អារម្ភកថាលើកទី២

ការគប់មិត្ត (រឿងក្អែក អណ្ដើក កណ្ដុរ និងប្រើស)

កថាទី១៖ រឿងអ្នកដំណើរ និងខ្លាចាស់

កថាទី២៖ រឿងប្រើស ចចក និងក្អែក

កថាទី៣៖ រឿងត្មាត ឆ្មា និងបក្សី

កថាទី៤៖ រឿងកណ្ដុរហិរណ្យកៈ

កថាទី៥៖ រឿងពាណិជចាស់ជរា និងភរិយាក្រមុំ

កថាទី៦៖ រឿងព្រាន ប្រើស ជ្រូក ពស់ និងចចក

កថាទី៧៖ រឿងព្រះរាជា បុត្រពាណិជ និងភរិយា

កថាទី៨៖ រឿងចចក និងដំរីស្ដ

សៀវភៅអេឡិកត្រូនិក

នៅប្រទេសគៅឌី (ឥណ្ឌា) មានក្រុងមួយឈ្មោះកោសម្ពី ។ មានពាណិជម្នាក់ឈ្មោះ ចន្ទ្រទាសៈ ជាអ្នកមានទ្រព្យសម្បត្តិច្រើន អាស្រ័យនៅក្នុងក្រុងនោះ ។ លុះដល់បច្ឆិមវ័យចាស់ជរាហើយ ពាណិជនោះទៅដណ្ដឹងស្ត្រីក្រមុំម្នាក់ឈ្មោះនាងលីលវតី ជាធីតាសេដ្ឋីម្នាក់យកមកធ្វើជាភរិយា ព្រោះសេចក្ដីស្រវឹងឈ្លក់ក្នុងកាមរាគ និងឡើងចាងព្រោះអាងមានទ្រព្យសម្បត្តិច្រើន ។ ឯនាងភរិយានោះ នៅក្មេងកំពុងពេញពាលក្រមុំខ្ចីល្ហក់ ជាស្រីបញ្ចពិធកល្យាណី គួរជាទីប្រិមប្រិយនៃជនទាំងឡាយ ប្រៀបដូចជាទង់សុវណ្ណជ្វាលាដ៏មានជ័យនៃកាមទេព (រូបទេពនៃកាមរោគ) ។ ឯតាពាណិជជាប្ដីចាស់ជរាមិនអាចញ៉ាំងភរិយាក្មេងនោះ ឲ្យរីករាយស្កប់ស្កល់ដោយកាមបានឡើយ ព្រោះថា៖ 

១១០- ពន្លឺត្រជាក់នៃព្រះចន្ទ មិនជាទីពេញចិត្តនៃមនុស្សរងា ពន្លឺក្ដៅនៃព្រះអាទិត្យ មិនជាទីពេញចិត្តនៃមនុស្សក្ដៅក្រហល់ក្រហាយ ប្ដីចាស់ជរាគ្រាំគ្រាតត្រេតតត្រត ក៏មិនជាទីពេញចិត្តនៃភរិយាក្មេងដែរ ។ 

១១១- បើប្ដីចាស់មើលទៅឃើញសក់ស្កូវសព្រោងហើយ ឲ្យភរិយាក្មេងប្រាថ្នាកាមរាគដូចម្ដេចកើត? ភរិយា មានចិត្តប្រគល់ឲ្យទៅប្រុសដទៃទៀតហើយ ភរិយានោះ ទុកប្ដីដូចជាថ្នាំកែរោគ ។ 

ឯតាចាស់ជាប្ដីមានក្ដីប្រតិព័ទ្ធស្នេហាចំពោះភរិយាខ្លាំងណាស់ នឹងពណ៌នាដូចម្ដេចក៏ពុំបានឡើយព្រោះថា៖

១១២- សេចក្ដីប្រាថ្នាចង់បានទ្រព្យសម្បត្តិ សេចក្ដីប្រាថ្នាចង់ឲ្យមានអាយុយឺនយូរ ជាធម៌តែងមាននៅក្នុងចិត្តនៃសព្វសត្វទាំងឡាយ ឯភរិយាក្មេងរូបរាងកាយស្រស់ឥតខ្ចោះត្រង់ណា ជាធម៌ធ្ងន់កណ្ដុកជាប់ក្នុងចិត្តដ៏ក្រៃលេងនៃប្ដីចាស់ជរាជាងជីវិតទៅទៀត ។ 

១១៣- មនុស្សចាស់ជរាលុះក្នុងវិស័យនៃកាម នឹងបរិភោគកាមក៏មិនកើត ឬនឹងលះបង់ចោលកាមក៏មិនកើតទៀត ដូចសត្វសុខនដែលបាក់ចង្កូមហើយ គ្រាន់តែបានអង្គៀមយកអណ្ដាតលិឍឆ្អឹងតែប៉ុណ្ណោះ ។ 

លំដាប់មកមិនយូរប៉ុន្មាន នាងលីលវតីស្រីចិត្តចើកទៅស្រឡាញ់កម្លោះម្នាក់ជាកូនពាណិជ បានរួមខ្នើយផ្ដេកផ្ដិតស្នេហាកន្លងប្រពៃណីត្រកូល លះបង់ចោលតាជរាឥតអាល័យ ដោយសេចក្ដីស្រវឹងអាងវ័យក្មេង ព្រោះថា៖

១១៤- កិរិយាប្រព្រឹត្តតាមទំនើងចិត្ត កិរិយានៅក្នុងផ្ទះនៃបិតា កិរិយាចូលចិត្តមើលមហោស្រព កិរិយាចូលចិត្តសេពគប់និយាយច្រើននឹងញាតិ កិរិយាចូលចិត្តអង្គុយជិតបុរស កិរិយានៅបរទេស សមាគមញយៗដោយស្ដ្រីផ្កាមាស វិនាសទ្រព្យសម្បត្តិព្រោះចាយវាយឥតសណ្ដាប់ធ្នាប់ ស្វាមីចាស់ជរាប្រចណ្ឌឬស្យា និងស្វាមីធ្វើដំណើរទៅប្រទេសក្រៅ អស់ទាំងនេះ ជាហេតុនាំឲ្យភរិយាក្បត់ចិត្តប្ដី ។ 

១១៥- កិរិយាផឹកទឹកស្រវឹង១ កិរិយានៅច្រឡំបល់ដោយមនុស្សអាក្រក់១ កិរិយានៅស្ងាត់ពីស្វាមី១ កិរិយាដើរលេង១ កិរិយាដេកក្នុងផ្ទះអ្នកដទៃ១ កិរិយានៅឆ្ងាយពីស្វាមី១ ទោសទាំង៦ប្រការនេះ ជាគ្រឿងប្រទូសនៃស្ដ្រីទាំងឡាយ ។ 

១១៦- បពិត្រព្រះតាបសនារទ! ស្ដ្រីដែលឈ្មោះថាមានសេចក្ដីស្មោះត្រង់ (សេចក្ដីបរិសុទ្ធ) នោះដោយសារតែមិនមានកន្លែងស្ងាត់ មិនមានឱកាសមួយស្របក់ និងមិនមានបុរសប្រាថ្នាខ្លួនប៉ុណ្ណោះទេ ។ 

១១៧- នឹងថាបុរសណាស្ត្រីមិនស្រឡាញ់ក៏មិនមែន នឹងថាបុរសណាស្ដ្រីស្រឡាញ់ក៏មិនមែនទៀត ដោយពិត ស្ត្រីភាព ដូចគោដើរស្វែងរកស្មៅជាអាហារក្នុងព្រៃ តែងប្រាថ្នានូវស្មៅថ្មីជានិច្ចរហូតទៅ ។ 

១១៨- នារីបីដូចជាឆ្នាំងខ្លាញ់ បុរសបីដូចជាភ្លើង ហេតុនោះបានជាអ្នកប្រាជ្ញលោកមិនតម្កល់ទុកឆ្នាំងខ្លាញ់នឹងភ្លើងក្នុងទីជិតគ្នាទេ ។ 

១១៩- ធម្មជាតិជាស្ដ្រី នឹងថាអៀនខ្មាសក៏មិនមែននឹងថាមានខ្លួនទូន្មានហើយក៏មិនមែនននឹងថាមានចិត្តស្មោះត្រង់ចំពោះប្ដីក៏មិនមែន ពុំនោះនឹងថាមានសេចក្ដីភ័យខ្លាច ក៏មិនមែនដែរ សេចក្ដីពិត គឺមិនមែនបុរសចង់ នេះជាហេតុនៃសេចក្ដីស្មោះត្រង់ (បរិសុទ្ធ) នៃស្ត្រីទាំងឡាយ ។ 

១២០- បិតារក្សាក្នុងកាលនៅក្មេង បងប្រុសគ្រប់គ្រងកាលនៅក្រមុំ កូនប្រុសរក្សាកាលដល់វ័យចាស់ជរា ស្ដ្រីភាពនៅឯករាជ្យមិនគួរឡើយ ។ 

តមក ថ្ងៃមួយនាងលីលវតីស្រីចិត្តចើក កំពុងត្រេកត្រអាលជាមួយគូស្នេហាជាកូនពាណិជលើទែនសយនា ដែលរចនារំលេចពណ៌ដ៏វិចិត្រភ្លឺផ្លេកច្រាលឆ្អិនឆ្អៅ ឆ្លុះឆ្វៀលច្រវាត់ដោយកែវមណី និយាយសាសងឆ្លើយឆ្លងល្អូកល្អិនដោយក្ដីរីករាយ ស្រាប់តែឃើញតាចាស់ជាប្ដីដើររលះរលាំងមកដល់ជិតមិនដឹងខ្លួន នាងក៏ស្ទុះប្រញាប់ប្រញាល់លោតទៅឱបតោងកស្វាមីចាស់ ចាប់ទាញសក់ប្រកៀកប្រឱបជប់ថើបធ្វើបែបស្និទ្ធស្នាលណាស់ ឯកូនពាណិជជាសហាយបានកាសក៏លបលាក់ខ្លួនគេចរត់ចេញទៅបាត់ភ្លាម ព្រោះថា៖ 

១២១- តាបសឧសនា (តាបសជាគ្រូពួកអសុរ) និងព្រះព្រឹហស្បតិ៍ លោកចេះដឹងកលមាយាសាស្ត្រឯណា កលមាយាសាស្ត្រនោះ ប្រតិស្ឋានស្រេចហើយក្នុងប្រាជ្ញានៃស្ដ្រីភាព តាមសភាពតាំងតែពីកំណើតមកស្រាប់ ។ 

ក្សិណនោះ មានស្ដ្រីផ្កាមាសម្នាក់ឈរនៅក្នុងទីជិតនោះ បានឃើញអាការកលមាយានាងលីលវតីដូច្នោះ ក៏នឹកឆ្ងល់ខ្វល់ក្នុងចិត្តឥតឧបមា មិនចេញវាចានិយាយថាអ្វីសោះចេះតែគិតមមៃក្នុងចិត្តថា៖ មានបើហើយ! បើមិនមានរឿងអ្វីប្លែក នាងនេះមុខជាមិនចេញស្នៀតចាប់ឱបជប់ថើបប្ដីចាស់ដូច្នេះទេ ។ តមក មិនយូរប៉ុន្មាន ស្ដ្រីផ្កាមាសដឹងរឿងរ៉ាវនោះអស់ជើង ក៏ត្រូវនាងលីលវតីសូកប៉ាន់មាសប្រាក់យ៉ាងច្រើន ជាតម្លៃជួយលាក់បំបិទបំបាំងរឿងអាម៉ាស់មុខខ្លួនតទៅ ។ ព្រោះហេតុនេះបានជាខ្ញុំ (បរិព្វាជកវិណាកណ៌ៈ) ពោលគាថាមានអាទិ៍ថា៖ ប្រពន្ធក្រមុំ ស្រាប់តែទាញសក់ប្ដីចាស់ជរា ដូច្នេះជាដើម (១០៩) ។ 

បរិព្វាជកវិណាកណ៌ៈត្រិះរិះគិតថា៖ ប្រហែលជាមានហេតុអ្វីមួយសំខាន់នៅក្នុងទីនោះ បានជាកណ្ដុរនេះមានកម្លាំងខ្លាំងម៉េះ? ពិចារណាមួយស្របក់ ទើបពោលថា៖ គង់មានទ្រព្យច្រើន ជាប្រភពនៃរឿងនេះមិនខាន ព្រោះថា៖ 

១២២- សព្វកិច្ចការ គ្រប់ទីឋានគ្រប់កាលវេលា ក្នុងលោកនេះ បុគ្គលមានទ្រព្យច្រើន ឈ្មោះថា មានកម្លាំង សេចក្ដីពិត ព្រះរាជាមានភាពជាមហាអំណាច ព្រោះមានទ្រព្យជាមូលហេតុ ។ 

លំដាប់នោះ បរិព្វាជកវិណាកណ៌ៈ យកជំនីកទៅជីកព្រង់ដែលខ្ញុំ (ហិរណ្យកៈ) អាស្រ័យនៅដណ្ដើមយកទ្រព្យសម្បត្តិខ្ញុំ ដែលខំសន្សំទុកមកយូរហើយអស់រលីងធេង ។ តាំងពីពេលនោះមក ខ្ញុំទៅជាខ្សត់ទ្រព្យអស់ឫទ្ធិអំណាច ខ្សោយព្យាយាម មិនអាចស្វះស្វែងរកចំណីអាហារចិញ្ចឹមជិវិតបានឡើយ ចេះតែដើរក្រវេចក្រវៀនទៅមកសន្សឹមៗតិចៗ ដោយសេចក្ដីភិតភ័យ ឯបរិព្វជក លុះឃើញខ្ញុំធ្លាក់ក្នុងឋានៈដូច្នេះហើយ ក៏ពោលថា៖ 

១២៣- ក្នុងលោកនេះ បុគ្គលមានទ្រព្យ ឈ្មោះថាមានកម្លាំង ឈ្មោះថាបណ្ឌិត អ្នកចូរមើល! អាសត្វកណ្ដុរចង្រៃនេះ វាធ្លាក់ខ្លួនទៅតាមសភាពដើមវាវិញហើយ ។ 

១២៤- បុគ្គលមានការចេះដឹងតិច កាលបើហីនហោចរលំរលាយទ្រព្យអស់ហើយ កិច្ចការទាំងឡាយឯទៀត ក៏ឈ្មោះថាវិនាសអន្ដរធានទៅដែរ ដូចជាស្ទឹងមានទឹកតិចដល់គិម្ហរដូវក៏រីងស្ងួតហួតហែងអស់រលីង ។ 

១២៥- អ្នកមានទ្រព្យ ឈ្មោះថាមានមិត្ត អ្នកមានទ្រព្យ ឈ្មោះថាមានផៅពង្ស អ្នកមានទ្រព្យឈ្មោះថាជាបុរស អ្នកមានទ្រព្យ ឈ្មោះថាជាបណ្ឌិត ។ 

១២៦-  ផ្ទះអ្នកមិនមានកូន ជាផ្ទះសោះសូន្យ នរជនមិនមានចិត្តល្អ ជាបុគ្គលសោះសូន្យ ទិសមនុស្សល្ងង់ខ្លៅ ក៏ជាទិសសោះសូន្យ ឯភាពមនុស្សក្រីក្រ ឈ្មោះថាជាភាពសោះសូន្យ ជាងអ្វីទាំងអស់ ។ 

១២៧- បើឥន្ទ្រិយទាំងឡាយមិនវិកលហើយ កេរ្តិ៍ឈ្មោះក៏នៅដដែល បើប្រាជ្ញាមិនវិបត្តិចរិតហើយ វាចាក៏នៅដដែលមិនប្លែក បើបុរសប្រាសចាកកម្លាំងទ្រព្យសម្បត្តិអស់រលីងហើយ អ្វីដទៃទៀតដែលមិនឈ្មោះថារលំរលាយនៅក្នុងមួយខណៈនោះដែរឬ? ឱធម្មជាតិអស់នេះគួរឲ្យស្ងើចអស្ចារ្យណាស់ហ្ន៎! លុះខ្ញុំ (ហិរណ្យកៈ) បានស្ដាប់ពាក្យនេះរួចស្រេចហើយ ក៏រំពឹងគិតថា៖ ឥឡូវនេះ អាត្មាអញមិនគួរនឹងអាស្រ័យនៅក្នុងទីនេះតទៅទៀតទេ ឬនឹងនិយាយរឿងនេះឲ្យគេឯងដឹងឮទៀតក៏ពុំគួរដែរ ព្រោះថា៖ 

១២៨- អ្នកមានប្រាជ្ញាមិនគួរគប្បីប្រកាស ការវិនាសទ្រព្យសម្បត្តិ ការក្ដៅក្រហាយចិត្ត ទុច្ចរិត ឧបទ្រពចង្រៃក្នុងផ្ទះ ការត្រូវគេប្រវ័ញ្ចន៍ និងការគេមើលងាយ ឲ្យគេដឹងឮឡើយ ។ 

១២៩- អាយុជីវិត ទ្រព្យសម្បត្តិ ទោសជាចន្លោះក្នុងផ្ទះ មន្ត្រី (រឿងសម្ងាត់) មេថុន ភេសជ្ជៈ (ថ្នាំកែរោគ) តបធម៌ ការឲ្យទាន និងការគេមើលងាយ លក្ខណៈ៨ ប្រការនេះ បុគ្គលគប្បីគ្រប់គ្រងរក្សាទុកដោយប្រយ័ត្នប្រយែងមែនទែ ន ។

១៣០- អ្នកមានប្រាជ្ញា តែខ្សត់ទ្រព្យ បើព្រេងវាសនាមិនជួយព្យាយាមរបស់បុរសក៏ឥតប្រយោជន៍ តើនឹងស្វែងរកសេចក្ដីសុខដទៃឯណាក្រៅពីការចូលទៅក្នុងព្រៃ?

១៣១- អ្នកមានប្រាជ្ញា បើទុកជាត្រូវស្លាប់ក៏មិនប្រកែក តែមិនព្រមឲ្យធ្លាក់ខ្លួនទៅជាក្រីក្រទេ! ដូចជាភ្លើងសូម្បីរលត់ហើយក៏មិនព្រមត្រជាក់ ។ 

១៣២- អ្នកមានប្រាជ្ញា នឹងផ្កាភួងមានសភាពដូចគ្នា ស្ថិតនៅក្នុងគតិតែ២ យ៉ាងគឺ៖ ១ទៅទំលើក្បាលនៃនរជនទាំងពួង និង២ប្រពោនស្វិតក្រៀមក្រញង់ស្លាប់ក្នុងព្រៃ ។

ឱកិរិយារស់នៅដោយការដើរសូមទានគេចិញ្ចឹមជីវិតនេះ មុខគួរឲ្យអាម៉ាស់មុខណាស់ហ្ន៎! ព្រោះថា៖

១៣៣- នរជនធ្លាក់ខ្លួនទៅជាក្រីក្រ លោតទម្លាក់ខ្លួនក្នុងគំនរភ្លើងឲ្យស្លាប់បាត់បង់ជីវិតស្រឡះទៅប្រសើរជាងការដើរទៅអើតងើបសូមទានគេដែលគេឥតគួរសម កំណាញ់មិនចង់ឲ្យទាន មិនប្រសើរឡើយ ។ 

១៣៤- សេចក្ដីក្រីក្រ នាំឲ្យកើតក្ដីអៀនខ្មាស ក្ដីអៀនខ្មាស នាំឲ្យបាត់ក្ដីក្លាហាន ការបាត់ក្ដីក្លាហាននាំឲ្យបុគ្គលដទៃមើលងាយ ការគេមើលងាយ នាំឲ្យកើតក្ដីស្អប់ខ្ពើម ក្ដីស្អប់ខ្ពើម នាំឲ្យកើតសេចក្ដីទុក្ខសោក សេចក្ដីទុក្ខសោក នាំឲ្យអាប់ប្រាជ្ញា ការអាប់ប្រាជ្ញា នាំឲ្យដល់ក្ដីក្ស័យអន្ដរធានអ្វីទាំងអស់ ។ ឱ! អនិច្ចាក្ដីក្រីក្រអើយ អ្នកជាប្រធាននៃសេចក្ដីវិនាសគ្រប់ប្រការ ។ 

១៣៥- ការនៅស្ញៀមប្រសើរ ការពោលពាក្យកុហកមិនប្រសើរឡើយ ការតាំងខ្លួនជាបុរសខ្សោយអំណាចប្រសើរ ការលួចភរិយាអ្នកដៃទមិនប្រសើរឡើយ ការលះបង់ជីវិតប្រសើរ ការពេញចិត្តស្ដាប់ពាក្យញុះញង់ស៊កសៀតមិនប្រសើរឡើយ ការតាំងខ្លួនជាយាចកប្រសើរ សេចក្ដីសុខ ដែលកើតពីការចិញ្ចឹមជីវិតដោយសារទ្រព្យជនដទៃមិនប្រសើរឡើយ ។ 

១៣៦- ការនៅក្នុងខ្ទមសោះសូន្យប្រសើរ ការនៅក្នុងផ្ទះឥស្សរជនកាចកំរោលមិនប្រសើរឡើយ ការយកស្ត្រីផ្កាមាសជាភរិយាប្រសើរ ការយកស្ដ្រីមានត្រកូលដែលប្រព្រឹត្តកន្លងប្រពៃណីមិនប្រសើរឡើយ ការនៅក្នុងព្រៃប្រសើរ ការនៅក្នុងបុរីដែលមានសេចក្ដីអយុត្តិធម៌មិនប្រសើរឡើយ និងការបរិច្ចាកជីវិតប្រសើរ ការសេពគប់ទុជ៌នមិនប្រសើរឡើយ ។ 

១៣៧- ការនៅជាទាសៈគេ តែងទម្លាយបង់នូវមានៈទាំងអស់ ការចាស់ជរាតែងទម្លាយបង់នូវរូបសោភា ការនិយាយរឿងព្រះនារាយន៍ និងព្រះឥសូរតែងទម្លាយបង់នូវបាបកម្ម (តាមជំនឿក្នុងសាសនាព្រាហ្មណ៍ថា ការនិយាយរឿងអាទិទេពទាំងឡាយនេះ បើមានបាបកម្ម នឹងបរិសុទ្ធបាន ដូចការទៅមុជទឹកលាងបាប ក្នុងទន្លេគង្គាដែរ) ឯការធ្វើជាយាចកឈ្មោះថាទម្លាយបង់នូវគុណរាប់រយ ទាំងអស់នេះ លោកប្រៀបថាដូចជា ងងឹតទម្លាយបង់នូវពន្លឺ ។ 

លុះត្រិះរិះមើលឃើញសព្វដូច្នេះហើយ ខ្ញុំគិតថា៖ អាត្មាអញចិញ្ចឹមជីវិតដោយអាហារជនដទៃដូចម្ដេចកើត? ឱ! សេចក្ដីក្រតោកយ៉ាកនេះ ប្រាកដជាបើកទ្វារទីពីរឲ្យដល់ម្រឹត្យុរាជពិតៗតែម្ដងហើយហ្ន៎! ព្រោះថា៖ 

១៣៨- ការចេះដឹងផាត់រទាំង១ មេថុនដោយការទិញដូរ១ និងការចិញ្ចឹមជីវិតដោយសារជនដទៃ១ ទាំង៣ប្រការនេះ ជាគ្រឿងរំខាននាំឲ្យអាម៉ាសមុខនៃបុរសទាំងឡាយ ។ 

១៣៩- បុគ្គលមានរោគបៀតបៀន បុគ្គលព្រាត់ប្រាសអស់កាលយូរ បុគ្គលអាស្រ័យបាយទឹកគេចិញ្ចឹមជីវិត និងបុគ្គលប្រព្រឹត្តដេកនៅក្រោមសំយ៉ាបផ្ទះជនដទៃ ជីវិតនៃបុគ្គលនោះៗឈ្មោះថា ជាជីវិតស្លាប់សូន្យឈឹង សេចក្ដីស្លាប់នៃបុគ្គលនោះៗ ឈ្មោះថា ជាទីសម្រាកដ៏ស្ងប់ស្ងៀម ។ 

បើទុកជាខ្ញុំគិតឃើញដូច្នេះហើយ សេចក្ដីល្មោភក៏ចេះតែដឹកនាំខ្ញុំឲ្យស្វះស្វែងរកទ្រព្យសម្បត្តិទៀត ព្រោះថា៖​

១៤០- រនជនមានប្រាជ្ញា តែងនៅញាប់ញ័រដោយសេចក្ដីលោភ សេចក្ដីលោភនាំបង្កើតតណ្ហា តណ្ហានាំបង្កើតបានក្ដីទុក្ខនៅនាលោកនេះ និងបរលោក ។ 

លំដាប់នោះ បរិព្វជកវិណាកណ៌ៈដើរបន្ដិចៗសន្សឹមៗមកជិតខ្ញុំ យកបន្ទះឬស្សីបាក់មកវាយខ្ញុំ ខ្ញុំនឹកគិតថា៖ 

១៤១- បុគ្គលមានចិត្តជាប់ដោយទ្រព្យ មិនមានចិត្តរីករាយ មានចិត្តមិនលុះក្នុងអំណាចខ្លួន និងមានខ្លួនមិនបានទូន្មាន សេចក្ដីអន្ដរាយទាំងអស់ តែងគ្របសង្កត់ចិត្តនៃជនណាមួយដែលមិនសន្ដោស ។

១៤២- នរជនណាមានចិត្តសន្ដោសរីករាយ នរជននោះឈ្មោះថាជាម្ចាស់នៃសម្បត្តិទាំងអស់ ដូចបុគ្គលពាក់ទ្រនាប់ស្បែកជើង ដើរលើផែនដីក៏ហាក់ដូចជាដឹងថា ផែនដីទាំងមូលក្រាលពាសពេញដោយស្បែក មិនមែនដូច្នោះឬ?

១៤៣- បុគ្គលដែលក្រេបផឹកទឹកអម្រឹតគឺសន្ដោស មានចិត្តក្សេមក្សាន្ដតែងបាននូវសេចក្ដីសុខត្រជាក់ត្រជំ ឯបុគ្គលល្មោភដើរស្វះស្វែងរកទ្រព្យ ទៅខាងនេះទៅខាងនោះ ខ្វល់ចល់ញ័រទទ្រើកដូចរកខ្យល់ តើបានសេចក្ដីសុខមកពីណា?

១៤៤- អ្នកណាលះបង់សេចក្ដីប្រាថ្នាទ្រព្យទុកក្រោយខ្នង មិនមានអាល័យទ្រព្យនោះសោះ អ្នកនោះឈ្មោះថាបានរៀនសូត្រហើយ ឈ្មោះថា បានស្ដាប់យល់ហើយ និងឈ្មោះថាបានប្រតិបត្តិធម៌ទាំងអស់ ។ 

១៤៥- ជីវិតនៃបុគ្គលណាមួយដែលមិនទៅអើតងើបសុំទានតាមទ្វារផ្ទះនៃឥស្សរជនមិនធ្លាប់គប់គេ មិនដែលភពប្រសព្វសេចក្ដីព្រាត់ប្រាសទុក្ខព្រួយ និងមិនដែលពោលពាក្យឥតខ្លឹមសារ បុគ្គលនោះឈ្មោះថាមានបុណ្យវាសនាធំណាស់ហ្ន៎! 

១៤៦- ទីឋានឆ្ងាយចំនួនមួយរយយោជន៍ មិនមែនឆ្ងាយណាស់ណាទេ សម្រាប់បុគ្គលជាខ្ញុំតណ្ហា ឯបុគ្គលមានចិត្តសន្ដោស សូម្បីទ្រព្យមកដល់ដៃហើយ ក៏មិនរវល់អើពើប៉ុន្មានដែរ ។ 

បើដូច្នេះ ក្នុងលោកនេះ ការកំណត់ដឹងប្រមាណខ្លួនក្នុងការងារឲ្យសមគួរតាមគុណានុរូបជាការគាប់ប្រសើរណាស់ ព្រោះថា៖

១៤៧- សម្រាប់ជននាផ្ទៃក្រោមនេះ អ្វីហ្ន៎ជាធម៌? សេចក្ដីអាណិតអាសូរសត្វលោក អ្វីហ្ន៎ជាសេចក្ដីសុខ! កិរិយាប្រាសចាករោគាពាធ អ្វីហ្ន៎សេចក្ដីស្នេហា? ភាពនៃបុគ្គលជាអ្នកសប្បុរស អ្វីហ្ន៎ជាភាពនៃបណ្ឌិត? ការដឹងកំណត់ប្រមាណខ្លួន ។ 

១៤៨- ពិតមែន ភាពជាបណ្ឌិតគឺការដឹងកំណត់ប្រមាណ កាលមានហេតុវិបត្តិកើតឡើង នរជនដែលមិនដឹងការកំណត់ប្រមាណខ្លួន តែងភពប្រសព្វក្ដីវិបត្តិអន្ដរាយគ្រប់ៗជំហានជើង ។ 

១៤៩- គប្បីលះបង់បុគ្គលម្នាក់ ដើម្បីស្រង់ត្រកូល គប្បីលះបង់ត្រកូល ដើម្បីរក្សាភូមិ គប្បីលះបង់ភូមិ ដើម្បីរក្សាប្រទេស គប្បីលះបង់ប្រទេស ដើម្បីស្រោចស្រង់ខ្លួន ។ 

១៥០- មានទឹកផឹកមិនបាច់ព្យាយាម ដឹងក្ដីមានអាហារប្រកបដោយរសឆ្ងាញ់កន្លងផុតភ័យក្ដី ខ្ញុំ(ហិរណ្យកៈ) ពិចារណាមើលរួចហើយ ទើបខ្ញុំមកកាន់ទីឋាននិរជនស្ងាត់ដូច្នេះឯង ព្រោះថា៖ 

១៥១- ជីវិតអ្នកទីទ័លក្រីក្រ ដែលហីនហោចចាកទ្រព្យសម្បត្តិអាស្រ័យនៅក្នុងព្រៃទុរគមជ្រងំស្ងាត់ ប្រកបដោយម្រឹកពាឡសាហាវយង់ឃ្នងមានតែខ្លា និងដំរី យកឈើព្រៃជាលំនៅ យកផ្លែឈើទុំ និងទឹកជាចំណីអាហារ យកស្មៅជាកម្រាលដេក និងយកសម្បកឈើជាគ្រឿងស្លៀកពាក់ ប្រសើរជាងការនៅកណ្ដាលហ្វូងញាតិផៅពង្ស ។ 

តមក ហេតុតែភ័ព្វវាសនាដែលខ្ញុំបានកសាងសន្សំទុកមកពីក្នុងបុរេជាតិ បានជូនខ្ញុំឲ្យមកជួបប្រទះមិត្តនេះ ហើយបានចងមេត្រីរាប់អានគ្នាស្និទ្ធស្នាលស្នេហាជាទីបំផុតមួយទៀត ខ្ញុំមានព្រេងសំណាងបានមកអាស្រ័យនៅជាមួយបងទៀត ក៏ហាក់ដូចជាខ្ញុំបានឡើងទៅកាន់ស្ថានសួរគ៌ទាំងរស់តែម្ដង ព្រោះថា៖

១៥២- ព្រឹក្សាជាតិ មានពិសពុលពោលគឺសំសារវដ្ដនេះ មានផលទុកដូចជារសផ្អែមតែពីរប្រការ គឺចម្ងាញ់នៃរសទឹកអម្រឹត ពោលគឺកាព្យឃ្លោង១ និងសមាគមមួយអន្លើដោយសប្បុរសទាំងឡាយ១ ។ 

អណ្ដើកមន្ថរៈ ពោលបញ្ជាក់ថែមទៀតថា៖ 

១៥៣- ទ្រព្យសម្បត្តិប្រៀបដូចធូលីជាប់បាតជើង យោព្វនវ័យប្រៀបដូចជាខ្សែទឹកក្នុងជ្រោះហូរខ្មាញ់ចុះពីកំពូលភ្នំ ការមានអាយុរស់នៅយឺនយូរប្រៀបដូចការឃ្លាងឃ្លោងនៃដំណក់ទឹកកម្រើក ជីវិតសត្វប្រៀបដូចប្រពេញទឹក អ្នកណាមានចិត្តរីករាយមិនប្រព្រឹត្តធម៌ដែលទុកដូចជាកូនសោចាក់បើកទ្វារទៅកាន់ឋានសួរទេ អ្នកនោះលុះត្រូវជរារួបរឹតស៊ីឲ្យទ្រុឌទ្រោមហើយ ក៏រមែងឆេះដោយភ្លើងគឺសេចក្ដីសោកសង្រេងសង្រៃ និងសេចក្ដីក្ដៅក្រហាយស្ដាយក្រោយមិនមានទីបំផុត ។ មកពីខំប្រឹងប្រែងកពូនទ្រព្យសម្បត្តិហួសពេកហ្ន៎! បានជាបងត្រូវទទួលទោសគ្រោះថ្នាក់លំបាកដូច្នេះ ចូរស្ដាប់ខ្ញុំ ខ្ញុំនឹងប្រាប់ថា៖ 

១៥៤- ការបរិច្ចាគទ្រព្យសម្បត្តិដែលបុគ្គលសន្សំពូនទុកនេះឯង ឈ្មោះថា “រកទ្រព្យសម្បត្តិ” ដូចធារី ទឹកជំនន់បរិច្ចាគនឹងដែលនៅក្នុងពោះបឹង ហើយពេញដោយទឹកដដែលវិញដូច្នោះ ។ 

១៥៥- មនុស្សកំណាញ់ដែលជីកកប់ទ្រព្យទុកក្នុងខាងក្រោមដីដោយហេតុឯណា ដោយហេតុនោះ មនុស្សកំណាញ់នោះឈ្មោះថា៖ កសាងផ្លូវ ដើម្បីទៅឋានក្រោមគឺនរកទុកមុនស្រេចហើយ ។ 

១៥៦- នរជននោះ គិតតែចង់បានទ្រព្យសម្បត្តិ តែងបិទផ្លូវសេចក្ដីខុសខ្លួនឯង នរជននោះទុកដូចជារែកភាៈដ៏ធ្ងន់ឲ្យជនដទៃ យកខ្លួនធ្វើជាភាជន ទទួលរងទុក្ខលំបាកជំនួសគេទទេៗ ។ 

១៥៧- ថាបើធ្វើជាសេដ្ឋីមានទ្រព្យច្រើន  ក៏កំណាញ់ស្វិតស្វាញមិនឲ្យទាន និងមិនបរិភោគប្រើប្រាស់ខ្លួនឯងឲ្យល្មមដល់ទ្រព្យន៎ុះយើងទាំងអស់គ្នា ក៏ឈ្មោះថាមានទ្រព្យដូចសេដ្ឋីនោះដែរ មិនមែនដូច្នោះឬអ្វី?

១៥៨- ទ្រព្យសម្បត្តិនៃមនុស្សកំណាញ់ ទុកដូចជាទ្រទ្យនៃជនដទៃស្រេចទៅហើយ ព្រោះថាមិនបានរីករាយប្រើប្រាស់ខ្លួនឯង គ្រាន់តែបានពាក្យគេសរសើរថា “នេះជាទ្រព្យនៃអ្នកនោះ” ប៉ុណ្ណោះ លុះទ្រព្យនោះដល់នូវសេចក្ដីសាបសូន្យទៅហើយ បានសេចក្ដីទុក្ខថែមទៀត ។ 

១៥៩- ការឲ្យទាន ព្រមទាំងមានវាចាពីរោះ១ ការចេះដឹង ព្រមទាំងការធ្ងន់ធ្ងរ១ សេចក្ដីក្លៀវក្លា ព្រមទាំងការអត់ធន់១ និងទ្រព្យសម្បត្តិប្រកបដោយការបរិច្ចាគទាន១ មង្គល៤ប្រការនេះកម្ររកបានណាស់ក្នុងលោកនេះ ។ 

១៦០- បុគ្គលគប្បីកពូនទ្រព្យសម្បត្តិអស់កាលជានិច្ច តែមិនគប្បីលោភលន់ហួសប្រមាណពេកទេ៖ ចូរមើល! សត្វចចកល្មោភនេះមាននិស្ស័យជាអ្នកល្មោភ ស្លាប់ចោលបង់សៀត ព្រោះត្រូវសរ ។

កណ្ដុរហិរណ្យកៈ និងក្អែកលឃុបតនកៈសួរឡើងថា៖ រឿងនោះតើដូចម្ដេចទៅ?

អណ្ដើកមន្ថរៈ ចាប់ផ្ដើមនិយាយរឿងនោះដូចតទៅនេះ៖ 

កថាទី៦

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!