ការបំបែកមិត្ត

កថាទី១៖ រឿងគោឧសភ ចចកពីរ និងសត្វសីហៈ

កថាទី២៖ រឿងពានរ និងសសរ

កថាទី៣៖ រឿងលា និងឆ្កែ

កថាទី៤៖ រឿងសីហៈ និងឆ្មា

កថាទី៥៖ រឿងស្ត្រីពេស្យា និងគង

កថាទី៦៖ រឿងបរិព្វាជកកន្ទប៌កេត

កថាទី៧៖ រឿងភរិយាគោបាល និងសហាយពីរនាក់

កថាទី៨៖ រឿងក្អែកញីឈ្មោល និងពស់

កថាទី៩៖ រឿងសីហៈ និងទន្សាយ

កថាទី១០៖ រឿងត្រដេវវិចញីឈ្មោល និងសមុទ្ទ

សៀវភៅអេឡិកត្រូនិក

នៅក្រុងពារាណសី មានអ្នកជ្រលក់ម្នាក់ឈ្មោះកប៌ូរបដកៈ ។ អ្នកជ្រលក់នោះអង្គុយនិយាយលេងជាមួយប្រពន្ធក្មេងស្រស់ប្រិមប្រិយកំពុងពេញពាល ដោយក្ដីស្នេហ៍ស្នាលអស់កាលយូរ ហើយដេកប្រកៀកប្រឱបគ្នាលន់លក់ស៊ប់មិនដឹងខ្លួន ។ កាលនោះ មានចោរម្នាក់ចូលមកលបលួចទ្រព្យក្នុងផ្ទះអ្នកជ្រលក់នោះ ។ នៅក្នុងទីលានផ្ទះនោះ គេមានចងលាមួយទុក មានឆ្កែមួយចូលទៅដេកជាមួយលានោះដែរ លាក៏និយាយទៅកាន់ឆ្កែថា៖ ហៃសម្លាញ់! មុខការនេះជាកិច្ចធុរៈឯងហើយ ហេតុអ្វីក៏ឯងមិនព្រុសឲ្យឮខ្លាំងឡើងឲ្យម្ចាស់យើងភ្ញាក់? ឆ្កែឆ្លើយថា៖ នែសម្លាញ់ដ៏ចម្រើន! ឯងមិនត្រូវជួយព្រួយជែងរវល់ដល់កិច្ចការអញទេ ឯងមិនដឹងជាអញនៅរក្សាផ្ទះទាំងយប់ទាំងថ្ងែទេឬអ្វី? សូម្បីអញយកចិត្តទុកដាក់ថែរក្សាផ្ទះដល់ម៉្លោះ ម្ចាស់យើងក៏មិនរវល់ធ្វើដឹងឮ ម្ចាស់យើងមិនភិតភ័យអ្វីសោះ បានក្ដីសុខមកអស់កាលយូរណាស់ហើយ ដល់មកពេលនេះ គ្រាន់តែអើពើនឹកនាឲ្យទានអាហារបន្តិចបន្តួចក៏មិនឲ្យ តែការនេះជាធម្មតាម្ចាស់ បើមិនឃើញមានទុក្ខធុរៈអ្វីទេ មិនវរល់អើពើនឹកនាអ្នកបម្រើឡើយ ។ លាបានស្ដាប់ហើយស្ដីបន្ទោសថា៖ ស្ដាប់មើលវាហ៎ៈ អាពាលចង្រៃនេះ!

៣២- នរជនណាមួយ ចាំបាច់គេហៅរកក្នុងកាលប្រកបការងារ នរជននោះ គេហៅថា អ្នកបម្រើ ឬហៅថា សម្លាញ់ ដូចម្ដេចកើត? ។ 

ឆ្កែឆ្លើយថា៖ បើនរជនណាហៅរកខ្ញុំបម្រើ តែក្នុងពេលដែលត្រូវប្រើធ្វើការងារ តើនរជននោះនឹងឈ្មោះថា ម្ចាស់ ដូចម្ដេចកើត? ។ 

៣៣- ការចិញ្ចឹមខ្ញុំបម្រើដែលជ្រកអាស្រ័យនៅជាមួយ ការសេពគប់ម្ចាស់ ការប្រតិបត្តិធម៌ និងការប្រសូតកូន ទាំងអស់នេះឥតមានអ្នកណាលូកដៃទៅធ្វើជំនួសបានទេ ។ 

លំដាប់នោះ លាក្រោធស្រែកជេរថា៖ នែអាចង្រៃ! អាគំនិតខូច! អាឯងចិត្តអាក្រក់អីម៉្លេះ ក្នុងកាលវិបត្តិ ឯងហ៊ានធ្វើព្រងើយ មិនអើពើដល់ការងារម្ចាស់ មិនថ្វីទេ ចាំមើលដល់ម្ចាស់ក្រោកឡើង ឯងគង់ដឹងខ្លួន អញមុខជាប្រាប់ម្ចាស់ហើយ ព្រោះថា៖ 

៣៤- បុគ្គលគួរបូជាព្រះអាទិត្យពីខាងក្រោយខ្នង បូជាភ្លើងពីខាងពោះ បូជាម្ចាស់ដោយកាយនឹងចិត្ត និងប្រតិបត្តិដើម្បីបរលោកដោយមិនមាយា ។ 

លុះលាពោលដូច្នេះហើយ ក៏តាំងស្រែកដោយសម្រែកដ៏ខ្លាំង ដើម្បីឲ្យម្ចាស់ភ្ញាក់ ។ ខណៈនោះ អ្នកជ្រលក់ភ្ញាក់ស្លន់ស្លោក្រញាងឡើង ដោយសម្រែកខ្លាំងនោះ គ្នាន់ក្នាញ់ណាស់ព្រោះដាច់ដំណេកក្រោកឡើងទីក្រទាចាប់ទាញដំបងសំពងលានោះយ៉ាងអស់ទំហឹង រីលានោះត្រូវដំបងដំណំទ្រមខ្លួនដល់នូវក្ដីស្លាប់ទៅហោង ។ ព្រោះហេតុនោះបានជាខ្ញុំ (ករដកៈ) ពោលថា៖ នរណាព្រួយជួសគេ ដូច្នេះជាដើម (លេខ ៣១) ។ 

ឯងពិនិត្យមើល! យើងត្រូវហែហមម្ចាស់តែក្នុងកិច្ចការរបស់យើងប៉ុណ្ណោះបានហើយ ថ្ងៃនេះ យើងក៏សេសសល់អាហារគ្រប់គ្រាន់ហើយ យើងទៅជួយរវល់តើបានប្រយោជន៍ដូចម្ដេច ។ 

ចចកទមនកៈ ទាស់ចិត្តឆ្លើយកាត់ឡើងថា៖ ចុះយើងបម្រើម្ចាស់ផែនដី ព្រោះតែចង់បានអាហារស៊ីតែប៉ុណ្ណឹងទេ? សម្ដីឯងនិយាយនេះឆ្វេងណាស់ មិនសមរម្យតាមគន្លងទេ ព្រោះថា៖ 

៣៥- ការពឹងពាក់ព្រះនរបតី អ្នកប្រាជ្ញត្រូវការចង់បាន ដើម្បីធ្វើឧបការជួយមិត្ត និងដើម្បីបំផ្លាញសឹកសត្រូវ នរណាហ្ន៎ ពឹងពាក់ព្រះនរបតីព្រោះហេតុតែបំពេញផ្ទៃខ្លួនប៉ុណ្ណោះ? ។ 

៣៦- ជីព្រាហ្មណ៍ មិត្ត និងញាតិសន្ដាន មានជីវិតរស់នៅព្រោះអាស្រ័យជីវិតនៃនរជនណា ជីវិតនៃនរជននោះឈ្មោះថា ប្រកបដោយផល នរណាហ្ន៎ មិនចិញ្ចឹមជីវិត ព្រោះប្រយោជន៍ខ្លួន? ។ 

៣៧- បើអ្នកណាមានជីវិតរស់នៅ បានញ៉ាំងជនដទៃច្រើននាក់ឲ្យមានជីវិតរស់នៅបានផង សូមឲ្យអ្នកនោះមានជន្មាយុរស់នៅយឺនយូរ រីសត្វក្អែកវាមិនអាចបំពេញផ្ទៃវាបានដោយចំពុះវាឬ? ។ 

៣៨- មនុស្សខ្លះសុខចិត្តនៅជាខ្ញុំគេ ត្រឹមតែ៥បុរាណ (រៀល)  មនុស្សខ្លះទៀត សុខចិត្តនៅជាខ្ញុំគេលុះត្រាតែបាន ១០០ ០០០ បុរាណ រីមនុស្សមួយពួកទៀត ចិត្តប្រសើរមិនសុខចិត្តនៅជាខ្ញុំគេ សូម្បីបានច្រើនជាង ១០០ ០០០ បុរាណ ។ 

៣៩- ធម្មតាមនុស្សជាតិដូចគ្នា ភាពជាខ្ញុំគេ អ្នកប្រាជ្ញតិះដៀលក្រៃលែង បណ្ដាខ្ញុំគេ អ្នកណាមិនបានជាដើមគេទេ គួរនឹងរាប់អ្នកនោះថាមានជីវិតរស់នៅនឹងគេដែរឬទេ?

៤០- រវាងពាជី ដំរី លោហធាតុ រវាងឈើ ថ្ម សំពត់ រវាងនារី បុរស ទឹក ទាំងអស់នេះឃ្លាតផ្សេងពីគ្នាធំណាស់ ។ 

៤១- ធម្មជាតិឆ្កែ បានឆ្អឹង សូម្បីអស់សាច់រលីងហើយនៅសល់តែសរសែខ្លាញ់រាវបន្តិចបន្តួច ក៏ត្រេកអរកខិបកខុប មែនពិត ឆ្អឹងនោះមិនអាចបន្សាត់បង់សេចក្ដីស្រេកឃ្លានឡើយ រីឯសីហៈ សូម្បីបានចចកមួយមកនៅក្នុងក្រញាំក្រចកខ្លួនហើយ ក៏នៅតែបោះបង់ចោល ហើយស្ទុះទៅចាប់សម្លាប់ដំរីសារមួយទៀត នរជនទាំងពួង ទោះតោកយ៉ាកលំបាកក្ដីណា តែងតែមានសេចក្ដីប្រាថ្នាចង់បានផលទៅតាមទំនងភាពខ្លួនជាសត្វណា ។ 

មួយទៀត ចូរពិចារណាមើលសេចក្ដីផ្សេងគ្នារវាងម្ចាស់ និងខ្ញុំបម្រើដូចតទៅនេះ៖ 

៤២- ឆ្កែ លុតក្រាបរាបទាបជិតជើងម្ចាស់ ហាមាត់បង្ហាញចង្កូម បក់កន្ទុយវិចៗនៅនឹងដីចំាទទួលសំណល់អាហារដែលម្ចាស់បោះទៅឲ្យ ឯដំរី ជាសត្វប្រសើរ មៀងមើលម្ចាស់ដោយឬកមាំ លុះត្រាតែលួងលោមច្រើនរយដងទើបបរិភោគ ។ 

៤៣- ជីវិតនៃមនុស្សណា សូម្បីតាំងនៅតែមួយខណៈ តែមិនប្រាសចាកការចេះដឹង សេចក្ដីព្យាយាមអង់អាច និងកេរ្តិ៍ឈ្មោះយសសក្តិ អ្នកប្រាជ្ញពោលថា ជីវិតនៃមនុស្សនោះ ពេញជាជីវិតដ៏ប្រសើរនៅនាលោកនេះ ព្រោះថា ក្អែកអាចមានជីវិតរស់នៅបានយូរ ព្រោះការស៊ីសំណល់គ្រឿងពលី ។

៤៤- ជីវិតនរជនណាដែលមិនផ្សាយសេចក្ដីអាណិតអាសូរចំពោះកូនខ្លួន ចំពោះគ្រូ ចំពោះពួកខ្ញុំបម្រើ ចំពោះជនក្រីក្រលំបាក និងចំពោះញាតិសន្ដាន ជីវិតនៃនរជននោះ បានផលប្រយោជន៍អ្វីនៅនាមនុស្សលោកនេះ? ព្រោះថា ក្អែកអាចមានជីវិតរស់នៅបានយូរ ព្រោះការស៊ីសំណល់គ្រឿងពលី ។

៤៥- នរជនអប្បឥតប្រាជ្ញាពិចារណាប្រយោជន៍ និងមិនមែនប្រយោជន៍ ប្រព្រឹត្តកន្លងគន្លងច្បាប់ច្រើនប្រការ មានសេចក្ដីប្រាថ្នាគ្រាន់តែបំពេញផ្ទៃខ្លួនប៉ុណ្ណោះ នរជននេះហៅថាមនុស្សតិរច្ឆាន ឯមនុស្សតិរច្ឆាន និងបសុសត្វ មានសេចក្ដីប្លែកគ្នាដូចម្ដេចខ្លះ? ។ 

ចចកករដកៈ ពោលតទៅទៀត៖ ណ្ហើយ! យើងទាំងពីរនាក់មិនមែនជាប្រធានទេ យើងបបួលគ្នាគិតពីរឿងនេះ តើមានប្រយោជន៍អ្វី? ។ ចចកទមនកៈ ឆ្លើយថា៖ បើដូច្នេះ តើអាមាត្យ ដែលបានជាប្រធាន ឬមិនទាន់បានជាប្រធាន នឹងទ្រទ្រង់ភាពបែបនោះអស់កាលប៉ុន្មាន ព្រោះថា៖ 

៤៦- នៅនាលោកនេះ នរណាៗក៏គេមិនអាចកំណត់បានថាខ្លួណជាជនខ្ពង់ខ្ពស់ ឬជាជនថោកទាបជាងអ្នកណាតាមសភាពខ្លួនឯងបានទេ ចេស្ដា (សំណាង) ខ្លួន ទើបនាំនរជនទៅកាន់ភាវៈគួរគោរព ឬកាន់ភាវៈវិបរិតមិនគួរគោរព ។ 

៤៧- ថ្ម បុគ្គលលើកយកឡើងទៅដាក់លើកំពូលភ្នំបានដោយសេចក្ដីព្យាយាមដ៏ធំ តែបើទម្លាក់ចុះពីលើកំពូលភ្នំវិញបានដោយងាយយ៉ាងណា ខ្លួនយើងឡើងទៅកាន់ឋានៈខ្ពង់ខ្ពស់ដោយគុណគឺក្ដីព្យាយាមដ៏ធំ តែបើធ្លាក់ខ្លួនទៅកាន់ឋានៈថោកទាបវិញដោយទោសដ៏ងាយៗក៏យ៉ាងនោះដែរ ។ 

៤៨-  នរជនធ្លាក់ចុះទៅខាងក្រោម ឬឡើងខ្ពស់ទៅខាងលើ ដោយកម្មជារបស់ខ្លួន ដូចជាគេជីកអណ្ដូង ឬកសាងកំពែង តែងទាបខ្លួនចុះទៅតាមជម្រៅអណ្ដូង ឬអណ្ដែតខ្ពស់ឡើងតាមកម្ពស់កំពែង ។ 

នែសម្លាញ់អើយ! ខ្លួនយើងនេះ  មានតែសេចក្ដីព្យាយាមដែលនាំឲ្យសម្រេចប្រយោជន៍គ្រប់យ៉ាង ។ ចចកទនមកៈ សួរថា៖ បិង្គលកៈ ម្ចាស់យើងនេះ ខ្ញុំឆ្ងល់មិនដឹងជាមានហេតុការណ៍អ្វីបានជាភិតភ័យតក់ស្លុតរត់ត្រឡប់មកវិញ ។ ចចកករដកៈ ឆ្លើយថា៖ ចុះឯងធ្វើដូចម្ដេចនឹងដឹងរឿងពិត? ។ ចចកទមនកៈ និយាយបញ្ចេញប្រាជ្ញាថា៖ រឿងអ្វី ដែលអ្នកប្រាជ្ញមិនដឹង? ព្រោះថា៖ 

៤៩- ពាក្យពេចន៍ ដែលបុគ្គលពោលចេញហើយ សូម្បីបសុសត្វក៏ចាប់យកសេចក្ដីបាន  សេះ និងដំរី ដែលគេហ្វឹកហាត់ហើយ កាលបើជនបង្គាប់អាចនាំជនទៅបាន ជនជាបណ្ឌិត សូម្បីគេមិនទាន់ហាមាត់ចេញនិយាយ វាងវៃដឹងទាន់ ព្រោះថា ប្រាជ្ញាមានផលប្រសើរ គឺការដឹងនូវទឹកចិត្តនៃជនដទៃដែលមានអាការចេញមកខាងក្រៅ ។ 

៥០- បុគ្គលអាចកត់សម្គាល់ នូវចិត្តនៃបុគ្គលដទៃដែលស្ថិតនៅខាងក្នុងដោយអាការខាងក្រៅបាន គឺដោយចរិយា ដោយគតិ ដោយកិរិយា ដោយទឹកសម្ដី និងដោយវិការៈនៃភ្នែក និងមុខមាត់ ។ 

ពេលនេះ ជាឱកាសល្អ រូបខ្ញុំនឹងធ្វើម្ចាស់យើង ដែលកំពុងមានអាសន្នភ័យខ្លាចនេះ ឲ្យនៅក្នុងកណ្ដាប់ដៃដោយកម្លាំងប្រាជ្ញារបស់ខ្ញុំ ព្រោះថា៖ 

៥១- ពោលពាក្យឲ្យសមតាមកាលៈទេសៈ ធ្វើខ្លួនឲ្យគេស្រឡាញ់ប្រាកដ ស្មើនឹងភាពជាអ្នកសម្បុរស ចេះក្រោធឲ្យសមតាមសក្តិខ្លួន អ្នកណាចេះធ្វើដូច្នេះ អ្នកនោះជាបណ្ឌិត ។ 

៥២- នរជនណាម្ចាស់មិនបានហៅ ដើរតត្រុកចូលទៅរក ម្ចាស់មិនសួរ និយាយចែប៉ប្រែច្រើនដោយសម្គាល់ខ្លួនថា ជាទីប្រោសប្រាណនៃព្រះភូបាល នរជននោះ ឈ្មោះថាជនអប្បឥតប្រាជ្ញា ។ 

ចចកទមនកៈ ឆ្លើយកាត់ឡើងថា៖ នែសម្លាញ់ដ៏ចម្រើនអើយ! ម្ដេចក៏សម្លាញ់យល់ថារូបខ្ញុំមិនចេះប្រតិបត្តិនាទីជាសេវកាមាត្យ? ចូរមើលហ៎ៈ!

៥៣- មានរបស់អ្វីមួយដែលល្អ ឬមិនល្អ ទៅតាមសភាពរបស់វាឬទេ? របស់ណាគាប់ចិត្តនរជនណា របស់នោះឈ្មោះថាល្អសម្រាប់នរជននោះ ។ 

៥៤- នរជនណាៗមានភាពលក្ខណៈយ៉ាងណាក៏ដោយ កាលអ្នកប្រាជ្ញចូលទៅនៅជិតហើយ អាចញ៉ាំងនរជននោះៗ ឲ្យនៅក្នុងអំណាចនៃខ្លួនបានដោយឆាប់រួសរាន់ ។ 

៥៥- កាលបើព្រះរាជាជាម្ចាស់សួរថា៖ អ្នកណានៅទីនេះ? ដូច្នេះ សេវកាមាត្យនោះត្រូវចាត់ចែងការនោះដោយប្រពៃ និងត្រូវធ្វើតាមព្រះរាជអាជ្ញាឲ្យពិតប្រាកដតាមសក្តិខ្លួន ទាល់តែសម្រេចតាមសេចក្ដីប្រាថ្នាម្ចាស់ផែនដី ។

៥៦- សេវកាមាត្យណាមានសេចក្ដីប្រាថ្នាតិច មាននិស្ស័យម៉ឺងម៉ាត់ មានប្រាជ្ញា ដើរតាមហែហមព្រះរាជាគ្រប់កាលទាំងពួងដូចស្រមោលអន្ទោលតាមប្រាណ ធ្វើតាមបញ្ជាមិនរួញរា សេវកាមាត្យនោះ សមនៅក្នុងព្រះរាជដំណាក់បាន ។ 

ចចកករដកៈ និយាយកាត់ទៀតថា៖ ចួនកាលម្ចាស់មិនពេញព្រះទ័យនឹងឯង ក្នុងពេលដែលឯងចូលគាល់ក្នុងកាលមិនគួរ ។ ចចក ទមនកៈឆ្លើយថា៖ ពិតមែនហើយ តែបើទុកជាដូច្នេះក៏ដោយ អ្នកបម្រើត្រូវតែនៅរង់ចាំទទួលមុខងារខ្លួនដោយប្រយ័ត្នប្រយែង ព្រោះថា៖ 

៥៧- ការមិនហ៊ានប្រារព្ធធ្វើអ្វី ព្រោះភ័យខ្លាចតែពីខុស នេះជាលក្ខណៈនៃបុរសគម្រក់ នែសម្លាញ់អើយ! នរណាលះបង់ចោលអាហារភោជនមិនហ៊ានបរិភោគ ព្រោះខ្លាចអាហារមិនរលួយ? 

៥៨- ព្រះនរបតីតែងរាប់រកតែមនុស្សណាដែលនៅជិតផ្ទាល់ព្រះអង្គ ទោះមនុស្សនោះល្ងង់ខ្លៅក្ដី ត្រកូលថោកទាបក្ដី ឬមិនបានទូន្មានខ្លួនដោយប្រពៃក្ដី តាមធម្មតា ព្រះរាជា ស្ដ្រីភាព ឬលតាជាតិ តែងទាក់ទងព័ទ្ធព័ន្ធចំពោះតែអ្នកណា ឬដើមឈើណាដែលនៅជិត ។ 

ចចកករដកៈ សួរថា៖ នៃសម្លាញ់! ថាបើដូច្នោះ ឯងចូលទៅគាល់ព្រះរាជា តើគិតនិយាយថាដូចម្ដេច? ។ ចចកទមនកៈ ឆ្លើយប្រាប់ថា៖ ចូរឯងចាំស្ដាប់ រូបខ្ញុំទៅនេះ ដើម្បីឲ្យបានដឹងថា ម្ចាស់យើងមានសេចក្ដីប្រោសប្រាណ ឬមិនប្រោសប្រាណ? ។ ចចកទមនកៈ ឆ្លើយប្រាប់ថា៖ ចូរឯងពិចារណាមើល៖ 

៥៩- ទតព្រះនេត្រមើលមកពីចម្ងាយ ទ្រង់ញញឹមស្រស់ពព្រាយ ទ្រង់ចចាកអារាក សាកសួរដោយរួសរាយ សរសើរគុណលក្ខណៈ សូម្បីក្នុងទីកំបាំមុខ ឬទ្រងរំឮកការកម្សត់ដែលយើងពេញចិត្ត ។ 

៦០- ទ្រង់ប្រោសប្រាណ សូម្បីជនមិនមែនជាសេវកាមាត្យ ទ្រង់ប្រោសព្រះរាជទាន ទ្រង់ពោលប្រោសប្រាស្រ័យគួរឲ្យស្រឡាញ់ពេញចិត្ត ទ្រង់រំឮករឿងសព្វព្រះទ័យនៃជនដែលត្រង់ប្រោសប្រាណ ឬទ្រង់សង្គ្រោះនឹកដល់គុណយើង សូម្បីចំពោះរឿងដែលជាទោស ។ 

៦១- ទ្រង់ត្រាស់ប្រើមិនមានកាលកំណត់ ទ្រង់ពោលពាក្យសន្យារឿយៗ និងទ្រង់កំណត់ផលដែលត្រូវបាន ទាំងអស់នេះ នរជនដែលមានប្រាជ្ញាអាចកំណត់ដឹងបាននូវលក្ខណៈព្រះរាជា ដែលមានសេចក្ដីប្រោសប្រាណ ឬមិនមានសេចក្ដីប្រោសប្រាណ ។ 

កាលបើខ្ញុំដឹងកិច្ចការនេះសព្វគ្រប់ហើយ ខ្ញុំនឹងរករឿងនិយាយដូចម្ដេចឲ្យទាល់តែព្រះរាជាសព្វព្រះទ័យពុំខាន ។ 

៦២- អ្នកប្រាជ្ញទាំងឡាយតែងសម្ដែងប្រាប់នូវការវិបត្តិ (អន្តរាយ) ដែលកើតពីការយល់ឃើញខុស និងសិទ្ធិ (ការសម្រេច) ដែលកើតពីការយល់ឃើញត្រូវ ឲ្យឃើញស្ដែងតាមនីតិវិធី បង្ហាញឲ្យឃើញដូចជាអ្វីមួយដែលផុសប្រាកដឡើងក្នុងទីចំពោះមុខ ។ 

ចចកករដកៈ និយាយប្រាប់ថា៖ ប៉ុន្តែបើកាលមិនគួរទេ កុំនិយាយ ព្រោះថា៖ 

៦៣- សូម្បីព្រះព្រហស្បតិ៍ កាលពោលនូវពាក្យខុសកាល ក៏បាននូវការមើលងាយប្រាជ្ញា និងការមើលងាយដទៃទៀតច្រើនប្រការ ។ 

ចចកទមនកៈ ឆ្លើយថា៖ នែមិត្ត! ឯងកុំភិតភ័យអ្វី ទុកងារឲ្យរូបខ្ញុំចុះ ពាក្យណាដែលមិនគួរដល់ការ រូបខ្ញុំមិននិយាយពាក្យនោះទេ ព្រោះថា៖ 

៦៤- ក្នុងគ្រាអន្តរាយកើតឡើង ក្នុងការដើរវង្វែងផ្លូវ និងក្នុងគ្រាប្រកបការក្នុងកាលគួរធ្វើ ខ្ញុំបម្រើ ដែលប្រាថ្នាប្រយោជន៍ សូម្បីម្ចាស់មិនសួរនាំក៏ត្រូវតែពោល ។ 

ថាបើរូបខ្ញុំមិននិយាយស្នើមតិ ក្នុកាលគួរមកដល់ហើយ ន៎ុះក៏រូបខ្ញុំមិនសមធ្វើជាមន្ត្រីដែរ ព្រោះថា៖ 

៦៥- ការប្រព្រឹត្តចិញ្ចឹមជីវិត ដែលលោកសប្បុរសទាំងឡាយសរសើរនៅក្នុងលោកនេះ ដោយគុណណា គុណនោះ បុគ្គលអ្នកមានគុណគួររក្សាទុកដោយប្រពៃផង គួរធ្វើឲ្យចម្រើនកើនឡើងផង ។ 

ហៃសម្លាញ់! បើដូច្នោះ ចូរសម្លាញ់បើកឲ្យរូបខ្ញុំទៅជួបបិង្គលកៈ ក្នុងកាលឥឡូវនេះចុះ ។ ចចកករដកៈ ឲ្យពរថា៖ សុភមស្តុ! សូមឲ្យបានប្រកបដោយសេចក្ដីសុខក្សេមក្សាន្តកុំបីឃ្លាត សូមសេចក្ដីប្រាថ្នាបានសម្រេចផលតាមដែលបានដៅកុំបីខាន ។ លំដាប់នោះ ចចកទមនកៈ ដើរចូលទៅកាន់សំណាក់បិង្គលកៈ ។ គ្រានោះឯង បិង្គលកៈ មើលទៅឃើញចចកទមនកៈ ដើរចូលមកពីចម្ងាយក៏បង្គាប់ឲ្យគេហៅចូលទៅ ។ ចចកដើរចូលទៅធ្វើហាក់ដូចជាខ្លាចណាស់ ធ្វើអាការៈញញើតញញើមបែបត្រុនៗ ដល់ហើយឱនក្រាបប្រណិប័តន៍ដោយអស្ដាង្តបាត ប្រណិប័តន៍ហើយអង្គុយក្នុងទីដ៏គួរមួយ ។ បិង្គលកៈ ចៅរ៉ៅសួរទៅថា៖ យីអើ! អញខានឃើញមុខឯងយូរយារណាស់ហើយណា! ។ ចចកទមនកៈ ឆ្លើយភ្លាមថា៖ ព្រោះព្រះទេវបាទដ៏មានសិរី មិនមានកិច្ចការអ្វីជាប្រយោជន៍ចំពោះខ្ញុំបាទជាសេវកាមាត្យ តែបើទុកជាដូច្នោះ ដល់កាលគួរហើយ ខ្ញុំបម្រើត្រូវតែចូលមកគាល់ ហេតុនោះទើបខ្ញុំបាទចូលមកគាល់ឥឡូវនេះ ព្រោះថា៖ 

៦៦- បពិត្រព្រះរាជា! ការងារម្ចាស់មានច្រើនណាស់ លោកតែងត្រូវការ សូម្បីស្មៅមួយទងសម្រាប់ជម្រះព្រះទន្ត ឬធ្វើជាតំបារត្បារព្រះកាណ៌ ចាំបាច់និយាយថ្មីដល់ទៅនរជនដែលមានខ្លួនទាំងដុលចេះនិយាយមានដៃជើងប្រាកដដូច្នេះ ។ 

បើលោកម្ចាស់ឈ្វេងយល់ថា ខ្ញុំបាទនេះជាបុគ្គលអប្បឥតប្រាថ្នា ដូច្នោះមែនបានជាលះបង់ចោលយូរយារណាស់ហើយ ន៎ុះគួរលោកម្ចាស់កុំឈ្វេងយល់ដូច្នេះទៀតឡើយ ព្រោះថា៖

៦៧- នរជនមានប្រាជ្ញា និងមានសេចក្ដីប្រព្រឹត្តម៉ឺងម៉ាត់ សូម្បីជនដទៃមើលងាយថាមិនបានជាការអ្វី ន៎ុះក៏បុគ្គលមិនគប្បីសន្ទិះសង្ស័យថា វិនាសសាបសូន្យឡើយ ភ្លើងសូម្បីបុគ្គលយកទៅដាក់ខាងក្រោម ក្នុងកាលណាក៏ដោយ អណ្ដាតភ្លើង មិនដែលទៅក្រោមទេ តែងទៅតែខាងលើជាដរាប ។ 

ទេវៈ! សូមលោកម្ចាស់ឈ្វេងយល់ដោយវិសេសទៅទៀតថា៖ 

៦៨- កែវមណី គេយកទៅប្រដាប់ជើង កញ្ចក់គេយកទៅប្រដាប់លើសិរសា បើទុកជាដូច្នេះរបស់ណាដូចម្ដេច របស់នោះនៅតែដូច្នោះដដែល គឺកញ្ចក់គេយកទៅប្រដាប់លើសិរសា បើទុកជាដូច្នេះរបស់ណាដូចម្ដេច របស់នោះនៅតែដូច្នោះដដែល គឺកញ្ចក់នៅតែជាកញ្ចក់កែវមណីនៅតែជាកែវមណី ។

៦៩- កាលណាព្រះរាជា ទ្រង់រាប់អាននរជនទាំងពួងស្មើភាគគ្នា មិនឲ្យមានវិសេសប្លែកគ្នា ឧស្សាហៈនៃជនមានសមត្ថភាពប្រឹងប្រែងធ្វើការងារ នឹងសាបរលាបឱនថយចុះទៅ ។ 

៧០- បពិត្រព្រះរាជា! បុរសមាន៣ជាន់ គឺបុរសឧត្តម បុរសទាបថោក និងមធ្យម ទ្រង់គប្បីចាត់ចែងឲ្យធ្វើការងារទៅតាមជាន់ទាំង៣នេះឯង ។ 

៧១- សេវកាមាត្យដូចគ្នានឹងគ្រឿងអាភរណៈ ត្រូវទុកដាក់ឲ្យសមតាមឋានៈដូចកែវមណីសម្រាប់រំលេចមកុដ មិនត្រូវយកទៅដាំកងជើង ឬពុំនោះកងជើងមិនត្រូវយកទៅប្រដាប់សិរសាឡើយ ។ 

៧២- កែវមណី គួរយកទៅប្រដាប់គ្រឿងអាភរណៈ ជាវិការនៃមាស បើគេយកកេវមណីទៅប្រដាប់គ្រឿងអាភរណៈ ជាវិការនៃសំណេរកែវមណីនោះ មិនមានពន្លឺប្រុះឆ្លុះច្រវាត់ផង មិនល្អរុងរឿងផង តែការនេះជាកំហុសជាងមាសដោយឡែកទេ ។ 

៧៣- លើកកញ្ចក់យកទៅបណ្ដុបលើកំពូលមកុដ សម្រុតកេវមណីយកទៅប្រដាប់កងជើងវិញ នេះជាទោសនៃកែវមណីក៏ឥតអង្គឺមាន ជាទោសនៃជាងមាសល្ងង់ មិនចេះប្រើ មិនស្គាល់តម្លៃទេតើ! ។ 

៧៤- ព្រះនរបតី ដែលទ្រង់ឈ្វេងយល់ស្គាល់សេវកាមាត្យថា អ្នកនេះមានប្រាថ្នា មានភក្ដី អ្នកនោះមានសេចក្ដីក្លៀវក្លាហាន ឬប្រកបព្រមដោយលក្ខណៈពីរប្រការនោះ តែងបរិបូណ៌ដោយសេវកាមាត្យទាំងឡាយ ។ 

៧៥- សេះ សស្ត្រាវុធ សាស្ត្រវិជ្ជា ពិណ សុន្ទរកថា នរជន និងនារី វិសេស ឬមិនវិសេសប្រើបានល្អ ឬមិនបានល្អ ស្រេចហើយតែវិធីនៃម្ចាស់អ្នកប្រើ អ្នកបង្គាប់បញ្ជាទេ ។ 

៧៦- មានប្រយោជន៍អ្វីដោយជនភក្ដី តែមិនមានសមត្ថភាព មានប្រយោជន៍អ្វីដោយជនអង់អាចតែមិនធ្វើអ្វីកើតប្រយោជន៍ បពិត្រព្រះរាជា! ទ្រង់មិនគួរមើលងាយទូលព្រះបង្គំជាខ្ញុំ ដែលមានភក្ដីផង មានសេចក្ដីអង់អាចផងដូច្នេះទេ ។ 

៧៧- បើទ្រង់មើលងាយអ្នកចេះដឹង ទ្រង់មានតែជនអប្បឥតប្រាជ្ញាជាបរិវារ តទៅដោយអាស្រ័យហេតុនេះ ទ្រង់នឹងមិនមានជនជាអ្នកប្រាជ្ញនៅក្បែរព្រះអង្គឡើយ ព្រោះការមិនស្គាល់នីតិវិធីនេះឯង កាលបើរាជ្យណាលះបង់សេវកាមាត្យជាអ្នកប្រាជ្ញហើយ រាជ្យនោះនឹងមិនមានផ្លូវនយោបាយល្អទេ បើវិបត្តិនយោបាយល្អហើយ ប្រទេសជាតិទាំងមូល នឹងកប់លិច ឬវិនាសបាត់ចេញពីក្នុងផែនទីលោកនេះឥតសង្ស័យឡើយ ។

៧៨- អ្នកនគរ គោរពអស់កាលជានិច្ច ចំពោះជនណាដែលព្រះនរបតីលើកតម្កើង ជនណាដែលព្រះនរបតីមើលងាយហើយ ជននោះក៏ត្រូវអ្នកនគរទាំងអស់មើលងាយតាមដែរ ។ 

៧៩- ពាក្យដែលត្រឹមត្រូវ គួរដល់ការងារ សូម្បីជាសម្ដីកូនក្មេង អ្នកមានប្រាជ្ញា ក៏គួរកាន់យកបើមិនមានពន្លឺព្រះអាទិត្យទេ ពន្លឺប្រទីប នឹងមិនមានគុណប្រយោជន៍ ឬអ្វី? ។ 

បិង្គលកៈ និយាយតបថា៖ នែទមនកៈដ៏ចម្រើនអើយ! ឯងនិយាយដូច្នោះ ឯងជាកូននៃប្រធានអាមាត្យរបស់យើង ប្រហែលជាដោយពាក្យទ្រគោះបោកបោះបន្តិចបន្តួចឬអ្វី បានជាឯងមិនចូលមករកយើងអស់កាលយូរយាដល់ម្លេះ? បើដូច្នោះ ចូរឯងនិយាយដោយសេរីមកចុះ មានរឿងអ្វីខ្លះ? ។ ចចកតមនកៈ និយាយតបទៅទៀតថា៖ បពិត្រលោកជាស្ដេចម្រឹគ! ខ្ញុំបាទសូមទានឱកាសជម្រាបសួររឿងបន្តិច សូមលោកម្ចាស់មេត្តានិយាយប្រាប់ដំណើរសេចក្ដីតាមខ្ញុំបាទដឹងថាលោកម្ចាស់ត្រូវការទឹក លោកម្ចាស់អញ្ចើញទៅហើយមិនទាន់បានក្រេបផឹកបំបាត់សេចក្ដីស្រេកឃ្លានផង ក៏ស្រាប់តែវិលត្រឡប់មកនៅស្ងៀមវិញហាក់ដូចជាមានហេតុភេទអ្វីមួយ មុខគួរឲ្យតក់ស្លុតរន្ធត់ព្រះទ័យណាស់? បិង្គលកៈនិយាយប្រាប់ថា៖ អើ! ឯងមានវិចារណញាណល្អហើយ តែយើងមិនមានអ្នកណាជាទំនុកទុកចិត្ត នឹងប្រាប់អាថ៌កំបាំងនេះបាន មានតែឯង ។ បើដូច្នោះ យើងនឹងបកអាថ៌កំបាំងនោះប្រាប់ឯងក្នុងកាលឥឡូវនេះ ឯងចាំស្លាប់ដូចសេចក្ដីតទៅនេះចុះ ។ ឥឡូវនេះ ព្រៃនេះមានសត្វអ្វីប្លែកមួយមកនៅត្រួតត្រា យើងគួរភៀសខ្លួនគេចចេញពីទីនេះទៅ នេះហើយជាហេតុការណ៍នាំឲ្យអញភ័យខ្លាច អញបានឮសំឡេងវាចម្លែកអស្ចារ្យ បើតាមប្រមាណមើលសម្រែកវាឮខ្លាំងដូច្នេះនេះ គង់រូបរាងធំមាំមួនមានកម្លាំងខ្លាំងមហិមា ទើបបានជាឮខ្លាំងដល់ម៉្លោះ ។ ចចកទមនកៈ និយាយឡើងថា៖ ទេវៈ! នេះក៏ជាហេតុការណ៍នាំឲ្យមានភ័យធំពិត សំឡេងនោះ ខ្ញុំបាទក៏បានឮដែរ តែខ្ញុំបាទឆ្ងល់ណាស់ អ្នកណាដែលមកជម្រាបលោកម្ចាស់ថា ឲ្យលះបង់ព្រះរាជអាណាចក្រ ហើយសឹមធ្វើសង្គ្រាមដណ្ដើមយកព្រះរាជអាណាចក្រជាខាងក្រោយវិញ អ្នកនោះសមធ្វើជាមន្ត្រីជាទីប្រឹក្សាឬទេ? មួយទៀត ក្នុងការដែលមានអាសន្នក្រនេះ លោកម្ចាស់គប្បីឈ្វេងយល់ការងារសេវកាមាត្យបាន ព្រោះថា៖ 

៨០- គ្រាវិបត្តិ នរជនត្រូវស្គាល់ខ្លឹមសារប្រាជ្ញានៃពួកញាតិសន្ដាន ភរិយា និងសេវកាមាត្យ ព្រមទាំងសត្តនិករ និងខ្លួនឯង ឲ្យដូចជាថ្មសម្រាប់ពិសោធន៍មើលមាសសុទ្ធ ។ 

បិង្គលកៈ និយាយបញ្ជាក់ថា៖ នែសម្លាញ់ដ៏ចម្រើន សេចក្ដីភ័យនេះនាំឲ្យអញទុញទាល់គំនិតគិតអ្វីមិនឃើញទេ ។ ចចកកមនកៈ នឹកតែក្នុងពោះថា៖ បើម្លឹងតើ ម្ដេចឡើយនឹងមិនហ៊ាននិយាយប្រាប់អាត្មាអញអំពីការលះបង់រាជ្យ ហើយគិតរត់ទៅនៅទីដទៃ ទើបប្រកាសឮខ្លាំងៗទៅសីហៈថា៖ ទេវៈ! សូមលោកម្ចាស់តាំងព្រះទ័យឲ្យក្សេមក្សាន្តចុះ ដរាបណាខ្ញុំបាទមានជីវិតរស់នៅ ដរាបនោះ លោកម្ចាស់កុំភ័យខ្លាចឲ្យសោះ តែសូមលោកម្ចាស់ប្រោសមេត្តារក្សាទឹកចិត្តចចកករដកៈ និងសត្វឯទៀតជាបរិវារផង ក្នុងគ្រាក្រធ្វើម្ដេចនឹងប្រមូលរករេហ៍ពលជាបុគ្គលរកបានក្រឲ្យបានច្រើនសម្រាប់ជួយការពារ? ។ លំដាប់នោះ ចចកទាំងពីរទមនកៈ និងករដកៈ បានទួលកិត្តិយសដ៏ខ្ពង់ខ្ពស់អំពីបិង្គលកៈ ហើយប្ដេជ្ញានឹងការពារភ័យអន្តរាយទាំងពួងឲ្យ ហើយទើបបបួលគ្នាដើរចរចេញទៅ ។ ចចកករដកៈ ដើរបណ្ដើរនិយាយបណ្ដើរទៅកាន់ចចកទមនកៈថា៖ នែសម្លាញ់! ហេតុនៃភ័យនេះយើងមិនអាចដឹងថាយើងអាចការពារបាន ឬមិនបាននៅឡើយទេ ហើយយើងបានប្ដេជ្ញាជាដាច់ខាតរួចមុនទៅហើយថា នឹងរម្ងាប់ភ័យនោះឲ្យទាល់តែសម្រេច បានទាំងទទួលមហាប្រសាទស្រេចទៅហើយផង មិនមែនឬ? យើងមិនត្រូវទទួលយកអាសាចំពោះនរណាសោះ ដោយវិសេសចំពោះម្ចាស់យើង ថាបើយើងមិនអាចជួយបាន ព្រោះថា៖ 

៨១- ទ្រព្យសម្បត្តិមាននៅក្នុងសេចក្ដីជ្រះថ្លានៃអ្នកណា ជ័យជម្នះមាននៅក្នុងសេចក្ដីព្យាយាមប្រឹងប្រែងនៃអ្នកណា ម្រឹត្យុស្ថិតនៅក្នុងសេចក្ដីក្រោធនៃអ្នកណា សេចក្ដីពិត អ្នកនោះៗឈ្មោះថា ប្រកប ហើយដោយតេជនុភាពទាំងពួង ។ 

៨២- ព្រះភូមិបាល សូម្បីតាំងនៅក្នុងយោព្វនវ័យ (ពាលល្ងង់ខ្លៅ) បុគ្គលមិនគប្បីមើលងាយព្រះចេស្ដាទុកដូចមនុស្សធម្មតាទេ ព្រោះថា៖ ព្រះរាជាជាទេពតាមានសក្ដិធំ មកប្រាកដព្រះអង្គជាកាយមនុស្ស ។ 

ឯចចកទមនកៈ បានស្ដាប់សម្ដីចចកករដកៈនិយាយហើយ អស់សំណើចឃឹកៗ ទើបនិយាយថា៖ នែមិត្ត! ចូរឯងនៅឲ្យស្ងៀមទៅ កុំមាត់កថ្វី ហេតុដែលនាំឲ្យម្ចាស់យើងភ័យនោះ អញដឹងអស់ហើយ មិនគឺសំឡេងអ្វីដទៃផ្សេងទេ គឺជាសម្រែកគោឧសភរោទិ៍នោះឯង ឯគោឧសភត្រូវជាចំណីអាហារយើងផង ចាំបាច់និយាយដល់ទៅសីហៈធ្វើអ្វី? ។ ចចកករដកៈ និយាយទទួលថា៖ អា៎! អ្វីដូច្នោះទេហ៎? បើដូច្នោះ ហេតុអ្វីក៏ឯងមិនកម្ចាត់បង់សេចក្ដីតក់ស្លុតម្ចាស់យើងឲ្យទាន់ភ្លាមទៅ? ។ ចចកទមនកៈ ឆ្លើយដោយអាការបន្ទោសប្រាប់ថា៖ បើយើងដោះស្រាយសេចក្ដីតក់ស្លុតម្ចាស់យើងភ្លាមទៅ ដូចម្ដេចឡើយយើងនឹងត្រូវបានសេចក្ដីគាប់ចិត្ត និងលាភសក្ការៈច្រើនថែមទៀត ព្រោះថា៖ 

៨៣- ក្នុងកាលណាក៏ដោយ បុគ្គលមិនគប្បីធ្វើឲ្យម្ចាស់លែងពឹងពាក់សេវកាមាត្យទេ បើសេវកាមាត្យធ្វើឲ្យម្ចាស់លែងពឹងពាក់ហើយ នឹងដល់សេចក្ដីវិនាស ដូចឆ្មាឈ្មោះទធិកណៈ ។ 

ចចកករដកៈ សួរឡើងថា៖ តើរឿងនោះដូចម្ដេច? ។ ចចកទមនកៈ និយាយរឿងរ៉ាវនោះប្រាប់ថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!