អារម្ភកថាលើកទី២

ការគប់មិត្ត (រឿងក្អែក អណ្ដើក កណ្ដុរ និងប្រើស)

កថាទី១៖ រឿងអ្នកដំណើរ និងខ្លាចាស់

កថាទី២៖ រឿងប្រើស ចចក និងក្អែក

កថាទី៣៖ រឿងត្មាត ឆ្មា និងបក្សី

កថាទី៤៖ រឿងកណ្ដុរហិរណ្យកៈ

កថាទី៥៖ រឿងពាណិជចាស់ជរា និងភរិយាក្រមុំ

កថាទី៦៖ រឿងព្រាន ប្រើស ជ្រូក ពស់ និងចចក

កថាទី៧៖ រឿងព្រះរាជា បុត្រពាណិជ និងភរិយា

កថាទី៨៖ រឿងចចក និងដំរីស្ដ

សៀវភៅអេឡិកត្រូនិក

ថ្ងៃមួយ កាលខ្ញុំហិចហើរកាត់ឆ្លងទក្សិណារណ្យ ខ្ញុំបានឃើញរឿងនេះ មានខ្លាចាស់មួយ ធ្វើពិធីមុជទឹកលាងបាប (តំនៀមទម្លាប់សាសនាព្រហ្មណ៍ ត្រូវមុជទឹកលាងបាត គេប្រកាន់ថាជាការបរិសុទ្ធ ។ នៅទន្លេគង្គាប្រទេសឥណ្ឌាមានព្រាហ្មណ៍រាប់ពាន់នាក់ចុះទៅមុជទឹកលាងបាបរាល់ថ្ងៃ ។ នៅប្រទេសខ្មែរយើងគេយកទឹកដូងជំនួសទឹកគង្គា លាងធាតុប្រកាន់ថា បរិសុទ្ធជ្រះឧបទ្រពចង្រៃ ។)  ហើយឡើងមក ដៃកាន់ស្បូវភ្លាំង ឈរទៀតមាត់ស្រះ ស្រែកហៅអ្នកដំណើរម្នាក់ថា៖ “នែអ្នកដើរ! អ្នកចូលមកយកកងមាសឯនេះ” ។ លំដាប់នោះ អ្នកដំណើរបានឮហើយ ក៏មានចិត្តចង់បានកងមាសដោយសេចក្ដីលោភ ទើបគិតថា៖ អាត្មាអញមានបុណ្យវាសនាធំណាស់ ត្រូវបានកងមាស តែក្នុងទីនេះប្រកបដោយសេចក្ដីរង្គៀស ក្រែងមានសេចក្ដីអន្ដរាយដល់អាត្មាមិនគួរពានពារខ្លួនទេ ព្រោះថា៖ 

៦- ការស្វែងលាភក្នុងវត្ថុដែលពេញចិត្តអំពីមនុស្សអាក្រក់ មិនមែនជាគតិល្អទេ ព្រោះថា ទឹកអម្រឹតរាយដោយពិសពុល មានក្នុងទីណា គេអាចស្លាប់បានក្នុងទីនោះ ។ 

ការស្វែងរកទ្រព្យក្នុងទីទាំងពួង នឹងថាមិនត្រូវពានពារឧបសគ្គក៏មិនមែន ព្រោះថា៖ 

៧- នរជនមិនឡើងកាន់សេចក្ដីសង្ស័យ (មិនចេះសង្ស័យ) មើលមិនឃើញសេចក្ដីចម្រើនទេ ថាបើឡើងកាន់សេចក្ដីសង្ស័យម្ដងហើយ ម្ដងទៀត ចិត្តនៅសាញ សាញ៉ាំ ចេះតែសង្ស័យស្ទាក់ស្ទើរកាលបើឃើញសេចក្ដីចម្រើនហើយ ក៏ឈ្មោះថាមិនឃើញដែរ ។ 

បើដូច្នោះ អាត្មាអញគួរសួរដេញដោលឲ្យអស់ជើងសិន ។ អ្នកដំណើរនោះប្រកាសសួរទៅថា “នៅឯណាកងឯងនុះ?” ។ ពេលនោះ ខ្លាក៏លើកជើងមុខបង្ហាញឲ្យមើល ។ អ្នកដើរផ្លូវពោលថា៖ “ធ្វើម្ដេចឲ្យទុកចិត្តស្និទ្ធស្នាលនឹងឯង ពីព្រោះឯងនេះជាសត្វខ្លា ចូលចិត្តស៊ីសាច់ច្របាច់ក សម្លាប់គេដូច្នេះ?” ។ ខ្លាឆ្លើយតបថា៖ “នែអ្នកអើយ! ចូរអ្នកស្ដាប់ខ្ញុំ កាលខ្ញុំនៅពីបឋមវ័យនៅឡើយ ខ្ញុំប្រព្រឹត្តអាក្រក់មែន ខ្ញុំខាំសម្លាប់គោ មនុស្សច្រើនអនេក ដល់អំពើអាក្រក់នោះឲ្យផល កូនប្រពន្ធខ្ញុំស្លាប់ចោលអស់ ខ្ញុំផុតពូជអស់ហើយ ខ្ញុំនៅកំព្រាតែម្នាក់ឯង ។ លំដាប់មក មានតាបសឥសីចិត្តសប្បុរសម្នាក់ទូន្មានប្រដៅខ្ញុំឲ្យកាន់ធម៌ថា៖ “នែអ្នក! អ្នកចូរប្រព្រឹត្តធម៌ ឲ្យទាន កុំប្រព្រឹត្តអាក្រក់ទៀត” ។ តាំងពីនោះមក ខ្ញុំធ្វើតាមពាក្យប្រៀនប្រដៅរបស់តាបសឥសីនោះដរាប មិនដែលហ៊ានប្រព្រឹត្តធ្វើអាក្រក់ទេ ប្រព្រឹត្តមុជទឹកលាងបាបជានិច្ច រក្សាសីលដាក់ទានជាប្រក្រតី មានមេត្តា ករុណា ពេលនេះ ខ្ញុំក៏កាន់តែចាស់ជរាគ្រាំគ្រាទុព៌ល ធ្មេញ ក្រចកក៏រេចរឹលអស់រលីងហើយ ដូច្នេះក៏អ្នកនៅតែមិនជឿខ្ញុំទៀត មិនអាចយកខ្ញុំជាវិស្សាសភូមិបាន ព្រោះថា៖ 

៨- ការបូជាយញ្ញ១ ការសិក្សាព្រះវេទ១ ទាន១ តបៈ១ សច្ចៈ១ សន្ដោស១ សេចក្ដីអត់អន់១ និងការមិនលោភ១ ទាំង៨ប្រការនេះ ជាបដិបទាននៃព្រះវេទ បុគ្គលគប្បីចាំទុកចុះ ។ 

៩- បណ្ដាធម៌៨ ប្រការនេះ ធម៌៤ ប្រការខាងដើម គេប្រតិបត្តិដើម្បីបង្អួត ឬឆបោកក៏បាន ធម៌៣ប្រការខាងចុង ស្ថិតនៅបានចំពោះតែបុគ្គលមានមហាត្ម័ន (មានចិត្តប្រសើរ)

ឥឡូវនេះ ខ្ញុំអស់សេចក្ដីលោភរលីងហើយរហូតដល់ចង់ឲ្យកងមាសដែលនៅក្នុងដៃខ្ញុំនេះ ជាទានដល់អ្នកថែមទៀត តែបើទុកជាខ្ញុំប្រព្រឹត្តល្អដូច្នេះ ក៏នៅតែពិបាកនឹងគេច ឬឃាត់ហាមលោកប្រវាទ (ពាក្យមនុស្សលោកពោលបង្ខូច) ពាក្យញុះញង់ ស៊កសៀតមនុស្សលោកថា “ខ្លាស៊ីមនុស្ស” ព្រោះថា៖ 

១០- មនុស្សលោក តែងផ្អៀងទៅតាមដំណើរហេតុដែលកន្លងទៅហើយ មិនជឿទុកចិត្តស្ដ្រីផ្កាមាស ដែលគេបានឲ្យឧបទេស (គេបានទូន្មានល្អ) ហើយមិនគិតយកព្រះធម៌ជាប្រមាណ ដូចគេមិនជឿទុកចិត្តព្រាហ្មណ៍ដែលធ្លាប់កាប់សម្លាប់គោ ។ 

មួយទៀត គម្ពីរធម៌សាស្ត្រ ខ្ញុំក៏បានរៀនសូត្រអស់ជើងហើយ សូមអញ្ចើញអ្នកត្រង់ត្រាប់ស្លាប់ដូចតទៅនេះ៖

១១- បពិត្រព្រះបាទបាណ្ឌនន្ទនៈ! (នាមព្រះបាទបាណ្ឌពក្សត្រីយ៍មានបងប្អូន៥ ព្រះអង្គ ក្នុងរឿងមហាភារតៈ ជាឱរសព្រះនាងកុន្តី បានជានាងខ្លះថាកោរន្តដា) ភ្លៀងដែលបង្អុរចុះលើផែនពសុធាដែលរីងហែងរំហួតយ៉ាងណា ការឲ្យភោជនាហារដល់ជនស្រេកឃ្លានអត់បាយក្រហាយទឹកក៏យ៉ាងនោះដែរ ។ ការឲ្យទានដែលបានផលានិសង្សច្រើន គឺការឲ្យទានដល់មនុស្សអ្នកទីទ័លក្រលំបាកតោកយ៉ាក ។

១២- ជីវិតរបស់ខ្លួនជាទីស្រឡាញ់ពេញចិត្តយ៉ាងណា ជីវិតរបស់ជនដទៃក៏យ៉ាងនោះដែរ ។ លោកសប្បុរសទាំងឡាយតែងធ្វើសេចក្ដីមេត្តាករុណា ព្រោះលោកយកខ្លួនរបស់លោកជាគ្រឿងឧបមា ។

មួយទៀតលោកពោលទុកថា៖ 

១៣- កំណាញ់ និងការឲ្យទាន សេចក្ដីសុខ និងសេចក្ដីទុក្ខ ស្រឡាញ់ និងស្អប់ បុគ្គលអាចយកប្រមាណសេចក្ដីបាន ដោយយកខ្លួនអាត្មាជាគ្រឿងឧបមា ។ 

១៤- នរជនណាឃើញភរិយាអ្នកដទៃ ទុកស្មើដោយមាតារបស់ខ្លួន ឃើញទ្រព្យអ្នកដទៃ ទុកស្មើដោយដុំថ្ម ឃើញសព្វសត្វទាំងឡាយទុកស្មើដោយរូបខ្លួន នរជននោះ លោកហៅថា “បណ្ឌិត” ។ 

១៥- បពិត្រព្រះបាទបាណ្ឌុព សូមទ្រង់មេត្តាករុណាចិញ្ចឹមអ្នកក្រីក្រកម្សត់ទុរគ៌ត សូមប្រទានទ្រព្យដល់ឥស្សរជនដែលមានទ្រព្យច្រើនឡើយ ដូចជាឱសថជាប្រយោជន៍ដល់អ្នកជំងឺឈឺចាប់ទុរន់ទុរា ជនឥតរោគាព្យាធិត្រូវការអ្វីដោយឱសថ?

១៦- ទានជារបស់គួរគប្បីឲ្យ តែឲ្យដល់អ្នកមិនមានឧបការគុណ មិនសូវមានប្រយោជន៍ទេ ។ ការឲ្យទានដែលអ្នកប្រាជ្ញពោលថាប្រកបដោយផលប្រយោជន៍នោះ គឺឲ្យទានត្រឹមត្រូវតាមកាលៈទេសៈ និងឲ្យដល់បុគ្គលមានគុណគួរឲ្យ ។ 

ដូច្នេះ អ្នកចូរទៅមុជទឹកលាងបាបក្នុងត្រពាំងនេះឲ្យស្អាតបាតសិន ហើយសឹមឡើងមកយកកងមាសពីខ្ញុំចុះ ។ លំដាប់នោះ អ្នកដំណើរបានស្ដាប់ពាក្យខ្លាចាស់ពោលលួងឲ្យវង្វេងស្លុងគំនិតហើយ ដើរចុះទៅមុជទឹកលាងបាបក្នុងត្រពាំងនោះ ដោយចិត្តលោភលន់ពន់ប្រមាណ ក៏ផុតប្រាណលង់ទ្រនេសជាប់ក្នុងបឹងជ្រៅ នឹងគេចវះរត់លូនទៅពួនក្នុងទីឯណាក៏ពុំបាន រីឯខ្លាចាស់ កាលឃើញអ្នកដំណើរផុងលង់ទ្រនេសស៊ប់ជាប់ក្នុងភក់រើខ្លួនមិនរួចសមបំណងហើយ ទើបក្លែងធ្វើជាស្រែកជួយភ័យថា៖ “ហា! ហា! យីអ្នកផុងលង់ក្នុងភក់ហើយតើ! មិនអីទេ ចាំខ្ញុំចុះទៅជួយស្រង់ អ្នកកុំភ័យ!” ថាហើយក៏ដើរចុះសន្សឹមបន្តិចៗ ស្ទាបស្ទង់មើល ធ្វើជាខ្លាចផងខ្លួនឯង ចូលទៅចាប់អ្នកដំណើរនោះ ។ ឯអ្នកដំណើរ កាលបើខ្លាចូលទៅសង្គ្រប់ជាប់ក្នុងដៃហើយ ក៏នឹកអាណិតខ្លួន ទើបពោលបន្ទោសខ្លួនឯងថា៖ 

១៧- បុគ្គលចិត្តអាក្រក់សាមាន្យ នឹងសម្គាល់បានដោយអាងហេតុថា “ចេះពោលធម្មសាស្ត្រ” ក៏មិនមែន ឬថា “ចេះស្វាធ្យាយគម្ពីរព្រះវេទ” ក៏មិនមែនដែរ ។ មធុរសនៃទឹកដោះគោរមែងផ្អែមល្ហែមទៅតាមប្រក្រតីរបស់ទឹកដោះយ៉ាងណា សភាពសត្វលោកក្នុងសង្សារវដ្ដនេះលោកពោលថា ដូចគ្នាយ៉ាងនោះឯង ។ 

១៨- ការធ្វើអ្វីទាំងពួង នៃបុគ្គលអ្នកមានឥន្ទ្រិយ និងចិត្តមិនលុះនៅក្នុងអំណាចខ្លួន ក៏មិនជាផលដូចជាការលាងជម្រះដំរី (ការលាងដំរី ឥតអំពើ ព្រោះស្បែកដំរីគ្រឿមៗ ហើយដំរីចូលចិត្តបាចដីដាក់លើខ្លួន) ពុំនោះការចេះដឹង បើប្រាសចាកការធ្វើឲ្យជាប្រយោជន៍ហើយក៏ធ្ងន់ខួរក្បាលឥតអំពើ ដូចជាការបំពាក់គ្រឿងអលង្ការ បំប៉នឲ្យភរិយាចង្រៃ បានតែធ្ងន់ខ្លួនឥតប្រយោជន៍ ។ 

អាត្មាអញ ធ្វើសេចក្ដីស្និទ្ធស្នាលទុកចិត្តមនុស្សអាក្រក់សាមាន្យ ចូលចិត្តសម្លាប់គេ ដោយហេតុឯណា ហេតុនោះអាត្មាអញឈ្មោះថាមិនធ្វើសេចក្ដីចម្រើនទេ ព្រោះថា៖ 

១៩- បុគ្គលមិនគួរគប្បីធ្វើសេចក្ដីស្និទ្ធស្នាលទុកចិត្តទឹកទន្លេ បុគ្គលមានសាស្ត្រាវុធក្នុងដៃ សត្វមានក្រចកមុត សត្វមានស្នែង និងស្ត្រីក្នុងរាជត្រកូលទាំងឡាយ ។ 

២០- សភាព (លក្ខណៈ) នៃបុគ្គលទាំងអស់ក្នុងលោកនេះ គេមើលឃើញច្បាស់ប្រាកដតែគុណធម៌ទាំងឡាយនៃបុគ្គល គេមើលមិនឃើញងាយទេ សភាពនៃបុគ្គលនីមួយៗ កម្ចាត់បង់នូវគុណធម៌ទាំងពួង ហើយចូលទៅទំនៅលើក្បាលបាន ។ 

២១- មែនពិតព្រះចន្ទ្រទ្រទ្រង់នូវសហស្សរង្សី ត្រាច់ចររុងរឿងឰដ៏នភាល័យប្រទេស កម្ចាត់បង់នូវងងឹងអន្ធការអ័ព្វសូន្យសុងកណ្ដាលដួងតារាព្រោងព្រាត សូម្បីមានឫទ្ធិដល់ម្លោះ ដល់គ្រោះជោគគ្រោះជាក៏ត្រូវរាហូចាប់លេបបាន នរណាហ្ន៎! អាចវេះគេចឲ្យរួចពីលិខិតដែលព្រះជាម្ចាស់ទុកឰដ៏ថ្ងាសបាន? ។

រីអ្នកដំណើរនោះ កាលកំពុងត្រិះរិះពិចារណាដូច្នេះ ត្រូវខ្លាចាស់ខាំជញ្ជែងហែកស៊ី ស្លាប់វិនាសអន្តរធានឰដ៏កលនោះហោង ។ ហេតុនេះបានជាខ្ញុំ (ស្ដេចព្រាប) ពោលជាស្លោកមានអាទិ៍ថា៖ “ព្រោះលោភចង់បានកងមាសដូច្នេះជាដើម” ។ ព្រោះហេតុនេះ ការងារផងទាំងពួង ដែលមិនបានពិចារណាឲ្យជុំវិញខ្លួនសព្វគ្រប់ មិនគួរគប្បីធ្វើឡើយ ព្រោះថា៖ 

២២- អាហារដែលរលួយល្អ កូនមានប្រាជ្ញាឆ្លៀវឆ្លាត ភរិយាស្ដាប់បង្គាប់ឱវាទ ព្រះនរបតីមានប្រជារាស្ត្រស្វាមីភ័ក្ដិ គិតគូរឲ្យល្អិតល្អ ហើយទើបនិយាយ ពិចារណាឲយជុំវិញខ្លួនហើយទើបធ្វើ ទាំងអស់នេះលោកពោលថា សូម្បីស្ថិតនៅអស់កាលយូរអង្វែងក៏ដោយ ក៏មិនឃ្លាតក្លាយទៅជាអ្វីឡើយ ។ 

កាលនោះ មានព្រាបជាបរិវារមួយ បានឮស្ដេចព្រាបពោលថាដូច្នេះហើយ ក៏ទាស់ចិត្តនិយាយដោយអាការទ្រនង់យង់ឃ្នងថា៖ អ៎ា! ដូចម្ដេចក៏លោកមានប្រសាសន៍ដូច្នេះ?

២៣- បើមានការអន្តរាយមកដល់ជិត បុគ្គលគប្បីកាន់តាមពាក្យចាស់ព្រឹទ្ធាចា្យ តែបើការពិចារណាឲ្យសព្វគ្រប់ យ៉ាងនោះហើយ សូម្បីស្វែងរកអាហារភោជន ក៏មិនត្រូវស្វែងរកដែរ ។ 

២៤- បុគ្គលដែលស្វែងរកបាយទឹកនំចំណីលើផែនពសុធានេះ សុទ្ធសឹងប៉ះទង្គិច ដោយសេចក្ដីរង្គៀសភយន្តរាយទាំងឡាយ នឹងប្រព្រឹត្តស្វែងរកក្នុងកាលណា? ធ្វើម្ដេចហ្ន៎ គេនឹងអាចចិញ្ចឹមជីវិតឲ្យប្រព្រឹត្តទៅបាន?

២៥- បុគ្គលមានឥច្ឆាឈ្នានីស បុគ្គលពោលពាក្យនិន្ទារិះគន់ បុគ្គលមិនសន្តោស បុគ្គលក្រោធច្រើន បុគ្គមានសេចក្ដីរង្គៀសជានិច្ច និងបុគ្គលពឹងផ្អែកស៊ីតែដោយសារបុគ្គលដទៃ បុគ្គលទាំង៦បែបនេះត្រូវទទួលចំណែកនៃសេចក្ដីទុក្ខ ។ 

២៦- បុគ្គលជាពហូស្សូត ចេះដឹងនូវសាស្ត្រាវិជ្ជាទាំឡាយច្រើនមហិមា អារកាត់នូវសេចក្ដីសន្ទិះសង្ស័យគ្រប់ប្រការបាន កាលបើសេចក្ដីលោភចង់បានមកបំបាំងគំនិតឲ្យងងឹតសូន្យសុងហើយ ក៏តែងទទួលសេចក្ដីទុក្ខសំបាកតោកយ៉ាក ។ 

២៧- សេចក្ដីក្រោធមានដើមកំណើតមកពីលោភៈ កាមរាគកើតមកពីលោភៈ មោហៈ និងសេចក្ដីវិនាស ក៏កើតមកពីលោភៈដែរ ព្រោះហេតុនោះ លោភៈជាប្រភពនៃសេចក្ដីអាក្រក់គ្រប់ប្រការ ។ 

២៨- ដោយពិត ប្រើសមាសមិនដែលកើតមានទេ បើទុកជាដូច្នេះ ព្រះរាមក៏ទ្រង់នៅតែជាប់ព្រះទ័យចង់បានប្រើសមាស រីសេចក្ដីអន្តរាយក្នុងកាលវិបត្តិមកដល់ សូម្បីប្រាជ្ញានៃបុរសជាតិ ក៏ត្រឡប់ជាងងឹតងងល់គិតមិនយល់បានដែរ ។

លំដាប់នោះ ព្រាបទាំងឡាយត្រូវលប់ជាប់ក្រញង់ទាំងអស់គ្នា ។ ពួកព្រាបទាំងឡាយដែលជឿស្ដាប់ពាក្យព្រាបជាអ្នកនិយាយនោះ ក៏ជេរប្រទេចផ្ដាសា រអ៊ូរទាំដោយប្រការផ្សេងៗ ព្រោះថា៖

២៩- បុគ្គលមិនគប្បីចេញមុខជាមេគណៈ ធ្វើការងារណាដែលសម្រេចប្រយោជន៍ទៅហើយត្រូវបានផលស្មើគ្នាទេ ព្រោះថាបើការងារនោះអន្ដរាយវិញ អ្នកចេញមុខនោះត្រូវស្លាប់ក្នុងទីនោះមុនគេ ។ 

កាលដែលព្រាបទាំងឡាយកំពុងរអ៊ូរទាំពោលទោសព្រាបអ្នកនិយាយនោះ ស្ដេចព្រាបប្រកាសឲ្យដឹងច្បាស់ថា៖ “ទោសនេះមិនមែន ទោសព្រាបជាអ្នកនាំនោះទេ” ព្រោះថា៖

៣០- សូម្បីមិត្តជាអ្នកធ្វើប្រយោជន៍ឲ្យពិតៗ ក៏អាចក្លាយទៅជាដើមហេតុនាំបណ្ដាលឲ្យកើតអន្ដរាយធ្លាក់មកបាន ដូចស្មងមេគោអាចទៅជាស្នឹងចងកូនគោ ។ 

៣១- អ្នកណាមួយ អាចជួយអ្នកមានគ្រោះឲ្យរួចពីក្ដីអន្ដរាយដែលមកដល់ អ្នកនោះលោកទុកជាផៅពង្ស ឯបណ្ឌិតតែមាត់ បានតែពោលបន្ទោសទម្លាក់ខុសទៅគេ អួតថាខ្លួនជួយស្រោចស្រង់ឲ្យរួចពីក្ដីភិតភ័យ នឹងទុកថាជាផៅពង្សពុំបានឡើយ ។ 

ក្នុងគ្រាក្រ ការថយកម្លាំងទឹកចិត្តជាលក្ខណៈបុរសគម្រក់ ។ ក្នុងរឿងនេះ ត្រូវសម្ដែងសេចក្ដីម៉ឺងម៉ាត់អង់អាច ហើយត្រិះរិះរកឧបាយរើខ្លួនតទៅ ព្រោះថា៖ 

៣២- ចិត្តម៉ឺងម៉ាត់ក្នុងគ្រាក្រទុក្ខព្រួយ ចិត្តនឹងធឹងក្នុងគ្រាសុខចម្រើន សេចក្ដីអង់អាចក្នុងទីប្រជុំដោយសម្ដីថ្វីមាត់ ចិត្តក្លៀវក្លាក្នុងរណរង្គ (សមរភូមិទីចម្បាំងជាញជ័យ) ចិត្តត្រេកអរក្នុងយស និងចិត្តស្រវាស្រទេញក្នុងការសិក្សា ទាំងអស់នេះ ជាលក្ខណៈសម្បត្តិមានជាប្រក្រតី ចំពោះតែបុគ្គលមានមហាត្ម័ន (មានចិត្តដ៏ប្រសើរ)

៣៣- អ្នកណាមិនរីករាយហួសហេតុ ក្នុងគ្រាបានសេចក្ដីសុខចម្រើន មិនខូចកម្លាំងទឹកចិត្ត ក្នុងគ្រាក្រទុក្ខព្រួយ មានសេចក្ដីក្លាហានក្នុងរណរង្គ មាតាបង្កើតកូនដែលមានតិលកៈ (បុគ្គលិកលក្ខណៈនៃបុគ្គលដ៏ប្រសើរក្នុងត្រៃភព ជាតិឥណ្ឌូចូលចិត្ត តិលកៈ នេះយកទៅគូសនៅថ្ងាស ទុកជាគ្រឿងសម្រាប់សម្គាល់និកាយខ្លួន) ដូចក្នុងលោកទាំងបីនេះកម្រមានណាស់ ។ 

៣៤- ក្នុងលោកនេះ ទោស៦ប្រការ បុគ្គលប្រាថ្នាសេចក្ដីសុខចម្រើនគួរគប្បីលះបង់ចោលគឺដេកទ្រមក់១ ខ្ជិលច្រអូស១ ភ័យ១ ក្រោធ១ ទន់មូរមុខ និងឡេឡាយឺតយូរក្រោយគេ១ ។ 

ឥឡូវនេះ គួរយើងទាំងអស់គ្នាធ្វើយ៉ាងនេះ ត្រូវអ្នកទាំងអស់ស្រុះចិត្តគ្នាមួយ ហើយស្ទុះហើរតែមួយឯកប្បហារឲ្យព្រមៗគ្នា ទើបរបើកលប់រួចខ្លួនបាន ព្រោះថា៖ 

៣៥- ការវេញចងបាច់វត្ថុអ្វីមួយ សូម្បីតូចឆ្មារឲ្យរួបរួមគ្នា ក៏អាចញ៉ាំការងារឲ្យសម្រេចប្រយោជន៍បានដូចគេប្រមូលស្មៅវេញជាទន្លីងយកទៅធ្លីដំរីចុះប្រេងឲ្យជាប់បោលទៅណាមិនរួច ។

៣៦- ការចងបាច់រង្សត្រកូលរបស់ខ្លួនសូម្បីពីរបីនាក់ ឲ្យរួបរួមមូលត្រកូលគ្នា ក៏ជាការគាប់ប្រសើរល្អណាស់ ដូចគ្រាប់ស្រូវដែលបកសំបកចេញហើយ យកទៅសាបព្រោះមិនដុះលូតលាស់ឡើងបានទេ ។ 

លុះព្រាបទាំងឡាយបានស្ដាប់ពាក្យណែនាំស្ដេចព្រាបឈ្មោះចិត្រគ្រីពហើយ ព្រមព្រៀងបបួលគ្នាស្ទុះហើរជាឯកប្បហារ របើកលប់បាន រួចពីក្ដីវិនាសអន្ដរាយនោះទៅហោង ។ រីឯព្រានបក្សីពួនលបចាំមើល ឃើញហ្វូងបក្សីស្រុះគ្នាទទះស្លាបហើររបើកលប់រត់រួចទៅបានដូច្នេះ ក៏នឹកស្ដាយណាស់ រត់ទៅតាមបណ្ដើរគិតបណ្ដើរថា៖

៣៧-ហ្វូងបក្សីនេះ ស្រុះចិត្តចងគ្នាជាបាច់ ស្ទុះហើររបើកលប់រត់រួចទៅអស់រលីង តែបើវាចុះដីដរាបណា វានឹងនៅក្នុងកណ្ដាប់ដៃអាត្មាអញដរាបនោះមិនខានឡើយ ។ 

បក្សីទាំងឡាយ ខំប្រឹងហើរទៅឆ្ងាយសន្លឹម ក្រឡេកមើលមកក្រោយ ឃើញព្រានអស់សង្ឃឹមត្រឡប់វិលវិញហើយ ក៏សួរទៅកាន់ស្ដេចព្រាបចិត្រគ្រីពថា៖ “បពិត្រលោកជាស្ដេចបក្សី ឥឡូវនេះតើគួរនឹងធ្វើដូចម្ដេចតទៅទៀត? ស្ដេចព្រាបឈ្មោះចិត្រគ្រីពឆ្លើយតបថា៖ 

៣៨- មាតា មិត្ត និងបិតា ត្រៃអង្គនេះជាអ្នកធ្វើបិតានុហិតតាមសភាពខ្លួន ឯអ្នកដទៃទៀតធ្វើហិតានុហិតបែបនេះដែរ ព្រោះគេយកនាទីមាតា មិត្ត បិតា មកទុកជាហេតុដើម ។ 

កាលបើដូច្នេះ យើងមានមិត្តមួយឈ្មោះ ហិរណ្យកៈ ជាស្ដេចកណ្ដុរ ចិញ្ចឹមជីវិតអាស្រ័យនៅតាមអរញ្ញប្រទេសឈ្មោះចិត្រវ័ន ទៀបឆ្នេរស្ទឹងគណ្ឌកី យើងនឹងទៅសូមឲ្យជួយកកេរកាត់លប់ដោះឲ្យរួចពីគ្រោះកាចចង្រៃនេះដោយធ្មេញគេ ។ លុះពិចារណាឃើញដូច្នេះហើយ ព្រាបទាំងនោះក៏បបួលគ្នាហើរត្រសងទៅជិតព្រង់ (រន្ធ ឬប្រហោង) ជាទីលំនៅនៃស្ដេចកណ្ដុរឈ្មោះហិរណ្យកៈនោះ ។ 

ឯស្ដេចកណ្ដុរជាសត្វមានសេចក្ដីប្រយ័ត្នខ្លួន ដោយក្ដីរង្គៀសពីភយន្តរាយ បានកាយព្រង់មួយមានមាត់មួយរយកន្លែង ហើយអាស្រ័យនៅក្នុងទីនោះ ។ លំដាប់នោះស្ដេចកណ្ដុរឈ្មោះ ហិរណ្យកៈ ឮសូរសន្ធឹកព្រាបហើរមកចុះជិតលំនៅខ្លួន ក៏តក់ស្លុតរន្ធត់ក្នុងចិត្ត ខំសម្លឹងមើលដោយសេចក្ដីព្រួយបារម្ភពួនសម្ងំនៅស្ងៀមឈឹងមិនមាត់ឡើយ ។ 

ស្ដេចព្រាបឈ្មោះ ចិត្រគ្រីព ស្រែកសួរថា៖ “អឺសម្លាញ់ហិរណ្យកៈ! ហេតុអ្វីក៏សម្លាញ់នៅស្ងៀមទ្រមឹងទ្រង់មើយ មិននាំពាមាត់កចេញមកទទួលយើងសោះ? ខណៈនោះ ស្ដេចកណ្ដុរស្ដាប់សម្ដីស្ដេចព្រាបបាន ក៏ស្ទុះរត់ចេញមកក្រៅដោយប្រញាប់ប្រញាល់ ហើយឆ្លើយឆ្លងទៅវិញថា៖ “អ៎ាសម្លាញ់! ខ្ញុំមានភ័ព្វណាស់ ចិត្រគ្រីព សម្លាញ់ជាមិត្តស្មើចិត្តស្មើថ្លើមគ្នា ឥឡូវមកដល់ហើយតើ!” ។

៣៩- ក្នុងលោកនេះ មិនមាននរណាមានបុណ្យវាសនា ជាងអ្នកដែលបានជួបប្រទះសន្ទនារីករាយជាមួយនឹងមិត្ត អ្នកដែលស្ថិតនៅរួមមួយអន្លើ ដោយមិត្ត និងអ្នកដែលប្រស្រ័យប្រាប់សុខទុក្ខទៅវិញទៅមកមួយអន្លើ ដោយមិត្តដូច្នេះទេ ។ 

កាលស្ដេចកណ្ដុរឃើញព្រាបទាំងឡាយជាប់ចំណងឡប់ដូច្នោះ ក៏ភ្ញាក់ព្រើត ទ្រឹងមួយស្របក់ ទើបសួរហេតុនោះថា៖ “នែសម្លាញ់! ចុះហេតុនេះដូចម្ដេច?” ។ ស្ដេចព្រាបឆ្លើយប្រាប់ថា៖ “អំពើនេះជាផលនៃកម្មរបស់យើងគ្រប់គ្នាពីបុរាណកាលណាសម្លាញ់! ព្រោះថា៖

៤០- សេចក្ដីល្អ និងសេចក្ដីអាក្រក់ជាកម្មរបស់ខ្លួនឯណា ព្រោះហេតុឯណា ដោយប្រការណា ក្នុងកាលណា ដរាបណា ក្នុងទីណា អំពើនោះ សម្រេចផលតាមអំណាចនៃព្រះព្រហ្មបង្កើតលោកព្រោះហេតុនោះ ដោយប្រការនោះ ក្នុងកាលនោះ ដរាបនោះ ក្នុងទីនោះ ។ 

៤១- រោគាព្យាធិ សោកសង្រេងសង្រៃ សេចក្ដីក្ដៅក្រហាយការជាប់អន្ទាក់ចំណង និងសេចក្ដីវិនាសអន្តរាយទាំងឡាយនេះ ជាផលដែលមកពីព្រឹក្សាជាតិ គឺទោសកំហុសរបស់ខ្លួននៃមនុស្សទាំងឡាយ ។ 

ស្ដេចកណ្ដុរបានស្ដាប់ពាក្យនោះហើយ ក៏ស្ទុះចូលទៅជិតសម្លាញ់ ដើម្បីកាត់ចំណងលប់ដោយប្រញាប់ប្រញាល់ ។ ស្ដេចព្រាបឃាត់ថា៖ សម្លាញ់! កុំអាល ឈប់សិន! ចូរអ្នកកាត់ចំណងព្រាបទាំងឡាយដែលជាបរិវារមុនសិន ហើយសឹមកាត់ចំណងឲ្យខ្ញុំក្រោយគេ ។ ហិរណ្យកៈ តបឡើងថា៖ កម្លាំងខ្ញុំខ្សោយណាស់ ធ្មេញក៏មិនសូវមាំមួន ហេតុនេះធ្វើម្ដេចនឹងអាចកាត់អន្ទាក់ឲ្យបរិវារអ្នកគ្រប់គ្នាច្រើនដល់ម្លេះបាន ? បើដូច្នេះ ខ្ញុំនឹងកកេរកាត់ចំណងឲ្យសម្លាញ់មុនសិន បើធ្មេញខ្ញុំមិនទាន់រេចរឹលទេ ខ្ញុំនឹងកកេរកាត់ឲ្យបរិវារសម្លាញ់ទាំងឡាយតទៅទៀតជាលំដាប់ តាមកម្លាំងដែលអាចនឹងកកេរកាត់បាន ។ ចិត្រគ្រីព ប្រកែកខ្លាំងៗថា៖ ទេ! ទេ! សម្លាញ់កុំធ្វើដូច្នោះ ទោះបីយ៉ាងណាក៏ដោយសូមសម្លាញ់អាណិតមេត្តាកាត់ចំណងឲ្យបរិវារមុនសិន សឹមកាត់ឲ្យខ្ញុំក្រោយគេ ។ ស្ដេចកណ្ដុរថ្លែងសុភាសិតថា៖ កិរិយាការពារថែរក្សានូវបរិវារខ្លួន ដោយការបរិច្ចាកខ្លួនជាពលិកម្មនោះ អ្នកប្រាជ្ញឆ្លៀវឆ្លាតក្នុងនីតិសាស្ត្រលោកមិនសរសើរទេ ព្រោះថា៖ 

៤២- បុគ្គលគប្បីថែរក្សាទ្រព្យទុក ដើម្បីការពារគ្រាក្រ គប្បីរក្សាភរិយាដោយទ្រព្យ តែគប្បីរក្សាខ្លួនរឿយៗដោយភរិយាផង ដោយទ្រព្យផង ។ 

៤៣- ប្រាណគឺជីវិត មានការតាំងនៅមាំជាហេតុដើម្បីប្រព្រឹត្តធម៌ ស្វែងរកទ្រព្យសម្បត្តិ សេពកាម និងរកមោក្សធម៌ បើប្រាណគឺជីវិតវិនាសហើយ អ្វីមួយដែលឈ្មោះថា មិនវិនាសទៅន៎ុះ? ការរក្សាប្រាណ គឺជីវិតឲ្យគង់វង់នៅ អ្វីមួយដែលឈ្មោះថា មិនរក្សាផងដែរ?

ស្ដេចព្រាបពោលឡើងថា៖ សម្លាញ់អើយ! សម្ដីសម្លាញ់និយាយមកអម្បាញ់មិញនេះ ជាគោលនៃនីតិសាស្ត្រពិតហើយ តែថារូបខ្ញុំនៅតែមិនអស់ចិត្ត មិនអាចឈរមើលបរិវារដែលអាស្រ័យនៅជាមួយរងទុក្ខវេទនាដូចនេះចំពោះភ្នែកសោះ បានជាខំអង្វរកសម្លាញ់ដូច្នេះឯង ព្រោះថា៖ 

៤៤- អ្នកប្រាជ្ញគប្បីលះបង់ទ្រព្យផង ជីវិតផង ជាពលិកម្មដើម្បីការពារជនដទៃ ការបរិច្ចាកជីវិតក្នុងអំពើល្អបែបនេះ ជាកិត្តិយសប្រសើរណាស់ បើសេចក្ដីស្លាប់ជាធម៌ទៀង ។ 

សម្លាញ់! មានសុភាសិតដែលគួរនឹងទាញយកមកជានិទស្សន៍ទៀតដូច្នេះថា៖

៤៥- បណ្ដាគុណធម៌ទាំងឡាយគឺជាតិ ទ្រព្យ និងគុណសម្បត្តិ គុណធម៌៣ប្រការនេះ បរិវារមានស្មើនឹងម្ចាស់ សម្លាញ់! ចូរអ្នកនិយាយឲ្យឃើញច្បាស់មកមើល ដូចម្ដេចដែលហៅថា ភាពនៃខ្លួនជាធំវិសេសជាងគេ? ដល់កាលណាទៅ ត្រូវសម្ដែងភាពជាធំ?

៤៦- បរិវារទាំងឡាយនេះ មិនមានគ្រឿងអាហារចិញ្ចឹមជីវិត និងមិនលះបង់ការសំណាក់ពឹងពាក់ចោលខ្ញុំទេ ព្រោះហេតុនោះ សូមសម្លាញ់ជួយស្រោចស្រង់ជីវិតបរិវារទាំងឡាយនេះមុនសិន សូម្បីតែត្រូវក្ដីវិនាសអន្ដរាយជីវិតខ្ញុំក៏មិនថាដែរ ។ 

៤៧- នែសម្លាញ់ ចូរលះបង់ព្រួយក្នុងកឡេវរៈ រាងកាយដែលនិមិត្តដោយសាចទឹកមូត្រ អាចម៍ និងឆ្អឹងឆ្អែងជារបស់ពុកផុយរលួយនេះចោលឲ្យស្រឡះទៅ សូមជួយអភិបាលលើកតម្កើងយសកេរ្តិ៍ឈ្មោះខ្ញុំវិញ ។ 

៤៨- ថាបើបុគ្គលគប្បីបាននូវកិត្តិយសដែលទៀងទាត់មិនមានមន្ទិល ដោយការបរិច្ចាកកាយដែលផ្ទុកដោយគ្រឿងមន្ទិលសៅហ្មងស្មោកគ្រោក មិនទៀងទាត់នេះបាន បើដូច្នោះតើបុគ្គលនឹងមិនគប្បីកាន់យកនូវគុណធម៌គឺកិត្តិយសនោះអ្វី?

៤៩- សរីរៈ និងកិត្តិគុណ មានចន្លោះតាំងនៅឆ្ងាយពីគ្នាលន្លង់លន្លោចណាស់ ។ សរីរៈនេះ រល់តរលាយទៅក្នុងមួយខណៈ ឯកិត្តិគុណស្ថិតនៅរហូតកល្បាវសាន ។ 

កាលស្ដេចកណ្ដុរបានស្ដាប់ពាក្យពោលដូច្នេះហើយ ក៏មានចិត្តរីករាយក្រៃលែង ព្រឺរោមព្រឺស្បែកនិយាយតបថា៖ សាធុ! សម្លាញ់ សាធុ! សម្លាញ់ឯងមានចិត្តមេត្តាករុណាទន់ភ្លន់ ចំពោះបរិវារដូច្នេះល្អណាស់ សមគួរនឹងជាធំក្នុងត្រៃលោកនេះ ។ ស្ដេចកណ្ដុរនិយាយហើយកកេរកាត់ចំណង ដែលចងព្រាបទាំងឡាយនោះ ឲ្យរួចស្រឡះក្នុងកាលនោះឯងហោង ។ លំដាប់នោះ ស្ដេចកណ្ដុរសម្ដែងសេចក្ដីសាទរចំពោះព្រាបទាំងឡាយ ហើយបែរទៅនិយាយលួងលោមស្ដេចព្រាបថា៖ ហៃសម្លាញ់ចិត្រគ្រីព! ក្នុងលោកនេះ ការជាប់លប់ជាប់អន្ទាក់ជាធម្មតាទេ ត្រូវខ្លាចទោសពៃរ៍អន្តរាយទាំងអស់នេះ តែកុំអាក់អន់ចិត្តព្រួយបារម្ភចំពោះភ័ព្វវាសនាដូច្នេះឡើយ ព្រោះថា៖

៥០- ក្នុងលោកនេះ សត្វបក្សីមើលឃើញអាហារចំណីដែលស្ថិតនៅឆ្ងាយជាងមួយរយយោជន៍តែសត្វបក្សីនោះ កាលបើគ្រោះជោគគ្រោះជាំមកដល់ហើយ មើលចំណងមិនឃើញទេ ។ 

៥១- កាលខ្ញុំបានឃើញព្រះចន្ទ្រ និងព្រះអាទិត្យត្រូវរាហូចាប់បៀតបៀន ឃើញដំរី និងនាគជាប់ចំណង ឃើញអ្នកប្រាជ្ញឆ្លៀវឆ្លាតក្ដីក្រីក្រលំបាកតោកយ៉ាក ខ្ញុំមានមតិដូច្នេះថា៖ ឱហ្ន៎! វិធីកម្មនេះមានឫទ្ធិតេជះកម្លាំងខ្លាំងណាស់តើ!

៥២- វិហគជាតិ (បក្សី) ទាំងឡាយ ហិចហើរខ្ពស់ត្រដួចចរទៅឰដ៏អាកាសព្យាមា សមបើដែរ! ធ្លាក់ដល់ក្ដីវិនាសអន្តរាយបាន មច្ឆាជាតិទាំងឡាយអាស្រ័យនៅក្នុងសមុទ្ទសាគរ មានទឹកដ៏ជ្រាលជ្រៅរាប់ប្រមាណមិនបាន សមបើដែរ! ត្រូវព្រានប្រមង់ចាប់យកបានដោយការប៉ិនប្រសប់ បើដូច្នោះមែន ក្នុងលោកនេះចាំបាច់មានទុច្ចរិតធ្វើអ្វី? សេចក្ដីពិត ព្រះកាល (សេចក្ដីស្លាប់ អ្នកកាន់សាសនាព្រាហ្មណ៍ ទុកជាទេវតាមួយអង្គ កាន់នាទីខាងការបំផ្លាញជីវិតសត្វ) ជាអ្នកមានដៃក្រាលលាតត្រដាងនូវសេចក្ដីអន្ដរាយទូទៅ ហើយចាប់សម្លាប់សត្វទាំងឡាយ សូម្បីស្ថិតនៅក្នុងទីឆ្ងាយស្រឡោចក៏ដោយ ។ 

ស្ដេចកណ្ដុរនិយាយដាស់តឿនក្រើនរំឭកដោយពាក្យសុភាសិត ធ្វើបដិសណ្ឋារៈទទួលរាក់ទាក់ចាប់ឱបជប់ព្រាបចិត្រគ្រីពនោះហើយ ទើបបញ្ជូនឲ្យហើរទៅកាន់ស្រុកទេស តាមសេចក្ដីប្រាថ្នាព្រមទាំងបរិវារទៅហោង ។ ឯស្ដេចកណ្ដុរក៏ចូលទៅក្នុងព្រង់ជាលំនៅរបស់ខ្លួនវិញក្នុងពេលនោះឯង ។

៥៣- បុគ្គលគប្បីស្វែងរកសេពគប់មិត្ត ឲ្យបានច្រើនចំនួនរាប់រយ ។ ចូរមើល! សត្វព្រាបទាំងឡាយរួចពីចំណងចងសម្លាប់ខ្លួនបាន ព្រោះអាស្រ័យស្ដេចកណ្ដុរជាមិត្ត ។ 

កាលនោះ ក្អែកឈ្មោះ លឃុបតនកៈ បានឃើញជាក់ច្បាស់នូវព្រឹត្តិការណ៍តាំងពីដើមដល់ចុង ក៏នឹកស្ងើចក្នុងចិត្តឥតឧបមា ទើបបន្លឺវាចាសរសើរថា៖ ហៃសម្លាញ់ហិរណ្យកៈ បងឯងមានគុណគាប់ប្រសើរណាស់ ឥឡូវនេះខ្ញុំមកសូមយកអ្នកធ្វើជាមិត្ត! ឯបងក៏គួរគិតសង្គ្រោះលើកយករូបខ្ញុំធ្វើជាមិត្តវិញដែរ ។ កណ្ដុរបានឮពាក្យសរសើររបស់ក្អែកឈ្មោះ លឃុបតនកៈហើយ ស្រែកសួរពីក្នុងព្រង់មកថា៖ ចុះបងឈ្មោះអ្វី? ។ ក្អែកឆ្លើយប្រាប់ថា៖ ឈ្មោះលឃុបតនកៈណាបង! ។ ស្ដេចកណ្ដុរឮហើយអស់សំណើច សើចបណ្ដើរនិយាយបណ្ដើរថា៖ យកបងជាក្អែកមកផ្អែកជាមិត្តម្ដេចកើត? ព្រោះថា៖ 

៥៤- ក្នុងលោកនេះ អ្នកមានប្រាជ្ញាតែងធ្វើសមាគមចំពោះតែអ្នកដែលមានសភាពដូចគ្នាគួរចងជាមិត្តបាន ចុះបើខ្លួនខ្ញុំត្រូវជាចំណីអាហារ ឯខ្លួនបងជាអ្នកស៊ី ដូច្នេះតើគួរចងគ្នាធ្វើជាមិត្តម្ដេចបាន? 

៥៥- ការចងគ្នាជាមិត្ត រវាងអ្នកស៊ី និងអ្នកត្រូវគេស៊ី លោកពោលថា ហេតុនាំឲ្យវិបត្តិមិត្តភាពដូចជារឿងប្រើសជាប់អន្ទាក់ ព្រោះចចក បានក្អែកជួយស្រោចស្រង់ ។ 

ក្អែកសួរឡើងថា៖ ចុះរឿងនោះ តើដូចម្ដេច? កណ្ដុរហិរណ្យកៈ ចាប់ផ្ដើមរៀបរាប់រឿងនោះដូចតទៅនេះ៖

កថាទី២

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!