ការបំបែកមិត្ត

កថាទី១៖ រឿងគោឧសភ ចចកពីរ និងសត្វសីហៈ

កថាទី២៖ រឿងពានរ និងសសរ

កថាទី៣៖ រឿងលា និងឆ្កែ

កថាទី៤៖ រឿងសីហៈ និងឆ្មា

កថាទី៥៖ រឿងស្ត្រីពេស្យា និងគង

កថាទី៦៖ រឿងបរិព្វាជកកន្ទប៌កេត

កថាទី៧៖ រឿងភរិយាគោបាល និងសហាយពីរនាក់

កថាទី៨៖ រឿងក្អែកញីឈ្មោល និងពស់

កថាទី៩៖ រឿងសីហៈ និងទន្សាយ

កថាទី១០៖ រឿងត្រដេវវិចញីឈ្មោល និងសមុទ្ទ

សៀវភៅអេឡិកត្រូនិក

ហិតោបទេសភាគទី១ឈ្នោះ “ការគប់មិត្ត” ដែលផ្សាយចេញទៅហើយ បានទទួលការនិយមអានគួរជាទីពេញចិត្ត ។ ការនិយមអាននេះ ជាវត្ថុបំណងប្រសើររបស់ខ្ញុំ ទុកថាខ្ញុំបានបោះជំហានទីមួយទៅស្រេចបរិបូណ៌ហើយ ថែមទាំងនាំឲ្យខ្ញុំមានកម្លាំងព្យាយាមសរសេរតទៅទៀតមិនតិចឡើយ ។ 

អស់លោកអ្នកអានខ្លះ កាលអានរួចហើយពោលត្អូញត្អែរថា ហិតោបទេសនេះល្អណាស់ តែពិបាកអានហួសពេក ហើយមិនងាយស្ដាប់សេចក្ដីបានផង ព្រោះដេរដាសដោយពាក្យសំស្ក្រឹត និងពាក្យមានអាថ៌ជ្រាលជ្រៅ ។ ខ្ញុំឥតប្រកែកទេ យល់ព្រមតាមពាក្យអ្នកអានទាំងអស់ តែក្នុងរឿងនេះខ្ញុំនឹកពិភាល់ថា លោកអ្នកអានទាំងឡាយភ្លេចថា ខ្ញុំជាអ្នកប្រែទៅហើយ មួយទៀតខ្ញុំជឿថាអ្នកអានទាំងឡាយគង់មិនភ្លេចថាធម្មតាច្បាប់ ឬសុភាសិតដែលជាទ្រឹស្ដី សុទ្ធសឹងមានអាថ៌ជ្រាលជ្រៅ មិនមែនអានហើយភ្លាមយល់ចូលចិត្តស្រួលទេ ។ អ្នកដែលខ្លាចគេបន្ទោសថាខ្វះការសិក្សា តែងព្យាយាមអានមិនលះបង់ចោល អានហើយអានទៀត ខំប្រឹងអានដរាបទាល់តែយល់សេចក្ដី ដូចគេទ្រាំលេបគីនីនឲ្យជាគ្រុនដូច្នោះ ។ ដើម្បីដាស់តឿនស្មារតីអ្នកអានទាំងឡាយ ខ្ញុំសូមនាំនិទានខ្លីមួយទុកជាគតិប្រចាំជីវិតថា៖ 

“កាលពីព្រេងនាយ កន្លងបាំងបាត់ស្ងាត់យូរយារណាស់ហើយ កាលនោះ អសុរ និងទេពតាយកនាគវសុកិជាព្រ័ត្រ យកភ្នំមន្ទរជាស្នូល យកអណ្ដើកអវតានៃព្រះនារាយណ៍ជាអ្នកទ្រភ្នំមន្ទរ ហើយបបួលគ្នាកូរសមុទ្ទទឹកដោះយកទឹកអម្រឹត តាមពាក្យយើងសព្វថ្ងៃថា អសុរ និងទេវតាទាញព្រ័ត្រ ។ ការកូសមុទ្ទទឹកដោះនោះ ប្រើថិរវេលាអស់វារៈកំណត់១០០០ ឆ្នាំ ទើបបានទឹកអម្រឹត ។ 

បុរាណខ្មែរយើង ឆ្លាក់រឿងនេះនៅជញ្ញាំងថែវនគរវត្តភាគខាងកើតពេញផ្ទៃថែវ ធ្វើមុខមាត់មាឌសុទ្ធតែប្រឹង ។ មានធ្វើអសុរ និងទេពតាតាមមុខមាត់សម្បើមរាងក្រអឺតៗ ទាញព្រ័ត្រនាគនៅគ្រប់ទ្វារនគរធំទៀត មិនតែប៉ុណ្ណោះទេសូម្បីរូបសីហៈ ឬរូបឆ្មាំទ្វារគោបុរៈក៏មានអាការថាថាងប្រឹងប្រែងទាំងអស់ ។ មើលចុះ មិនមែនទន់ភ្លន់ល្វែតល្វតរេទៅតាមខ្យល់ទេ ។ ទាំងអស់នេះ ជារូបភាពសម្ដែងភស្តុតាងព្យាយាម និងថាមភាពនៃដូនតានៅសម័យនគរវត្ត ។ បើយើងពោលដោយផ្លូវហេតុផលគួរទុកជាគតិបានថា គួរប្រឹងឬទេ? ព្រោះដូនតាសុទ្ធតែប្រឹងទាំងអស់ ។ 

នេះជាហិតោបទេស ភាគទី២ ឈ្មោះ “ការបំបែកមិត្ត” ជាជំហានទីពីរ ដែលបោះផ្សាយពេលនេះ ។ ខ្ញុំមានសង្ឃឹមថា ភាគទីពីរនេះ នឹងបានទទួលការនិយមអានគួរជាទីពេញចិត្តដូចភាគទី១ ដែរ ។ នៅសល់ពីរភាគទៀត ដែលនឹងផ្សាយទៅក្នុងអនាគតឆាប់ៗនេះ ខ្ញុំភ័យផ្អុកៗក្នុងពោះ ក្រែងខ្ញុំមិនអាចបោះជំហានទី៣ និងទី៤ ទៅមុខទៀតរួច ថាបើខ្ញុំអាចនឹងទៅបាន ខ្ញុំនឹងរីករាយសប្បាយចិត្តណាស់ ព្រោះវត្ថុបំណងរបស់ខ្ញុំ នឹងសម្រេចអស់ហើយ ។ 

ភាគទី២ នេះ ខ្ញុំទុកជាទីរលឹកការនៅចាំវស្សាអស់ត្រៃមាសក្នុងឆ្នាំខាលទៅស័ក ព.ស. ២៤៩៣ ។ 

សូមប្រជាជនខ្មែរទាំងមូល បានប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើនគ្រប់ប្រការ!

វត្តឧណ្ណាលោម នៅថ្ងៃ ៥ ១ ។ ១៥ ១១ ឆ្នាំខាល ទៅស័ក ព.ស. ២៤៩៣ 

ត្រូវនឹងថ្ងៃទី២៦ ខែតុលា គ.ស ១៩៥០ 

ភិក្ខុ ប៉ាង ខាត់ (វីរិយបណ្ឌិតោ)

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!