អារម្ភកថាលើកទី២

ការគប់មិត្ត (រឿងក្អែក អណ្ដើក កណ្ដុរ និងប្រើស)

កថាទី១៖ រឿងអ្នកដំណើរ និងខ្លាចាស់

កថាទី២៖ រឿងប្រើស ចចក និងក្អែក

កថាទី៣៖ រឿងត្មាត ឆ្មា និងបក្សី

កថាទី៤៖ រឿងកណ្ដុរហិរណ្យកៈ

កថាទី៥៖ រឿងពាណិជចាស់ជរា និងភរិយាក្រមុំ

កថាទី៦៖ រឿងព្រាន ប្រើស ជ្រូក ពស់ និងចចក

កថាទី៧៖ រឿងព្រះរាជា បុត្រពាណិជ និងភរិយា

កថាទី៨៖ រឿងចចក និងដំរីស្ដ

សៀវភៅអេឡិកត្រូនិក

នៅក្នុងព្រៃធំ មានដំរីមួយឈ្មោះ កប៌ុរតិលកៈ ។ សត្វចចកមួយហ្វូងធំឃើញដំរីស្ដមួយនោះក៏គិតគូរគ្នាថា៖ បើយើងប្រើឧបាយកលណាមួយសម្លាប់ដំរីនេះបាន នោះមុខជាយើងបានសាច់វាជាចំណីអាហារចម្អែតផ្ទៃអស់កំណត់៤ខែ ។ បណ្ដាចចកទាំងឡាយនោះ មានចចកចាស់មួយយកអាសានិយាយអួតអាងថា៖ ដោយអានុភាពប្រាជ្ញាខ្ញុំ ខ្ញុំមានកិច្ចកលវិសេសមួយ អាចសម្លាប់ដំរីស្ដនេះឲ្យសម្រេចបាន ។ លំដាប់នោះ ចចកចាស់ឆបោកនោះដើរចូលទៅរកដំរីស្ដ កប៌ុរតិលកៈ ធ្វើកិរិយាឱនលំទោនហាក់កោតខ្លាចលុតក្រាបដោយអស្ដាង្គបាត ពោលពាក្យជាទីគោរពថា៖ បពិត្រលោកជាស្ដេចដំរី! សូមលោកមេត្ដាប្រោសខ្ញុំបាទ សូមជួបនឹងលោក ។ ដំរីស្ដសួរទៅថា៖ ឯងជាអ្វី ឯងទៅណាមកណារកអ្វីហ្នឹង? ។ ចចកឆ្លើយប្រាប់ថា៖ ខ្ញុំបាទជាសត្វចចក ឥឡូវនេះពួកបសុសត្វទាំងឡាយដែលអាស្រ័យនៅនាព្រៃនេះប្រជុំព្រមព្រៀងគ្នាមូលមតិស្រេចហើយ ទើបចាត់ឲ្យខ្ញុំបាទចូលមកក្រាបបង្គំទូលព្រះអង្គថា៖ ការរស់នៅមិនមានស្ដេចគ្រប់គ្រងថែរក្សា មិនបានសេចក្ដីសុខទេ សូមអញ្ជើញព្រះអង្គធ្វើជាស្ដេច ហើយគិតអភិសេកសោយរាជ្យនៅព្រៃនេះ ព្រោះព្រះអង្គប្រកបដោយស្វាមីគុណ សព្វគ្រប់ប្រការសមគួរនឹងបានជាស្ដេចគ្រប់គ្រងពពួកសត្វចតុប្បាទទាំងឡាយដែលនៅក្នុងទីនេះ ព្រោះថា៖ 

១៩៩- នរជនណាបរិសុទ្ធដោយត្រកូល ដោយផៅពង្ស ដោយអារ្យធម៌ មានតបៈតេជៈដ៏ខ្លាំងក្លាប្រកបដោយធម្មចរិយា និងនីតិកោសល្យ (ជំនាញក្នុងនយោបាយ) នរជននោះ សមគួរនឹងបានជាស្ដេចលើផែនដីនេះ ។ 

២០០- តាមធម្មតា បុគ្គលត្រូវរកម្ចាស់ផែនដីឲ្យបានទុកជាបឋមរួចហើយសឹមរកភរិយា និងរកទ្រព្យ ថាបើមិនមានស្ដេចគ្រប់គ្រងផែនដីទេ តើត្រូវរកភរិយា និងរកទ្រព្យនៅក្នុងលោកនេះធ្វើអ្វី?

២០១- ម្ចាស់ផែនដី ជាទីពឹងពាក់នៃពលរដ្ឋទាំងឡាយ ដូចជាភ្លៀងជាទីពឹងពាក់នៃសត្វទាំងឡាយបើភ្លៀងរអាក់រអួល សត្វលោកអាចញ៉ាំងជីវិតន្ទ្រីយ៍ឲ្យប្រព្រឹត្តទៅបាន តែបើព្រះរាជាមិនប្រកបដោយធម៌ ពលរដ្ឋរស់នៅមិនបានទេ ។ 

២០២- ក្នុងលោកនេះ នរជនប្រព្រឹត្តទៅតាមច្បាប់ដោយច្រើន ព្រោះតែខ្លាចទណ្ឌកម្មទេ នរជននៅក្នុងអំណាចគេ ហើយប្រព្រឹត្តល្អពិតមែននោះ រកបានដោយកម្រណាស់ ដូចកុលនារីគោរពស្វាមីស្គមវិកលសព៌ាង្គកាយ ឈឺរីងរៃ និងក្រីក្រ ព្រោះតែខ្លាចទណ្ឌកម្មប៉ុណ្ណោះ ។ 

បើដូច្នោះ សូមព្រះអង្គកុំបង្អង់រេរង់ឲ្យយឺតយូរ សូមអញ្ជើញទៅដោយរួសរាន់ ឲ្យទាន់ពេលវេលាជាមង្គលសិរីសួស្ដី និយាយដូច្នោះហើយក៏នាំដំរីស្ដនោះដើរទៅ ។ ឯកប៌ុរតិលកៈ ដែលលុះក្នុងអំណាចលោភធម៌ ចង់បានរាជសម្បត្តិចាញ់កលចចក ស្រវឹងយសភ្លេចខ្លួន ខំដើរទៅតាមចចកយ៉ាងលឿនដែលអាចនឹងលឿនបាន ទៅផុងលង់ទ្រនេសក្នុងបឹងភក់ជាប់ទៅទៀតមិនរួច ទើបស្រែកដង្ហោយហៅចចកឲ្យជួយស្រង់ថា៖ អឺសម្លាញ់អើយ ត្រូវធ្វើដូចម្ដេចហ្ន៎? ឥឡូវនេះអញលង់ទ្រនេសក្នុងបឹងភក់ជ្រៅរើខ្លួនមិនរួចទេ នឹងដល់ក្ដីស្លាប់ហើយដឹង? សូមសម្លាញ់វិលមកក្រោយរកឧបាយជួយគ្នាសិន ។ ចចកបានសមដូចបំណងហើយ ធ្វើជាអស់សំណើចសើចហាសហាយ និយាយចំអកឡកឡឺយថា៖ ទេវៈ! សូមលោកមេត្ដាយកប្រមោយតោងចុងកន្ទុយខ្ញុំឲ្យជាប់ ខ្ញុំនឹងព្រយុងឡើងឲ្យរួច ដោយអំពើដែលលោកជឿស្ដាប់ពាក្យខ្ញុំនេះ សូមលោកសោយរាជ្យនូវសេចក្ដីទុក្ខនេះចុះ ព្រោះថា៖

២០៣- ដរាបណា លោកប្រាសចាកការសេពគប់សប្បុរសរឿយៗ ដរាបនោះ លោកនឹងធ្លាក់ទៅនៅក្នុងសមាគមអសប្បុរសរឿយៗដែរ ។ 

លំដាប់នោះ ចចកទាំងឡាយហែកជញ្ជែងដំរីស្ដ ដែលផុងក្នុងបឹងភក់ជ្រៅស៊ីជាអាហារ ស្លាប់ក្នុងគ្រានោះឯងហោង ។ ព្រោះហេតុនេះ បានជាខ្ញុំម្ចាស់ក្រាបទូលថា៖ មែនពិត កិច្ចការណាដែលអាចសម្រេចបានដោយឧបាយកល ដូច្នេះដើម (១៩៨) ។ 

កាលព្រះបាទតុង្គពលរាជ ទ្រង់ព្រះសណ្ដាប់ពាក្យឧបទេសនៃនាងមេអណ្ដើកនោះចប់អស់អាថ៌សេចក្ដីហើយ ទើបត្រាស់បង្គាប់ឲ្យហៅចារុទ័ត្តកូនពាណិជ ជាស្វាមីនាងលាវណ្យវតី មកកាន់ផ្ទៃព្រះរាជដំណាក់តាំងជាសេវកាមាត្យនៅបម្រើផ្ទាល់ព្រះអង្គ ទ្រង់តែងមេត្តាប្រោសប្រាណរាប់អានដោយសេចក្ដីស្និទ្ធស្នាលដ៏ក្រៃលែង ។ 

ថ្ងៃមួយ ព្រះបាទតុង្គពលរាជ ទ្រង់ស្រង់ព្រះជលវារីស្រេច ស្ដេចប្រោះព្រំព្រះសព៌ាង្គកាយដោយគ្រឿងក្រអូប ឈ្ងុយឈ្ងប់ត្រឡប់គន្ធពិដោរ ទ្រង់ប្រដាប់គ្រឿងអលង្ការដ៏ហើយដោយមាស និងពេជ្រនិលចិន្ដាទាំងឡាយរួចហើយ ទើបមានបន្ទូលត្រាស់ថា៖ ហៃចារុទ័ត្ត! ថ្ងៃនេះយើងនឹងធ្វើពិធីគៅរឹព្រត (ពិធីបូជាដល់នាងគៅរី គឺនាងទុគោជាសក្ដិព្រះឥសូរ) ថ្វាយទេវតា អស់កាលកំណត់មួយខែ ក្នុងពិធីបុណ្យនេះ អ្នកត្រូវទៅស្វែងរកស្រីក្រមុំមានរូបល្អ ជាស្ត្រីអ្នកមានត្រកូលយកមកឲ្យយើង ឲ្យបានម្នាក់ៗរាល់រាត្រី ចាប់ពីថ្ងៃនេះតទៅយើងនឹងប្រទានទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះឲ្យតាមពិធីបុណ្យ ។ ឯចារុទ័ត្ត បុត្រពាណិជក៏ចាត់ចែងរកស្រីក្រមុំថ្មីៗតាមព្រះរាជបំណងយកមកថ្វាយរាល់វេលារាត្រី ឥតមានក្ដីបារម្ភអ្វីឡើយ ហើយបំបាំងខ្លួនពួនអាត្មាសម្ងំចាំមើលឲ្យដឹងថា ព្រះរាជាទ្រង់ធ្វើដូចម្ដេចខ្លះ ។ ព្រះបាទតុង្គពលរាជ ទ្រង់ស្ថិតនៅឆ្ងាយពីស្ត្រីក្រមុំនោះ ធ្វើអាការពាយងាយ ហាក់ដូចពុំជ្រាបព្រះទ័យ ឥតធ្វើអ្វីឲ្យប៉ះពាល់បន្តិចបន្តួចសោះ ទីបំផុត ទ្រង់ព្រះរាជទានគ្រឿងស្លៀកពាក់ គ្រឿងអលង្ការ គ្រឿងក្រអូប និងសម្អិតខ្លឹមចន្ទន៍ សុទ្ធសឹងតែគ្រឿងប្រសើរឆើតហើយត្រាស់បង្គាប់ឲ្យរាជអាមាត្យថែរក្សា នាំយកទៅប្រគល់ដល់ផ្ទះរៀងខ្លួនវិញភ្លាម ។ 

រីបុត្រពាណិជ កាលលបមើលឃើញសព្វគ្រប់ប្រការដូច្នោះ ជឿទុកចិត្តស្លាប់គំនិតឈឹង កើតសេចក្ដីលោភលន់ចង់បានទ្រព្យថែមទៀត ទើបទៅនាំភរិយាខ្លួនយកមកថ្វាយ ។ កាលនោះព្រះបាទ តុង្គពលរាជ ទតព្រះនេត្រឃើញនាងលាវណ្យវតី ស្ត្រីកំពូលព្រះទ័យមកដល់ ទ្រង់ស្គាល់ច្បាស់ ត្រេកត្រអាលណាស់ ស្ទុះទៅបីត្រកងនាំយកទៅលើព្រះទេនសយនាភិរម្យ ភ្លើតភ្លើនព្រះចិន្ដាដោយក្ដីស្នេហាបើកព្រះនេត្ររលឹមព្រឹមៗ ត្រជាក់ដួងកមលស្កល់ព្រះទ័យ ។ កាលបុត្រពាណិជជាស្វាមីបានឃើញដូច្នោះ ស្ដាយក្រោយសល់សែនទ្វី អស់បើគិត ភ័ន្ដភាំងស្មារតី គាំងរឹងស្ដូក នៅនឹងថ្កល់ដូចកល់រូបគំនូរ ឬតុក្កតា លែងហាមាត់ចេញស្ដីអ្វីកើត ដោយក្ដីក្ដៅក្រហាយខុសគំនិតខ្លួនឯង ។ ព្រោះហេតុនោះបានជាខ្ញុំ (កណ្ដុរហិរណ្យកៈ) និយាយថា៖ បុត្រពាណិជបានឃើញព្រះរាជាចាប់ដោះក្បំក្រពុំដូចផ្លែទន្លាប់ផ្ទាប់ឱរា នៃភរិយាខ្លួនប្រត្យក្សដោយភ្នែកឯង ដូច្នេះជាដើម (១៩៣) ។ 

កណ្ដុរហិរណ្យកៈ និយាយបញ្ជាក់ឲ្យក្អែកលឃុបតនកៈទៀតថា៖ រឿងបងក្អែកនេះដូចជារឿងបុត្រពាណិជដូច្នេះដែរ ។ ឯអណ្ដើកមន្ថរៈ មើលងាយរឿងដែលកណ្ដុរហិរណ្យកៈ និយាយប្រាប់បដិសេធមិនព្រមស្ដាប់ ភ័យតក់ស្លុតរន្ធត់ចិត្តណាស់ ក៏ឡើងពីត្រពាំងនោះវារចេញទៅដោយរួសរាន់ ។ សត្វឯទៀតមានកណ្ដុរជាដើម មានសេចក្ដីស្នេហាអណ្ដើកមន្ថរៈ កាលបើឃើញមិត្តមិនស្ដាប់ពាក្យខ្លួន បារម្ភក្រែងមិត្តជាទីស្រឡាញ់ពេញចិត្តមានក្ដីអន្តរាយ ក៏បបួលគ្នាដើរទៅតាម ។ កាលអណ្ដើកមន្ថរៈ វាររខូសៗលើគោក លេចវាលចូលព្រៃ មិនយូរប៉ុន្មានទៅជួបប្រទះនឹងព្រានព្រៃម្នាក់ ។ រីព្រានព្រៃឃើញអណ្ដើកវារគើមៗត្រេកអរណាស់ រើសហើយចងភ្ជាប់ឰដ៏ដងធ្នូពុនយកទៅ ដើរទៅៗអស់កម្លាំងឃ្លានបាយស្រេកទឹកខ្លាំង ក៏ត្រឡប់ទៅផ្ទះវិញ ។ ឯប្រើស ក្អែក និងកណ្ដុរ ឃើញព្រានព្រៃចាប់អណ្ដើកកើតក្ដីក្ដៅក្រហាយរសាប់រសល់ តប់ប្រមល់ខ្វល់ចិត្ត មិនដឹងបើគិតធ្វើដូចម្ដេច ចេះតែទៅតាមព្រាននោះចរទៅ ។ កាលនោះឯងកណ្ដុរហិរណ្យកៈ យំទង្គឹសខ្សឹកខ្សួលរអាក់រអួលថ្លាថ្លែងថា៖ 

២០៤- ដរាបណាអាត្មាអញមិនទាន់បានដល់ទីបំផុត ពោលគឺត្រើយសមុទ្ទនៃសេចក្ដីទុក្ខមួយទេ ដរាបនោះ អាត្មាអញក៏តែងតែជួប្រទះសេចក្ដីទុក្ខទីពីរទៀត រីសេចក្ដីទុក្ខនេះ បើមានច្រកជាទំនងហើយ ក៏ចេះតែកើតមានឡើងថែមហើយថែមទៀតច្រើនឡើងៗ ។ 

២០៥- មិត្តភាពណា មានភាពប្រក្រតីជាមិត្ត កើតឡើងដោយបុណ្យវាសនា មិត្តភាពប្រកបដោយភាពប្រក្រតីនោះ មិនលះបង់ចោលគ្នាក្នុងគ្រាវិបត្តិអន្ដរាយឡើយ ។ 

២០៦- វិស្សសភាពនៃនរជនក្នុងមាតា ក្នុងភរិយាក្នុងបងប្អូន និងក្នុងបុត្រធីតា មិនស្មើដោយវិស្សាសភាពនៃមិត្តដែលកើតឡើងដោយសភាពប្រក្រតីជាមិត្តឡើយ ។ កណ្ដុររំពឹងគិតសាចុះឡើងមួយស្របក់ដកដង្ហើមធំឃូរៗ ទួញយំថា៖ ឱពុទ្ធោកម្មអើយ! បាបកម្មអាត្មាអញនេះអីក៏អាក្រក់ម្លេះហ្ន៎? ព្រោះថា៖ 

២០៧- ផលកម្មអាត្មាអញល្អក្ដី អាក្រក់ក្ដី ដែលប្រព្រឹត្តទៅក្នុងកាល ប្រាកដជាកើតឡើងក្នុងសន្ដានអញពីបុព្វជាតិ អាត្មាអញបានឃើញផលកម្មទាំងអស់ក្នុងលោកនេះ ដូចជាអាត្មាអញបានកើតមកហើយ១០ជាតិ ។ 

២០៨- គួរសង្វេគណាស់! រាងកាយនេះកើតឡើងហើយ ក៏ដល់នូវការបែកធ្លាយទៅវិញ ភោគសម្បត្តិកើតបរិបូណ៌ឡើងហើយ ក៏ព្រាត់ប្រាស់គ្នាទៅវិញ សារពើវត្ថុទាំងឡាយ មានការកើតឡើង និងការបាក់បែកពុកផុយរលួយទៅវិញនេះជាធម្មតា ។ 

២០៩- នរណាហ្ន៎ ជាអ្នកបង្កើតរតនវត្ថុឲ្យមានពាក្យពីរព្យាង្គថា សម្លាញ់ ដែលទុកដូចជាគ្រឿងការពារនូវសេចក្ដីសោក សត្រូវភ័យ សេចក្ដីតក់ស្លុត និងជាភាជន៍ សម្រាប់ទ្រនូវសេចក្ដីស្រឡាញ់ព្រមទាំងសេចក្ដីជឿទុកចិត្ត ។ 

២១០- មិត្តណាជាទីកើតរសនៃបីតិ ជាទីគាប់ភ្នែកជាទីរីករាយចិត្ត ជាភាជនៈសម្រាប់ទ្រនូវសេចក្ដីសុខទុក្ខជាមួយគ្នា មិត្តនោះក្ររកបានណាស់ មានមិត្តដទៃទៀត ក្នុងសម័យមានទ្រព្យច្រើនមិត្តណាមករាប់អានព្រោះតែចង់បាននុយគឺទ្រព្យ មិត្តនោះ ឃើញមានមីរដេរដាសគ្រប់ទីឋាន គ្រាវិបត្តិទុកជាថ្មសម្រាប់សាកល្បងមើលមាសសុទ្ធ គឺមិត្តពិតទាំងឡាយនោះៗ ។ 

កណ្ដុរហិរណ្យកៈ យំពិលាបខ្សឹកខ្សួលរអាករអួលតូចចិត្តយូរមួយស្របក់ ទើបនិយាយទៅរកក្អែកលឃុបតនកៈ និងប្រើសចិត្រាង្គថា៖ នែបងក្អែក បងប្រើស! ដរាបណាព្រានព្រៃមិនទាន់ចេញផុតពីព្រៃនេះ ដរាបនោះ យើងត្រូវព្យាយាមរកឧបាយជួយដោះអណ្ដើកមន្ថរៈនេះឲ្យរួចពីក្ដីអន្ដរាយទាល់តែបាន ។ ក្អែក និងប្រើស សួរថា៖ ចូរបងកណ្ដុរប្រាប់ឧបាយឲ្យឆាប់មក តើយើងត្រូវធ្វើដូចម្ដេច? កណ្ដុរប្រាប់ឧបាយថា៖ បងប្រើសចិត្រាង្គៈធ្វើពុតក្លែងជាស្លាប់ ដេកកណ្ដាលវាលនៅក្បែរមាត់ត្រពាំងបង្ហាញខ្លួនឲ្យគេឃើញងាយ បងក្អែកហើរខាងលើស្រែកកញ្ជ្រៀវក្វកៗ ឲ្យឮខ្លាំង ធ្វើហាក់ដូចជាចុះទៅជញ្ជែងស៊ីប្រើស ហើយរត់ប្រញាប់ប្រញាល់ទៅយកប្រើសពិតប្រាកដឥតសង្ស័យឡើយ ពេលនោះខ្ញុំនឹងរត់ទៅកកេរកាត់ចំណងចងអណ្ដើកឲ្យរួចខ្លួន ហើយឲ្យវារចូលទៅក្នុងត្រពាំងភ្លាមទៅ រីឯបងប្រើសកាលបើព្រានព្រៃរត់ចូលមកដល់ជិតកាលណា ត្រូវក្រោកឡើងយ៉ាងរហ័យបោលឲ្យលឿនដែលនឹងអាចលឿនបាន ហើយចូលក្នុងព្រៃប្រោកកាលនោះទៅ ។ គិតគូរគ្នាស្រេចហើយ ប្រើសចិត្រាង្គៈ និងក្អែកលឃុបតនកៈ ធ្វើតាមឧបាយនោះមួយរំពេច ។ ឯព្រានព្រៃត្រាច់ចរស្វះស្វែងរកបរបាញ់តាមដែនដងព្រៃ មិនបានអ្វីសោះ កើតក្ដីនឿយហត់អស់កម្លាំង ល្វើយស្រេកទឹកក៏ចុះទៅផឹកទឹកក្នុងត្រពាំង រួចហើយឡើងមកជ្រកសម្រាកកាយយកកម្លាំងនៅក្រោមម្លប់ឈើមួយ ចោលភ្នែកក្រឡេកទៅឃើញប្រើសស្លាប់ប៉ោងពោះដូច្នោះ ត្រេកអរណាស់ កន្ត្រាក់កាំបិតស្នៀតសៀតចង្កេះ ចោលអណ្ដើកនៅទីនោះ រត់ខ្មឺតយ៉ាងលឿនសំដៅទៅឯប្រើសស្លាប់នោះ ។ ក្សិណនោះ កណ្ដុរហិរណ្យកៈ ឃើញព្រានព្រៃរត់ទៅហើយក៏គេទៅខំកកេរចំណងអណ្ដើកមន្ថរៈរួចភ្លាមអណ្ដើកបានរួចចំណងហើយ វារខូសៗយ៉ាងរហ័យចូលទៅក្នុងត្រពាំងភ្លុងទៅ ។ ឯបងប្រើសមៀងមើលទៅឃើញព្រានព្រៃរត់ជិតមកដល់ខ្លួនហើយ ក្រោកប្រញាប់ប្រញាល់ផ្លោះបោលដូចគេបោះពួយចូលព្រៃប្រោកបាត់ទៅ ។ ព្រានព្រៃអាំងឡាំងភាំងស្មារតីអៀនឡក់ ត្រឡប់មកវិញ ដរាបណាដល់គល់ឈើ ដរាបនោះ រកអណ្ដើកមិនឃើញ អស់ផ្លូវសង្ឃឹមលាន់មាត់ស្រែកថា៖ នេះបានសមមុខអាផេះកណ្ដាលជើងក្រាន! មិនជឿពាក្យចាស់ស្រឡះដៃធេង ធ្វើការមិនគិតគូរឲ្យល្អិតល្អន់ទុកជាមុន ព្រោះថា៖ 

២១១- នរជនណាលះបង់របស់ទៀងទាត់ ទៅស្រវាយករបស់មិនទៀងទាត់វិញ របស់ដែលទៀងទាត់ក៏វិនាសបាត់សូន្យទៅ ឯរបស់ដែលមិនទៀងទាត់ក៏ហីនហោចបាត់ទៅថែមទៀតដែរ ។ 

ឯព្រានព្រៃធ្វើការខុសទំនងដោយខ្លួនឯង ខាតលាភស្រឡះដៃធេង ក្ដៅក្រហាយស្ដាយក្រោយដើរចូលព្រៃជ្រៅជ្រលងដងអូរបាត់ទៅ ។ សត្វជាមិត្តសម្លាញ់ទាំងឡាយ មានអណ្ដើកមន្ថរៈជាដើមបានរួចទុក្ខទោសភយន្ដរាយហើយ ក៏ត្រឡប់ទៅកាន់ស្ថានលំនៅខ្លួនវិញតាមប្រក្រតីដើម នៅជាសុខសប្បាយមានសាមគ្គីព្រមព្រៀងគ្នាត្រាតែអស់ជីវិតរៀងខ្លួនទៅហោង ។ 

ក្នុងកាលទីបំផុត ព្រះរាជបុត្រទាំងឡាយដែលបានទ្រង់ព្រះសណ្ដាប់កថាដ៏វិចិត្រនេះ មានព្រះទ័យត្រេកអររីករាយដ៏ក្រៃលែង មានព្រះបន្ទូលត្រាស់ទៅកាន់បណ្ឌិតអាយ៌វិស្ណុស៌ម័នថា៖ យើងខ្ញុំទាំងអស់គ្នាបានស្ដាប់រឿងរ៉ាវដែលលោកបានថ្លែងអម្បាញ់មិញនេះសត្វគ្រប់ មានសេចក្ដីត្រេកអរណាស់ សេចក្ដីប្រាថ្នាយើងខ្ញុំទាំងអស់គ្នា បានសំឫទ្ធិសម្រេចប្រយោជន៍ហើយ ។ មហាបណ្ឌិតវិស្ណុស៌ម័ន ក្រាបបង្គំទូលថា៖ បំណងរបស់ទ្រង់ព្រះករុណាបានសម្រេចបរិបូណ៌ហើយ សូមទ្រង់ព្រះករុណាស្ដេចព្រះសណ្ដាប់ស្លោកទីបំផុតដូច្នេះទៀតថា៖ 

២១២- សូមសាធុជនទាំងឡាយ សាមគ្គាមូលត្រកូលចងចាប់គ្នាជាសាមគ្គី ឲ្យមានមិត្តភាព សូមប្រជាជនក្នុងជនបទសម្បូណ៌ដោយសិរីសម្បត្តិគ្រប់ប្រការ! សូមព្រះភូមិបាលទាំងឡាយរក្សាប្រជាជននៅលើផែនពសុធាដោយប្រពៃ ហើយស្ដិតនៅក្នុងទសពិធរាជធម៌ជានិច្ចនិរន្ដរ៍តទៅ! សូមទ្រង់ព្រះករុណាគ្រប់ព្រះអង្គតាំងព្រះទ័យជាសប្បុរសមានសេចក្ដីពេញចិត្ត និយមប្រើនីតិសាស្ត្រទុកនីតិសាស្ត្រនេះដូចជាព្រះជាយាថ្មីមួយអង្គទៀត សូមព្រះមហាទេពដ៏មានបុណ្យជាចមអមរនិករដ៏ទ្រង់នូវចន្ទ្រាធិចូឌាណី ប្រសិទ្ធីពរបវរសួរស្ដីដល់មហាជនឲ្យប្រកបដោយវិបុលសុខ សិរីសួស្ដីជ័យមង្គលគ្រប់ទិនទិវារាត្រីទៅហោង ។ 

កថាសង្គ្រោះទី១ ឈ្មោះការគប់មិត្តដែលមានមកក្នុងហិតោបទេសចប់តែប៉ុណ្ណេះ ។

 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!