អារម្ភកថាលើកទី២

ការគប់មិត្ត (រឿងក្អែក អណ្ដើក កណ្ដុរ និងប្រើស)

កថាទី១៖ រឿងអ្នកដំណើរ និងខ្លាចាស់

កថាទី២៖ រឿងប្រើស ចចក និងក្អែក

កថាទី៣៖ រឿងត្មាត ឆ្មា និងបក្សី

កថាទី៤៖ រឿងកណ្ដុរហិរណ្យកៈ

កថាទី៥៖ រឿងពាណិជចាស់ជរា និងភរិយាក្រមុំ

កថាទី៦៖ រឿងព្រាន ប្រើស ជ្រូក ពស់ និងចចក

កថាទី៧៖ រឿងព្រះរាជា បុត្រពាណិជ និងភរិយា

កថាទី៨៖ រឿងចចក និងដំរីស្ដ

សៀវភៅអេឡិកត្រូនិក

មានព្រានព្រៃម្នាក់ឈ្មោះភៃរវៈ អាស្រ័យនៅក្នុងកល្យាណកដកគ្រាម ។ ថ្ងៃមួយ គាត់កាន់ធ្នូត្រាច់ចរចេញទៅស្វះស្វែងរកបរបាញ់ប្រើស ដើរទៅដល់ព្រៃវិន្យា បាញ់បានប្រើស១ ហើយនាំយកប្រើសនោះវិលត្រឡប់មកផ្ទះវិញ ដល់កណ្កាលផ្លូវជួបប្រទះឃើញជ្រូកព្រៃ១ រូបរាងធំសម្បើមដ៏សាហាវយង់ឃ្នង ។ ព្រានព្រៃភៃរវៈ ត្រេកអរណាស់ ទម្លាប់ប្រើសទុកលើផែនដីសិន ហើយចាប់ធ្នូបាញ់តម្រង់ទៅជ្រូកព្រៃនោះភ្លាមៗ ឯជ្រូកព្រៃត្រូវសរក៏ផ្ទុះចេញជាសម្រែកយ៉ាងខ្លាំងមុខគួរខ្លាចមហិមាក្នាញ់ណាស់ចោលសំដៅទៅព្រានព្រៃ ខ្វេះត្រូវចំពងព្រានព្រៃដោយខ្នាយដួលតូងស្លាប់ទៅដូចជាគេកាត់ឈើដាច់គល់ ហើយរលំដូច្នោះ ព្រោះថា៖ 

១៦១- សត្វលោកតែងដល់នូវសេចក្ដីក្ស័យប្រាណ ដោយទឹក ដោយភ្លើង ដោយពិសពុល ដោយគ្រឿងសាស្ត្រវុធ ដោយក្ដីអត់់ឃ្លាន ដោយព្យាធិ និងដោយធ្លាក់ពីកំពូលភ្នំ ពុំនោះដោយហេតុឯណាមួយពុំខានឡើយ ។ 

កាលដែលព្រានដួលទៅនោះ ជើងគាត់ដូចជាវាត់ធាក់ទៅត្រូវពស់ធំមួយស្លាប់ទៀត ។ លំដាប់នោះ មានចចកមួយឈ្មោះ ទីឃ៌រាវៈ កំពុងដើរត្រាចស្វះស្វែងរកចំណីអាហារក្នុងទីនោះដែរ ដើរទៅឃើញប្រើស ព្រានព្រៃ និងពស់នោះស្លាប់អាសាបង់ដូច្នោះ ក៏នឹករីករាយសប្បាយចិត្តគិតថា៖ ឱថ្ងៃនេះអាត្មាអញហៅមានលាភសម្បើមអស្ចារ្យ អាត្មាអញបានប្រទះឃើញអាហារភោជនច្រើនអនេកអនន្ដ ព្រោះថា៖ 

១៦២- សេចក្ដីទុក្ខលំបាក ដែលគេមិនបានគិតទុកជាមុន អាចកើតឡើងដល់ប្រជាករយ៉ាងណាសេចក្ដីសុខកើតឡើងដល់ប្រជាករយ៉ាងនោះដែរ អាត្មាអញជឿថា ក្នុងលោកនេះស្រេចតែព្រេងសំណាង ។ 

ការណ៍នេះប្រពៃហើយ! អាត្មាអញនឹងញ៉ាំងជីវិតិន្ទ្រីយ៍ឲ្យប្រព្រឹត្តទៅដោយស្រួលចំនួនត្រៃមាសបាន ដោយអាស្រ័យសាច់ទាំងនេះជាអាហារ ។ 

១៦៣- មនុស្សនេះ បានជាអាហារបាន១ខែ ប្រើសនិងជ្រូកបាន២ខែ ឯពស់ទុកអាហារបាន១ថ្ងៃដែរ ថ្ងៃនេះ គួរអាត្មាអញស៊ីខ្សែធ្នូនេះមុនដំបូងបបង្អស់ ។ 

ពេលនោះ ចចកទីឃ៌រាវៈ រំពឹងគិតថា៖ ដើម្បីនឹងធ្វើជាបឋមបរិភោគអាត្មាអញត្រូវស៊ីខ្សែដែលជាប់នឹងធ្នូ ឥតរសជាតិនេះមុនបណ្ដើរសិន “លុះគិតដូច្នេះហើយ ក៏ចាប់កកេរខ្សែរធ្នូតាមដែលគិតទុក ។ កំពុងតែកកេរ រីខ្សែធ្នូនោះដាច់ប៉ាត់វាត់ខ្វាប់ មកត្រូវមុតធ្លុះដល់បេះដូងដួលតូងដេក ស្លាប់ដល់ក្ដីបញ្ចភាព ក្នុងកាលនោះឯងហោង ។ ហេតុនេះហើយបានជាខ្ញុំ (មន្ថរៈ) ពោលទុកថា បុគ្គលគប្បីកពូនទ្រព្យសម្បត្តិអស់កាលជានិច្ចដូច្នេះជាដើម (១៦០) ។ មួយទៀតលោកពោលថា៖

១៦៤- ទ្រព្យណាដែលគេឲ្យទាន ទ្រព្យណាដែលខ្លួនឯងបរិភោគ ទ្រព្យនោះៗឈ្មោះថាជាទ្រព្យនៃជនមានទ្រព្យពិតប្រាកដមែន ព្រោះថា កាលបើខ្លួនអ្នកមានទ្រព្យនោះស្លាប់បាត់បង់ទៅហើយ សម្បត្តិទ្រព្យព្រមទាំងភរិយា នឹងធ្លាក់ទៅជាគ្រឿងល្បែងនៃជនដទៃៗ ។ 

១៦៥- ទ្រព្យណាដែលអ្នកឲ្យដល់បុគ្គលប្រសើរដ៏លើស ទ្រព្យណាដែលអ្នកបរិភោគរាល់ៗថ្ងៃ ខ្ញុំគិតឃើញថាទ្រព្យនោះៗ ជាសម្បត្តិទ្រព្យរបស់អ្នកពិតៗ តើអ្នកស្រវឹងរក្សាទ្រព្យសម្បត្តិដែលសេសសល់ទុកឲ្យនរណាទៀត?

គួរលើកទុករឿងនេះមួយអន្លើសិន ក្នុងពេលនេះមិនគួរនឹងនាំយកមកពណ៍នាឲ្យហួសប្រមាណទេ មិនមែនឬអ្វី? ព្រោះថា៖

១៦៦- នរជនជាបណ្ឌិតមានប្រាជ្ញាល្អ តែងមិនរវល់ចង់បានទ្រព្យសម្បត្តិដែលមិនត្រូវបាន មិនកើតទុក្ខសោកសៅក្ដៅក្រហាយស្ដាយទ្រព្យដែលវិនាសបាត់ទៅ ហើយនិងមិនវង្វេងជ្រប់ដល់ទៅបាត់ស្មារតីក្នុងពេលដែលសេចក្ដីក្រីក្រមកដល់ប៉ុន្មានឡើយ ។ 

ណ្ហើយសម្លាញ់! កុំតូចចិត្ត! បងឯងគប្បីឧស្សាហ៍ប្រឹងប្រែងតទៅទៀតទៅ ព្រោះថា៖ 

១៦៨- សេចក្ដីពិត វិធីនៃការចេះដឹង មិនអាចញ៉ាំងបុគ្គលខ្លាចនឿយហត់ (ខ្លាចសេចក្ដីព្យាយាមហាត់ធ្វើ) សូម្បីតែបន្ដិចបន្តួចឲ្យបានជាបុគ្គលមានគុណគាប់ប្រសើរទេ ក្នុងលោកនេះ បុគ្គលភ្នែកខ្វាក់សូម្បីកាន់ប្រទីបនៅដៃ នឹងថាមើលឃើញទ្រព្យសម្បត្តិដែលនៅជំុវិញខ្លួនឬអ្វី?

ដូច្នេះសម្លាញ់! រឿងនេះត្រូវអ្នកធ្វើចិត្តឲ្យស្ងប់សុខក្សេមក្សាន្តតាមដំណើរបរិយាកាសសិន (អាកាសដែលព័ទ្ធជុំវិញលោកនេះជាអត្ថនុរូប ។ បើអត្ថប្បដិរូបវិញគឺដំណើរការណ៍ផ្សេងៗ ដែលប្រព្រឹត្តទៅ គេនិយាយថា បរិយាកាសល្អ បរិយាកាសមិនល្អ) អ្នកមិនត្រូវកើតទុក្ខឆ្អិតចិត្តគិតរវល់តែរឿងឧបទ្រពចង្រៃនេះពេក ព្រោះថា៖

១៦៩- ស្ដេច ស្ដ្រីក្រមុំនៃត្រកូលព្រាហ្មណ៍ មន្ត្រី ដោះ ធ្មេញ សក់ ក្រចក និងនរជនទាំងអស់នេះ ដែលគេដកចេញពីកន្លែង (ពីតំណែង) មិនល្អទេ ។ 

បើពិចារណាមើលឲ្យសព្វគ្រប់ដូច្នេះហើយ អ្នកប្រាជ្ញមិនត្រូវលះបង់ចោលទីកន្លែងឡើយ តែសម្ដីនេះ ជាសម្ដីមនុស្សចោលម្សៀតទេ ព្រោះថា៖

១៧០- សីហ សប្បុរស និងដំរីតែងលះបង់ទីឋានមិនល្អ ទៅរកទីឋានល្អ តែសត្វក្អែក បុរស គម្រក់ និងម្រឹគនៅស្លាប់នឹងទីកន្លែងខ្លួន ។ 

១៧១- វីរបុរស ជាអ្នកមានប្រាជ្ញា មិនរវល់យកចិត្តទុកដាក់ថា៖ ដូចម្ដេចហៅថាប្រទេសខ្លួន ឬដូចម្ដេចហៅថាប្រទេសឡើយ ចូលទៅក្នុងប្រទេសណា ក៏ខំប្រឹងប្រែងរកទ្រព្យដោយកម្លាំងនៃខ្លួនក្នុងប្រទេសនោះ ដូចសត្វសីហៈ ចូលទៅនៅក្នុងព្រៃណាមិនមានអ្វីជាអាវុធ មានតែចង្កូម ក្រចក និងកន្ទុយជាគ្រឿងប្រហារ អាចចាប់សម្លាប់ស្ដេចដំរីសារហែកជញ្ជែងស៊ីហុតឈាម ដើម្បីសេចក្ដីស្រេកឃ្លាននៅក្នុងព្រៃនោះ ។ 

១៧២- បុគ្គលមិនប្រឹងប្រែងរកទ្រព្យសម្បត្តិ ឈ្មោះថាប្រគល់ការសម្បូណ៌ទ្រព្យសម្បត្តិទៅលើដៃនរជនដែលមានសេចក្ដីព្យាយាម ដូចកង្កែបលោកចូលទៅក្នុងអណ្ដូង ឬដូចត្រីហែលចូលទៅក្នុងស្រះដែលពេញប្រៀបដោយទឹកដូច្នោះ ។ 

១៧៣- បុគ្គលគប្បីទទួលរ៉ាប់រងសេចក្ដីសុខ និងសេចក្ដីទុក្ខដែលមកដល់ហើយ ព្រោះថាសេចក្ដីទុក្ខ និងសេចក្ដីសុខទាំងពីរប្រភេទនេះតែងវិលចុះវិលឡើងដូចកង់រទេះ ។ 

១៧៤- ជោគលាភ (ព្រេងសំណាង) តែងរត់ទៅរកតែនរជនដែលបរិបូណ៌ដោយសេចក្ដីព្យាយាម មិនដេកទ្រមក់ហួសកាលវេលា ស្គាល់វិធីដំណើរការ មិនជាប់ជំពាក់ចិត្តក្នុងក្ដីងអន្ដរាយ ក្លៀវក្លាហាន ដឹងឧបការគុណគេ និងមានចិត្តល្អមាំមួនក្នុងសន្ដានដោយទំនើងខ្លួនឯងមិនមែនមកពីទីលំនៅជាហេតុទេ ។ 

១៧៥- វិស័យវិរជន សូម្បីខ្សត់ខ្សោយទ្រព្យសម្បត្តិ ក៏អាចចូលទៅកាន់ភាពខ្ពស់ខ្ពស់ដោយកិត្តិយសដ៏ក្រៃលែង ឯបុគ្គលកំណាញ់សូម្បីប្រកបដោយទ្រព្យសម្បត្តិសម្បូណ៌ច្រើនប៉ុន្មានក៏ដោយ ក៏ធ្លាក់ចុះទៅកាន់សភាពថោកទាប ដ៏អាក្រក់ក្រៃលែង ដូចសុនខជាតិ គេចងកដោយខ្សែក ជាវិការនៃមាស ម្ដេចឡើយនឹងបានល្អ ដូចសត្វសីហៈ ដ៏រុងរឿងប្រកបដោយវិស័យ លេចល្អឡើងស្រាប់ពីកំណើតព្រមទាំងគុណលក្ខណៈគ្រប់ប្រការ ។ 

១៧៦- បើមានទ្រព្យសម្បត្តិច្រើន ខ្ញុំរីករាយសប្បាយចិត្ត បើធ្លាក់ខ្លួនជាអ្នកខ្សត់ទ្រព្យ ខ្ញុំសោកសៅក្ដៅក្រហាយចិត្ត ធ្វើដូច្នេះឬអ្វី? ដោយពិត ការធ្លាក់ទៅទាប និងការឡើងទៅខ្ពស់ នៃមនុស្សទាំងឡាយ ប្រៀបដូចបាល់ដែលគេបោះដោយដៃដូច្នោះឯង ។ 

១៧៧- ម្លប់ពពក មេត្រីដោយមនុស្សសាហាវ សន្ទូងថ្មី ស្រីក្រមុំ និងទ្រព្យសម្បត្តិ ទាំងអស់នេះធ្វើឲ្យកើតសេចក្ដីរីករាយតែមួយខណៈទេ ។ 

១៧៨- បុគ្គលមិនគប្បីប្រឹងខ្វល់ខ្វាយហួសប្រមាណពេកទេ ដើម្បីរកទ្រព្យចិញ្ចឹមជីវិត ព្រោះព្រះជាម្ចាស់បាននិម្មិតទុកស្រេចហើយ ដូចដោះទាំងគូនៃមាតា តែងបង្ហូរទឹកក្សីរឲ្យទារកតាំងពីប្រសូតចេញពីគភ៌ម្លេះ ។ 

មានភាសិតទៀត សម្លាញ់ចូរស្លាប់!

១៧៩- លោកអង្គណាដែលសាងហង្សឲ្យមានពណ៌ ស លោកអង្គណាដែលសាងសេកឲ្យមានពណ៌ខៀវ  លោកអង្គណាឯណាដែលសាងក្ងោកឲ្យមានពណ៌វិចិត្រផ្សេងៗ លោកអង្គនោះៗនឹងសាងគ្រឿងចិញ្ចឹមជីវិតទុកសម្រាប់នរជនទាំងឡាយដូចគ្នាដែរ ។ 

ម្យ៉ាងទៀត សម្លាញ់! សូមចាំស្ដាប់រហស្សោបាយនៃសប្បុសទាំងឡាយទៅទៀត សេចក្ដីដូច្នេះថា៖

១៨០- ការស្វែងរកទ្រព្យ បានក្ដីទុក្ខលំបាកម្ដង កាលវិបត្តិទ្រព្យសម្បត្តិទៅ បានក្ដីទុក្ខក្ដៅក្រហាយម្ដង កាលបានសម្បូណ៌ទ្រព្យសម្បត្តិ កើតមានស្រវឹងម្ដងទៀត ដូច្នេះតើទ្រព្យសម្បត្តិទាំងឡាយនោះនាំឲ្យយើងបានសេចក្ដីបានសេចក្ដីសុខដូចម្ដេចហ្ន៎?

១៨១- បើអ្នកស្វែងរកអាហារចំណីបរិភោគក្នុងអាកាស ឆ្កែស្វែងរកអាហារចំណីបរិភោគលើផែនដី ក្រពើស្វែងរកអាហារចំណីបរិភោគក្នុងទឹកយ៉ាងណា នរជនប្រាថ្នាទ្រព្យក៏ស្វែងរកទ្រព្យបរិភោគបាន គ្រប់ទីកន្លែងយ៉ាងនោះដែរ ។ 

១៨៣- អ្នកមានទ្រព្យ តែងមានភ័យជានិច្ច កើតពីរាជភ័យ អំពីឧទកភ័យ អំពីអគ្គីភ័យ អំពីចោរភ័យ និងវិវាទភ័យ (ការទាស់ទែងដណ្ដើមគ្នាឯង) ដូចសព្វសត្វទាំងឡាយខ្លាចពីមរណៈភ័យដូច្នោះដែរ ។ 

១៨៤- ក្នុងជីវិតដែលបរិបូណ៌ដោយសេចក្ដីលំបាកគ្រប់ប្រការនេះ​នឹងមានអ្វីជាទុក្ខឲ្យក្រៃលែងជាងនេះទៅទៀតហ្ន៎? មានតែសេចក្ដីប្រាថ្នាមិនសម្រេចដូចចិត្តនេះឯង សេចក្ដីប្រាថ្នានេះ មិនមែនជាមិនមាន ហើយមិនចេះត្រឡប់ថយចេញពីជាយចិត្តសោះ ។ 

នែសម្លាញ់! ចូរស្លាប់ពាក្យនេះទៀត៖

១៨៥- ដោយពិត ទ្រព្យនេះ គេរកបានមកដោយក្រណាស់ រកបានហើយលំបាករក្សាទុកដាក់ទៀត រកបានហើយវិនាសទៅវិញទៀត ដូចគេរក្សាម្រឹត្យូវ (សេចក្ដីស្លាប់) ព្រោះហេតុនោះ បុគ្គលមិនគប្បីគិតពីទ្រព្យពេកទេ ។ 

១៨៦- ក្នុងលោកនេះបើបុគ្គលលះបង់តណ្ហាចោលចេញ បាននរណាធ្វើជាអ្នកក្រីក្រ បាននរណាធ្វើជាអ្នកធំមានទ្រព្យ? តែថា បើបុគ្គលប្រគល់ខ្លួនឲ្យខ្ញុំតណ្ហាវិញន៎ុះ ឈ្មោះថាបណ្ដាលឲ្យទាសភាពមកទំលើអំបែងក្បាលប្រាកដតែម្ដង ។ 

១៨៧- ការចងមេត្រីរាប់អានគ្នាជាប់រហូតដល់ថ្ងៃស្លាប់ជាទីបំផុត សេចក្ដីក្រេវក្រោធបាត់បង់ក្នុងមួយខណៈ និងការបរិច្ចាគទានឥតអាលោះអាល័យនេះ ជាធម៌តែងមានក្នុងសន្ដានចិត្តនៃបុគ្គលមានមហាត្ម័ន ។ 

ក្អែកលឃុបតនកៈ បានស្ដាប់ពាក្យអភិប្រាយអណ្ដើកហើយ នឹកស្ញើចអស្ចារ្យក្នុងចិត្តហើយ ពោលពាក្យថា៖ ហៃសម្លាញ់មន្ថរៈ! បងមានបុណ្យខ្ពស់ណាស់! មានគុណសម្បត្តិគួរជនផងទាំងពួងពឹងពាក់ជ្រកអាស្រ័យនៅផងបាន គ្រប់កាលទាំងពួង ព្រោះថា៖ 

១៨៩- លោកសប្បុរសទាំងឡាយ អាចជួយស្រោចស្រង់មិត្តចិត្តសប្បុរស ឲ្យរួចពីក្ដីវិនាសអន្ដរាយអស់កាលជានិច្ច ដូចដំរីជួយព្រយុងដំរីដែលលង់ផុងជាប់ភក់ឲ្យរួចឡើងបាន ។ 

១៩០- នរជនណាមានមនុស្សត្រូវការមកសូមទាន ឬសូមពឹងពាក់ជ្រកកោនមិនខូចបំណង មិនអាម៉ាស់មុខ ត្រឡប់ទៅវិញមិនក្ដៅក្រហាយ នរជននោះជាបុគ្គលឯកគួរសសរសើរ ក្នុងចំណោមមនុស្សជាតិទាំងឡាយ នរជននោះជាបុគ្គលឧត្តុង្គឧត្តមមានលក្ខណៈ ជាមនុស្សមានបុណ្យពិត ។

តាមដំណើរនិទានដែលពណ៌នាមកនេះ សត្វទាំង៣ នោះក៏យកគ្នាធ្វើជាមិត្តសម្លាញ់ស្និទ្ធស្នាលស្ម័គ្រស្មោះសស្វែងគោចររកចំណីអាហារតាមទំនើងចិត្ត អាស្រ័យនៅនាព្រៃនោះ ជាសុខនិរទុក្ខនិភ័យសប្បាយក្សេមក្សាន្ដទៅហោង ។

អំណើះតមក ថ្ងៃមួយប្រើសចិត្រាង្គៈ កំពុងត្រអាលស៊ីស្មៅខ្ចីដោយក្ដីក្សេមក្សាន្ត ស្រាប់តែមានហេតុអ្វីមួយធ្វើឲ្យភ្ញាក់ព្រើត ភ័យតក់ស្លុតស្ទុះបោលផ្លោះរត់ទៅរកមិត្តសម្លាញ់ឲ្យជួយ ។ មិត្តសម្លាញ់ទាំង៣ មើលទៅឃើញប្រើសបោលដូចជាបោះពយសស្លន់សស្លោមកពីចម្ងាយដូច្នោះ បារម្ភក្រែងមានអន្ដរាយអ្វីមកយាយីក៏រត់រកកន្លែងជ្រកពួនរៀងខ្លួន ។

អណ្ដើកមន្ថរៈ បោលរខូសៗចូលក្នុងទឹក កណ្ដុរហិរណ្យកៈរត់ចូលរន្ធ ឯបងក្អែកលឃុបតនកៈក៏ហើរទៅទំលើដើមឈើខ្ពស់ ក្រឡេកមៀងមើលទៅឆ្ងាយជុំវិញខ្លួន មិនឃើញមានហេតុហេតុអ្វីជាអន្ដរាយនាំឲ្យភិតភ័យ ក៏ស្រែកបង្កូកហៅមិត្តសម្លាញ់ទាំង៣ នាក់ឲ្យទៅរួមរ័ក្សសុខសប្បាយជាមួយគ្នាតាមប្រក្រតីដើម ។ 

អណ្ដើកនិយាយទៅកាន់ប្រើសថា៖ នែសម្លាញ់ចិត្រាង្គៈ! សូមឲ្យសម្លាញ់មានសិរីសួស្ដីជ័យមង្គល សូមសម្លាញ់កម្សាន្ដចិត្តផឹកទឹកថ្លា ស្វែងរកចំណីអាហារតាមបំណង អាស្រ័យនៅក្នុងព្រៃនេះជាទីកន្លែងរួមជាមួយគ្នាតទៅ ឯប្រើសចិត្រាង្គៈ និយាយប្រាប់ថា៖ អម្បាញ់មិញនេះ ខ្ញុំភិតភ័យណាស់ស្មានថាជាព្រានព្រៃដើរបរបាញ់ បានជាខំបោលខ្មឺតរត់មករកលោកជាមិត្តជ្រកកោន ។ កណ្ដុរហិរណ្យកៈ ពោលថា យើងត្រូវយកគ្នាជាមិត្ត អាស្រ័យនៅទីនេះជាមួយគ្នាមិនបាច់និយាយអង្វរករច្រើនពេកទេ ព្រោះទេ៖

១៩១- កូនដែលកើតចេញពីទ្រូង អ្នកដែលធ្លាប់ចងស្ពានមេត្រីជាមួយគ្នា១ អ្នកដែលជាប់ខ្សែស្រឡាយជាវង្សត្រកូល១ និងអ្នកដែលរក្សារការពារឲ្យផុតពីសេចក្ដីអន្ដរាយ១ ទាំង៤ប្រការនេះបុគ្គលគប្បីដឹងថា ជាវិធីត្រូវចងមិត្ត ។ 

សម្លាញ់! ចូរអ្នកនៅក្នុងទីនេះ កំុរង្គៀសសង្ស័យអ្វីឲ្យដូចជានៅផ្ទះខ្លួនឯងដូច្នោះ ។ ឯប្រើសចិត្រាង្គៈ បានស្ដាប់ពាក្យកណ្ដុរម្រាក់ព្រមយកជាមិត្តរួមសុខរួមទុក្ខដូច្នោះហើយ ក៏សប្បាយរីករាយណាស់ស្វែងរកស្មៅជាអាហារតាមទំនើងចិត្ត ផឹកទឹកថ្លាអាស្រ័យដំណេកនៅនាម្លប់ដើមឈើជិតមាត់ត្រពាំងនោះឯង ។ កាលនោះអណ្ដើកមន្ថរៈសួរឡើងថា នែប្រើសសម្លាញ់! នៅក្នុងព្រៃនិរជនបែបនេះបងខ្លាចអ្វី? ដែលមានព្រានព្រៃត្រាច់ចរទៅមកម្ដងៗដែរ! ។ ប្រើសឆ្លើយតបទៅវិញថា៖ នៅក្នុងដែនកលិង្គៈ មានព្រះរាជាមួយព្រះអង្គ ទ្រង់ព្រះនាមរុក្មង្គទ ស្ដេចទ្រង់កេណ្ឌរេហ៍ពលសាកលយោធាទៅកម្រាបប្រទេសជិតខាង ពេលនេះទ្រង់បោះទ័ពតាំងបន្ទាយនៅនាត្រើយស្ទឹងចន្ទ្រភាគា (ឈ្មោះស្ទឹងមួយដែលមានប្រភពនៅភ្នំចន្ទ្រភាគ សព្វថ្ងៃហៅចេណាប ជាស្ទឹងមួយក្នុងស្ទឹងទាំង៥ ដែលហូរប្រសព្វគ្នានៅប្រទេសបញ្ចាប [បញ្ចា + អាប = ស្ទឹងប្រាំ) រួមទៅជាទន្លេសីន្ធុ (តណ្ឌុំស) ឥណ្ឌា] ខ្ញុំបានដឹងដំណឹងខ្ចរខ្ចាយតាមពាក្យព្រានព្រៃថា ស្ដេចនឹងត្រាច់ចរបរបាញ់ម្រឹគបក្សីមកដល់ជិតនាឋានស្រះកប៌ុរៈក្នុងវេលាព្រឹកព្រាងស្វាងឡើងស្អែកនេះ បើយើងទាំងអស់គ្នានៅក្នុងទីនេះ រហូតដល់ព្រឹកឡើង ខ្ញុំនឹកឃើញថា នឹងមានហេតុនាំឲ្យភ័យមិនខាន គួរយើងរៀបចំរកទីកន្លែងទីពឹងតាមការណ៍ដែលនឹងរកបាន ។ ឯអណ្ដើកមន្ថរៈ បានឮហេតុប្រកបដោយភ័យនោះហើយ តក់ស្លុតរន្ធត់ចិត្តពោលឡើងថា ខ្ញុំមុខជានឹងទៅរកត្រពាំងឯទៀតច្រកពួនហើយ បើតែយ៉ាងនេះ ។ ក្អែកលឃុបតនកៈ និងប្រើសចិត្រាង្គៈ ក៏ពោលដោយយល់ឃើញល្អថា ធ្វើយ៉ាងនេះត្រូវហើយសម្លាញ់ ។ ក្នុងកាលនោះ កណ្ដុរហិរណ្យកៈ គិតសព្វគ្រប់ជុំវិញហើយក៏អស់សំណើចសើចឃឹកៗ ទើបនិយាយថា៖ បងអណ្ដើកមន្ថរៈ នេះវារគើមៗ ទៅដល់ត្រពាំងឯទៀត ហើយចូលក្នុងទឹកភ្លាមពួនបាត់ទៅ ន៎ុះជាកុសលហើយ ចុះយើងគ្រប់គ្នា ជាសត្រូវនៅតែលើគោកបានអ្វីការពារហ្ន៎! ព្រោះថា៖ 

១៩២- ទឹកជាកំពែងការពារវារីជាតិទាំងឡាយ ប៉មជាកំពែងការពារអ្នកនៅក្នុងប៉ម ទួលជាកំពែងការពារសត្វទាំងឡាយមានឆ្កែជាដើម សែន្យានុភាពនៃព្រះរាជា ជាកំពែងការពារអរិន្ទរាជ ។ 

ហៃសម្លាញ់លឃុបតនកៈ! បងត្រូវធ្វើតាមក្បួនតម្រាឧបទេសនេះចុះ ព្រោះថា៖ 

១៩៣- បុត្រពាណិជបានឃើញព្រះរាជា ចាប់ដោះក្បំក្រពុំដូចផ្លែទន្លាប់ផ្ទាប់ឱបនៃភរិយាខ្លួនប្រត្យក្សដោយភ្នែកឯង ក៏ទោមនស្សតូចចិត្តឥតឧបមា ឯខ្លួនបងទាំងឡាយក៏ត្រូវបានសេចក្ដីក្ដៅក្រហាយដូច្នោះដែរ ។ 

សត្វទាំងឡាយសួររឿងនោះថា តើរឿងរ៉ាវនោះដូចម្ដេច? កណ្ដុរហិរណ្យកៈ ចាប់ផ្ដើមរៀបរាប់រឿងរ៉ាវនោះដូចតទៅនេះ៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!