អារម្ភកថាលើកទី២

ការគប់មិត្ត (រឿងក្អែក អណ្ដើក កណ្ដុរ និងប្រើស)

កថាទី១៖ រឿងអ្នកដំណើរ និងខ្លាចាស់

កថាទី២៖ រឿងប្រើស ចចក និងក្អែក

កថាទី៣៖ រឿងត្មាត ឆ្មា និងបក្សី

កថាទី៤៖ រឿងកណ្ដុរហិរណ្យកៈ

កថាទី៥៖ រឿងពាណិជចាស់ជរា និងភរិយាក្រមុំ

កថាទី៦៖ រឿងព្រាន ប្រើស ជ្រូក ពស់ និងចចក

កថាទី៧៖ រឿងព្រះរាជា បុត្រពាណិជ និងភរិយា

កថាទី៨៖ រឿងចចក និងដំរីស្ដ

សៀវភៅអេឡិកត្រូនិក

១- សូមសេចក្ដីប្រាថ្នារបស់ សាធុជនទាំងឡាយបានសម្រេចផល ដោយកិរិយាប្រសិទ្ធីនៃព្រះឥសូរ ដែលរស្មីភាគ១ ក្នុង១៦ ស្ថិតនៅឰដ៏ព្រះនលាដ (បន្ទាត់គំនូស រត្រា គឺរស្មីភ្លឺផ្លេកដូចបន្ទាត់ ឬត្រាផ្សាយចេញពីពពុះទឹក) នៃពពុះទឹកទន្លេគង្គា ។ 

២- ហិតោបទេសនេះ នរជនបានត្រងត្រាប់ស្ដាប់ហើយ នឹងប្រគល់ឲ្យនូវសេចក្ដីជំនាញក្នុងភាសាសំស្ក្រឹត នូវសេចក្ដីឆ្លៀវឆ្លាសក្នុងសម្ដីថ្វីមាត់ និងក្នុងនីតិវិជ្ជាទាំងឡាយដ៏វិចិត្រផ្សេងៗ ក្នុងទីទាំងពួង ។ 

៣- អ្នកប្រាជ្ញ កាលបើស្វែងរកវិជ្ជា និងទ្រព្យ គប្បីគិតថាដូចជាខ្លួនមិនចាស់ មិនស្លាប់ កាលបើស្វែងរកធម៌ គប្បីគិតថាខ្លួនត្រូវម្រឹត្យុចាប់ក្របួចសក់បោកសម្លាប់ឥឡូវនេះហើយ ។ 

៤- បណ្ដាលទ្រព្យទាំងពួង វិជ្ជា លោកពោលថាជាទ្រព្យដ៏ឧត្តម ព្រោះវិជ្ជាចោរលួចយកមិនបានផង កាត់ថ្លៃមិនបានផង មិនចេះរេចរឹលទៅផង សព្វៗកាល ។ 

៥- វិជ្ជាយិតយោងជនដែលនៅថោកទាប ឲ្យបានចូលទៅជិតព្រះនរបតីលើគេនៅជិតបានដោយកម្រ ឬអ្នកមានបុណ្យដ៏ក្រៃលែងជាងព្រះនរបតីទៅទៀត ដូចស្ទឹងដែលនៅក្នុងទីទាបតែងប្រមូលយកទឹកចូលទៅកាន់សមុទ្ទ ។ 

៦- វិជ្ជា នាំឲ្យមានវិន័យ វិន័យនាំឲ្យបានសេចក្ដីថ្លៃថ្លូ សេចក្ដីថ្លៃថ្នូរ នាំឲ្យបានទ្រព្យសម្បត្តិ ទ្រព្យសម្បត្តិនាំឲ្យបានធម៌ ធម៌ដឹកនាំឲ្យបានសេចក្ដីសុខ ។ 

៧- សស្ត្រវិជ្ជា (វិជ្ជាកសាង ឬប្រើជាអាវុធសម្រាប់ប្រហារគ្នាទៅវិញទៅមក) និងសាស្ត្រវិជ្ជា (វិជ្ជា ការចេះដឹងក្បួនខ្នាត គម្ពីរ ដីកា ច្បាប់សម្រាប់ប្រតិបត្តិឲ្យកើតសេចក្ដីសុខក្សេមក្សាន្ត ឬសេចក្ដីចម្រើនលាភ) ទាំងពីនេះ គួរប្រតិបត្តិសិក្សារៀនឲ្យចេះដឹងទាំងអស់វិជ្ជាទី១  ខាងដើម (សស្ត្រវិជ្ជា) កើតចម្រើនឡើង ដើម្បីសើចលេងជាត្លុកកំប្លែង វិជ្ជាទី២ ខាងចុង (សាស្ត្រវិជ្ជា) បុគ្គលគួរគោរពក្នុងកាលទាំងពួង ។ 

៨- រូបគំនូរដែលគេគូរទុកឰដ៏ភាជនៈថ្មី មិនឃ្លាតក្លាយទៅជាប្រការដទៃយ៉ាងណា នីតិវិជ្ជាដែលគេបង្វឹកបង្ហាត់ដល់កូនក្មេងទាំងឡាយដោយថា ជាគ្រឿងប្រៀបធៀបក៏ជាប់នៅយ៉ាងនោះ លោកពោលទុកក្នុងទីនេះគឺ៖ 

៩-១. មិត្តភាព (ការគប់មិត្ត) ២. សុហ្ឬទ្ភេទ (ការបំបែកមិត្ត) ៣. វិគ្រហៈ (សង្គ្រាម) ៤. សន្ធិ (សន្តិភាព) ដែលដកស្រង់យកមកពីគម្ពីរបញ្ចតន្ត្រៈ និងគម្ពីរដទៃទៀតនោះ ខ្ញុំពោលទុកក្នុងទីនេះដូចសេចក្ដីតទៅ ។ 

ក្នុងអតីតកាល មាននគរមួយឈ្មោះបាដលីបុត្រ ស្ថិតនៅក្បែរស្ទឹងគង្គា ។ ព្រះបាទសុទសិនៈទ្រង់ប្រកបដោយស្វាមីគុណគ្រប់ប្រការ ស្ដេចគ្រប់គ្រងនគរនោះ ។ សម័យមួយ ទ្រង់បានធ្វើព្រះសណ្ដាប់ស្លោកពីរបទដែលអ្នកប្រាជ្ញបានពោលទុកមានសេចក្ដីដូចតទៅនេះ៖ 

១០- សាស្ត្រវិជ្ជា ជាគ្រឿងកាត់បង់នូវសេចក្ដីសង្ស័យជាអនេក ជាគ្រឿងបើកបង្ហាញនូវអាថ៌កំបាំង និងភ្នែកសម្រាប់មើលសព្វសារពើរការណ៍ទាំងឡាយ អ្នកណាមិនមានសាស្ត្រវិជ្ជា អ្នកនោះទុកដូចជាមនុស្សខ្វាក់ ។ 

១១- ភាពជាយុវជន១ ភាពជាអ្នកមានទ្រព្យច្រើន១ ភាពជាអ្នកមានអធិបតេយ្យ១ និងភាពជាអ្នកមិនបែកបាក់គ្នា១ បើមានតែមួយៗ ក៏នាំឲ្យខូចប្រយោជន៍ ធ្វើដូចម្ដេចហ្ន៎ឲ្យបានគ្រប់ទាំង៤ ប្រការក្នុងខ្លួនមនុស្ស?

កាលព្រះរាជាអង្គនោះទ្រង់ព្រះសណ្ដាប់ដូច្នេះហើយ ក៏ទ្រង់ព្រួយតាននឹងព្រះរាជហឫទ័យចំពោះព្រះរាជបុត្ររបស់ព្រះអង្គដែលមិនទាន់បានសិក្សាសាស្ត្រវិជ្ជាទាំងឡាយ ព្រមទាំងប្រព្រឹត្តក្នុងផ្លូវខុសគន្លងធម៌ដោយសេចក្ដីប្រមាថ ទើបទ្រង់ព្រះតម្រិះក្នុងប្រះរាជហឫទ័យដូច្នេះថា៖

១២- មានប្រយោជន៍អ្វី ចំពោះកូនដែលកើតហើយល្ងង់ផង មិនប្រកបដោយធម៌ផង? ដូចភ្នែកឈឺ មានប្រយោន៍អ្វី? បានគ្រាន់តែឈឺចាក់ដោតនាំឲ្យរំខានប៉ុណ្ណោះ ។ 

១៣- បណ្ដាកូន៣ ពួក គឺកូនមិនទាន់កើត១ពួក កូនកើតហើយស្លាប់ទៅវិញ១ពួក និងកូនល្ងង់១ពួក កូនពីរពួកខាងដើមជាកូនគាប់ប្រសើរ ពួកកូនទីបី មិនប្រសើរឡើយ ព្រោះថា កូនពីរពួកខាងដើមធ្វើទុក្ខព្រួយតែម្ដងក៏អស់ហើយទៅ ឯពួកកូនទីបីធ្វើទុក្ខមាតាបិតាឲ្យលំបាកគ្រប់ជំហានជើង ។ 

១៤- អ្នកណាកើតហើយដឹកនាំត្រកូលឲ្យចម្រើនខ្ពង់ខ្ពស់ឡើង អ្នកនោះទើបឈ្មោះថា “កើត” មែនទែន ឬពេញជាកើតត្រឹមត្រូវ ព្រោះក្នុងសំសារវដ្ដដែលប្រព្រឹត្តទៅនេះ អ្នកណាមួយដែលស្លាប់ទៅហើយមិនត្រឡប់កើតវិញទៀត?

១៥- ក្នុងពេលប្រារព្ធនឹងរើសរកឈ្មោះនៃពួកអ្នកមានគុណ ចុះក្នុងបញ្ជី ឬផែនថ្ម ឈ្មោះអ្នកណាឥតគុណ មិនញ៉ាំចិត្តគេឲ្យរំភើបព្រឺព្រួចទេ គេមិនចារឹកឈ្មោះអ្នកនោះឡើយ បើដូច្នោះ តើគួរនឹងហៅម្ដាយដែលបង្កើតកូននោះ ថាជាស្រ្ដីអា ឬស្ត្រីអ្វីហ្ន៎?

១៦- អ្នកណាមិនតម្កល់ខ្លួនក្នុងការឲ្យទាន ក្នុងតបធម៌ គឺសុច្ចរិត ក្នុងសេចក្ដីអង់អាចក្លាហាន ក្នុងវិទ្យាសាស្ត្រ និងការស្វែងរកទ្រព្យ អ្នកនោះលោកទុកជាឧច្ចរៈនែមាតា ។ 

១៧- កូនមានគុណគាប់តែម្នាក់ជាកូនប្រសើរ កូនល្ងង់រាប់រយមិនប្រសើរទេ ដូចព្រះចន្ទ្រតែមួយដួង អាចកម្ចាត់ងងឹតអន្ធការបាន កងតារាទាំងឡាយកម្ចាត់ងងឹតមិនបានទេ ។ 

១៨- តបៈ គឺការបំពេញកុសល ដែលបុគ្គលណាមួយធ្វើក្នុងទីស័ក្ដិសិទ្ធិ ពុំនោះបំពេញទុក្ករកម្មដ៏ក្រៃលែងឯណាមួយ ព្រោះប្រាថ្នាកូន កូននៃអ្នកនោះ គួរជាកូនប្រដៅងាយ សមឫទ្ធិ សម្រេចប្រយោជន៍ប្រកបដោយធម៌ និងមានប្រាជ្ញាបរិបូណ៌ ។ 

១៩- កិរិយាបានទ្រព្យ១ ភាពជាបុគ្គលមិនមានរោគជានិច្ច១ ភរិយាជាទីស្រឡាញ់១ ភរិយាពោលពាក្យពីរោះ១ កូនប្រដៅងាយ១ និងមានវិជ្ជាធ្វើប្រយោជន៍ដល់សាធារណជន១ បពិត្រព្រះរាជា! ធម៌៦ប្រការនេះ ជាបរមសុខក្នុងជីវលោកនេះ ។ 

២០- គួរនឹងរាប់អ្នកមានកកូនច្រើនថា គាប់បប្រសើរឬទេ? បើកូនទាំងឡាយនោះទុកដូចជានាឡិទទេក្នុងជង្រុក កូនតែម្នាក់ជាទីពឹងផ្នែកទំនុកបម្រុងត្រកូលល្អជាជាង កេរ្តិ៍ឈ្មោះបិតាក៏ល្បីល្បាញឮខ្ទរខ្ទាយទៅគ្រប់ទិសានុទិស ។ 

២១- បិតាធ្វើបំណុលទុកឲ្យកូនជាសត្រូវ មាតាប្រព្រឹត្តទុច្ចរិតខុសគន្លងប្រពៃណីជាសត្រូវ ភរិយាមានរូបល្អ ជាសត្រូវ កូនល្ងង់ក៏ជាសត្រូវ ។ 

២២- វិជ្ជា បើមិនយកទៅប្រើប្រាស់ ជាពិសពុល ភោជន ដែលបរិភោគទៅហើយមិនរលួយជាពិសពុល សភា (ទីប្រជុំ រោងមហោស្រព ឬទីថានឥស្សរជន) ជាពិសពុលសម្រាប់អ្នកក្រីក្រ ស្ត្រីក្រមុំជាពិសពុលសម្រាប់មនុស្សចាស់ជរា ។ 

២៣- នរជន សូម្បីកើតចេញពីត្រកូលណាក៏ដោយ តែមានគុណគាប់ប្រសើរហើយ លោកក៏គួរគោរពបូជា ធ្នូសូម្បីបរិសុទ្ធដោយវង្ស (វំស ប្រែថា ឬស្សី រនូត រត ខ្លុយ ឆ្អឹងខ្នង ខ្សែស្រឡាយវង្សជាតិ ។ ទីនេះមានសេចក្ដីផ្សេងគ្នា គឺធ្នូឬស្សីនេះ គេមិនប្រសិទ្ធីក៏មិនពូកែ ធ្នូមានវង្ស ដូចជាធ្នូព្រះឥសូរ ព្រះរាមជាដើម បើមិនបានប្រសិទ្ធីក៏មិនពូកែ) តែមិនប្រសិទ្ធីនឹងធ្វើអ្វីកើត?

២៤- ឱកូនតូចកម្សត់អើយ! អ្នកមិនទាន់បានរៀនសូត្រសោះ រាត្រីទាំងឡាយចេះតែប្រព្រឹត្តកន្លងទៅៗ បើដូច្នេះខ្លួនអ្នកនឹងកប់បាត់នៅកណ្ដាលហ្វូងអ្នកប្រាជ្ញទាំងឡាយ ដូចគោលង់ទ្រនេសជាប់ក្នុងកណ្ដាលបឹងភក់ ។ កាលបើដូច្នេះ ធ្វើដូចម្ដេចឲ្យកូនអាត្មាអញត្រឡប់បានជាបុគ្គលមានគុណគាប់ប្រសើរឡើង ក្នុងកាលឥឡូវនេះ?

២៥- បរិភោអាហារ១ ការដេក១ ភ័យ១ និងសេពមេថុន ធម៌ទាំង៤ប្រការនេះ មនុស្ស និងសត្វមានស្មើគ្នា មានតែព្រះធម៌ប៉ុណ្ណោះទេ ទើបអាចធ្វើមនុស្ស និងសត្វឲ្យវិសេសប្លែកពីគ្នា នរណាប្រាសចាកធម៌ អ្នកនោះទុកស្មើសត្វ ។ 

២៦- ធម៌ (ព្រះវេទ) អាថ៌ធម៌ (សេចក្ដីអធិប្បាយព្រះវេទ) កាម (សេចក្ដីប្រាថ្នាធម៌ និងអាថ៌ធម៌) និងមោក្សៈធម៌ ទាំង៤ប្រការនេះ អ្នកណាមិនមានក្នុងខ្លួន សូម្បីតែមួយប្រការ ជីវិតអ្នកនោះឥតប្រយោជន៍សោះសូន្យទទេ ដូចបូកពពែ (នៅប្រទេសឥណ្ឌាខាងបេង្កាល់មានពពែមួយពួកគេហៅថា គលស្ដនី ប្រែថា ពពែមានដោះនៅក) រកប្រយោជន៍គ្មាន ។ 

២៧- អាយុ១ កម្ម១ ទ្រព្យ១ វិជ្ជា១ និងសេចក្ដីស្លាប់១ ធម៌៥ប្រការនេះកើតសម្រេចមកជាមួយរាងកាយមនុស្សតាំងពីស្ថិតនៅក្នុងគភ៌ម្លេះ ។ 

២៨- ភាវធម៌នៃបុគ្គលមានភាវធម៌តែងកើតមានដល់ភាវៈនៃបុគ្គលជាធំដោយពិត ភាវៈអាក្រាត តែងមានដល់ព្រះឥសូរ កិរិយាដេកសើពស់ធំ (យានព្រះនារាយណ៍ ឈ្មោះមហាអហិ) តែងមានដល់ព្រះហរិ (នាមព្រះនារាយណ៍)  

២៩- របស់ណាមិនមានបច្ច័យ របស់នោះក៏តែងមិនមាន ថាបើរបស់ណាមានបច្ច័យ របស់នោះក៏មិនមែនជាមិនមាន ថ្នាំនេះរម្ងាប់នូវពិសពុល គឺសេចក្ដីគិតបាន ហេតុដូចម្ដេចក៏គេមិនផឹកថ្នាំនេះហ្ន៎? 

តែភាសិតនេះប្រើជាសម្ដីមនុស្សខ្ជិលពួកខ្លះ ក្នុងចំណោមមនុស្សមិនចេះអត់ធន់ដល់ការងារទាំងឡាយ ។ 

៣០- បុគ្គលសូម្បីគិតឃើញព្រេងវាសនា ក៏មិនគួរលះបង់សេចក្ដីព្យាយាមខ្លួនចោលឡើយ បើបុគ្គលមិនព្យាយាមច្រាញ់ល្ង មិនបានប្រេងល្ងទេ ។ 

៣១- ជោគលាភ តែងចូលទៅរកបុរសសីហៈ ដែលជាអ្នកមានព្យាយាមក្លៀវក្លា មានតែបុរសគម្រក់ទេ តែងពោលថា “ស្រេចតែព្រេងសំណាង” បុគ្គលចូរផ្ចាញ់វាសនា ហើយធ្វើនូវព្យាយាមឲ្យពេញជាកូនប្រុស តាមកម្លាំងខ្លួនដែលអាចធ្វើបាន ថាបើតាំងព្យាយាមប្រឹងប្រែងធ្វើហើយ នៅតែមិនសម្រេចទៀត តើវានឹងកើតទោសអ្វី?

៣២-រថមិនគប្បីបានដោយកង់តែមួយយ៉ាងណា ព្រេងវាសនាបើរៀរចាកព្យាយាមនៃបុរសហើយ ក៏មិនសម្រេចយ៉ាងនោះដែរ ។

៣៣- កម្ម ដែលបុគ្គលធ្វើអំពីបុព្វជាតិ លោកហៅថា “ព្រេងវាសនា” ព្រោះហេតុនោះ បុគ្គលមិនខ្ជិលច្រអូស គប្បីធ្វើសេចក្ដីប្រឹងប្រែងដោយព្យាយាមពេញជាបុរស ។ 

៣៤- ជាងប៉ាន់ ប៉ាន់ដុំដីជារូបផ្សេងៗ តាមចិត្តខ្លួនប៉ាន់ យ៉ាងណាកម្មដែលបុគ្គលសាងទុកខ្លួនឯងក៏ប៉ាន់មនុស្សមានភាវៈផ្សេងៗតាមលក្ខណៈនៃកម្មរបស់ខ្លួនយ៉ាងនោះដែរ ។ 

៣៥- បុគ្គល សូម្បីឃើញកំណប់ទ្រព្យនៅក្នុងទីចំពោះមុខដូចរឿងក្អែកដោយមិននឹកនាថា នឹងកើតមានបាន ហើយចាំព្រេងវាសនាគាស់កកាយយកមកឲ្យឯងៗ មិនរវល់ធ្វើសេចក្ដីព្យាយាមពេញជាប្រុស មិនបានកំណប់នោះទេ ។ 

៣៦- ការទាំងឡាយ តែងសម្រេចដោយសេចក្ដីព្យាយាមប្រឹងប្រែងដោយពិត មិនមែនដោយមនោរថទេ ដូចម្រឹគទាំងឡាយមិនដែលបោលចូលមាត់សីហៈដេកលក់ឡើយ ។ 

៣៧- កូនក្មេង ដែលមាតាបិតាបានហ្វឹកហ្វឺនហើយ ទៅជាកូនមានគុណគាប់ប្រសើរបាន មិនដែលមានកូនក្មេងណាបានទៅជាបណ្ឌិត ដោយគ្រាន់តែច្យុតចេញពីគភ៌មាតាទេ ។ 

៣៨- កូនក្មេង ដែលមាតាបិតាណាមិនបានឲ្យរៀនសូត្រ មាតានោះត្រឡប់ជាសត្រូវ បិតានោះត្រឡប់ជាបុគ្គលមានពៀរ ព្រោះកូនមិនបានរុងរឿងក្នុងទីប្រជុំជន ដូចកុកកណ្ដាលហ្វូងហង្ស ។ 

៣៩- ក្មេងបរិបូណ៌ដោយរូប និងវ័យ ក្មេងសម្ភពក្នុងត្រកូលដ៏វិសេសឥតចេះដឹងវិជ្ជាអ្វី មិនមានរាសីរុងរឿងទេ ដូចផ្កាចារឥតមានក្លិនក្រអូប ។ 

៤០- មនុស្សល្ងង់ ប្រដាប់កាយដោយគ្រឿងអម្ពរ តែងមានរាសីរុងរឿងក្នុងទីប្រជុំជន បើមនុស្សល្ងង់នោះ មិនទាន់ហារមាត់ចេញនិយាយដរាបណា ក៏នៅតែមានរាសីរុងរឿងដរាបនោះ ។ 

កាលព្រះរាជាទ្រង់រំពឹងដូច្នោះ ទ្រង់ត្រាស់បង្គាប់ឲ្យប្រជុំអ្នកប្រាជ្ញទាំងឡាយ ទើបទ្រង់ត្រាស់ថា៖ “នែលោកបណ្ឌិតទាំងឡាយ សូមលោកស្ដាប់ខ្ញុំ បណ្ដាលលោកបណ្ឌិតទាំងឡាយនេះ មានលោកណាខ្លះ ជាអ្នកប្រាជ្ញអាចបង្រៀននីតិសាស្ត្រដល់កូនខ្ញុំដែលល្ងង់ខ្លៅ ប្រព្រឹត្តខុសគន្លងធម៌ជានិច្ច ឲ្យមានកំណើតថ្មី ឲ្យត្រឡប់បានល្អឡើង ក្នុងកាលឥឡូវនេះបានឬទេ?” ព្រោះថា៖ 

៤១- កញ្ចក់នៅរួមជាមួយនឹងមាស អាចចោលប្រមោលក្លាយទៅជាកែវមរកតយ៉ាងណា មនុស្សល្ងង់នៅរួមជាមួយនឹងលោកសប្បុរស ក៏អាចត្រឡប់ទៅជាសប្បុរសឆ្លៀវឆ្លាតបានយ៉ាងនោះដែរ ។

៤២- កូនអើយ! មតិថោកទាប ព្រោះសមាគមមួយអន្លើដោយបុគ្គលថោកទាប សមាគមមួយអន្លើដោយបុគ្គលស្មើគ្នា មតិក៏ស្មើគ្នា សមាគមមួយអន្លើដោយបុគ្គលប្រសើរ មតិរឹងរឹតតែប្រសើរឡើង ។ 

សម័យនោះ មហាបណ្ឌិតម្នាក់ឈ្មោះ វីស្ណុស៌ម័ន មានការចេះដឹងសាកលនីតិសាស្ត្រពិតប្រាកដដូចជាព្រះព្រឹហស្បតិ៍ក្រាបទូលថា៖ “បពិត្រព្រះសម្មតិទេវាវង្ស! ព្រះរាជបុត្រទាំងឡាយ ទ្រង់សម្ភពក្នុងមហាត្រកូលទូលព្រះបង្គំអាចបង្រៀននីតិសាស្ត្រទាំងឡាយ តាមព្រះរាជបំណងបាន ព្រោះថា៖ 

៤៣- កិច្ចការអ្វីមួយដែលប្រកបដោយអំពើឥតប្រយោជន៍ ក៏រមែងមិនបានផលសមតាមប្រាថ្នាទេ ដូចចជាប្រើពេលវេលាព្យាយាមបង្រៀនសត្វកុកឲ្យចេះនិយាយដូចសត្វសេក សូម្បីច្រើនរយដង នឹងបានផលក៏ឥតអង្គឺមានឡើយ ។ 

៤៤- តែក្នុងមហាត្រកូលបែបនេះ អ្នកគ្មានបុណ្យមិនមកកើតទេ  ប្រៀបដូចអណ្ដូងរ៉ែកើតត្បូងទទឹមធ្វើដូចម្ដេចនឹងកើតមានកញ្ចក់?

ហេតុនេះ ខ្ញុំព្រះអង្គសូមទទួលយកព្រះរាជទានអាសាបង្រៀនព្រះរាជកុមារទាំងឡាយនេះ ត្រឹមតែឆមាសប៉ុណ្ណោះ ឲ្យមានការចេះដឹងនីតិសាស្ត្រស្ទាត់ជំនាញ ។ 

ព្រះរាជា ទើបទ្រង់ត្រាស់តបដោយសុភាពថា៖ 

៤៥- ដង្កូវឡើងទៅទំនៅលើក្បាលសាធុជនទាំងឡាយ ព្រោះនៅលាយឡំជាមួយកម្រងផ្កា ដុំថ្មដែលអ្នកធំលើកតម្កើងហើយ ក៏ក្លាយទៅជាភាពទេវតាពូកែស័ក្តិសិទ្ធិ ។ 

៤៦- របស់ទ្រព្យដែលនៅលើកំពូលភ្នំខាងឧទយាទិត្យតែងបានទទួលពន្លឺស្វាងរុងរឿង ព្រោះនៅជិតព្រះអាទិត្យយ៉ាងណា ជនហីនជាតិវណ្ណៈថោក តែងបានទទួលការចេះដឹងជាពន្លឺ ព្រោះនៅជិតលោកអ្នកសប្បុរសយ៉ាងនោះដែរ ។ 

៤៧- អ្នកមានគុណគាប់ តែងដឹងល្អ និងអាក្រក់ អ្នកមានគុណគាប់នោះ បើទៅសេពគប់មនុស្សអាក្រក់ ក៏ត្រឡប់ទៅជាអាក្រក់វិញ ដូចស្ទឹងមានទឹកដ៏ហើយដោយរសជាតិល្អ លុះហូរចូលដល់សមុទ្ទហើយក៏ក្លាយទៅជាមានរសព្រៃផឹកមិនបាន ។ 

ព្រោះហេតុនោះ ខ្ញុំសូមប្រគល់អំណាចដល់លោកជាអ្នកបង្រៀននីតិសាស្ត្រដល់កូនខ្ញុំ ទ្រង់ត្រាស់ហើយ ទើបប្រគល់ព្រះរាជឱរសដល់បណ្ឌិតវិស្ណុស៌ម័ន ដោយសេចក្ដីគោរពក្រៃលែង ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!