ការបំបែកមិត្ត

កថាទី១៖ រឿងគោឧសភ ចចកពីរ និងសត្វសីហៈ

កថាទី២៖ រឿងពានរ និងសសរ

កថាទី៣៖ រឿងលា និងឆ្កែ

កថាទី៤៖ រឿងសីហៈ និងឆ្មា

កថាទី៥៖ រឿងស្ត្រីពេស្យា និងគង

កថាទី៦៖ រឿងបរិព្វាជកកន្ទប៌កេត

កថាទី៧៖ រឿងភរិយាគោបាល និងសហាយពីរនាក់

កថាទី៨៖ រឿងក្អែកញីឈ្មោល និងពស់

កថាទី៩៖ រឿងសីហៈ និងទន្សាយ

កថាទី១០៖ រឿងត្រដេវវិចញីឈ្មោល និងសមុទ្ទ

សៀវភៅអេឡិកត្រូនិក

នៅភ្នំមន្ទរៈ មានសីហៈមួយឈ្មោះទុទ៌ាន្ដៈ តែងចាប់បសុសត្វទាំងឡាយច្រើនសម្លាប់ស៊ីជាចំណីអាហាររាល់ៗថ្ងៃ ។ សព្វសត្វទាំងឡាយភិតភ័យណាស់ បបួលគ្នាមកប្រជុំរិះគិតរកឧបាយ ហើយចូលទៅអង្វរកសីហៈថា៖ បពិត្រលោកជាស្ដេចម្រឹគ ហេតុអ្វីក៏លោកចាប់សម្លាប់បំផ្លាញបសុសត្វបរិភោគជាអាហារម្ដងៗច្រើនដល់ម៉្លេះ? បើលោកព្រះថ្លាយល់ព្រមតាមគំនិតយើង យើងខ្ញុំនឹងបញ្ជូនបសុសត្វមួយរាល់ថ្ងៃ ជាគ្រឿងបណ្ណាការមកជូន ដើម្បីជាអាហារលោក ។ ពេលនោះ ទុទ៌ាន្តៈឆ្លើយឡើងថា៖ បើឯងទាំងឡាយមានប្រាថ្នាដូច្នោះ អញត្រេកអរណាស់ហើយ ឯងធ្វើតាមបំណងឯងចុះតាំងពីពេលនេះទៅ ។ ចំណេរកាលមក សីហៈលែងរវល់ចេញទៅបរបាញ់ចាប់សត្វដូចកាលសព្វដងទៀត នៅតែនឹងកន្លែងចាំទទួលបណ្ណាករ គឺបសុសត្វមួយៗដែលម្រឹគទំាងឡាយបញ្ជូនមកឲ្យរាល់ថ្ងៃ ។ ថ្ងៃតមក ដល់វេនទន្សាយចាស់មួយ ទន្សាយចាស់នោះគិតថា៖ 

១២៣- បុគ្គលធ្វើសេចក្ដីគោរពឱនលំទោន ព្រោះហេតុតែខ្លាចគេផង ព្រោះតែចង់ឲ្យមានជីវិតរស់នៅផង ថាបើអាត្មាអញទៀងតែដល់បញ្ចភាពដដែល ប្រយោជន៍អ្វី អាត្មាអញនឹងត្រូវធ្វើសេចក្ដីកោតក្រែងសីហៈនេះ ។ 

ទន្សាយគិតបណ្ដើរដើរបណ្ដើរ ទៅសន្សឹមៗបន្ដិចៗចូលទៅរកទុទ៌ាន្ដៈ ។ ពេលនោះ ទុទ៌ាន្តៈដែលមានសេចក្ដីស្រេកឃ្លានបៀតបៀនខ្លាំង ក្រោធច្រឡោតខឹង និយាយទ្រគោះបោកទៅឲ្យទន្សាយថា៖ យីអានេះ! អាឯងអាល័យដើរទៅលេងជាប់នៅឯណាឲ្យយឺតយូរក្របានមកដល់ហ៎ៈ! ។ ទន្សាយលោមទោមអង្វរថា៖ ទេវៈ! ខ្ញុំបាទមិនមានកំហុសទេ  កាលខ្ញុំបាទកំពុងដើរមកតាមផ្លូវមានសីហៈមួយធំណាស់ មកចាប់ឃាត់ខ្ញុំបាទទាំងអំណាច ខ្ញុំបាទបាននិយាយអង្វរកស្បថស្បែចំពោះសីហៈកំណាចនោះថា នឹងត្រឡប់ទៅជួបវិញ សូមតែអនុញ្ញាតឲ្យខ្ញុំបាទចូលមកជម្រាបលោកម្ចាស់ក្នុងទីនេះ ឲ្យបានជ្រាបជាមុនសិន ព្រោះហេតុនេះបានជាយឺតយូរក្របានមកដល់ឆាប់ ។ ទុទ៌ាន្តៈ បានស្ដាប់ហើយ ក្រេវក្រោធឆេវ សួរតបទៅវិញទាំងកំរោលថា៖ បើដូច្នោះ អាឯងនាំអញទៅបង្ហាញឲ្យឆាប់ឥឡូវនេះ តើអាព្រហើនកោងកាចនោះវានៅឯណា? ។ ពេលនោះ ទន្សាយក៏នាំសីហៈទ្រនង់នោះទៅបង្ហាញអណ្ដូងជ្រៅស្រឡូងមួយ លុះដើរទៅដល់មាត់អណ្ដូងនោះហើយ និយាយប្រាប់ថា៖ សូមលោកម្ចាស់អញ្ជើញនៅមើលខ្លួនឯងចុះ វានៅក្នុងអណ្ដូងនោះឯង ។ ឯទុទ៌ាន្តៈ ដើរចូលទៅជិតក្រឡេកមើលក្នុងអណ្ដូងឃើញស្រមោលខ្លួន សម្គាល់ថាជាសីហៈមួយធំសម្បើមអស្ចារ្យ ក្នាញ់ខ្លាំងណាស់ ដំឡើងប្រែងសម្ដែងឫទ្ធិដ៏ឃោរឃៅលោតចុះទៅសង្គ្រុបក្នុងអណ្ដូងដោយក្ដីទ្រនង់យង់ឃ្នង ក៏ដល់នូវក្ដីបញ្ចភាព (សេចក្ដីស្លាប់) ស្លាប់ឰដ៏កាលនោះទៅហោង ។ ហេតុនោះហើយបានជាបង (ក្អែកឈ្មោល) និយាយប្រាប់ថា៖ នរជនណាមានប្រាជ្ញា នរជននោះឈ្មោះថាមានកម្លាំង ដូច្នេះជាដើម (លេខ ១២២) ។ ក្អែកញីសួរថា៖ អើខ្ញុំបានស្ដាប់អស់អាថ៌សេចក្ដីហើយ តើអ្នកបងគិតធ្វើឧបាយនៅដូចម្ដេច? ចូរប្រាប់ឧបាយនោះឲ្យខ្ញុំដឹងមើល! ។ ក្អែកឈ្មោលនិយាយប្រាប់ថា៖ នៅស្រះបោក្ខរណីទឹកថ្លាយល់ដី ជិតទីឋានយើងនេះមានព្រះរាជបុត្រទាំងឡាយតែងយាងចូលមកប្រពាតក្រសាលស្រង់ឧទកវារីលេងសប្បាយរាល់ៗថ្ងៃ ក្នុងស្នានសម័យ (ពេលមុជទឹក) ស្ដេចតែងដោះខ្សែព្រះសូរងជាវិការៈនៃមាសសម្រាប់តែងព្រះអង្គ ទុកនៅលើផែនថ្មនាឆ្នេរស្រះ ហើយទើបចុះទៅស្រង់ ចូរប្អូនហើយចុះទៅឆក់លួចយកនូវខ្សែព្រះសូរងជាវិការៈនៃមាសនោះដោយចំពុះ ហើយនាំយកមកទម្លាក់ក្នុងព្រង់ដែលពស់ចង្រៃវាអាស្រ័យនៅ ។ ថ្ងៃមួយ ព្រះរាជបុត្រទាំងឡាយស្ដេចយាងមកស្រង់ក្រសាលឧទកវារី មេក្អែកក៏ធ្វើដូចបានគិតគូរគ្នាទុកមុន ។ គ្រានោះឯង ព្រះរាជបុត្រទាំងឡាយ បានទតឃើញមេក្អែកឆក់យកខ្សែព្រះសូរងដូច្នេះ ស្ដេចដេញតាមមេក្អែក ដើម្បីដណ្ដើមយកខ្សែព្រះសូរងនោះរហូតទៅដល់ព្រង់ ទៅប្រទះឃើញពស់វែកនោះ ហើយក៏បបួលគ្នាវាយសម្លាប់ចោលបង់សៀតទៅហោង ។ ព្រោះហេតុនោះបានជាខ្ញុំ (ចចកទមនកៈ) ពោលថា៖ កិច្ចការណាដែលគេអាចធ្វើឲ្យសម្រេចបានដោយឧបាយ ដូច្នេះជាដើម (លេខ ១២០) ។ 

ចចកករដកៈ និយាយចាក់បណ្ដោយថា៖ បើដូច្នោះ ចូរឯងទៅចាត់ចែងធ្វើក្នុងកាលឥឡូវនេះទៅ ហើយសូមឲ្យបានសម្រេចសមប្រកបតាមក្ដីប្រាថ្នាកុំបីខានឡើយ ។ លំដាប់នោះឯង ចចកទមនកៈ ដើរចូលទៅរកបិង្គលកៈ លុះចូលទៅដល់ហើយ លើកទសករប្រណម្យ ទើបពោលពាក្យថា៖ ទេវៈ! ខ្ញុំបាទសង្កេតឃើញហេតុការណ៍ប្រកបដោយភ័យធំគួរឲ្យវតក្កខ្លាំង ទើបចូលមកជួបលោកជាម្ចាស់ដោយប្រញាប់ប្រញាល់ ព្រោះថា៖ 

១២៤- ក្នុងគ្រាអន្តរាយ ឬក្នុងការដើរខុសគន្លងផ្លូវ ឬក៏ក្នុងការប្រព្រឹត្តកន្លងឱកាសជាកាលគួរនរជនជាអ្នកធ្វើប្រយោជន៍ទូទៅ សូម្បីគេមិនសាកសួរ ក៏គប្បីស្នើណែនាំផ្លូវដោយពាក្យជាលក្យាណធម៌ ។ 

១២៥- ព្រះរាជា ជាភាជន៍សម្រាប់ត្រងរងនូវភោគខុស (សេចក្ដីសុខដែលកើតមានពីទ្រព្យសម្បត្តិ) មិនមែនជាភាជន៍សម្រាប់ត្រងរងនូវរាជការទេ កាលបើរាជការវិនាសខូចខាតហើយ មន្ត្រីត្រូវជាប់ទោស ។ 

ក្នុងករណីនេះ សូមលោកជាម្ចាស់ពិចារណាមើលចុះ ក្របនេះជាវិធីដំណើរការនៃអាមាត្យទំាងឡាយ លោកថា៖ 

១២៦- ការស៊ូលះបង់ជីវិត ពុំនោះ ការកាត់សិរសាអាមាត្យឲ្យដាច់ចេញ ជាការគាប់ប្រសើរណាស់ តែអាមាត្យភក្ដីធ្វើព្រងើយ កន្តើយចំពោះអាមាត្យក្បត់ដែលប្រុងសម្លាប់ម្ចាស់របស់ខ្លួន ដើម្បីធ្វើជាម្ចាស់ផែនដី មិនគាប់ប្រសើរសោះឡើយ ។ 

បិង្គលកៈ ត្រេកអរសាទរណាស់ សួរទៅវិញថា៖ បើដូច្នោះតើឯងត្រូវការនិយាយដូចម្ដេចខ្លះ? ។ ចចកទមនកៈ និយាយឡើងថា៖ ទេវៈ! គោសញ្ជីវកៈ សម្ដែងអាការកិរិយាចំពោះមុខខ្ញុំបាទមើលទៅហាក់មិនគួរគប្បីដល់លោកជាម្ចាស់សោះ មានពោលពាក្យនិន្ទាទ្រគោះបោកបោះមើលងាយព្រះចេស្ដាសក្ដានុភាព ៣ ប្រការ [រាជភណ្ឌ ៣ ប្រការគឺ៖ ប្រភាវៈ មហាអំណាច (ពលានុភាព អំណាចគ្រប់គ្រង តេជានុភាព គុណនុភាព) ១, មន្ទ្រៈ មន្ថ្រ ចំពោះវិជ្ជា១ និងឧស្សាហៈកម្លាំងសក្ដានុភាព១] ប្រាថ្នាលោភលន់ប្រុងដណ្ដើមយករាជសម្បត្តិ ។ បិង្គលកៈ បានស្ដាប់ពាក្យញុះញង់នេះហើយ ភ័យតក់ស្លុតនឹកអស្ចារ្យក្នុងចិត្តស្ដិតនៅស្ងៀមមិនចេញស្ដីសោះ ។ ចចកទមនកៈនិយាយបន្ថែមទៀតថា៖ ទេវៈ! លោកជាម្ចាស់ដកដាលបោះបង់ចោលអ្នករាជការចាស់មុនចោលអស់ ហើយតាំងសញ្ជីវកៈនេះឲ្យកាន់តំណែងធំអភិបាលសម្រេចរាជការផែនដីទាំងអស់ អំពើនេះជាទោសធំសម្បើមណាស់ ព្រោះថា៖ 

១២៧- ស្រី [ពាក្យនេះ មានសេចក្ដីច្រើន (បាលីថា សិរី) ប្រែថា សេចក្ដីរុងរឿង សោភាសម្អ សេចក្ដីចម្រើន សេចក្ដីសុខ សម្បត្តិ ឃ្លាំងទ្រព្យ តេជានុភាព គុណានុភាព សក្ដានុភាព និងលក្សី ដែលជាឈ្មោះទេពតា ទ្រព្យសម្បត្តិ] ទ្រទ្រង់នូវមន្ត្រី ដែលមានសក្ដានុភាពខ្លាំង និងម្ចាស់ផែនដីឲ្យរឹងជំហ ហើយយកជើងទាំងពីរទប់ជ្រែង ឯស្រីនោះជាស្ត្រីភាព មានសមត្ថភាពមិនអាចទប់ទល់នូវភារៈដ៏ធ្ងន់ទាំងពីរឲ្យប្រព្រឹត្តទៅបានទេ ម៉្លោះហើយតោងទម្លាក់ភារៈណាមួយចោល ក្នុងភារៈទាំងពីរនោះ គឺខ្ញុំបាទ ឬលោកម្ចាស់ ។ 

១២៨- ក្នុងកាលណា ព្រះភូមិបតី ទ្រង់តែងតាំងមន្ត្រីណាមួយជាឯកអគ្គផ្ដាច់ការក្នុងរាជ្យ ក្នុងកាលនោះក្ដីស្រវឹងយសតែងហូរចូលទៅគ្របសង្កត់ចិត្តមន្ត្រីនោះដោយអំណាចមោហធម៌ មន្ត្រីនោះឯងរមែងទម្លាយបង់នូវការងារឲ្យវិនាស ដោយអំណាចស្រវឹងយស និងក្ដីខ្ជិលត្រអូសមិនខាន កាលបើការងារវិនាសហើយ សេចក្ដីល្មោភអន្ទះអន្ទែងនឹងបង្កក្ដីចង់បាន កាន់អំណាចដាច់ខាតខ្លួនឯងនេះជាមូលហេតុ មន្ត្រីនោះនឹងទ្រុស្តធ្វើគុតម្ចាស់ខ្លួនឲ្យដល់ក្ដីក្ស័យប្រាណមិនខាន ។ 

១២៩- អាហារទទឹកជ្រាបដោយពិសពុល ធ្មេញដែលរង្គើ និងអាមាត្យប្រទូស ទាំងអស់នេះត្រូវកកាយដកចោលឲ្យទាល់តែអស់ដល់បាត ដល់ឫសគល់ ទើបបានក្ដីសុខ ។

១៣០- ព្រះរាជាអង្គណា ប្រគល់ព្រះរាជស្រី (បាលី រាជសិរី អធិបតេយ្យព្រះរាជា) ឲ្យជាអាយ័តដាច់ខាតដល់មន្ត្រីណាហើយ ក្ដីវិនាសអន្ដរាយ នឹងកើតមានប្រាកដក្នុងទីនេះ ព្រះរាជាអង្គនោះ នឹងទ្រង់ផ្ទំកើតទុក្ខសោកសៅក្ដៅក្រហាយ ដូចមនុស្សខ្វាក់ឥតអ្នកដឹកដៃ ។ 

សញ្ជីវកៈនេះ ធ្វើកិច្ចការសារពើបរិហារផែនដី តាមតែទំនើងចិត្តវា លោកម្ចាស់ជាបន្ទាល់សាក្សីក្នុងរឿងនេះស្រាប់ហើយ បានទាំងជ្រាបច្បាស់នូវកិច្ចការទាំងអស់នេះសព្វគ្រប់ផង ព្រោះថា៖ 

១៣១- បុរសណា មិនចង់បានទ្រព្យ បុរសនោះមិនមាននៅក្នុងលោកនេះទេ ក្នុងលោកនេះ នរណាមួយមិនក្រឡេកមើលដោយសាទរចំពោះប្រពន្ធក្មេងដែលមានរូបល្អគួរជាទីពេញចិត្តជនដទៃ? ។

សីហៈពិចារណាមើលមួយស្របក់ ឆ្លើយតបទៅវិញថា៖ នៃសម្លាញ់! ពាក្យដែលឯងនិយាយនេះ ពិតមែនហើយ ទោះបីដូច្នោះគួរនឹកដល់ការកម្សត់កម្រដែលយើងនឹងសញ្ជីកៈនេះបានធ្វើក្ដីស្និទ្ធស្នេហាយ៉ាងខ្លាំងមកយូរយារណាស់ហើយផង ឯងចូរមើល! លោកថា៖

១៣២- មិត្តណាជាទីស្រឡាញ់ពេញចិត្ត បើទុកជាកុហកបោកប្រាសយើងខ្លះ មិត្តនោះ នៅតែជាទីស្រឡាញ់ពេញចិត្តដដែល ដូចរាងកាយយើង ទោះបីមានរោគាព្យាធិប្រទូសសព្វទាំងអស់ អ្នកណាមួយមិនស្រឡាញ់រាងកាយខ្លួន ។ 

១៣៣- មិត្តណាជាទីស្រឡាញ់ពេញចិត្ត សូម្បីធ្វើឲ្យយើងមិនពេញចិត្តច្រើនយ៉ាង មិត្តនោះ នៅតែជាមិត្តជាទីស្រឡាញ់ពេញចិត្តដដែល ដូចភ្លើង សូម្បីឆេះមន្ទីរមហាសាល អ្នកណាមួយ លែងនិយមរាប់អានភ្លើងទៀត? ។ 

ចចកទមនកៈ និយាយថែមទៀតថា៖ ទេវៈ! រឿងនេះ ជាទោសកំហុសធំខ្លាំងណាស់ ព្រោះថា៖ 

១៣៤- ព្រះរាជា ទតព្រះនេត្រដោយក្រៃលែង ចំពោះជនណាទោះជាព្រះរាជបុត្រក្ដី ទោះជាអាមាត្យក្ដី ឬក៏ជាជនបរទេសក្ដី លក្ស្មី (ទ្រព្យ) តែងរង់ចូលទៅជាសិរីនៃជននោះ ។ 

សូមលោកម្ចាស់ស្ដាប់ពាក្យនេះតទៅទៀតថា៖ 

១៣៥- ការរលត់បង់នូវពាក្យជជែក ដែលមិនជាទីពេញចិត្ត តែងនាំមកនូវសេចក្ដីសុខ ទីណាមានអ្នកនិយាយ ហើយមានអ្នកស្ដាប់ទីនោះ ក្ដីសម្រេចផលគួរជាទីពេញចិត្តតែងកើតឡើង ។ 

ពេលនេះ ព្រះបាទជាម្ចាស់ដកដាលខ្ញុំរាជការចាស់ជាឫសគល់ចោលអស់ហើយ ទៅតាំបន្តុបលើកតម្កើងជនបរទេសអាគន្តុកជាត្រីមុខឲ្យជាធំជាងពួកខ្ញុំរាជការចាស់វិញ អំពើនេះមិនត្រឹមត្រូវតាមធម៌ទេ ព្រោះថា៖ 

១៣៦- ព្រះភូមិបាល មិនគួរគប្បីរាប់អានលើកតម្កើងជនបរទេសអាគន្តុកដោយអាងហេតុថា៖ ខ្ញុំរាជការចាស់ប្រព្រឹត្តខុសទេ អំពើនេះជាទោសធំណាស់ ព្រោះថា ជនបរទេសយើងនឹងជឿទុកចិត្តបានថាមិនទម្លាយរាជ្យសម្បត្តិឲ្យវិនាសឬអ្វី? ។ 

សីហៈនិយាយទទឹងទាស់ថា៖ ពាក្យឯងនេះ ប្លែកអស្ចារ្យណាស់ មិនមែនឬអ្វី? សញ្ជីវកៈ នេះយើងបានឲ្យអភ័យ ហើយនាំយកមកទំនុកបម្រុងឲ្យធ្វើការឲ្យមានកិត្តិយស ហេតុដូចម្ដេចក៏ឯងសម្គាល់យល់ថា វាគិតប្រទូសក្បត់រាជ្យយើងវិញ? ។ ចចកទមនកៈ និយាយបញ្ជាក់ថា៖ ទេវៈ! 

១៣៧- មនុស្សទុជ៌ន បើទុកជាលើកតម្កើងឲ្យមានយសសក្តិជានិច្ចក៏ដោយ ក៏នៅតែមិនមានក្ដីស្មោះត្រង់ មិនលះបង់ប្រក្រតីដើមដូចកន្ទុយឆ្កែ សូម្បីគេយកប្រេងលាបរឹតឲ្យត្រង់ ក៏មិនលះបង់ចុងស្ទើតទៅលើដូចប្រក្រតីវាឡើយ ។ 

១៣៨- ធម្មតាកន្ទុយឆ្កែ ទោះជាគេកែយកប្រេងលាប យកខ្សែចង យកសំពត់រុំចងទុកអស់១២ឆ្នាំ ក៏ឥតអំពើ កាលណាគេស្រាយចំណងចេញ ក៏ត្រឡប់កងកន្ទុយងក្ងក់ឡើងវិញដូចប្រក្រតីដើម ។ 

១៣៩- ការបណ្ដុះបណ្ដាលឲ្យចម្រើន ឬការរាប់អានលើកតម្កើងឲ្យប្រសើរ នឹងអាចញ៉ាំងមនុស្សខិលខូចចិត្តអាក្រក់ ឲ្យត្រេកអរពេញចិត្តដូចម្ដេចកើត? ដូចដើមឈើមានពិសពុល សូម្បីយកទឹកអម្រឹតទៅស្រោចស្រព ក៏មិនអាចត្រឡប់ចេញផ្លែគួរជាទីប្រាថ្នាបានដូច្នោះដែរ 

ព្រោះហេតុនោះ បានជាខ្ញុំបាទនិយាយថា៖ 

១៤០- នរជនមិនចង់ឲ្យកល្យាណមិត្តណាបានក្ដីវិនាស សូម្បីកល្យាណមិត្តនោះមិនសាកសួរមុនក៏គួរគប្បីប្រាប់ឧបាយឲ្យកើតប្រយោជន៍ដែរ នេះជាធម៌នៃលោកសប្បុរសទាំងឡាយ បើពុំនោះទេ នរជននោះនឹងធ្លាក់ក្នុងគតិនៃជនមានមតិថោកទាប (សេចក្ដីលេខ ១២៤) ។ 

១៤១- នរជនណាឃាត់ហាមមិនឲ្យធ្វើអំពើអកុសល នរជននោះឈ្មោះថាជាមិត្តនាមឲ្យរឹតតែរុងរឿង កម្មណាប្រាសចាកមន្ទិល គឺពាក្យតិះដៀល កម្មនោះឈ្មោះថាជាកម្មបរិសុទ្ធប្រពៃ ស្រីណាប្រព្រឹត្តតាមឆន្ទៈស្វាមី ស្រីនោះឈ្មោះថាជាភរិយា នរជនណាមានសប្បុរសទាំងឡាយគោរពបូជាសរសើរ នរជននោះ ឈ្មោះថាជាបណ្ឌិត ធម្មជាតិណាមិនឲ្យស្រវឹងសៅហ្មង ធម្មជាតិនោះ ឈ្មោះថា ជាសិរី នរជនណារួចពីខ្ញុំតណ្ហា នរជននោះឈ្មោះថាជាបុគ្គលមានសេចក្ដីសុខ នរជនណាស្មោះត្រង់តាមប្រក្រតី នរជននោះឈ្មោះថាជាមិត្ត នរជនណាទូន្មានឥន្ទ្រិយបាន នរជននោះឈ្មោះថាជាបុរស ។ 

រឿងនេះ ថាបើលោកម្ចាស់មិនព្រមត្រឡប់ស្មារតី បណ្ដោយឲ្យសញ្ជីវកៈធ្វើគុតឲ្យរលត់ផុតជីវិតវិនាសទាំងដែលទ្រង់បានជ្រាបរួចហើយ កំហុសដូច្នេះមិនមែនជាទោសអាមាត្យមុខមន្ត្រីខ្ញុំបម្រើទេ ព្រោះថា៖ 

១៤២- ព្រះនរបតី ជាប់ព្រះទ័យស្អិតក្នុងកាម មិនគយគន់មើលកិច្ចរាជការ និងផលប្រយោជន៍ប្រទេសជាតិ ប្រព្រឹត្តធ្វើតាមតែទំនើងព្រះទ័យ ស្រវឹងពន់ពេកក្រៃដូចដំរីចុះប្រេង កាលតមក ទ្រង់កើកមានៈ ក្សត្រគ្របសង្កត់ធ្លាក់ព្រះអង្គទៅក្នុងជ្រោះជ្រៅ គឺសេចក្ដីសោកសល្យហើយ ទ្រង់តែងដាក់ទោសទម្លាក់ខុសមកលើអាមាត្យមុខមន្ត្រី មិនបាននឹកនាដល់ទោសពៃរ៍កំហុសកន្លងវិន័យព្រះអង្គឡើយ ។ 

បិង្គលកៈនឹកតែក្នុងចិត្តថា៖

១៤៣- ព្រះរាជាមិនត្រូវដាក់ទណ្ឌកម្មដល់ជនដទៃៗ ដោយអាងយកតែពាក្យពោលបង្ខុសនៃជនឯទៀតឡើយ គួរគប្បីសាកសួរឲ្យឃើញទោសប្រត្យក្សដោយខ្លួនសិន សឹមត្រូវចាប់ចងដាក់ទោស ឬពុំនោះត្រូវបូជា ។ 

១៤៤- នរជន មិនបានពិចារណាគុណ និងទោសឲ្យឃើញម៉ត់ចត់តាមវិធីមុនសិនទេ មិនគួរអាណិតលើកលែង ឬដាក់ទោសទណ្ឌទេ ដូចការមើលងាយយកដៃលូកទៅក្នុងមាត់ពស់ ឈ្មោះថាយកក្ដី វិនាសមកឲ្យខ្លួនឯងពិតឥតសង្ស័យឡើង ។ 

នឹកឃើញដូច្នេះហើយ ទើបបិង្គលកៈប្រកាសខ្លាំងៗថា៖ បើដូច្នោះ ត្រូវហៅសញ្ជីវកៈឲ្យចូលមកនឹងប្រាប់ឲ្យដឹងខ្លួនឬអ្វី? ។ ចចកទមនកៈ ឆ្លើយតបដោយប្រញាប់ថា៖ ទេ! ទេ! មិនបានទេ! ធ្វើដូច្នេះនាំឲ្យគេឯងដឹងឮច្រើន បែកការសម្ងាត់អស់ហើយ ព្រោះលោកថា៖ 

១៤៥- ពូជគឺការសម្ងាត់នេះ សូម្បីតែបន្ដិច បុគ្គលគប្បីលាក់ទុកដោយប្រពៃ គប្បីរក្សាទុកដោយម៉ឺងម៉ាត់តាមដែលនឹងអាចម៉ឺងម៉ាត់បាន បុគ្គលត្រូវប្រយ័ត្នកុំឲ្យបែកការឡើយ ការសម្ងាត់នោះ បើបែកឆ្លាយហើយ មិនដុះកាលបានផលសម្រេចទេ ។ 

១៤៦- ការងារ ដែលត្រូវចាប់ធ្វើ ឬដែលត្រូវបង្គាប់គេ ឬដែលត្រូវធ្វើខ្លួនឯង បើបុគ្គលមិនគប្បីប្រញាប់ប្រញាល់ធ្វើឲ្យបានរួសរាន់ទាន់ពេលទេ កាលវេលានឹងជញ្ជក់ក្រេបផឹកស៊ីរសជាតិការងារនោះអស់រលីង ។ 

ព្រោះហេតុនោះ ការងារអ្វីមួយ ដែលនរជនប្រារព្ធធ្វើហើយ ត្រូវតែចាត់ការភ្លាមៗដោយការប្រយ័ត្នម៉ឺងម៉ាត់ដែលអាចនឹងប្រយ័ត្នបាន ព្រោះថា៖ 

១៤៧- ការសម្ងាត់ ដូចទាហានមិនមានទឹកចិត្តមាំមួន សូម្បីមានគ្រឿងក្រោះការពារសព៌ាង្គកាយបរិបូណ៌ហើយ ក៏មិនអាចធន់ទ្រំស្ថិតនៅក្នុងកន្លែងអស់កាលយូរបាន ព្រោះក្ដីរង្គៀសខ្លាចក្រែងអាចឲ្យសត្រូវតយុទ្ធទម្លាយបាន ។ 

បើទុកជាសញ្ជីវកៈនេះមើលឃើញទោសកំហុសខ្លួន ហើយចូលមកលោកម្ចាស់សូមឲ្យលោះលាត្រាប្រាណីទោស ក៏មិនគួរគប្បីសម្ដែងមេត្រីយកជាមិត្តតទៅមុខទៅដែរ ព្រោះថា៖ 

១៤៨- នរជនណាចង់ចងសម្ព័ន្ធមេត្រីម្ដងទៀត ចំពោះមិត្តដែលបានប្រទូសរួចម្ដងហើយ នរជននោះឯង ឈ្មោះថាទៅកាន់យកម្រឹត្យុតែម្ដង ដូចមេសេះ ពផ្ទៃសេះអស្សតរដូច្នោះឯង ។ 

សីហៈនិយាយដោយក្លាហានថា៖ យើងចង់ដឹងដែរ តើសញ្ជីវកៈនេះវាអាចហ៊ានធ្វើគុតដណ្ដើមរាជ្យយើងម៉្លាទៅ ។ ចចកទមនកៈឆ្លើយតបទៅវិញថា៖ 

១៤៩- នរជន មិនដឹងភារៈនៃការទាក់ទងនឹងជនដទៃហើយ មិនត្រូវគ្នេរចុះមតិសម្គាល់សមត្ថភាព គេថាដូចម្ដេចឡើយ ចូរមើល! សមុទ្ទក៏ចាលចាញ់តេជដៃ សព្វបើត្រដេវវិចដែរ ។ 

សីហៈសួរថា៖ ចុះរឿងនោះតើដូចម្ដេច? ។ ចចកទមនកៈនិយាយរឿងដូចតទៅនេះថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!