីខ្លះ ឬក៏ត្រូវឲ្យវិនាសអាមាត្យដែលមានគុណសម្បត្តិ និងប្រាជ្ញា? ការវិនាសអាមាត្យទុកដូចជាមរណៈនៃព្រះរាជាទាំងឡាយ ឯការវិនាសភាគផែនដី គេអាចដណ្ដើមយកវិញបាន មិនមែនដូចខូចខាតអាមាត្យឡើយ ។ 

ចចកទមនកៈនិយាយកាត់ឡើងថា៖ លោកម្ចាស់! នេះជាវិធីពិចារណាបែបថ្មីដូចម្ដេច? ហេតុអ្វីក៏លោកមកសោកស្ដាយសត្រូវដែលលោកសម្លាប់ដូច្នេះ ព្រោះថា៖ 

១៧៨- នរជនដែលធ្វើអន្តរាយដល់ជីវិត ទោះជាបិតា ឬជាបងក្ដី ពុំនោះទោះជាបុត្រ ឬក៏ជាមិត្តសម្លាប់ក្ដី ព្រះរាជាប្រាថ្នាសេចក្ដីចម្រើនត្រូវតែសម្លាប់ចោលបង់ ។ 

១៧៩- នរជនអ្នកស្គាល់សភាពពិតនៃព្រះធម៌ ប្រយោជន៍ និងកាម មិនគួរមានករុណាតែមួយចំណែកទេ ព្រោះថា នរជនដែលមានតែចិត្តអត់ឱន មិនអាចស៊ីបាយដែលស្ថិតនៅក្នុងកណ្ដាប់ដៃខ្លួនឡើយ ។

១៨០- ការអត់ឱនចំពោះសត្រូវ ឬមិត្តជាគ្រឿងលម្អនៃអ្នកប្រាជ្ញដែលបំពេញព្រឹត្តិពិតមែនហើយ តែការអត់ឱនចំពោះសត្វដែលមានកំហុសនេះ ត្រឡប់ជាគ្រឿងប្រទូសនៃព្រះរាជាទាំងឡាយវិញទេ ។ 

១៨១- នរជនណា ចង់សម្លាប់ម្ចាស់ដោយល្មោភចង់បានរាជ្យ ឬដោយការមើលងាយគំនិតទោសនរជននោះ បើឲ្យសមតាមកំហុសមានតែបទមួយទេ គឺការប្រហារជីវិត មិនមែនប្រការដទៃទៀតឡើង ។ 

១៨២- ព្រះរាជា មានសេចក្ដីអាណិតហួសមាត្រា ព្រាហ្មណ៍បរិភោគសាច់សត្វសព្វមិនចន្លោះ ភរិយាមិននៅក្នុងឱវាទ មិត្តមាននិស្ស័យប៉ងធ្វើសេចក្ដីអន្តរាយ អ្នកបម្រើរឹងទទឹង ភ្នាក់ងារធ្វេសប្រហែស និងមនុស្សអកតញ្ញូ នរជនគួរលះបង់ជនអស់នេះចោលឲ្យស្រឡះចេញ ។ 

លោកពោលសេចក្ដីវិនាសតទៅទៀតថា៖ 

១៨៣- រាជនិតិ មានការផ្លាស់ប្ដូររូបអនេក ដូចកលមាយាស្រីមានរូបល្អ គឺថាត្រង់តាមសេចក្ដីពិត ឬមិនត្រង់តាមសេចក្ដីពិតខ្លះ ពោលពាក្យរឹងរូស ឬក៏ជាទីស្រឡាញ់ខ្លះ ធ្វើកាចឃោរឃៅពុំនោះធ្វើអាណិតអាសូរខ្លះ កំណាញ់ស្វិតស្វាញ ពុំនោះសោតទូលាយជួយទ្រព្យដើមទុនខ្លះ ចំណាយទ្រព្យជានិច្ច ពុំនោះសោតទៀត ប្រមូលកៀវគររតនវត្ថុ និងទ្រព្យសម្បត្តិឲ្យបានច្រើនខ្លះ ។ 

លុះចចកទមនកៈ មេប្រាជ្ញមេខិលពោលពាក្យចោលលួងដោយទឹកប្រយោគសម្ដី ប្រាប់ក្ដីហេតុផលឲ្យស្ងប់ក្សេមក្សាន្តហើយ បិង្គលកៈត្រឡប់តាំងខ្លួនដូចធម្មតាដើម ចូលទៅស្ថិតនៅលើរាជបល្ល័ង្កសីហាសនៈវិញ ។ ទមនកៈបានប្រកបតាមក្ដីប្រាថ្នាហើយ មានចិត្តរីករាយសប្បាយក្រៃលែងស្រែកឲ្យសព្ទសាធុការពរដល់ស្ដេចចតុប្បាទថា៖ បពិត្រមហារាជ សូមព្រះអង្គមានជ័យសិរីមង្គលប្រការសូមសុភមង្គលផ្ដល់ក្ដីសុខចម្រើនដល់សព្វសត្វក្នុងសាកលពិភពផ្ទៃក្រោមតទៅ! ចចកជូនពររួចហើយ ចូលទៅកាន់ទីឋានខ្លួនសុខសប្បាយដូចប្រក្រតីដើមហោង ។ 

កាលនោះ មហាបណ្ឌិតវិណ្ណុស៌ម័ន ក្រាបបង្គំទូលព្រះរាជបុត្រទាំងឡាយមុនបញ្ចប់ថា៖ ការបំបែកមិត្តនេះ ដែលទ្រង់ទាំងឡាយបានត្រងត្រាប់ស្ដាប់តាំងពីដើមដល់ចុងសន្មតថាចប់អស់អាថ៌សេចក្ដីត្រឹមប៉ុណ្ណេះហើយ ។ ព្រះរាជបុត្រទាំងឡាយត្រាស់តបវិញថា៖ យើងខ្ញុំទាំងអស់គ្នា បានស្ដាប់កថាវិចិត្រដោយសេចក្ដីជ្រះថ្លាក្រៃលែង បានក្ដីសុខកាយសប្បាយចិត្តឥតឧបមា ។ មហាបណ្ឌិតវិស្ណុស៌ម័នក្រាបទូលបញ្ជាក់ថា៖ សូមទ្រង់គ្រប់ព្រះអង្គបានប្រកបដោយពរនេះតទៅ៖ 

១៨៤- សូមឲ្យការបំបែកមិត្តនេះ មានចំពោះតែទីលំនៅសត្រូវរបស់ទ្រង់ទាំងឡាយចុះ ទុជ៌នខិលខូចចិត្តអាក្រក់សាមាន្យ សូមព្រះកាលចាប់កាច់កបំផ្លិតបំផ្លាញ នាំយកទៅកាន់ទីវិនាសហិនហោចខ្លោចផ្សាអស់រលីងរាល់ៗថ្ងៃទៅកុំបីខាន សូមមហាជនតាំងនៅដោយការបរិបូណ៌ព្រមដោយសេចក្ដីសុខចម្រើនគ្រប់ប្រការ ជាអនេកអនន្តអស់កាលជានិច្ចនិរន្តរ៍ និងសូមកុលបុត្រយុវជនទាំងឡាយមានចិត្តរីករាយជ្រះថ្លាចំពោះមធុរកថាជាទីមនោរម្យក្នុងលោកនេះ គ្រន់ទិនទិវារាត្រីទៅហោង ។ 

កថាសង្គ្រោះទី២ ឈ្មោះការបំបែកមិត្ត មានមកក្នុងហិតោបទេសចប់តែប៉ុណ្ណេះ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!