ការបំបែកមិត្ត

កថាទី១៖ រឿងគោឧសភ ចចកពីរ និងសត្វសីហៈ

កថាទី២៖ រឿងពានរ និងសសរ

កថាទី៣៖ រឿងលា និងឆ្កែ

កថាទី៤៖ រឿងសីហៈ និងឆ្មា

កថាទី៥៖ រឿងស្ត្រីពេស្យា និងគង

កថាទី៦៖ រឿងបរិព្វាជកកន្ទប៌កេត

កថាទី៧៖ រឿងភរិយាគោបាល និងសហាយពីរនាក់

កថាទី៨៖ រឿងក្អែកញីឈ្មោល និងពស់

កថាទី៩៖ រឿងសីហៈ និងទន្សាយ

កថាទី១០៖ រឿងត្រដេវវិចញីឈ្មោល និងសមុទ្ទ

សៀវភៅអេឡិកត្រូនិក

នៅក្នុងព្រៃឧត្តរាបថ មានសីហៈមួយឈ្មោះទុទ៌ាន្តៈ ជាសត្វមានសេចក្ដីព្យាយាមធំ អាស្រ័យនៅក្នុងភ្នំមួយឈ្មោះអព៌ុទសិខរៈ ។ មានកណ្ដុរមួយ វារចូទៅកាត់ចុងកេសរនៃសីហៈនោះរៀងរាល់ៗថ្ងៃក្នុងពេលដែលសីហៈកំពុងដេកលក់ក្នុងញកភ្នំ ។ កាលភ្ញាក់ពីដេកឡើង សីហៈឃើញចុងកេសរខ្លួនរេចរឹលក្បិលដូច្នោះ ក្ដៅក្រហាយនឹកគ្នាន់ក្នាញ់នឹងកណ្ដុរនោះណាស់ ខំព្យាយាមលោតសង្គ្រុបចាប់រឿយៗតែកណ្ដុរលោករត់ចូលក្នុងព្រង់បាត់ចាប់មិនបានសោះ សីហៈគិតថា៖ 

៨៤- បើសត្រូវតូច បុគ្គលមិនគប្បីចាប់បានដោយព្យាយាមក្លៀវក្លាទេ ដើម្បីផ្ចាញ់សត្រូវនោះ បុគ្គលគប្បីរកសែន្យានុភាព ដែលមានកម្លាំងប៉ុនគ្នាមកកម្រាប ទើបសម្រេចបាន ។ 

លុះគិតរកឧបាយឃើញដូច្នេះហើយ សីហៈក៏ចូលទៅក្នុងស្រុកធ្វើសេចក្ដីស្និទ្ធស្នាលជាមួយនឹងឆ្មាមួយឈ្មោះ ទធិកណ៌ៈ ល្បួងលួបលោមឆ្មានោះយកមកដោយថ្នាក់ថ្នម រកចំណីសុទ្ធតែសាច់មកឲ្យជាអាហារចិញ្ចឹមទុកនៅក្នុងញកភ្នំជាមួយនឹងខ្លួន ។ លំដាប់នោះ រីកណ្ដុរកាលឃើញឆ្មាមកនៅជាមួយសីហៈដូច្នោះហើយ មិនហ៊ានចេញពីព្រង់ខ្លួនសោះ ។ តាំងពីកាលនោះមក សីហៈមានកេសរលូតលាស់ល្អដូចប្រក្រតីដើមឡើងវិញ ហើយដេកលក់ស្កប់ស្កល់ជាសុខសប្បាយរៀនមក ។ កាលណាបើសីហៈ ឮសំឡេងកណ្ដុរច្រើនរឿយៗ កាលនោះទើបសីហៈខ្នះខ្នែងរកចំណីអាហារសុទ្ធតែសាច់ល្អយកមកបំប៉នឆ្មានោះយ៉ាងច្រើន ។ ដល់មកថ្ងៃមួយ កណ្ដុរមានក្ដីស្រេកឃ្លានខ្លាំងពេកទ្រាំមិនបាន ចេញមកខាងក្រៅត្រូវឆ្មានោះខាំសម្លាប់ចោលបង់សៀតទៅ ។ តមក ដរាបណា សីហៈមិនបានប្រទះឃើញកណ្ដុរអស់កាលយូរ មិនដែលឮសំឡេងកណ្ដុរនោះសោះ ដរាបនោះសីហៈមិនសូវត្រូវការប្រើឆ្មា មិនរវល់អើពើនឹកនានឹងឲ្យចំណីអាហាឆ្មាឡើយ ។ ឯឆ្មាទធិកណ៌ៈ កាលមិនមានអាហារគ្រប់គ្រាន់ក៏ស្គាំងស្គមថមថយកម្លាំងបន្ដិចម្ដងៗ ដរាបដល់បញ្ចត្វ័ម (សេចក្ដីស្លាប់) ទៅហោង ។ហេតុនោះហើយបានជាខ្ញុំ (ចចកទមនកៈ) និយាយថា៖ ក្នុងកាលណាក៏ដោយ ដូច្នេះជាដើម (លេខ ៨៣) ។ 

លំដាប់នោះ ចចកទមនកៈ និងករដកៈ ទាំងពីរដើរចូលទៅរកគោសញ្ជីវកៈ ។ លុះទៅជិតហើយចចកករដកៈ អង្គុយព្រងើយនៅទៀបគល់ឈើមួយ ចចកទមនកៈ ចូលទៅកាន់គោសញ្ជីវកៈ ហើយស្រែកកំហែងខ្លាំងៗថា៖ នែអាគោឧសភចង្រៃ! ឯងមកពីណា មិនដឹងទេឬអ្វី ព្រៃនេះស្ដេចម្ចាស់អញឈ្មោះបិង្គលកៈ ឲ្យអញថែរក្សា? ឥឡូវនេះលោកសេនាបតីករដកៈ បង្គាប់អញឲ្យមកប្រាប់ថាឲ្យឯងចូលទៅរកលោកឆាប់ៗ បើឯងមិនព្រមចូលទៅទេ ចូរចៀសចេញពីព្រៃនេះឲ្យឆ្ងាយទៅ បើឯងរឹងទទឹងមិនព្រមស្ដាប់ នឹងត្រូវទោសកំហុសដល់ក្ដីស្លាប់មិនខាន ឯងមិនដែលឮទេឬអ្វី? ម្ចាស់យើងបើក្រោធហើយ នឹងប្រើវិធីក្ដៅក្រហាយណាស់ ។ គោសញ្ជីវកៈ ស្ដាប់ពាក្យចចកទមនកៈហើយ ក៏ចូលទៅរកសេនាបតីករដកៈ នោះជាមួយចចកទមនកៈ ។ 

៨៥- កិរិយាមិនធ្វើតាមអាជ្ញាព្រះនរេន្ទ្រ កិរិយាមិនអើពើចំពោះព្រាហ្មណ៍ និងកិរិយាដេកផ្សេងពីភរិយា ទាំងអស់នេះឈ្មោះថាស្លាប់មិនបាច់ប្រហារដោយសស្ត្រាវុធឡើយ ។ 

គោសញ្ជីវកៈ មិនស្គាល់ទំនៀមប្រទេស ដើរញញាក់ញញ័រចូលទៅជិតដោយភ័យខ្លាច ក្រាបប្រណម្យសេនបតីករដកៈដោយអស្ដាង្គបាត ព្រោះថា៖ 

៨៦- ប្រាជ្ញាប្រសើរខ្ពស់ជាងកម្លាំង ការអប្បឥតប្រាជ្ញានាំឲ្យធ្លាក់ខ្លួនថោកទាបដូចដំរី តែការពោលដូច្នេះ ដូចហ្មដំរីវាយស្គរឃោសនាឲ្យលាន់ឮជិតត្រចៀកដំរីទេ ។ 

គ្រានោះ គោសញ្ជីវកៈ ជម្រាបសួរចចកករដកៈ ដោយក្ដីខ្លបខ្លាចថា៖ បពិត្រលោកសេនាបតី! មេត្តាប្រោសប្រាប់ខ្ញុំបាទ តើខ្ញុំបាទមានទោសខុសអ្វី? ត្រូវធ្វើដូចម្ដេច? ។ ចចកករដកៈ ប្រាប់ថា៖ នៃគោឧសភ! បើឯងចង់អាស្រ័យនៅក្នុងព្រៃនេះតទៅទៀត ឯងត្រូវចូលទៅក្រាបប្រណម្យទេវបាទម្ចាស់យើងសុំនៅទីនេះទើបបាន ។ គោសញ្ជីវកៈ អង្វរកថា៖ បើលោករ៉ាប់រងធានាការពារខ្ញុំមិនឲ្យមានភ័យទើបខ្ញុំបាទទៅ ។ ចចកករដកៈ ឆ្លើយប្រាប់ថា៖ យីអាចង្រៃពលិព័ទ្ធ! ម្ដេចឯងមិនជឿអញ មិនអីទេកុំភិតភ័យខ្លាចអ្វី ព្រោះថា៖ 

៨៧- ព្រះកេសវៈ មិនបានពោលពាក្យតប កាលព្រះរាជានៃប្រទេស (ព្រះរាជាអង្គនេះព្រះនាមសិសុបាល ជាស្ដេចក្រុងចេទិ មានអគ្គមហេសីមួយអង្គនាមនាងរុក្មិនី ។ ក្រឹស្ណៈលបលួចយកនាងរុក្មិនីជាអគ្គមហេសីព្រះអង្គ ក៏កើតជាចម្បាំងរវាងក្រឹស្ណៈ និងព្រះបាទសិសុបាលដាក់សម្បថព្រះកេសវៈ គឺព្រះឥសូរ) ចេទី ទ្រង់ដាក់បណ្ដាសា សីហកេសរី រមែងបញ្ចេញសីហនាទ តនឹងអសនីបាត តែមិនដែលឆ្លើយតបសំឡេងចចកឡើយ ។ 

៨៨- ព្រះពាយ មិនរំលើងឫសគល់ទាំងឡាយដែលទាបៗ ហើយទន់ទោសឱនក្រាបស្រពាបទៅតាមទិសសត្វកាល តែរមែងរំលើងឫសគល់ដើមឈើធំខ្ពស់ៗ រីអ្នកធំហៅហាន រមែងបំបាក់បំបបចំពោះអ្នកធំហៅហានដូចគ្នា ។ 

កាលនោះ ចចកទាំងពីរបណ្ដើរគោសញ្ជីវកៈទៅ បង្គាប់គោឲ្យឈរនៅខាងក្រៅក្នុងទីមួយមិនឆ្ងាយប៉ុន្មាន ទើបចូលទៅកាន់សំណាក់បិង្គលកៈ ក្រាបថ្វាយបង្គំហើយអង្គុយក្នុងទីគួរមួយ ។ បិង្គលកៈ ក្រឡេកមើលឃើញចចកទាំងពីរនោះមកដល់ ត្រេកអររីករាយណាស់ ទទួលរាក់ទាក់ដោយអាការគួរសមក្រៃលែង ហើយសួរទៅភ្លាមថា៖ ម៉េចទៅ! ឯងឃើញអាសត្វនោះឬទេ? ។ ចចកទមនកៈ ជម្រាបថា៖ បពិត្រព្រះទេវបាទ! អាសត្វចង្រៃនោះ យើងខ្ញុំឃើញហើយ សត្វនោះស្លូតបូតទេ តែធាត់ធំមាំមួយមានកម្លាំងខ្លាំងណាស់ ដូចលោកម្ចាស់ឈ្វេងយល់ប្រាកដ ឥឡូវនេះវាចង់ចូលមកក្រាបបង្គំគាល់ផ្ទាល់ខ្លួន សូមលោកម្ចាស់រៀបចំរង់ចាំទទួល ។ សត្វបើឮសំឡេងខ្លាំងប៉ុណ្ណោះលោកម្ចាស់ពុំគួរគប្បីភ័យខ្លាចទេ ព្រោះថា៖ 

៨៩- សព្វបើឮសំឡេងខ្លាំង បើមិនទាន់ដឹងហេតុការណ៍នៃសំឡេងនោះទេ បុគ្គលមិនគួរគប្បីភ័យខ្លាចឡើយ ស្ដ្រីមេអណ្ដើកម្នាក់ គ្រាន់តែដឹងច្បាស់នូវហេតុនៃសំឡេងប៉ុណ្ណោះបានទៅជាស្ត្រីដែលគេគួរគោរព ។ 

បិង្គលកៈ សួរថា៖ រឿងនោះតើដូចម្ដេច? ។ ចចកទមនកៈ រៀបរាប់រឿងនោះថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!