ការបំបែកមិត្ត

កថាទី១៖ រឿងគោឧសភ ចចកពីរ និងសត្វសីហៈ

កថាទី២៖ រឿងពានរ និងសសរ

កថាទី៣៖ រឿងលា និងឆ្កែ

កថាទី៤៖ រឿងសីហៈ និងឆ្មា

កថាទី៥៖ រឿងស្ត្រីពេស្យា និងគង

កថាទី៦៖ រឿងបរិព្វាជកកន្ទប៌កេត

កថាទី៧៖ រឿងភរិយាគោបាល និងសហាយពីរនាក់

កថាទី៨៖ រឿងក្អែកញីឈ្មោល និងពស់

កថាទី៩៖ រឿងសីហៈ និងទន្សាយ

កថាទី១០៖ រឿងត្រដេវវិចញីឈ្មោល និងសមុទ្ទ

សៀវភៅអេឡិកត្រូនិក

(ប្រកបរឿងគោបាលប្ដីប្រពន្ធ អ្នកកាត់សក់ប្ដីប្រពន្ធ ព្រមទាំងរឿងពាណិជខាតទ្រព្យ)

មានព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាមវីរវិក្រមៈ សោយរាជ្យសម្បត្តិនៅក្នុងក្រុងឈ្មោះកាញ្ចនបុរៈ ។ ថ្ងៃមួយ ចៅក្រមកាត់ទោសអ្នកកាត់សក់ម្នាក់ដល់ប្រហារជីវិត បង្គាប់ឲ្យនាយពេជ្ឈឃាតនាំយកទៅសម្លាប់ ។ កាលពេជ្ឈឃាតបណ្ដើរអ្នកកាត់សក់ទៅកាន់ទីមនុស្សឃាត បានជួបរិព្វាជកម្នាក់ឈ្មោះកន្ទប៌កេតុ និងពាណិជម្នាក់ទៀត ។ កន្ទប៌កេតុ ឃាត់ពេជ្ឈឃាតថា៖ នែពេជ្ឈឃាត! អ្នកកាត់សក់នេះមិនត្រូវគេសម្លាប់ទេ ។ ថាហើយចាប់ជាយសំពត់អ្នកកាត់សក់ជាប់ ទាញមិនព្រមឲ្យយកទៅសម្លាប់ ។ រាជបុរសជាពេជ្ឈឃាតសួរថា៖ ហេតុអ្វី ក៏មិនត្រូវសម្លាប់មនុស្សទោសនេះ? ។ កន្ទប៌កេតុ ឆ្លើយប្រាប់ថា៖ សូមអ្នកទាំងអស់ចាំស្ដាប់រូបខ្ញុំនេះ បានពាល់រូបនាងស្វណ៌រេខា បានជាធ្លាក់ខ្លួនមកកាន់សភាពដូច្នេះ ។ រាជបុរសទាំងឡាយបានស្ដាប់ហើយ ងឿងឆ្ងល់ណាស់ ទើបសួរតទៅថា៖ ចុះរឿងនោះតើដូចម្ដេចខ្លះ? ។ បរិព្វាជកកន្ទប៌កេតុ ចាប់ផ្ដើមនិយាយរៀងខ្លួននោះឲ្យស្ដាប់ដូចសេចក្ដីតទៅនេះថា៖ 

ខ្លួនខ្ញុំនេះឈ្មោះកន្ទប៌កេតុ ជាបុត្រព្រះរាជាមួយព្រះអង្គ ទ្រង់ព្រះនាមជីមូតកេតុ នៅសីហលទ្វីប ។ ថ្ងៃមួយ ខ្ញុំចូលទៅលេងកម្សាន្តសប្បាយក្នុងសួនឧទ្យាន បានជួបពាណិជម្នាក់ជាអ្នកធ្លាប់ដើរសំពៅសមុទ្ទ គាត់បាននិយាយប្រាប់ខ្ញុំថា៖ នៅនាកណ្ដាលសមុទ្ទ តែដល់ថ្ងៃ១៤ កើតហើយ តែងមានផុសកល្បព្រឹក្សមួយដើម នៅទៀបកល់កល្បព្រក្សនោះ ខ្ញុំឃើញនាងកញ្ញាម្នាក់ មានរូបឆោមលោមពណ៌ល្អអនេក ដូចនាងលក្ស្មី (សក្ដិព្រះនារាយណ) ប្រដាប់តាក់តែងស្អិតស្អាងកាយដោយគ្រឿងអលង្ការគ្រប់ប្រការ អង្គុយលើទែនសយនាជាវិការៈនៃមាសភ្លឺប្រុះឆ្លុះឆ្វៀលច្រវាត់ដោយរតនវត្ថុដ៏មានតម្លៃ ដៃដេញពិណលេងកម្សាន្តសប្បាយឮសូរពីរោះក្រៃលែង ។ លំដាប់នោះ ខ្ញុំសូមឲ្យពាណិជធ្វើជាអ្នកនាំ ហើយបបួលគ្នាឡើងជិះសំពៅ លើកយុត្កាបើកយាត្រាចរចេញទៅកាន់ទីនោះ ។ កាលទៅដល់ ខ្ញុំបានឃើញនាងកញ្ញាអង្គុយលើទេនសយនាដ៏ល្អនោះមែន តែពេលនោះ ទែនសយនាលិចពាក់កណ្ដាលទៅក្នុងទឹកហើយ តទៅនាងកញ្ញានោះក៏លិចបាត់ទៅក្នុងទឹកព្រមមួយអន្លើដោយស្រីជាបរិវារនៅចំពោះមុខខ្ញុំថែមទៀត ដូចសេចក្ដីដែលពាណិជបានប្រាប់ខ្ញុំសព្វគ្រប់មែន ។ កាលនោះឯង ខ្ញុំក៏ជាប់ចិត្តស្និទ្ធស្នេហាចំពោះរូបសោភានាងកញ្ញានោះខ្លាំងណាស់ ទាល់តែអត់ទ្រាំមិនបានក៏លោតភ្លុងចុះក្នុងទឹកមុជទៅតាមភ្លាម ខ្ញុំបានទៅដល់កនកបុរីស្រីនគរមាស បានឃើញនាងកញ្ញានោះ អង្គុយលើទែនដដែលក្នុងសុវណ្ណប្រាសាទមាននាងវិជ្ជាធរីទាំងឡាយកំពុងចោមរោមគាល់ហ្វៅ ។ នាងកញ្ញានោះមើលមកឃើញខ្ញុំពីចម្ងាយ ក៏ប្រើនាងវិជ្ជាធរីមា្នក់ជាជំនិតឲ្យមកអញ្ជើញខ្ញុំ ។ នាងបម្រើនេះនិយាយប្រាប់ខ្ញុំដោយក្ដីរាក់ទាក់ដ៏ក្រៃលែង ។ ខ្ញុំសាកសយួរនាងបម្រើនោះៗនិយាយប្រាប់មកខ្ញុំវិញថា នាងកញ្ញានេះព្រះនាមនាងរត្នមញ្ចរី ជាព្រះរាជបុត្រីនៃព្រះបាទចក្រពត្រាធិរាជ នៃពួកវិទ្យាធរទាំងឡាយ ទ្រង់ព្រះនាមកន្ទប៌កេលី ព្រះនាងបានប្ដេជ្ញាទុកថា អ្នកណាបានមកដល់ឃើញក្រុងកនកបុរី នេះដោយភ្នែកខ្លួនឯង សូម្បីព្រះវរបិតានាងមិនជ្រាប ព្រះនាងក៏ទទួលយកអ្នកនោះជារាជស្វាមី បើដូច្នោះ ចូរអ្នករៀបចំមង្គលការនឹងនាងកញ្ញានេះ ដោយគាន្ធវិវិវាហៈក្នុងកាលឥឡូវនេះទៅ ។ កាលនោះឯង ខ្ញុំក៏រៀបចំធ្វើមង្គលការគាន្ធវិវាហៈនឹងនាងកញ្ញានោះ ហើយនៅជាសុខក្សេមក្សាន្តមនោរម្យសមតាមសេចក្ដីប្រាថ្នាអស់កាលដ៏យូរ ។ 

ថ្ងៃមួយ នាងរត្នមញ្ចរីជាភរិយាហាមប្រាមខ្ញុំដោយសេចក្ដីស្រឡាញ់ថា៖ ស្វាមី! អ្នកបងចូរប្រើប្រាស់គ្រឿងឧបភោគបរិភោគដែលមាននៅក្នុងប្រាសាទទាំងអស់នេះតាមសេចក្ដីប្រាថ្នាចុះ កុំកោតញញើតឡើយ តែរូបគំនូរនាងវិជ្ជធរីឈ្មោះស្វណ៌រេខា មួយនេះ ក្នុងកាលណាក៏ដោយ អ្នកបងកុំពាល់ឲ្យសោះ ។ ក្នុងកាលជាខាងក្រោយមក ដោយសេចក្ដីចំណង់ដ៏ខ្លាំងក្រៃលែង អត់ទ្រាំមិនបាន ខ្ញុំក៏យកដៃទៅពាល់សុដន់នាងស្វណ៌រេខារូបគំនូរនោះ ដកដៃស្ទើរតែមិនទាន់ទាំងផុតផង រូបគំនូរនាងស្វណ៌រេខានោះយកជើងមកធាក់ខ្ញុំមួយជើងប៉័ង ប៉ើងធ្លាក់មកដល់ស្រុកកំណើតខ្លួនវិញមួយរំពេច ។ ខ្ញុំកើតទុក្ខព្រួយក្ដៅក្រហាយស្ដាយក្រោយតប់ប្រមល់តល់ពុទ្ធោមិនដឹងធ្វើដូចម្ដេច ក៏រត់មកបួសជាបរិព្វាជក ចេះតែដើរត្រាច់រង្គាត់លើផែនពសុធាវិលវល់ទៅវិញទៅមក ហើយដើររហូតមកដល់នគរនេះឯង ។ លុះព្រះទិនករដ៏បវរចរចូលកាន់សន្ធិយារត្រី ខ្ញុំក៏ចូលទៅកាន់ផ្ទះគោបាលដែលនៅជិតទីឋាននេះ សុំជ្រកកោនអាស្រ័យនៅសម្រាកកម្លាំង ។ គោបាលបានទទួលឲ្យខ្ញុំពឹងពាក់អាស្រ័យក្នុងទីមួយកន្លែងនៅផ្ទះគាត់ៗ បាននិយាយប្រាប់ភរិយាគាត់ថា ឲ្យមើលថែរក្សាខ្ញុំដោយល្អផង ចាំទម្រាំដល់គាត់ត្រឡប់មកវិញ ។ គោបាលផ្ដាំទុកដាក់ខ្ញុំនឹងភរិយារួចហើយ គាត់ដើរចេញទៅក្រៅបាត់ ។ ក្នុងពេលដែលគោបាលជាប្ដីចេញផុតបាត់ទៅ ភរិយាគាត់ប្រព្រឹត្តខុសគន្លងប្រវេណីស្ត្រីភាព ធ្វើការទាក់ទងជាមួយស្ត្រីពេស្យាជាមេអណ្ដើកម្នាក់ជាភរិយាអ្នកកាត់សក់ ។ លុះគោបាលត្រឡប់មកដល់ផ្ទះ គាត់ឃើញភរិយាគាត់កំពុងនិយាយចរចាជាមួយនឹងស្រីពេស្យានោះ ។ ឯភរិយាគោបាលកាលឃើញគោបាលជាប្ដីត្រឡប់មកដល់វិញ រត់ចូលទៅក្នុងផ្ទះភ្លាម ហើយធ្វើជារៀបចំតាក់តែងគ្រែពូកខ្នល់ក្នើយសម្រាប់ទទួលទានដំណេក ។ គោបាលជាប្ដី ចាប់ភរិយាកាឡកណ្ណីនោះមកវាយច្រើនខ្វាប់ ហើយយកទៅចងភ្ជាប់នឹងសរសរទ្រូងផ្ទះ រួចគាត់ក៏ចូលទៅសម្ងំដេកលក់ទៅ  ។ ពេលរំលងអាធ្រាត្រ ស្ត្រីពេស្យាមេអណ្ដើកនោះ វិលត្រឡប់មកជួបប្រពន្ធគោបាលវិញ ហើយនិយាយថា៖ ម្រាក់អើយ! សហាយជាទីស្រឡាញ់ម្រាក់ កើតទុក្ខក្ដៅក្រហល់ក្រហាយរោលរាលខ្លាំងណាស់ ដូចភ្លើងឆេះ ដេកមិនលក់បក់មិនល្ហើយទេ ព្រោះមិនបានជួបឃើញមុខម្រាក់ថ្ងៃនេះ ឥឡូវនេះត្រូវសរព្រះកាមទេពសន្លប់សន្លិនដូចរកកលស្លាប់ទៅហើយ ព្រោះថា៖ 

១១១- កាលបើព្រះចន្ទ្ររះឡើងក្រឡង់ កម្ចាត់បង់អ័ព្ទងងឹតសូន្យសុង ចោលពន្លឺភ្លឺថ្លា ត្រជាក់ស្រអែតក្នុងរាត្រីកាលហើយ ព្រះកាមទេពតែងបាញ់សរទៅចំចិត្តកម្លោះដែលខ្លួនបានឃើញ ។ 

ខ្ញុំបានឃើញសហាយនាង កើតទុក្ខព្រួយជ្រុបសញ្ជប់សញ្ជឹងមានប្រការដូច្នេះ ទើបបានជាខ្ញុំវិលត្រឡប់មកប្រាប់ម្រាក់វិញ ។ បើដូច្នេះ ដើម្បីឲ្យម្រាក់បានទៅជួបមុខ ខ្ញុំគិតថាយកខ្លួនខ្ញុំទៅចងជំនួសម្រាក់បណ្ដើរសិន ដើម្បីឲ្យម្រាក់ទៅជួបប្រុសសម្លាញ់ក្នុងទីនោះ លុះម្រាក់ធ្វើឲ្យគ្នាសប្បាយចិត្តរួចស្រេចហើយ សឹមម្រាក់ត្រឡប់វិលមកវិញ តែសូមម្រាក់កុំទៅយូរពេក ។ កាលនាងទាំងពីរនិយាយគ្នាហើយ ធ្វើតាមពាក្យមត់នោះ គោបាលក៏ភ្ញាក់ពីដេកឡើងវិញ ហើយនៅតែក្ដៅចិត្តងំនៅឡើយ ទើបនិយាយបញ្ជោះបោះបោកទៅរកភរិយាថា៖ ចុះហេតុអ្វី ពេលនេះមេសំផឹងឯងម៉េចក៏មិនទៅរកសហាយមីហងឯងទៀតទៅហ៎ៈ? ។ ពេលនោះ ដរាបណា ស្ត្រីពេស្យាមេអណ្ដើកដែលចងខ្លួនជំនួសភរិយាគោបាលមិនមាត់កថាដូចម្ដេចសោះ ដរាបនោះ គោបាលច្រឡោតខឹងរឹតតែខ្លាំងឡើងស្រេកជេរសន្ធាប់ថា៖ យើមីចោរចង្រៃ! មីហងឯងព្រហើនណាស់ ម៉េចមិនចង់និយាយឆ្លើយឆ្លងនឹងអញផង ប្រយ័ត្នអញអត់មិនបាន តិចហ៊ឹះ! ថាហើយ ក្រោធខឹងណាស់ ស្ទុះទៅកន្ត្រាក់យកកាំបិតមកកាត់ចុងច្រមុះស្ត្រីនោះដាច់ធ្លាក់ដល់ដីកំបុតថ្លុយកញ្ឆតច្រមុះទៅ កាត់រួចហើយ គោបាលក៏ចូលទៅសម្ងំដេកលក់ដូចដើមវិញទៅ ។ តមក មិនយូរប៉ុន្មានភរិយាគោបាលត្រឡប់មកដល់វិញ ហើយសួរទៅនាងមេអណ្ដើកនោះថា៖ ម៉េចទៅម្រាក់! មានការអ្វីថ្មីទៀតទេ? ។ ចុះហងម៉េចក៏មិនមើលមុខ មេអណ្ដើកឆ្លើយ ដាច់ច្រមុះគ្នាកញ្ឆតទៅហើយថា សួរគ្នាថាមានការអ្វីថ្មីទៀតទេ មុខច្រមុះកញ្ឆតនេះវាប្រាប់ស្រាប់ហើយចាំសួរធ្វើអ្វី ។ ភរិយាយគោបាលផ្លាស់យកខ្លួនទៅចងវិញ ហើយឈរនៅព្រងើយដូចដើម ។ ឯស្ត្រីពេស្យាមេអណ្ដើកកាលគេស្រាយខ្លួនហើយ លូកដៃរើសចុងច្រមុះមួយកំណាត់កាន់ដើរចេញទៅផ្ទះខ្លួនវិញ ។ លុះដល់ព្រឹកព្រាងឡើង អ្នកកាត់សក់នៅក្រៅផ្ទះ ស្រែកហៅប្រពន្ធប្រើឲ្យយកស្រោមកាំបិត ព្រមទាំងកាំបិតមកឲ្យផង ឯនាងមេអណ្ដើកជាប្រពន្ធ មិនឲ្យទាំងស្រោមកាំបិត ត្រឡប់ជាឲ្យតែកាំបិតមកវិញ ។ អ្នកកាត់សក់ក្រោធខឹងឆេវកន្ត្រាក់កាំបិតពីដៃភរិយា យកទៅចោលឮសូរក្ដុងក្ដាំងពេញទាំងផ្ទះ ។ ភរិយាភិតភ័យស្លាំងកាំងរន្ធត់តក្កមាខ្លាំងណាស់ ទ្រហោយំហ៊ូឡើង ហើយស្រែកឆោឡោអាក្រោសប្រាប់គេឯងថា៖ ឱលោកអើយ! ខ្ញុំមិនខុសឆ្គាំឆ្គងអ្វីសោះ ស្រាប់តែយកកាំបិតមកកាត់ច្រមុះខ្ញុំដាច់ថ្លុយចេញឈាមសស្រាក់! និយាយហើយកាន់ចុងច្រមុះចុះពីផ្ទះដើរចេញទៅប្ដឹងតុលាការឲ្យជំនុំជម្រះ ។ ក្នុងពេលនោះឯង គោបាលបែរទៅនិយាយនឹងភរិយាខ្លួនដោយសម្ដីឡកឡឺយថា៖ អើមីហងឯង! គ្រាន់បើហើយ វាសមមុខហើយមីកញ្ឆតច្រមុះ ។ នែអាកំណាចចង្រៃ! ភរិយាឆ្លើយ អ្នកណាអាចធ្វើប្រពន្ធគ្រប់លក្ខណ៍ខ្លួនឯងឲ្យអាម៉ាស់មុខគេដូចអាចង្រៃឯងនេះ? អញមិនចង់និយាយបូរបាច់ច្រើនពេកទេ រឿងនេះលោកបាលជាទេវតារក្សាលោកទាំង៨ទិស ជ្រាបសេចក្ដីបរិសុទ្ធអញស្រាប់ហើយ ។ 

១១២- ព្រះអាទិត្យ និងព្រះចន្ទ្រ ព្រះវាយុ និងព្រះអគ្និ មេឃដី និងទឹក ហឫទ័យ និងប្រះយម ថ្ងៃ និងយប់ ពេលសន្ធ (ពេលព្រះអាទិត្យជិតរះឡើង និងរះឡើងច្បាស់ហើយ១ ពេលព្រះអាទិត្យជិតអស្ដង្គត និងលិចបាត់ទៅ១) ទាំងពីរនឹងព្រះធម៌ តែងស្គាល់ច្បាស់នូវសេចក្ដីប្រព្រឹត្តនៃមនុស្សលោក ។ 

បើខ្លួនខ្ញុំជាស្រីគ្រប់លក្ខណ៍ មិនដែលលះបង់ចោលប្ដីមិនដែលស្គាល់ប្រុសដទៃ សូម្បីយល់សប្ដិក៏មិនដែលឃើញថាមានការប្រព្រឹត្តអនាចារនឹងប្រុសដទៃទេ ដោយអំណាចគុណធម៌ជាកុសលនេះ សូមកុំឲ្យមុខមាត់ច្រមុះវិកលវិការឡើយ ហើយសូមឲ្យខ្ញុំមានតេជះអាចរំលាយប្ដីចង្រៃនេះឲ្យខ្ទេចជាផង់ធូលីផេះកុំខាន ប្ដីអ្វីកាចចង្រៃម៉្លេះនេះ? ខ្ញុំមានចិត្តនឹកភ័យខ្លាចចំពោះតែលោកជាទេវតាធំទេ ។ ថាហើយស្រែកប្រាប់ទៅប្ដីថា៖ មើលអាចង្រៃឯង! អាឯងមកមើលមុខអញមើល! កាលនោះ គោបាលជាប្ដីឮពាក្យសច្ចាប្រណិធានភរិយាម៉ឺងម៉ាត់ដូច្នោះឆេះដូចភ្លើង អត់ទ្រាំមិនបានក៏ដុតភ្លើងកាន់យកទៅទ្រោលបំភ្លឺមើលមុខភរិយា ដើម្បីនឹងផ្ចាញ់កុំឲ្យឆ្នាសពេក លុះមើលឃើញហើយ ឃើញច្រមុះពេញលេញដូចប្រក្រតីដើមភ័យណាស់ ក៏លុតជង្គង់ក្រាបទាបជើងភរិយាពោលពាក្យលន់តួអង្វរទោស ហើយសរសើរសំណាងខ្លួនថា៖ ឱអញអើយ! មានបុណ្យវាសនាណាស់តើ! បានភរិយាបរិសុទ្ធប្រាកដដូច្នេះ ជាស្រីគ្រប់លក្ខណ៍ប្រសើរណាស់ហ្ន៎ យីអញ! កុំអីវរសោះ ។ 

បរិព្វាជកកន្ទប៌កេតុនិយាយប្រាប់រាជបុរសតទៅទៀតថា រូបអ្នកនេះជាពាណិជដែលមានរឿងជាមួយគ្នា ខ្ញុំនឹងរៀបរាប់រឿងគាត់ជូនស្ដាប់ដូចសេចក្ដីតទៅ៖

នាយពាណិជនេះ ធ្វើដំណើរចេញពីផ្ទះខ្លួនទៅរកធ្វើជំនួញ ទៅនៅរកទទួលទាននៅប្រទេសជិតភ្នំមល័យអស់ ១២ឆ្នាំ រួចហើយទើបបានមកដល់ក្រុងនេះ ។ នៅក្នុងក្រុងនេះ គាត់បានសុំទីជ្រកអាស្រ័យដំណេកនៅផ្ទះស្រីពេស្យាម្នាក់ ។ 

នាងពេស្យានេះ បានឲ្យគេឆ្លាក់រូបវេតាលៈ (រូបបីសាចស៊ីខ្មោចស្រស់) ជាវិការៈនៃឈើយកទៅដាក់នៅមាត់ទ្វារផ្ទះ នៅលើក្បាលរូបវេតាលៈនោះ នាងពេស្យាបញ្ចុះពេជ្រដ៏មានតម្លៃទាំងគ្រាប់ ។ ដោយក្ដីល្មោភជិះជាន់ខ្លាំងពេលយប់នាយពាណិជដើរឡើងចូលទៅលបលួចយកពេជ្រ ដែលនៅលើក្បាលវេតាលៈនោះ កាលលូកដៃទៅចាប់យក ស្រាប់តែមានខ្សែយន្តទាញដៃវេតាលៈទាំងពីរឲ្យកម្រើកទៅរួបចាប់ដៃពាណិជជាប់រើមិនរួច ពាណិជភ័យខ្លាំងណាស់ទាល់តែស្រែកឲ្យគេជួយ ។ នាងពេស្យាភ្ញាក់ឡើង និយាយទៅកាន់ពណិជថា៖ នៃកូនសម្លាញ់! ឯងមកពីប្រទេសជិតភ្នំមល័យ ឯងចូរប្រគល់រតនវត្ថុទាំងអស់នោះមកឲ្យយើងបើឯងរឹងមិនព្រមឲ្យទេ បិសាចនេះនឹងមិនព្រមលែងឯងទេ ព្រោះកិច្ចការនេះ ជាការងាររបស់វាជាបិសាច ។ កាលនោះ ពាណិជក៏ប្រគល់រតនវត្ថុខ្លួនទាំងអស់ឲ្យទៅនាងពេស្យា ឥតមានសេសសល់អ្វី ឥឡូវនេះគាត់ខាតបង់ទ្រព្យសម្បត្តិអស់ ធ្លាក់ខ្លួនទៅជាអ្នកក្រីក្រត្រដេបត្រដាប ដូច្នេះទើបបានមកនៅជាមួយខ្ញុំសព្វថ្ងៃនេះ ។ លុះរាជបុរសជាពេជ្ឈឃាតទាំងលាយបានស្ដាប់ដំណើរដើមទងរឿងសព្វគ្រប់ហើយ ក៏យកសេចក្ដីទាំងអស់នេះទៅប្រាប់ដល់ចៅក្រមវិញ ។ លំដាប់នោះចៅក្រមក៏ចាត់ការឲ្យបំបរបង់នាងពេស្យាមេអណ្ដើក និងភរិយាគោបាលចេញពីភូមិមិនឲ្យនៅតទៅទៀត បង្គាប់ឲ្យអ្នកកាត់សក់ត្រឡប់ទៅកាន់ផ្ទះទីលំនៅខ្លួនវិញ ។ ព្រោះហេតុនោះហើយបានជាខ្ញុំ (ចចកទមនកៈ) ពោលបទដើមអាទិ៍ថា៖ មនុស្ស៣នាក់ ត្រូវទួលទុក្ខលំបាក ដូច្នេះជាដើម (លេខ១១០) ។

អើទោសនេះ ជាទោសដែលយើងធ្វើខ្លួនយើង បើដូច្នេះ តើយើងទៅរវល់កើតទុក្ខយំសោយសោកថ្វី ។ ចចកទមនកៈ ពិចារណាមើលមួយស្របក់ ក៏និយាយតទៅថា៖ នែសម្លាញ់! អត់សង្កត់ចិត្តបន្តិចទៅសិនចុះ ខ្ញុំជាដើមហេតុនាំឲ្យចងមេត្រីភាពយ៉ាងណា ខ្ញុំក៏ជាដើមហេតុនាំបំបែកមិត្តឲ្យបានយ៉ាងនោះដែរ ព្រោះថា៖ 

១១៣- នរជនឆ្លៀវឆ្លាត អាចប្រឌិតរបស់ដែលមិនពិត ឲ្យមើលឃើញជារបស់ពិតប្រាកដបានដូចចិត្រករប្រសប់ប៉ិនប៉ៅ អាចគូររូបភាពលើផ្ទៃដ៏រៀបស្មើឲ្យឆ្លុះស្រមោល គេមើលទៅឃើញមានទាបខ្ពស់ទៅតាមចិត្តបាន ។ 

១១៤- រីហេតុការណ៍ណាមួយដែលកើតឡើងភ្លាមៗ ដោយមិនដឹងខ្លួន នរជនណាមិនភ័ន្តភាំងបាត់គំនិតប្រាជ្ញាទេ នរជននោះអាចឆ្លងផុតពីទុក្ខលំបាកគ្រប់ប្រការបាន ដូចភរិយាគោបាល និងសហាយ២នាក់ ។ ចចកករដកៈ សួររឿងនោះថា៖ រឿងនោះតើដូចម្ដេច? ។ ចចកទមនកៈ រៀបរាប់រឿងរ៉ាវនោះប្រាប់ដូចតទៅនេះថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!