អារម្ភកថាលើកទី២

ការគប់មិត្ត (រឿងក្អែក អណ្ដើក កណ្ដុរ និងប្រើស)

កថាទី១៖ រឿងអ្នកដំណើរ និងខ្លាចាស់

កថាទី២៖ រឿងប្រើស ចចក និងក្អែក

កថាទី៣៖ រឿងត្មាត ឆ្មា និងបក្សី

កថាទី៤៖ រឿងកណ្ដុរហិរណ្យកៈ

កថាទី៥៖ រឿងពាណិជចាស់ជរា និងភរិយាក្រមុំ

កថាទី៦៖ រឿងព្រាន ប្រើស ជ្រូក ពស់ និងចចក

កថាទី៧៖ រឿងព្រះរាជា បុត្រពាណិជ និងភរិយា

កថាទី៨៖ រឿងចចក និងដំរីស្ដ

សៀវភៅអេឡិកត្រូនិក

កាលខ្ញុំអានគតិលោករបស់លោកអ្នកឧកញ្ញ៉ាសុតន្តប្រីជាឥន្តមុនដំបូង ខ្ញុំឃើញមាននិទាន និងសុភាសិតជាកាព្យមានរសជាតិផ្អែមល្ហែមចាប់ចិត្តចាប់ផ្ដើមនាំឲ្យនឹកស្ញើចស្នាដៃលោក និងទឹកចិត្តលោកពេញដោយមេត្តាករុណាដ៏ធ្ងន់ជ្រាលជ្រៅ ។ ខ្ញុំយល់ថា លោកមិនមែនត្រឹមតែជាអ្នកកវីឯកប៉ុណ្ណោះទេ លោកជាអ្នកប្រាជ្ញ សីលធម៌ និងអរិយធម៌ខ្ពង់ខ្ពស់វិសេសក្រៃលែងទៅទៀត ខ្ញុំគិតថាធ្វើដូចម្ដេចហ្ន៎ នឹងមានលោកណាប្រែជាភាសាខ្មែរ ទុកជាសម្បត្តិទិព្វវិសេសសម្រាប់ជនជាតិខ្មែរ? តាំងពីកាលនោះច្រើនឆ្នាំ បញ្ចតន្រ្តៈជាប្រភពហិតោបទេស និងរឿងរ៉ាវទាំងឡាយក្នុងពិភពលោក ធ្លាក់មកលើដៃខ្ញុំទៀតដូចជាទេពតាប្រទាន ខ្ញុំអានហើយអានទៀត ជាប់ចិត្តស្អិតចំពោះអរិយធម៌នេះ មានបីតិបាមោជ្ជឆ្អែតកាយ ឆ្អែតចិត្ត ហាក់ដូចជាបានក្រេមផឹកទឹកអម្រឹត ហើយសរសើរភ័ព្វសំណាងខ្ញុំដែលកើតមកក្នុងសម័យវិបត្តិអក្សរសាស្ត្រខ្មែរ បានជួបប្រទះកិច្ចការជាស្នាដែលសំខាន់បែបនេះ ខ្ញុំនឹកដល់លោក យើត្ថកវីជាតិអល្លឺម៉ង ដែលបានក្រេបរសជាតិកាព្យសកុន្តលា ជាបទល្ខោនកវីកលិទាសៈជាតិឥណ្ឌា មុនដំបូងលោកលុតជង្គង់ចុះដល់ដីលើកដៃសំពះប្រណម្យទៅលើ អរគុណចំពោះទេពតា ដែលបានទុកអាយុឲ្យលោករហូតដល់បានអានរឿងវិសេសនេះ ។ មិនតែប៉ុណ្ណោះទេ អក្សរសាស្ត្រសំស្ក្រឹតផ្នែកពុទ្ធសាសនាក្ដី ផ្នែកសាសនាព្រាហ្មណ៍ក្ដី ឬផ្នែកឯទៀតក្ដី សុទ្ធសឹងប្រកបដោយលម្អគួរស្ញើចជាទីបំផុត ។ រឿងនេះជាដើមហេតុនាំឲ្យខ្ញុំតាំងចិត្តមាំថា៖ ដរាបណាខ្ញុំមិនទាន់អស់ជីវិតទេ ដរាបនោះ ខ្ញុំនឹងប្រែហិតោបទេស និងបញ្ចតន្ត្រៈភាសាសំស្ក្រឹតនេះមកជាភាសាខ្មែរ ទុកជាប្រយោជន៍ដល់ជនានុជនទាំងឡាយ តាមកម្លាំងដែលខ្ញុំអាចធ្វើបាន ។ 

ការប្រែគម្ពីរដីកាក្បួនខ្នាតជាអរិយធម៌ឥណ្ឌាមកជាភាសាខ្មែរ ទុកថាជាការប្លែកក៏ពុំមែន ឬទុកថាជាការមិនប្លែកក៏ពុំមែនដែរ ។ ព្រះបាទកៅណ្ឌិណ្យៈជាក្សត្រសម័យក្រុងភ្នំ (Fou-nan) ជាជាតិឥណ្ឌាបាននាំអរិយធម៌មកកាន់ប្រទេសកម្ពុជាមុនដំបូង រវាងខាងចុងសតវត្សរ៍ទី២ នៃគ្រឹស្ដសករាជ ។ ចាប់ពីសម័យនោះមក អរិយធម៌ឥណ្ឌា ហូរចូលមកកាន់ប្រទេសកម្ពុជាឥតអាក់ រហូតដល់បច្ចុប្បន្នកាលនេះ មានគោលគឺសាសនាព្រាហ្មណ៍ មានគម្ពីរត្រៃវេទ គម្ពីរឧបនិស័ទ  គម្ពីរហិរវង្ស គម្ពីរបុរាណ រឿងរាមកេរ្តិ៍ រឿងមហាភារតៈ និងពុទ្ធសាសនា មានព្រះត្រៃបិដកជាដើម តែគម្ពីរដីកា និងទំនៀមទម្លាប់សាសនាព្រាហ្មណ៍អស់នោះ កប់បាត់នៅក្រោមប្រាសាទបុរាណទាំងឡាយស្ទើរតែអស់ហើយ នៅសល់តែពុទ្ធសាសនាដែលហូរចូលមកក្រោយគេ ។ អរិយធម៌នេះ មិនមែនជាអាថ៌កំបាំងអ្វីសោះ កាលបើយើងបើកភ្នែកក្រឡេកមើលទៅលើទំព័រប្រវត្តិសាស្ត្រសាកល ដែលអ្នកប្រាជ្ញទាំងឡាយបានចារឹកទុកមក ។ ដើម្បីបញ្ជាក់សេចក្ដីពិតនេះ លោកស៊ីល្វាំងឡេវី សរសេរថា ប្រទេសឥណ្ឌាជាដើមមេគំនិតប្រាជ្ញា មេដើមរឿងនិទានផ្សេងៗ មេជំនឿសាសនា មេទស្សនវិជ្ជា មេច្បាប់ និងមេការរចនាទ្វីបអាស៊ីអស់ភាគ៣ ក្នុង៤ ។ លោកសឺដែស សរសេរថា៖ អ្នកប្រាជ្ញប្រទេសឥណ្ឌាភ្លេចសូន្យឈឹង មិនដឹងជាវប្បធម៌ខ្លួនផ្សាយទៅកាន់ប្រទេសអាស៊ីភាគខាងកើត និងភាគអាគ្នេយ៍ រហូតមកដល់កាលឥឡូវនេះអ្នកប្រាជ្ញឥណ្ឌាខ្លះចេះបារាំង និងចេះហូឡង់ដ៏ទៅស្វះស្វែងរកប្រភពប្រវត្តិអស់នេះចេញពីមហាវិទ្យាល័យក្រុងបារីស (Paris) និងក្រុងឡីដ៍ (Leyde) ហើយពោលថា មហាប្រទេសឥណ្ឌា (Greater India) ។ 

ហិតោបទេសនេះប្រែថា ការប្រៀនប្រដៅប្រយោជន៍ ការពន្យល់ប្រយោជន៍ ការប្រាប់ប្រយោជន៍ ឬការដឹកនាំជនានុជនឲ្យបានប្រយោជន៍នៅនាលោកិយនេះ ពុំនោះថា ពាក្យប្រៀនប្រដៅសីលធម៌ ដល់ជនានុជនទាំងឡាយ ពុំនោះសោតនឹងហៅថា ធម៌បំពេញមនុស្សភាពក៏សឹងបានជាគម្ពីរចាស់បុរាណ មានអាយុរាប់ពាន់ឆ្នាំ គេនិយមប្រែស្ទើរគ្រប់ភាសាក្នុងសាកលលោក ទោះជាអាស៊ី ឬអឺរ៉ុប គេទុកជាលោកនីតិ ឬគតិលោកមួយដ៏សំខាន់ ហិតោបទេស ជាភាសាសំស្ក្រឹតនេះមានលម្អ៤ប្រការគឺ ១- សេចក្ដីជ្រាលជ្រៅទន់ផ្អែម ២-ប្រើពាក្យពេចន៍លែបខាយល្អស្រស់ ៣-ជើងកាព្យណែងណង ៤-រឿងរ៉ាវទាក់ទងគ្នារដឹកដូចរឿង១០០១យប់ ។ បើនរណាបានអានហើយ នរជននោះជាប់ចិត្តនឹកស្ញើចជញ្ជក់មាត់ចង់មើលចង់អាន និងនឹកទៅដល់អ្នកនិពន្ធដើម ស្ញើចសរសើរស្នាដៃ និងចិត្តប្រកបដោយមេត្តាក្រាលទៅគ្របដណ្ដប់សព្វសត្វទាំងឡាយ ។ 

លោក ល័ល្លូ ល័ល្ល បណ្ឌិតឥណ្ឌាជាតិព្រាហ្មណ៍សរសេរទុកថា ហិតោបទេសនេះលោកនារាយណៈមហាបណ្ឌិតនារយណៈបានពោលទុកក្នុងអារម្ភបទលោកស្រាប់ ។ ផ្ទៃសេចក្ដីហិតោបទេសនេះ បើតាមការសង្កេតមើល ឃើញមានទំនងស្របទៅខាងពុទ្ធសាសនា ដោយច្រើន ដូចសេចក្ដីយល់នៃលោក បេន ហ្វៃ បណ្ឌិតអង់គ្លេសថា៖ ហិតោបទេសនេះ គង់អាស្រ័យគោលពុទ្ធសាសនាផ្សំផងដែរ ។ តាមសេចក្ដីគ្នេរគ្នាន់អ្នកប្រាជ្ញពង្សាវតាលោកសរសេរថា ហិតោបទេសភាសាសំស្ក្រឹត កើតឡើងក្នុងរវាងសតវត្សរ៍ទី១០ នៃពុទ្ធសករាជ (សតវត្សរ៍ទី៥ គ.ស) ហើយចម្លងតគ្នាទៅស្ទើរតែគ្រប់ភាសាប្រទេសឥណ្ឌា មានភាសាបង្គ័យ មហរ័ត ជាដើម តែដែលសំខាន់ជាងគេនោះ គឺរបស់បណ្ឌិតល័ល្លូល័ល្ល ជាភាសា ក្រ័ជកាខា ឈ្មោះរាជនីតិ ។ តពីប្រទេសឥណ្ឌាទៅទៀត គេប្រែជាភាសាបេហ្លីរវាងសតវត្សរ៍ទី១០ នៃពុទ្ធសករាជ (សតវត្សរ៍ទី ៦គ.ស) ពីភាសាបេហ្លី ជាភាសាអារ៉ាប់ រវាងសតវត្សរ៍ទី១៥ នៃពុទ្ធសករាជ (សតវត្សរ៍ទី៨ គ.ស) ប្រែពីអារ៉ាប់ទៅជាភាសាហិបរូ (ជ្វិហ្វ) ប្រែពីភាសាហិបរូទៅជាភាសាក្រិក ទៅជាភាសាធំៗក្នុងទ្វីបអឺរ៉ុបមានភាសាអាល្លឺម៉ង់ អង់គ្លេស និងបារាំង ជាដើម ។ ខ្ញុំសូមអភ័យទោសដោយខ្ញុំមិនបានលើកយកឈ្មោះអ្នកប្រែទាំងអស់មកចារឹកទុកក្នុងទីនេះទេ យកតែគោលខ្លះ ល្មមឲ្យដឹងដំណើរសេចក្ដីដូចតទៅនេះ៖ 

ក្នុងសតវត្សរ៍ទី២៣ នៃពុទ្ធសករាជ (សតវត្សរ៍ទី១៧ គ.ស) បណ្ឌិតលទ្ធិឥស្លាមជាតបារសី (បៀរស៍) ឈ្មោះតាជ ឯទឌិន ភាសាបៀរស៍ឲ្យឈ្មោះថាមហ្វោរឹហ៍ អល កូលូព ប្រែថា គម្ពីរបញ្ជើតចិត្តឲ្យរីករាយ តែជាធម្មតាអ្នកកាន់សាសនាឥស្លាម កាលប្រែនោះគេបំប្លែងសេចក្ដីដើមជាលទ្ធិសាសន៍ព្រាហ្មណ៍ឲ្យមានទំនងទៅជាលទ្ធិឥស្លាមទាំងអស់ ។ ឯសេចក្ដីប្រែរបស់បណ្ឌិត រាជ ឯទឌិត នេះត្រូវបណ្ឌិតឥណ្ឌាឈ្មោះ មើរ ពហា ឌួរ អាលី ហូសៃនី ប្រែត្រឡប់ជាភាសាឥណ្ឌូស្ថានីវិញ កាល ព.ស. ២៣៤៥  (គ.ស ១៨០២) បោះពុម្ពនៅក្រុងកល្លកត្តា ឲ្យឈ្មោះជាអក្លាត ឥ. ហិណ្ឌិ ប្រែថា សីលធម៌ឥណ្ឌា ។ ឯសេចក្ដីប្រែជាភាសាទ្វីបអឺរ៉ុបមុនដំបូង ច្រើនមានសេចក្ដីឃ្លៀងឃ្លាតពីសៀវភៅដើមដោយច្រើន ព្រោះកាលនោះការចេះដឹងភាសាសំស្ក្រឹតនៅទ្វីបអឺរ៉ុបពុំទាន់មានបរិបូណ៌ក្នុង ព.ស ២៣៥៧ (គ.ស ១៨៤៤) ទើបលោក ម៉ាក់ មុល្លើយបណ្ឌិតអាល្លឺម៉ងដ៍ ប្រែបានត្រឹមត្រូវតាមសៀវភៅដើម ។ កាលព.ស ២៣៩១ (គ.ស ១៩៤៩) លោកហ្វរង្សីស ជនសុង បណ្ឌិតអង់គ្លេស ប្រែជាភាសាអង់គ្លេស ក្នុង ព.ស ២៣៩៤ (គ.ស ១៨៥១) លោក ដេម៉េត្រីយ៉ូស ជាតិក្រិកនៅក្រុងអាថែន ប្រែជាភាសាក្រិក លោកនេះបានចូលទៅនៅប្រទេសឥណ្ឌាទាំងពីកាល ព.ស ២៣២៩ (គ.ស ១៧៨៦) ដល់ ព.ស ២៣៧៦ (គ.ស ១៨៣៣) ។ ក្នុងព.ស ២៣៩៨ (គ.ស ១៩២១) លោកនាគប្រទឹប បណ្ឌិតសៀម ប្រែជាភាសាសៀម ។ ដើម្បីឲ្យស្រួលទៅតាមទំនងភាសាខ្លួន ហិតោបទេសជាសំស្ក្រឹត បោះពុម្ពផ្សេងគ្នាក្ដី សេចក្ដីប្រែគ្រប់ជាតិភាសាក្នុងសាកលលោកក្ដី តែងមានសេចក្ដីខ្វះខាតលើសលស់គ្នាខ្លះដោយអន្លើ ដោយការបន្ថែមបន្ថយទៅតាមអត្តនោម័តិ ពុំនោះក្លាយទៅជាសុភាសិត ឬរឿងនិទានជាតិភាសានោះៗសុទ្ធសាធដូចកាព្យលោក ឡាហ្វុងតែន បណ្ឌិតបារាំងជាឧទាហរណ៍ សេចក្ដីពិត ហិតោបទេសនេះគឺបញ្ចតន្ត្រៈត្រង់តែម្ដងដោយគ្រាន់តែបំព្រួញមកនៅត្រឹមតែ ៤ ភាគគឺ៖ មិត្តលាភ (ការគប់មិត្ត)១ សុហ្ឬទ្ភេទ (ការបំបែកមិត្ត)១ វីគ្រហៈ (សង្គ្រាម)១ និងសន្ធិ (សន្តិភាព)១ ។ ឯបញ្ចតន្ត្រៈមាន ៥ភាគ (បញ្ច = ប្រាំ,+តន្ត្រៈ = ច្បាប់) ច្បាប់ប្រាំប្រការ ។ ខ្ញុំប្រែជាភាសាខ្មែរនេះ ក្នុងមួយភាគបោះពុម្ពជាមួយសៀវភៅរហូតដល់គ្រប់ទាំង៤ភាគ ។

ហិតោបទេសដែលខ្ញុំប្រែនេះ ខ្ញុំប្រែត្រង់តាមច្បាប់ភាសាសំស្ក្រឹតនារាយណបណ្ឌិត ដែលលោកកាសីនាថ បាណ្ឌុងរង្គ បរ័ព បោះពុម្ពលើកទី១០ ដែលតម្រូវដោយលោក វាសុទេវ លក្ស្មណៈសាស្ត្រី បាង្ស្កីបារបោះពុម្ពផ្សាយដោយលោក បាណ្ឌុរង្គ ជាវជី ម្ចាស់រោងពុម្ព និយមសាគ័រ នៅក្រុងបុំបៃ គ.ស ១៩២១ ។ កាលប្រែ ខ្ញុំរកកលនឹងប្រែផ្ដិតមិនបានបន្ថែមសេចក្ដីឲ្យឃ្លាតឆ្ងាយពីច្បាប់ដើមពេកទេ គ្រាន់តែសម្រួលទៅតាមទំនងភាសាខ្មែរប៉ុណ្ណោះ ព្រោះចង់រក្សារសជាតិលំនាំភាសាសំស្ក្រឹតឲ្យគង់នៅ តែទោះជាខំប្រិតប្រៀនយ៉ាងណា ខ្ញុំនៅតែមានភ័យក្នុងរឿងនេះមិនអស់មិនហើយ ព្រោះការប្រែភាសាមួយទៅភាសាមួយតែងមានការឃ្លៀងឃ្លាតលម្អៀងសេចក្ដីគ្នាជាធម្មតា ដែលជាទោសគេចពុំរួច ណាមួយវិជ្ជាអក្សរសាស្ត្រខ្មែររបស់ខ្ញុំនៅទន់ខ្ចីពេក មិនអាចឈោងចាប់សំនួនវោហារពាក្យមួយមាត់ៗ នៃអក្សរសាស្ត្រសំស្ក្រឹត យកមកប្រែជាពាក្យខ្មែរឲ្យច្បាស់លាស់ដូចសេចក្ដីដើមបាន ហើយជាការលំបាកលើសសមត្ថភាពរបស់ខ្ញុំផង ។ ដើម្បីជាគ្រឿងណែនាំឲ្យទូលាយគំនិត ខ្ញុំបានយកហិតោបទេស ច្បាប់ប្រែជាភាសាសៀមរបស់លោក នាគប្រទីប រោងពុម្ព ហងសមុទថៃ ខែតុលា ព.ស ២៤៩៤ និងហិតោបទេសច្បាប់ជាប្រែភាសាបារាំងរបស់លោក អេឌួអារដ៍ ឡង់សឺរ៉ូ រោងពុម្ពមេស៊ននីវ គ.ស ១៨៨២ ។ ខ្ញុំបានធ្វើន័យលក្ខណៈខ្លះប្រាប់សេចក្ដីប្លែកគ្នាចំពោះសុភាសិតដែលមានប្រយោជន៍គួរឲ្យដឹង ហើយបំព្រួញនាមលោកអេឌួអារដ៍ ឡង់សឺរ៉ូ ថា ឡង់សឺរ៉ូ នាមលោកសេដ្ឋីរយកោសេស នាគប្រទីប ថា នាគប្រទីប សូម្បីខ្ញុំខំប្រឹងប្រែងកុំឲ្យមានការភ្លាំងភ្លាត់ ការប្រែនេះនៅតែមានការខុសឆ្គាំឆ្គងតក់សេចក្ដី ឬទោសអ្វីមួយដែលហួសកម្លាំងសតិបញ្ញាសេចក្ដីព្យាយាមខ្ញុំ ថាបើមានធម្មតាគង់អភ័យទោសឲ្យបច្ឆាជនជាអ្នកប្រាជ្ញភាសាសំស្ក្រឹតអនាគត និងជាភាជនៈ ទទួលត្រង់រងនូវកេរ្តិ៍មត៍ក គឺការភ្លាំងភ្លាត់ខុសរបស់ខ្ញុំក្នុងការប្រែច្បាប់នេះ ហើយនឹងកែសម្រួលឲ្យបានត្រឹមត្រូវល្អឡើង ទុកជាហិតានុហិតដល់បងប្អូនរួមជាតិតទៅ ។ សេចក្ដីប្រែនេះ ខ្ញុំទុកជាទីរលឹកការនៅចាំវស្សាអស់ត្រៃមាសក្នុងឆ្នាំឆ្លូវ ឯកស័ក ព.ស ២៤៩២ ។ 

ខ្ញុំមានអំណរយ៉ាងក្រៃលែង ចំពោះលោកគ្រូព្រះទេពសត្ថាសូរ  ហាយ ក្រុមជំនុំព្រះត្រៃបិដក និងព្រះគ្រូមុនីសោភ័ណ សេខ នាង សាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ដែលជួយឲ្យន័យក្នុងការប្រែ ។ ខ្ញុំសូមអរគុណលោកព្រះបាឡាត់ពោធិរាមជា ឆាយ សាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ ដែលពេញចិត្តនឹងភាសាសំស្ក្រឹតដូចខ្ញុំដែរ ព្រមទាំងសហការីទាំងឡាយដែលបានយកព្រះទ័យទុកដាក់ជួយសរសេរជួយកែតម្រង់ជំនួសខ្លួនខ្ញុំ ។ សូមអរគុណលោក ជុំ ទួត ទីប្រឹក្សាព្រះរាជាណាចក្រ ដែលស្រឡាញ់ការនេះ ហើយបានអារាធនាសូមឲ្យប្រែហិតោបទេសនេះយកទៅបោះពុម្ពផ្សាយដល់សាធារណជន ។ 

ខ្ញុំសូមឲ្យប្រជាជនខ្មែរបានប្រកបដោយសេចក្ដីសុខចម្រើនគ្រប់ប្រការ!

វត្តឧណ្ណាលោម ថ្ងៃពុធ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវឯកសក ព.ស ២៤៩២ 

ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា គ.ស ១៩៤៩

ភិក្ខុ ប៉ាង ខាត់ វីរិយបណ្ឌិតោ

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!