ការបំបែកមិត្ត

កថាទី១៖ រឿងគោឧសភ ចចកពីរ និងសត្វសីហៈ

កថាទី២៖ រឿងពានរ និងសសរ

កថាទី៣៖ រឿងលា និងឆ្កែ

កថាទី៤៖ រឿងសីហៈ និងឆ្មា

កថាទី៥៖ រឿងស្ត្រីពេស្យា និងគង

កថាទី៦៖ រឿងបរិព្វាជកកន្ទប៌កេត

កថាទី៧៖ រឿងភរិយាគោបាល និងសហាយពីរនាក់

កថាទី៨៖ រឿងក្អែកញីឈ្មោល និងពស់

កថាទី៩៖ រឿងសីហៈ និងទន្សាយ

កថាទី១០៖ រឿងត្រដេវវិចញីឈ្មោល និងសមុទ្ទ

សៀវភៅអេឡិកត្រូនិក

នៅក្នុងក្រុងបុរីទ្វារាវតី មានស្ត្រីម្នាក់ជាភរិយាគោបាល ជាស្ត្រីចិត្តចើកហើរហាយទៅចងចិត្តរីករាយដោយផ្លូវកាមលោកិយ នឹងមន្ត្រីកាន់ការជាទណ្ឌនាយក (មេត្រួត ឬមេនគរបាល) ព្រមទាំងបុត្រកម្លោះគាត់ផងនៅក្នុងក្រុងនោះ ព្រោះថា៖

១១៥- ភ្លើងតែងមិនឆ្អែតដោយអង្កត់ឧសទាំងឡាយ មហាសមុទ្ទតែងមិនឆ្អែតដោយទឹកស្ទឹងទំាងឡាយ ម្រេត្យុតែងមិនឆ្អែតដោយសព្វសត្វទាំងឡាយ ឯស្ត្រីមានរូបល្អ តែងមិនឆ្អែតដោយប្រុសទាំងឡាយ ។

១១៦- ដោយការឲ្យរង្វាន់ក៏មិនបាន ដោយការយកចិត្តក៏មិនបាន ដោយការប្រើអាវុធបង្ខំក៏មិនបាន ឬដោយការប្រើច្បាប់ចរិយាបង្គាប់ក៏មិនបានទៀត ដោយពិត ស្ត្រីភាពគឺគេទូន្មានមិនងាយបានដោយប្រការទាំងពួង ។ 

១១៧- ស្ត្រីភាព ចិត្តដាច់ណាស់ អាចលះបង់ប្ដីដែលមានគុណក៏ប្រសើរ មានកិត្តិយស មានរូបល្អជាទីពេញចិត្ត ឆ្លាតក្នុងកាមវិធី មានទ្រព្យសម្បត្តិច្រើន ឬនៅក្មេងស្រឡាងចោលភ្លាមួយរំពេចហើយរត់ទៅរើសរកប្រុសគម្រក់តាមថ្នល់ដែលឥតគុណ និងចរិយា ។ 

១១៨- ពិតប្រាកដណាស់! នារី សូម្បីដេកលើទែនសយនារចនាដ៏វិចិត្រប្រណីតគួរជាទីមនោរម្យក៏មិនគាប់ចិត្តស្អិតស្មើដោយក្ដីភ្លើតភ្លើនរួមខ្នើយដោយប្រុសប្ដីគេ ជាគូស្នេហាថ្មីប្លែកមុខ យកផែនដីជាគ្រែក្រាលដោយស្មៅក្រៀមក្រោះជាកន្ទេល ។ 

ថ្ងៃមួយ ភរិយាគោបាលនោះ អង្គុយប្រឡែងលេងជាទីរីករាយជាមួយនឹងបុត្រទណ្ឌនាយកដោយកាមទណ្ហា ។ កំពុងតែរីករាយដោយក្ដីស្នេហា ទណ្ឌនាយកមកដល់ ភរិយាគោបាល ក៏លបយកទុត្រទណ្ឌនាយកនោះទៅលាក់ក្នុងជង្រុកភ្លាម ហើយចេញមកសំណេះសំណាលជាមួយទណ្ឌនាយកវិញ និយាយសើចលេងក្អាកក្អាយដោយក្ដីប្រតិព័ទ្ធ ។ កាលនោះឯង គោបាលជាប្ដីនាងនោះត្រឡប់ពីឃ្វាលគោមកដល់ ។ ភរិយាគោបាលឃើញប្ដីមកដល់ និយាយខ្សឹបៗនឹងទណ្ឌនាយកថា៖ នែលោកទណ្ឌនាយក! លោកកាន់ដំបងមួយ ហើយដើរចេញទៅរហ័យធ្វើអាការហាក់ដូចជាក្រោធខឹងណាស់ ។ និយាយរួចហើយ ទណ្ឌនាយកធ្វើតាមភ្លាម ។ ឯគោបាលចូលមកដល់ក្នុងផ្ទះសួរប្រពន្ធថា៖ ទណ្ឌនាយកនេះក្រោធខឹងរឿងអ្វីខ្លាំងម៉្លេះ? ។ ភរិយាគោបាលឆ្លើយប្រាប់ថា៖ លោកទណ្ឌនាយក លោកខឹងកូនលោក ខ្ញុំមិនដឹងជាមានហេតុអ្វីដែរ កូនលោកនោះរត់ចូលមកជ្រកក្នុងផ្ទះយើង ឥឡូវខ្ញុំជួយយកទៅលាក់ក្នុងចង្រុករក្សាទុកទៅហើយ លោកទណ្ឌនាយកចូលមកក្នុងផ្ទហយើងរកកូនលោកនោះមិនឃើញ ខឹងណាស់មុខក្រញូវដើរចេញទៅវិញទៅ ។ ពេលនោះ ភរិយាគោបាល ចូលទៅនាំយកបុត្រទណ្ឌនាយកនោះចេញពីជង្រុកមកបង្ហាញប្ដី ព្រោះថា៖ 

១១៩- បុគ្គលគប្បីជ្រាបថា ស្ត្រីបរិភោគអាហារទ្វេគុណ មានប្រាជ្ញាចតុគុណ មានកលមាយាឆគុណ និងបរិភោគកាមអដ្ឋគុណ ។ 

ហេតុនោះហើយ បានជាខ្ញុំ (ចចកទមនកៈ) ពោលថា៖ រីហេតុការណ៍មួយ ដែលកើតឡើងភ្លាមៗដោយមិនដឹងខ្លួន ដូច្នេះជាដើម (លេខ១១៤) ។ 

ចចកករដកៈឆ្លើយឡើងថា៖ឯងនិយាយនេះ តែងមានសេចក្ដីពិតហើយ តែធ្វើដូចម្ដេចហ៎ៈមេត្រីរាប់អានគ្នាទៅវិញទៅមកនៃសត្វទាំងពីនោះ កើតជាប់ជានិស្ស័យស្និទ្ធជិតជាប់លាប់ណាស់ទៅហើយ យើងធ្វើដូចម្ដេចទើបអាចនឹងបំបែកគ្នាចេញបាន? ។ ចចកទមនកៈ ឆ្លើយប្រាប់ថា៖ យើងរកឧបាយបំបែកឲ្យទាល់តែបាន ព្រោះថា៖ 

១២០- កិច្ចការណាដែលគេអាចធ្វើឲ្យសម្រេចបានដោយឧបាយ កិច្ចការនោះ គេមិនបាច់ប្រើកម្លាំងព្យាយាមទេ ព្រោះបើឧបាយដោយខ្សែ-ក ជាវិការនៃមាស ក្អែកសម្លាប់ពស់វែកបាន ។ 

ចចកករដកៈ សួរថា៖ ចុះរឿងនោះដូចម្ដេច? ។ ចចកទមនកៈ និយាយរឿងនោះប្រាប់ថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!