អារម្ភកថាលើកទី២

ការគប់មិត្ត (រឿងក្អែក អណ្ដើក កណ្ដុរ និងប្រើស)

កថាទី១៖ រឿងអ្នកដំណើរ និងខ្លាចាស់

កថាទី២៖ រឿងប្រើស ចចក និងក្អែក

កថាទី៣៖ រឿងត្មាត ឆ្មា និងបក្សី

កថាទី៤៖ រឿងកណ្ដុរហិរណ្យកៈ

កថាទី៥៖ រឿងពាណិជចាស់ជរា និងភរិយាក្រមុំ

កថាទី៦៖ រឿងព្រាន ប្រើស ជ្រូក ពស់ និងចចក

កថាទី៧៖ រឿងព្រះរាជា បុត្រពាណិជ និងភរិយា

កថាទី៨៖ រឿងចចក និងដំរីស្ដ

សៀវភៅអេឡិកត្រូនិក

នៅក្បែរត្រើយទន្លេគង្គា លើភ្នំគិដ្យកូដ មានជ្រៃមួយដើមធំត្រសុំសាខាដ៏ហើយដោយព្រង់ជាទីអាស្រ័យនៅនៃបក្សី និងត្មាតឈ្មោះជរទ្ដវៈ ។ ដោយកម្មអាក្រក់តាមឲ្យផល ត្មាតនោះក៏ទៅជាខ្វាក់ងងឹតងងល់ក្រចករេចរឹលក្សិលអស់រលីង ។ ហ្វូងបក្សីជាតិទាំងឡាយដែលអាស្រ័យនៅនាដើមជ្រៃនោះ មានចិត្តអាណិតអាសូរ តែងរំលែកចែកអាហារខ្លួនបន្តិចៗម្នាក់ឲ្យដល់ត្មាតនោះ ជួយចិញ្ចឹមឲ្យមានជីវិតរស់នៅតទៅ ។ គ្រានោះ មានឆ្មាមួយឈ្មោះ ទីឃ៌កណ៌ៈ ចូលមករកចាប់កូនបក្សីស៊ីជាចំណីអាហារនៅក្នុងព្រង់ឈើនោះ ។ កូនបក្សីទាំងឡាយកាលឃើញឆ្មាកំពុងដើរចូលមក ក៏ភិតភ័យរន្ធត់រត់ឆ្លេឆ្លាកោលាហលពេញទាំងព្រង់ ។ ត្មាតឈ្មោះ ជរទ្ដវៈ បានឮសំឡេងអឺងកងខ្ញៀវខ្ញាដូច្នោះ ក៏ស្រែកសួរថា៖ អាណាមកធ្វើអ្វីឲ្យជ្រួលច្របល់រចល់ដូច្នេះ? ។ ឆ្មាសម្លឹងមើលទៅឃើញត្មាត ក៏តក់ស្លុតញាប់ញ័រត្រិះរិះគិតថា៖ ឱអាត្មាអញ ដល់គ្រោះស្លាប់ហើយតើ ព្រោះថា៖ 

៥៧- ដរាបណា ក្ដីភយន្តរាយមិនទាន់មកដល់ទេ ដរាបនោះបុគ្គលគប្បីប្រុងប្រយ័ត្នដល់ភ័យនោះ បើក្ដីភយន្ដរាយមកដល់ហើយ បុគ្គលគប្បីក្លាហានតស៊ូនឹងភ័យនោះ តាមគំនិតខ្លួនដែលបានគិតទុកស្រេចហើយ ។ 

ឥឡូវនេះ អត្មាអញចូលមកខកខ្លួនដល់ជិតក្ដីស្លាប់ហើយ នឹងដកខ្លួនថយរត់ទៅក្រោយវិញក៏មិនបាន ណ្ហើយចុះ បើមានការណ៍យ៉ាងណាកើតឡើងក៏តាមការណ៍ចុះ អាត្មាអញនឹងចូលទៅឲ្យដល់ត្មាតវ៉ៃអែបឲ្យស្និទ្ធជាមុនសិន ។ ឆ្មាគិតរកឧបាយកលឃើញដូច្នេះហើយ ក៏លោតចូលទៅជិតត្មាត ពោលពាក្យសំពះសួរថា៖ បពិត្រលោកអាយ៌ៈ! ខ្ញុំបាទសូមសំពះជម្រាបសួរលោក ។ ត្មាតសួរថា​៖ ឯងជាអ្វី? ឆ្មាឆ្លើយតបទៅវិញថា៖ ខ្ញុំបាទជាសត្វឆ្មា ។ ត្មាតនិយាយកំហែងថា៖ នែអាសត្វចង្រៃ! ចូរថយចេញឲ្យឆ្ងាយទៅ បើមិនថយចេញទេ អាឯងត្រូវគ្រោះស្លាប់ឥឡូវមិនខាន ។ ឆ្មានិយាយអង្វរកថា៖ សូមលោកស្ដាប់ពាក្យខ្ញុំបាទសិន កាលបើលោកស្ដាប់ពាក្យខ្ញុំបាទហើយ ឃើញថាគួរសម្លាប់កាលណា ខ្ញុំបាទក៏សុខចិត្តស្លាប់ឥតប្រកែកកាលនោះ ព្រោះថា៖ 

៥៨- ហេតុអ្វីក៏ស្រាប់តែត្រូវគេកាប់សម្លាប់ ឬត្រូវគេបូជាដល់អ្នកណានីមួយ តាមតែជាជាតិអ្វីក៏ដោយតែម្ដង គួរតែពិចារណាឲ្យជុំវិញខ្លួន មើលឲ្យឃើញច្បាស់សេចក្ដីប្រព្រឹត្តរបស់គេសិន សឹមយល់ជាគួរសម្លាប់ ឬពុំនោះ គួរបូជា ។ 

ត្មាតស្ដាប់ហើយនិយាយថា៖ មើល៍! និយាយមកមើល អាឯងចូលមកនេះត្រូវការរកអ្វី? ។ ឆ្មាឆ្លើយប្រាប់ថា៖ ខ្ញុំបាទនៅក្បែរត្រើយទន្លេគង្គានេះឯង ប្រព្រឹត្តមុជទឹកលាងបាបជានិច្ច ប្រព្រឹត្តព្រហ្មចរិយាធម៌ជាប្រក្រតី មិនហ៊ានស៊ីសាច់ឈាមទេ សមាទានតែចន្ទ្រាយណព្រត (ការប្រតិបត្តិវត្តតាមដំណើរព្រះចន្ទ្រតាមទំនៀមប្រទេសឥណ្ឌា ។ ព្រតនេះមានច្រើនបែប ព្រតដែលគេប្រតិបត្តិដោយច្រើននោះគឺការប្រព្រឹត្តបរិភោគបាយ ១៥ពំនូតនៅថ្ងៃ១៥កើត ហើយបន្ថយ១ថ្ងៃ ១ពំនូតទៅខាងរនោចគឺថ្ងៃទី២ បរិភោគ១៤ពំនូតធ្វើដូច្នេះរៀងរាល់ថ្ងៃដល់ទី១៥ គេអត់អាហារ ។ ដល់ខាងខ្នើតថ្ងៃ ១កើត គេបរិភោគបង្កើត១ពំនូតវិញ គឺថ្ងៃទី១បរិភោគ១ពំនូត ថ្ងៃទី២បរិភោគ២ពំនូត ធ្វើដូច្នេះរៀងទៅដល់ថ្ងៃទី១៥កើត គេបរិភោគ១៥ពំនូត) ខ្ញុំបាទបានឮហ្វូងបក្សីជាតិ សរសើរកិត្តិគុណលោក ចំពោះមុខខ្ញុំបាទជារឿយៗថា លោកជាអ្នកចេះដឹងច្រើន ចិត្តធ្ងន់ក្នុងធម៌ល្មមទុកចិត្តស្និទ្ធស្នេហាយកជាវិស្សាសភូមិ ហេតុនេះ បានជាខ្ញុំបាទមានចិត្តត្រេកអរ ចង់ចូលមកត្រងត្រាប់ស្លាប់ធម៌រៀនវិជ្ជា ច្បាប់គតិលោក គតិធម៌អំពីសំណាក់លោកដែលជាបុគ្គលចាស់ព្រឹទ្ធាចារ្យ មានការចេះដឹងស្ទាត់ជំនាញ ប្រសប់ប៉ុនប៉ាវក្នុងវិជ្ជាផ្សេងៗ ហេតុអ្វីក៏លោកដែលជាអ្នកចេះធម៌អាថ៌ជ្រាលជ្រៅប្រាកដយ៉ាងនេះ បែរទៅជារករឿងកាប់សម្លាប់ខ្ញុំបាទដែលជាភ្ញៀវទៅវិញ ព្រោះធម៌ជានាទីអ្នកគ្រប់គ្រងផ្ទះនេះលោកពោលថាដូច្នេះ៖ 

៥៩- បុគ្គលគប្បីព្រមធ្វើបដិសណ្ឋារៈ ទទួលភ្ញៀវដែលមកដល់ផ្ទះហើយ ទោះបីភ្ញៀវជាសត្រូវក៏ដោយ ដូចព្រឹក្សាជាតិ តែងឲ្យម្លប់ជាទីសំចតមិនរើសមុខ សូម្បីអ្នកកាប់ឈើក៏ដោយ ។ 

បើទុកជាខ្សត់ខ្សោយទ្រព្យ មិនមានចំណីអាហារទទួលភ្ញៀវដែលមកដល់ដោយហោចទៅ ក៏គួររាប់អានរាក់ទាក់ទទួលភ្ញៀវដោយសម្ដីពីរោះជាទីត្រេកអរដែរ ព្រោះថា៖ 

៦០- ស្មៅ (ឬចំបើងសម្រាប់អុជបំភ្លឺ) ភូមិទីលំនៅ ទឹក និងសម្ដីពីរោះផ្អែមល្ហែម ធម៌៤ប្រការនេះ ក្នុងកាលណាក៏ដោយមិនដែលខ្វះខាតរលីបរលាបក្នុងផ្ទះលោកអ្នកសប្បុរសទាំងឡាយទេ ។ 

៦១- លោកសប្បុរសទាំងឡាយតែងសម្ដែងមេត្ដាករុណាចំពោះសត្វទាំងឡាយមិនរើសមុខសូម្បីបុគ្គលថោកទាបក៏ដោយ ដូចជាព្រះចន្ទ្រនឹងថាកំណាញ់ពន្លឺមិនឲ្យដល់លំនៅជនចណ្ឌាល ក៏ឥតអង្គឺមានឡើយ ។ 

៦២- ភ្ញៀវវិលត្រឡប់ចេញពីផ្ទះអ្នកណា ដោយក្ដីក្ដៅក្រហាយចិត្ត ភ្ញៀវនោះឈ្មោះថាប្រគល់ឲ្យនូវបាប អពមង្គល ដល់អ្នកម្ចាស់ផ្ទះនោះ ហើយកាន់យកនូវបុណ្យសិរីសួស្ដីត្រឡប់ទៅវិញ ។ 

៦៣- បុគ្គលមានគោត្រកូលឧត្តមខ្ពង់ខ្ពស់ ហើយមានភ្ញៀវត្រកូលថោកទាបមកដល់ផ្ទះហើយ ក៏គួរតែគោរពបូជា តាមគួរដែលអាចទទួលបាន ព្រោះភ្ញៀវទាំងអស់សុទ្ធតែទេវតា ។ 

ត្មាតនិយាយកាត់ថា៖ ឲ្យឈ្មោះតែឆ្មាហើយ សុទ្ធតែជាសត្វចូលចិត្តស៊ីសាច់ជាអាហារទាំងអស់នៅក្នុងព្រង់ដើមឈើនេះ មានសុទ្ធតែកូនបក្សីអាស្រ័យនៅ ហេតុនេះកូវ បានជាអញនិយាយហាមឃាត់យ៉ាងនេះ ។ ឆ្មាស្ដាប់ពាក្យត្មាតហើយ ក៏ស្រពោនឱនដាក់មុខយកជើងមុខស្ទាបត្រចៀកទាំងសងខាងក្រាបសំពះនិយាយបញ្ជាក់ថា៖ ខ្ញុំបាទបានសិក្សាគម្ពីរធម្មសាស្ត្រចប់អស់ជើងហើយ បានប្រព្រឹត្តធម៌លះបង់រាគៈ ទោសៈ មោហៈ សមាទានចន្ទ្រាយណព្រត ជាទុក្ករកម្មដ៏ក្រៃលែង សូម្បីគម្ពីរធម្មសាស្ត្រទាំងឡាយ ដែលមានសេចក្ដីខ្លះប្លែក គេតែងជជែកវែកញែកគ្នាទៅវិញទៅមក ក៏គង់រួមគោលសេចក្ដីធំដើមមកនៅត្រឹមតែមួយម៉ាត់គឺ៖ អហិង្សា ការមិនបៀតបៀន ថាជាធម៌ដ៏ប្រសើរក្រៃលែង  ព្រោះថា៖ 

៦៤- នរជនណា មិនបៀតបៀនសព្វសត្វទាំងឡាយឲ្យក្ដៅក្រហាយ មានព្យាយាមអត់ធន់ចំពោះការងារទាំងពួង និងជាទីពឹងពំនាក់អាស្រ័យនៃសព្វសត្វ នរជននោះឈ្មោះថា កសាងស្ពានទៅកាន់ស្ថានសួគ៌ ។ 

៦៥- មានតែធម៌មួយទេ លោកហៅថា មិត្តធម៌ ដែលជាប់ដិតតាមជាមួយខ្លួនទៅក្នុងពេលស្លាប់ ឯអវៈយវៈដទៃទៀត សុទ្ធតែដល់នូវក្ដីវិនាសអន្តរាយជាមួយនឹងសរីរាងកាយទាំងអស់ ។ 

៦៦- កាលបើអ្នកនឹងស៊ីសាច់គេ គួរពិចារណាមើល អ្នកស៊ីសាច់គេ និងសាច់គេដែលអ្នកត្រូវស៊ីឲ្យឃើញប្លែកគ្នាទាំងសងខាងសិនថា អ្នកម្ខាងបានឆ្អែតមានបីតិរីករាយតែក្នុងមួយខណៈប៉ុណ្ណោះ ឯអ្នកម្ខាងទៀតនោះត្រូវបាត់បង់ជីវិត ។ 

៦៧- នរជនតែងមានសេចក្ដីទុក្ខព្រួយដោយគិតឃើញថា ខ្លួនត្រូវគេសម្លាប់ កាលបើគិតឃើញដូច្នេះគ្រប់គ្នាហើយ និយាយថ្វីដល់ទៅមិត្ត សូម្បីសត្រូវក៏អាចជួយការពារជីវិតបាន ។ 

៦៨- បុគ្គលគប្បីបំពេញផ្ទៃខ្លួនឯង ដោយបន្លែជារុក្ខាលតាជាតិ ដែលដុះក្នុងព្រៃតាមទំនើងវាបានហេតុអ្វីចាំបាច់កាប់សម្លាប់គេដ៏អាក្រក់ក្រៃលែង ដើម្បីបំពេញផ្ទៃខ្លួនដែលគ្រាន់តែស្រេកឃ្លានប៉ុណ្ណោះ?

កាលឆ្មា វិឡារជាតិ និយាយបន្ទន់ចិត្តត្មាតឲ្យជឿទុកចិត្តហើយ ក៏សរសៀចូលទៅក្នុងព្រង់ជ្រៃនោះបាន ។ លំដាប់មក ឆ្មាចាប់កូនបក្សីក្នុងព្រង់យកមកហែកជញ្ជែងស៊ីជាចំណីអាហាររាល់ៗថ្ងៃ ឯមេបក្សីទាំងឡាយលុះឆ្មាស៊ីកូនអស់ហើយ ក៏សោកសង្រេងសង្រៃយំខ្ញៀវខ្ញា រត់ឆ្លេឆ្លាទៅខាងនេះទៅខាងនោះ ប្រជុំគ្នាស៊ើបសួរកដំណើរដើមទងនៃការបាត់បង់កូន ។ ឯឆ្មា លុះបានដឹងរឿងនោះហើយ ក៏បោលចេញពីព្រង់រត់ទៅខាងក្រៅបាត់ភ្លាម ។ ក្រោយដែលឆ្មារត់បាត់ទៅបក្សីទាំងឡាយបបួលគ្នាគយគន់មើលខាងនេះខាងនោះ ប្រទះឃើញតែឆ្អឹងកូននៅក្នុងព្រង់ដើមជ្រៃនោះ ក៏ចោទប្រកាន់ត្មាតចាស់នោះថា៖ ត្មាតខ្វាក់កញ្ចាស់នេះឯង ដែលស៊ីកូនរបស់យើង ទើបបក្សីទាំងអស់នោះមូលមតិគ្នា សម្លាប់ត្មាតចាស់ចោលបង់សៀតឰដ៏កាលនោះទៅ ។ ហេតុនោះបានខ្ញុំ (ក្អែកឈ្មោះសុពុទ្ធិ) ពោលថា៖ អ្នកណានីមួយ មិនគួរគប្បីឲ្យទីអាស្រ័យនៅរួមគ្នា ដូច្នេះជាដើម ។

កាលនោះ ចចកបានស្ដាប់ក្អែកនិយាយមកត្រូវគំនិតខ្លួនហើយ ក៏ក្រេវក្រោធត្រឡោតខឹង និយាយស៊កតបទោវិញថា៖ កាលបងឯង និងប្រើសបានមកជួបប្រទះគ្នាជាបឋមនោះ រូបរាងក៏មិនបានស្គាល់រង្សត្រកូល និងចិត្តថ្លើមបងក្អែកដែរ ហេតុអ្វី ក៏បងឯងចេះស្នេហាស្រឡាញ់គ្នាស្និទ្ធស្នាលរហូតមកកើត? 

៦៩- ទីឋានណា មិនមានអ្នកប្រាជ្ញរាជបណ្ឌិត ទីឋាននោះសូម្បីមានតែអ្នកចេះដឹងបន្តិចបន្ដួច ក៏គួរលើកតម្កើងសរសើរ ដូចជាប្រទេសណានីមួយ ដែលឥតមានព្រឹក្សាជាតិ បើមានតែដើមល្ហុងក៏លោកសន្មតថា ជាដើមឈើបានដែរ ។ 

៧០- អ្នកនេះជាពួកយើង អ្នកនោះជាពួកគេ នេះជាសម្ដីអ្នកមានចិត្តគំនិតស្រាលទេ ឯអ្នកដែលមានការសិក្សាច្រើន មានចិត្តគំនិតល្អ តែងនិយាយថា អ្នកនៅលើផែនពសុធា សុទ្ធតែជាផៅពង្សនឹងគ្នាទាំងអស់ ។ 

ប្រើសនេះជាផៅពង្សរូបខ្ញុំយ៉ាងណា បងឯងក៏យ៉ាងនោះដែរ ។ ប្រើសឆ្លើយ៖ និយាយជជែកតវ៉ាគ្នាតទៅទៀត បានប្រយោជន៍អ្វី? ចូរយើងទាំង៣នាក់ នៅជាសុខសប្បាយក្នុងទីនេះជាមួយគ្នា ជាមិត្តស្និទ្ធស្នាលតទៅ ព្រោះថា៖ 

៧១- នឹងថាអ្នកណាជាមិត្ត អ្នកណាក៏ពុំទាន់បាន នឹងថាអ្នកណាជាសត្រូវនឹងអ្នកណាក៏ពុំទាន់បានដោយអំពើដែលគេប្រព្រឹត្តទើបស្គាល់គ្នា អ្នកនេះជាមិត្ត អ្នកនោះជាសត្រូវ ។ 

ក្អែកនិយាយចាក់បណ្ដោយតាមថា៖ អញ្ចឹងក៏បាន ។ លុះព្រឹកព្រាងស្វាងឡើង សត្វទាំងបីបបួលគ្នាទៅស្វែងរកចំណីអាហារតាមឋានដែលខ្លួនគាប់ចិត្ត ។ ថ្ងៃមួយ ចចកនិយាយនឹងប្រើសដោយសម្ងាត់ថា៖ សម្លាញ់អើយ! នៅក្នុងព្រៃមួយនោះមានស្រែមួយពេញដោយសន្ទូងលាស់ខៀវខ្ចី រូបខ្ញុំនឹងនាំសម្លាញ់ភក្ដីទៅបង្ហាញសន្ទូងក្នុងស្រែនោះ ។ លុះចចកបង្ហាញស្រែនោះហើយ ប្រើសទៅរកស៊ីសន្ទូងក្នុងស្រែនោះតែរាល់ថ្ងៃ ។ កាលនោះអ្នកស្រែបានឃើញប្រើស ចេះតែចូលទៅស៊ីសន្ទូងក្នុងស្រែខ្លួន ក៏គ្នាន់ក្នាញ់មួម៉ៅក្នុងចិត្តណាស់ ទើបធ្វើអន្ទាក់ដាក់ប្រើសនោះ ។ តមកមិនយូរប៉ុន្មាន ប្រើសមកស៊ីសន្ទូងក្នុងស្រែនោះទៀត ត្រូវអន្ទាក់ជាប់រើខ្លួនមិនរួច ទើបត្រិះរិះគិតថា៖ ក្រៅពីមិត្ត នរណាហ្ន៎ អាចជួយដោះទុក្ខ អាត្មាអញចេញពីអន្ទាក់ព្រាន ដែលទុកដូចជាអន្ទាក់នៃព្រះកាលនេះបាន? កាលប្រើសកំពុងវិតក្កដូច្នេះ ចចកដើរមកដល់ជិត នឹកសប្បាយក្នុងចិត្តថា៖ ឧបាយកលរបស់អាត្មាអញបានសម្រេចផលតាមបំណងហើយតើ! កាលបើអ្នកស្រែពន្លះប្រើសនេះអាត្មាអញត្រូវបានឆ្អឹងដែលជាប់ដោយសាច់ និងឈាមដោយពិតឥតសង្ស័យឡើង អាត្មាអញនឹងបានភោជនាហារឆ្ងាញ់ពិសាយ៉ាងច្រើនបរិភោគមិនខាន ។ ឯប្រើសលុះឃើញចចកមកដល់ហើយ ក្រោកឈរឡើងសប្បាយចិត្តឥតឧបមា ស្រែកប្រាប់ថា៖ អើសម្លាញ់អើយ! ចូរសម្លាញ់អាណិតកាត់អន្ទាក់នេះឆាប់ៗ  ដើម្បីឲ្យខ្ញុំបានរួចខ្លួន ព្រោះថា៖ 

៧២- គេដឹងចិត្តមិត្តក្នុងគ្រាក្រ ដឹងចិត្តទាហានក្លៀវក្លាក្នុងសង្គ្រាម ដឹងចិត្តស្មោះត្រង់ក្នុងការសងបំណុលគេ ដឹងចិត្តភរិយាក្នុងពេលខ្សត់ទ្រព្យ និងដឹងចិត្តផៅពង្សក្នុងគ្រាវិនាសអន្ដរាយ ។ 

៧៣- អ្នកណាមិនលះបង់មិត្តក្នុងគ្រាមានទុក្ខ ក្នុងគ្រាអន្ដរាយ ក្នុងគ្រាទុរភិក្ស ក្នុងគ្រារាស្ត្រចលាចល ក្នុងទ្វារព្រះរាជា និងក្នុងអង្គព្រៃស្មសាន អ្នកនោះលោកសៅថាផៅពង្ស ។ 

ចចកសម្លឹងមើលអន្ទាក់ មើលហើយមើលទៀតច្រើនដងឃើញថាអន្ទាក់នេះជាប់មាំមួនណាស់ទើបនិយាយថា៖ សម្លាញ់អើយ! អន្ទាក់នេះធ្វើពីសរសៃសត្វ ថ្ងៃនេះជាភដ្ឋារកវារ (ថ្ងៃព្រះជាម្ចាស់សួគ៌ គឺថ្ងៃអាទិ្យគេកាន់សីលតមមិនធ្វើបាប មិនពាល់សាច់) ខ្ញុំយកធ្មេញទៅឲ្យប៉ះពាល់អន្ទាក់សរសែសត្វដូចម្ដេចកើត? ណ្ហើយសម្លាញ់! ខំអត់ទ្រាំបន្តិចទៅសិនចុះ ថាបើចិត្តបងមិនមានគិតអ្វីដទៃផ្សេងទេ ចាំព្រឹកព្រាងស្អែកឡើង ពេលនោះ បើបងប្រាប់ឲ្យធ្វើយ៉ាងណា ខ្ញុំនឹងធ្វើតាមចិត្តបងមិនខាន ។ ចចកថាដូច្នោះហើយ ចូលទៅលាក់ខ្លួនពួនអាត្មាសម្ងំក្នុងព្រៃស៊ុបទ្រុបជិតខាងនោះទៅ ។ ថ្លែងពីក្អែក លុះវេលារសៀលជ្រៀងជ្រេរទេរទន់ទាបព្រះទិនករ ក្រឃើញប្រើសវិលត្រឡប់មកលំនៅវិញក៏ហើរឆ្លេឆ្លាតាមរកខាងនេះខាងនោះ រកទៅៗបានឃើញប្រើសមានគ្រោះជាប់អន្ទាក់ទើបសួរទៅថា៖ ហៃសម្លាញ់! ហេតុអ្វីក៏ជាប់អន្ទាក់ឆ្វាក់កដូច្នេះ? ប្រើសបានស្ដាប់ពាក្យក្អែកហើយ ឆ្លើយប្រាប់ថា៖ អំពើនេះ ជាផលនៃការមើលងាយពាក្យសម្ដីមិត្តនេះឯង ព្រោះថា៖ 

៧៤- នរជនណា មិនជឿស្ដាប់ភាសិតមិត្តសម្លាញ់ដែលប្រាថ្នាធ្វើប្រយោជន៍ឲ្យក្ដីភយន្ដរាយស្ថិតនៅជិតអ្នកនោះ នរជននោះឈ្មោះថា ធ្វើសេចក្ដីត្រេកអរដល់សត្រូវ ។ 

ក្អែកសួរប្រើសថា៖ ចុះអាចចកចង្រៃបោកប្រាស់គេនោះ វាទៅនៅឯណាហើយ? ។ ប្រើសប្រាប់ថា៖ វាទៅពួនសម្ងំនៅក្នុងព្រៃស៊ុបទ្រុបនោះឯង ដើម្បីចាំស៊ីសាច់ខ្ញុំ ។ ក្អែកនិយាយសើរើរឿងដើមមកពោលថា៖ អើ! ដូចខ្ញុំបានដាស់តឿនបងតាំងពីដើមមកហើយ ។ 

៧៥- បើមានអ្នកណានីមួយនិយាយថា៖ ខ្ញុំមិនមានចិត្តអាក្រក់ព្យាបាទទេ ដូច្នេះក៏ដោយបុគ្គលមិនគួរជឿពាក្យនេះ យកជាហេតុមេត្រីស្និទ្ធស្នាលឡើយ សេចក្ដីពិត អ្នកដែលមានគុណគឺការចេះដឹងច្រើន ក៏តែងមានភ័យកើតមកពីមនុស្សទុច្ចរិតទាំងឡាយដែរ ។ 

៧៦- មនុស្សស្លាប់ មិនធុំក្លិនផ្សែងចង្កៀងដែលគេលត់ ស្ដាប់មិនឮពាក្យដាស់តឿនមិត្តសម្លាញ់មើលឃើញផ្កាយអរុន្ធតី (ផ្កាយព្រឹក) ។ 

៧៧- បុគ្គលគប្បីវៀរមិត្ត ដែលប៉ងបំផ្លាញការងារក្នុងទីកំបាំងមុខ ហើយនិយាយពាក្យពីរោះផ្អែមល្ហែមក្នុងទីចំពោះមុខមិត្តបែបនេះ ប្រៀបដូចឆ្នាំងដ៏ពេញដោយពិសពុលមានមាត់ប្រឡាក់ដោយទឹកដោះផ្អែម ។ 

ខណៈនោះ ក្អែកតានតឹងចិត្តស្ទើរប្រេះទ្រូង ដកដង្ហមវែងឃូរៗនិយាយថា៖ ឱអាចង្រៃបោកប្រាស់នេះ! ម្ដេចក៏អាឯងហ៊ានធ្វើកម្មអាក្រក់អ្វីម្លេះ? ព្រោះថា៖

៧៨- ក្នុងលោកនេះ បើគេនិយាយឲ្យស្លាប់ចិត្តដោយប្រើពាក្យផ្អែមល្ហែមដូចទឹកឃ្មុំ បើគេធ្វើឲ្យលុះក្នុងអំណាចដោយឧបាយមច្ឆាចារ គេមិនបញ្ឆោតបោកបាន? ឱគួរសង្វេគណាស់! ។

៧៩- ឱព្រះម្ចាស់ផែនពសុធាដ៏មានបុណ្យអើយ! ហេតុអ្វីក៏លោកព្រមទទួលមនុស្សបោកគេ ចិត្តបាបអាក្រក់ក្រៃលែងមិនដឹងឧបការគុណគេ ដែលគេប្រគល់ជំនឿ គឺជឿទុកចិត្តអស់ពីពោះពុង នឹងដែលគេមានចិត្តបរិសុទ្ធ ឲ្យនៅលើផ្ទៃផែនដីនេះដូច្នេះ?

៨០- បុគ្គលកុំគប្បីចងមិត្តសម្លាញ់ ឬចង់ស្ពានមេត្រីមួយអន្លើដោយមនុស្សទុជ៌នឲ្យសោះ ដូចជាធ្យូង បើនៅក្ដីរលាកដៃ បើរលត់ហើយវាប្រឡាក់ដៃ ។ 

ពាក្យទាំងនេះ ជាលក្ខណៈនៃមនុស្សទុជ៌ន ។ 

៨១- នៅមុខអ្នក វាសំពះលុតក្រាបជិតបាតជើង នៅក្រោយអ្នកវាបេះសាច់ឆ្អឹងជំនីរស៊ី វានិយាយសម្ដីទន់ផ្អែមល្អូកល្អិន មានលែបខាយដ៏វិចិត្រ ល្ហឹមៗ ជិតត្រចៀកអ្នក បើមានចន្លោះ លូកចូលទៅបេះយកថ្លើមប្រមាត់មួយរំពេច ឥតកោតញញើតឡើយ សត្វរុយចេះធ្វើត្រាប់លក្ខណៈមនុស្សចិត្តអាក្រក់សាមាន្យបានទាំងអស់ ។ 

៨២- មនុស្សទុជ៌ន និយាយពាក្យពីរោះគួរជាទីពេញចិត្ត តែមិនត្រូវយកជាហេតុមកធ្វើសេចក្ដីស្និទ្ធស្នាល ព្រោះតែសម្ដីពីរោះនោះទេ ប្រៀបដូចទឹកឃ្មុំជាប់នៅចុងអណ្ដាត ក្នុងចិត្តពេញដោយពិសពុលដ៏ក្ដៅក្រហាយរោលរាល ។

លុះព្រឹកព្រាងស្វាងឡើង ក្អែកសុពុទ្ធិនោះ ឃើញអ្នកស្រែកាន់ដំបងងងាសដើរមកដល់ ទើបស្រែកទៅប្រើសថា៖ អើបងប្រើសសម្លាញ់អើយ! អ្នកស្រែមកដល់ហើយ ចូរបងដេកពុតក្លែងជាស្លាប់ទៅ ធ្វើភ្នែកស្លឹង បំប៉ោងពោះឲ្យធំ ជើងឲ្យរឹងស្ដូក ហើយនៅឲ្យស្ងៀមនឹងថ្កល់ ។ ដរាបណាខ្ញុំស្រែកប្រាប់ឲ្យសញ្ញា ដរាបនោះ ចូរបងក្រោកភ្លាមយ៉ាងរហ័យ ហើយស្ទុះរត់បោលឲ្យអស់ទំហឹង ។ ឯប្រើសលុះបានស្ដាប់ពាក្យក្អែកហើយ ក៏ពុតក្លែងធ្វើជាស្លាប់ដូចសម្ដីក្អែកប្រាប់នៅនឹងថ្កល់ ។ ថ្លែងឯអ្នកស្រែដើរមកដល់ យល់ប្រើសជាប់អន្ទាក់ស្លាប់ក្រញង់ដូច្នោះ បើកភ្នែកក្រឡោតធំៗ រីករាយសប្បាយចិត្តណាស់លាន់មាត់ថា៖ អេះប៉ែអាតាយហោង អាឯងស្លាប់ខ្លួនឯងហើយតើ! ពោលដូច្នេះហើយក៏ស្រាយអន្ទាក់ចេញពីប្រើស ដោះរួចស្រេច ភ្លេចខ្លួនអាល័យតែរៀបចំអន្ទាក់ ស្រាប់តែក្អែកស្រែកឲ្យសញ្ញាក្វកៗ ប្រើសក៏ក្រោកឡើងស្ទុះបោលផ្លោះប្រិចដូចគេបោះពួយលឿនស្លៅសំដៅព្រៃបោក ឯអ្នកស្រែស្រឡាំងកាំង ក៏ស្ទុះរលះរលាំងទៅចាប់បានដំបងគ្រវែងចោលប្រូសសំដៅទៅប្រើសនោះភ្លាម ហេតុតែកម្មតាមទាន់ពានទៅត្រូវចចកម៉ោក ដួលស្លាប់ហីនហោចទៅហោង ។ បានជាលោកពោលទុកថា៖ 

៨៣- បុណ្យបាបដែលបុគ្គលធ្វើទុកក្នុងលោកនេះ មានកម្លាំងប្លែកចម្លែកអស្ចារ្យណាស់ តែងឲ្យផលតបស្នងវិញយ៉ាងយូរ៣ឆ្នាំ ឬក៏៣ខែ ពុំនោះ៣កប្ប បើពុំនោះត្រឹម៣ថ្ងៃ ។ 

ព្រោះហេតុនោះបានជាខ្ញំុ (កណ្ដុរហិរណ្យកៈ) និយាយជាភាសិតទុកខាងដើមថា៖ ការចងគ្នាជាមិត្តរវាងអ្នកស៊ី និងអ្នកត្រូវគេស៊ី ដូច្នេះជាដើម ។

ក្អែកឈ្មោះលឃុបតនកៈឆ្លើយឡើងថា៖

៨៤- ឱសម្លាញ់ជាអ្នកនិរទុក្ខដូចស្ដេចព្រាបចិត្រគ្រីព បើខ្ញុំស៊ីបងជាអាហារ ខ្លួនបងតូចម្លេះមិនស្កប់ផ្ទៃខ្ញុំទេ កាលបើបងរស់នៅ ខ្ញុំក៏ឈ្មោះថារស់នៅដែរ ។ 

៨៤- ទោះបីសត្វតិរច្ឆាន ដែលប្រព្រឹត្តល្អតែម្យ៉ាង វិស្សាសនៈស្និទ្ធស្នាល អាចធ្វើឲ្យគេឃើញជាក់ស្ដែងបាន ដូចសភាពលោកសប្បុរសទាំងឡាយ នឹងថាវិលត្រឡប់ទៅផ្សងក៏ឥតអង្គឺមាន ព្រោះលោកមានសភាពជាសប្បុរសជាប្រក្រតី ។

៨៦- សន្ដានចិត្តលោកសប្បុរសទាំងឡាយ សូម្បីមានសេចក្ដីក្រេវក្រោធកើតឡើង ក៏មិនប្រែប្រួលអាកប្បកិរិយា ដូចជាគេមិនអាចយកគុបស្មៅមួយគុប ទៅដុតកម្ដៅទឹកសមុទ្ទសាគរឲ្យក្ដៅពុះពោរបានឡើយ ។ 

កណ្ដុរឈ្មោះហិរណ្យកៈ បានស្ដាប់ហើយ ក៏និយាយទៅវិញថា៖ បងឯងនេះជាសត្វចិត្តរប៉ិលរប៉ូចខិលខូចណាស់ បុគ្គលមិនគប្បីចងជាមិត្តស្និទ្ធស្នេហាជាមួយនឹងសត្វរប៉ិលរប៉ូចដូច្នេះទេ ព្រោះថា៖ 

៨៧- ឆ្មា១ ក្របី១ ចៀម១ ក្អែក១ និងមនុស្សចិត្តអាក្រក់១ ទាំង៥ពួកនេះ បានសេចក្ដីចម្រើនរុងរឿង ព្រោះអាងស្នៀតវ៉ៃអែបធ្វើវិស្សាសៈស្និទ្ធស្នាល ព្រោះហេតុនោះ បុគ្គលមិនគួរគប្បីប្រគល់ឲ្យនូវវិស្សាសៈស្និទ្ធស្នាលចំពោះបុគ្គលទាំង៥ ពួកនោះឡើយ ។ 

៨៨- បើជាសត្រូវហើយ បុគ្គលកុំកប្បីចងមេត្រីជឿទុកចិត្តយ៉ាងជិតស្និទ្ធឲ្យសោះដូចជាទឹកទុកជាពុះខ្លាំងគគ្រឹកៗក៏អាចរំលត់ភ្លើងបាន ។ 

៨៩- រីមនុស្សទុជ៌ន សូម្បីប្រដាប់ខ្លួនដោយគ្រឿងអម្ពរគឺចំណេះវិជ្ជា ក៏បុគ្គលគប្បីចៀសវាងចេញឲ្យផុត ដូចសត្វអាសិរពិស សូម្បីប្រដាប់ដោយកេវមណី វានឹងមិនធ្វើឲ្យយើងមានភ័យឬអ្វី?

៩០- របស់ណាមិនអាចរបស់នោះនៅតែមិនអាចពិតប្រាកដ របស់ណាអាចរបស់នោះនៅតែអាចពិតប្រាកដ ដូចជារទេហបរទៅលើទឹកមិនបានទេ ឯទូក អុំលើគោក ក៏ទៅមិនបានដូច្នេះដែរ ។ 

៩១- នរជនណាទៅចងចិត្តស្និទ្ធស្នាលនឹងសត្រូវ ឬនឹងភរិយាដែលមិនមានចិត្តប្រតិព័ទ្ធខ្លួនដោយអាងថាមានទ្រព្យសម្បត្តិច្រើន ជិវិតនរជននោះ ឈ្មោះថាចូលទៅដល់ទីបំផុតខេត្តត្រឹមនោះហើយ ។ 

ក្អែកពោលតបទៅវិញថា៖ ខ្ញុំបានស្ដាប់សម្ដីបងនិយាយសព្វគ្រប់អស់ប៉ុណ្ណឹងហើយ ក៏ដូចជាឃើញថាបងមិនព្រមព្រៀងសោះ តែទោះជាយ៉ាងណា ក៏ខ្ញុំបានតាំងចិត្តទុកជាមុនរួចហើយថា នឹងយកបងធ្វើជាមិត្តស្និទ្ធស្នេហាពិតប្រាកដឥតសង្ស័យឡើយ ថាបើមិនដូច្នោះទេ រូបខ្ញុំនឹងអត់អាហារបោកខ្លួនសម្លាប់នៅមាត់ព្រង់បងឲ្យស្លាប់ចោលបង់សៀតទៅល្អជាង ព្រោះថា៖

៩២- មនុស្សទុជ៌នចិត្តអាក្រក់សាមាន្យ ប្រៀបដូចឆ្នាំងដីបែកបាក់ប្រេះឆាក៏ឆាបរហ័សណាស់ដល់តវិញមិនជាប់ទេ ឯលោកសាធុជនចិត្តសប្បុរស ប្រៀបដូចឆ្នាំងមាស មិនងាយបាក់បែកប្រេះឆាទេដល់ផ្សាភ្ជាប់វិញក៏ងាយជាប់ ។ 

៩៣- ជាតិលោហធាតុទាំងអស់ រលាយចូលគ្នាបាន ព្រោះដែកមានការរលាយជាលក្ខណៈម្រឹគបក្សីទាំងឡាយរួបរួមចូលជាហ្វូងបាន ព្រោះមានរូបរាងសណ្ឋានជាលក្ខណៈមនុស្សល្ងង់ រួបរួមគ្នាបានព្រោះមានភ័យ និងលោភជាលក្ខណៈ ឯសាធុជនមានមហាត្ម័នរួបរួមចូលគ្នាបានដោយទស្សនាញាណ (ស្គាល់ហេតុ ស្គាល់ផល)

៩៤- មែនពិត សាធុជនចិត្តល្អ គេមើលទៅឃើញមានអាការដូចផ្លែដូង ឯអ្នកដទៃទៀត គេមើលទៅឃើញដូចផ្លែពុទ្រា មានសំបកក្រៅរលោងស្រិលគួរជាទីពេញចិត្ត ។ 

៩៥- ខ្សែមេត្រីចិត្តនៃលោកសប្បុរសទាំងឡាយ សូម្បីមានឧបសគ្គអ្វីមកផ្ដាច់ពីក្ដីស្នេហាគ្នាគុណប្រសើរមិនផ្លាស់ប្ដូរប្រែប្រួលទេ ដូចដើមឈូក សូម្បីបាក់ពាក់កណ្ដាលក៏នៅតែមានជាប់សរសែអន្លាយដែរ ។ 

៩៦- ភាពជាបុគ្គលមានចិត្តបរិសុទ្ធ ភាពជាបុគ្គលមានចិត្តស្មើក្នុងគ្រាខុសទុក្ខ ភាពជាបុគ្គលមានចិត្តមេត្តាករុណា ភាពជាបុគ្គលមានចិត្តស្រឡាញ់រាប់អាន ភាពជាបុគ្គលមានចិត្តទៀងត្រង់ ទាំងអស់នេះជាគុណសម្បត្តិនៃមិត្ត ។ 

ខ្ញុំនឹងទៅរកមិត្តសម្លាញ់ឲ្យប្រកបដោយគុណសម្បត្តិដូច្នេះ ក្រៅពីរូបបងឯណាបាន? ។ កណ្ដុរហិរណ្យកៈ លុះបានឮពាក្យក្អែកលឃុបតនកៈពោលដូច្នេះហើយ ក៏ចេញពីព្រង់មកខាងក្រៅ និយាយតបថា៖ ខ្ញុំមានចិត្តត្រេកអរចំពោះសម្ដីបងណាស់ ដូចជាបានក្រេបផឹកទឹកអម្រឹត ព្រោះថា៖ 

៩៧- កិរិយាមុជទឹកថ្លាត្រជាក់ត្រជំក្ដី កិរិយាប្រកបដោយខ្សែកដ៏ហើយដោយកែវមុត្តាក្ដី កិរិយាប្រោះព្រំរឹតរួតសព៌ាង្គកាយដោយខ្លឹមចន្ទន៍ក្ដី នឹងថាមិនធ្វើបុគ្គលដែលក្ដៅស្អុះស្អាប់ដោយកម្ដៅឲ្យត្រជាក់ស្រួលក៏មិនមែន តែមិនប្រសើរជាងសុភាសិតនៃលោកសប្បុរសទាំងឡាយ ដែលអាចចូលទៅប៉ះពាល់ដល់ចិត្តត្រជាក់មុនដោយបីតិជ្រះថ្លាដ៏ក្រៃលែង ព្រោះលោកទុកភាសិតជាត្រីមុខ ទុកដូចជាមន្ដសម្រាប់ស្រូបចិត្តលោកសប្បុរសទាំងឡាយ ។ 

៩៨- កិរិយាទម្លាយអាថ៌កំបាំងក្ដី ល្មោភសូមក្ដី ភាពជាបុគ្គលមានចិត្តរឹងរូសក្ដី ភាពជាបុគ្គលមានចិត្តរប៉ិលរប៉ូចក្ដី សេចក្ដីក្រោធច្រើនក្ដី ភាពជាបុគ្គលមិនមានសច្ចៈក្ដី ស្រវឹងឈ្លក់ក្នុងល្បែងក្ដី ទាំងអស់នេះជាគ្រឿងប្រទូសនៃមិត្ត ។ 

តាមពាក្យសម្ដីដែលបងបាននិយាយមកទាំងអស់នេះ រូបខ្ញុំមិនឃើញមានទោសជាគ្រឿងប្រទូសអ្វី សូម្បីតែមួយក៏ឥតអង្គឺមាន ព្រោះថា៖ 

៩៩- បុគ្គលគប្បីសង្កេតដឹងនូវភាពនៃបុគ្គលមានចិត្តអាក្រក់ និងភាពនៃបុគ្គលពោលពាក្យសច្ចៈដោយទឹកប្រយោគសម្ដី បុគ្គលគប្បីមើលឃើញនូវភាពនៃបុគ្គលមានចិត្តមិននឹងធឹង និងភាពនៃបុគ្គលមានចិត្តមិនរប៉ុលរប៉ូចដោយឃើញប្រត្យនឹងភ្នែក ។ 

១០០- មែនពិត មេត្រីចិត្តនៃបុគ្គលមានចិត្តបរិសុទ្ធមានសភាពម្យ៉ាង ឯសម្ដីនៃបុគ្គលមានចិត្តអាក្រក់ខិលខូចមានសភាពម្យ៉ាងទៀត ។

១០១- មនុស្សចិត្តអាក្រក់ ចិត្តគិតផ្សេង សម្ដីនិយាយផ្សេងទៀត កិរិយាប្រព្រឹត្តធ្វើផ្សេងទៅទៀត ឯបុគ្គលមានមហាត្ម័នចិត្តគិតសម្ដីនិយាយប្រព្រឹត្តធ្វើតែមួយ ។ 

ប្រពៃហើយ! ប្រពៃហើយ! សូមឲ្យបងបានសម្រេចតាមប្រាថ្នាកុំបីឃ្លាត លុះនិយាយដូច្នោះហើយ កណ្ដុរហិរណ្យកៈព្រមព្រៀងចងស្ពានមេត្រីរាប់អានជាមួយនឹងក្អែកលឃុបតនៈ រៀបចំភោជនាហារដ៏ពិសេសឲ្យក្អែកបរិភោគស្កប់ស្កល់ ហើយក៏លាចូលទៅកាន់ព្រង់របស់ខ្លួនដូចប្រក្រតីដើមវិញ ឯក្អែកក៏លាត្រឡប់ទៅកាន់លំនៅខ្លួនវិញហោង ។ ចាប់ដើមតាំងពីថ្ងៃនោះរៀងមក ក្អែកលឃុបតនៈតែងហើរទៅជួបសន្ទនាជាទីរីករាយសប្បាយជាមួយកណ្ដុរហិរណ្យកៈ ចែកអាហារគ្នាបរិភោគតាមមានតាមបានសួរសុខទុក្ខទៅវិញទៅមក ធ្វើធម្មតាសាកច្ឆាសាកសួរគ្នាពីគតិលោក គតិធម៌រឿយៗ ដោយសេចក្ដីស្និទស្នាលដ៏ក្រៃលែងអស់កាលយូរអង្វែង ។ 

ថ្ងៃមួយ ក្អែកលឃុបតនកៈនិយាយប្រឹក្សាជាមួយកណ្ដុរហិរណ្យកៈថា៖ ហៃសម្លាញ់! ទីនេះសត្វក្អែកពិបាករកចំណីអាហារចិញ្ចឹមជីវិតណាស់ ខ្ញុំគិតថាលះបង់ទីឋាននេះ ហើយនឹងហើរទៅស្វែងរកទីឋានឯទៀត ដែលងាយរកចំណីអាហារបរិភោគចិញ្ចឹមជីវិតជាងទីនេះ ។

កណ្ដុរហិរណ្យកៈស្ដាប់ពាក្យក្អែកហើយ មានចិត្តបារម្ភទើបសួរទៅថា៖ នែសម្លាញ់! សម្លាញ់គិតទៅនៅទីឋានឯណាវិញ? ព្រោះថា៖

១០២- អ្នកមានប្រាជ្ញា កាលដែលលើកជើងក្រោយ លុះត្រាតែជើងមុខជាន់ស៊ុបហើយគឺថារកទីឋានឯទៀតបានហើយ ទើបលះបង់ទីឋានចាស់ចោលបាន ។

ក្អែកប្រាប់ថា ទីឋានដែលខ្ញុំបានពិនិត្យមើលឃើញថាល្អនោះ មានមួយកន្លែង ។ កណ្ដុរហិរណ្យកៈសួរទៅវិញថា៖ ចុះទីឋាននោះនៅឯណា? ។ ក្អែកប្រាប់ថា៖ មានស្រះមួយទឹកថ្លាយល់ដីឈ្មោះកប៌ូរគោរៈ (មានពណ៌ដូចកប៌ូរ)  ស្ថិតនៅក្នុងព្រៃទណ្ឌក មានអណ្ដើកមួយឈ្មោះមន្ថរៈជាមិត្តសម្លាញ់ខ្ញុំចិត្តថ្លើមល្អណាស់ អាស្រ័យនៅក្នុងស្រះនោះ ព្រោះថា៖ 

១០៣- ការគ្រាន់តែប្រដៅនរជនទាំងឡាយដទៃឲ្យគេបានជាបណ្ឌិត នរណាក៏ធ្វើបានងាយ តែការទូន្មានឯងឲ្យប្រព្រឹត្តទៅតាមគន្លងធម៌ជាការក្រ ធ្វើបានចំពោះតែបុគ្គលមានមហាត្ម័ន ។ 

អណ្ដើកមន្ថរៈជាសម្លាញ់ខ្ញុំ មុខជាធ្វើបដិសណ្ឋារៈទទួលដោយគ្រឿងភោជនាហារដ៏ឆ្ញាញ់ពិសាក្រៃលែង ។ កណ្ដុរហិរណ្យកៈឆ្លើយតបទៅវិញថា៖ បើដូច្នោះមែន រូបខ្ញុំនឹងក្រាញនៅក្នុងទីនេះតែម្នាក់ឯងធ្វើអ្វី ព្រោះថា៖ 

១០៤- ប្រទេសឯណា មិនមានគេរាប់អាន មិនមានផ្លូវរកស៊ីចិញ្ចឹមជិវិត មិនមានញាតិសន្ដានផៅពង្ស ឬក៏មិនមានវិទ្យាគមចម្រើនចំណេះវិជ្ជា បុគ្គលគប្បីលះបង់ប្រទេសនោះចេញ ។

១០៤- លោកយាត្រា (ការលក់ដូរ) ១ សេចក្ដីភ័យ១ អាម៉ាស់១ មេត្តាករុណា១ ការបរិច្ចាកទាន១ ទីឋានណាមិនមានធម៌៤ប្រការនេះទេ បុគ្គលមិនគប្បីតាំងពីឋានអាស្រ័យនៅ នៅក្នុងទីនោះឡើយ ។ 

១០៦- មនុស្សសងបំណុលគេ១ គ្រូពេទ្យ១ សមណព្រាហ្មណ៍ចេះដឹងវេទ១ ទន្លេមានទឹកថ្លាបរិសុទ្ធ១ នែសម្លាញ់! ទីឋានណាមិនមានវត្ថុ៤ប្រការនេះទេ បុគ្គលមិនគប្បីតាំងលំនៅ ក្នុងទីឋាននោះឡើយ ។ 

កណ្ដុរហិរណ្យកៈ បន្ដនិយាយថា៖ សម្លាញ់អើយ! បងចូរនាំគ្នាទៅជាមួយផង ។ ក្អែកនាំកណ្ដុរហិរណ្យកៈទៅ កាលបណ្ដើរគ្នាទៅនិយាយសន្ទនាគ្នាជាទីរីករាយ សប្បាយក្សេមក្សាន្តតាមដំណើរផ្លូវរៀងទៅត្រាតែដល់ស្រះនោះ ។ ឯអណ្ដើកមន្ថរៈ កាលឃើញសត្វទាំងពីរបណ្ដើរគ្នាត្រសងតាំងពីចម្ងាយមក រីករាយសប្បាយចិត្តណាស់ ធ្វើបដិសណ្ឋារដ៏ខ្ពង់ខ្ពស់ តាមដែលបានគិតទុកមុន ទទួលក្អែកព្រមទាំងកណ្ដុរហិរណ្យកៈជាភ្ញៀវថ្មីដោយសក្ការៈរាប់អានដ៏ក្រៃលែង ព្រោះថា៖ 

១០៧- ទោះក្មេងតូច ឬកម្លោះក្រមុំ ពុំនោះចាស់ព្រឹទ្ធាចារ្យក៏ដោយ ដែលជាភ្ញៀវមកដល់ផ្ទះហើយ បុគ្គលគប្បីរៀបចំគ្រឿងសក្ការរាប់អានដល់ជននោះៗ ព្រោះអ្នកទាំងនោះមកដល់ផ្ទះហើយលោកទុកជាគ្រូទាំងអស់ ។ 

១០៨- ព្រះអគ្គីជាគ្រូនៃព្រាហ្មណ៍ទាំងឡាយ ព្រហ្មណ៍ជាគ្រូនៃវណ្ណៈឯទៀត ប្ដីជាគ្រូនៃភរិយាទាំងឡាយ ឯភ្ញៀវដែលមកដល់ផ្ទះជាគ្រូជនទាំងអស់ ។ 

ខណៈនោះ ក្អែកលឃុបតនកៈនិយាយឡើងថា៖ ហៃបងសម្លាញ់មន្ថរៈ សូមសម្លាញ់រៀបទទួលភ្ញៀវថ្មីនេះឲ្យជាពិសេស ព្រោះថាភ្ញៀវថ្មីនេះ ជាស្ដេចកណ្ដុរឈ្មោះហិរណ្យកៈ ជាកំពូលនៃអ្នកប្រព្រឹត្តធ្វើបុណ្យទានទាំងឡាយ ជាកែវមុត្តានៃមនុស្សមានមេត្តាករុណាទាំងឡាយ បើទុកជាស្ដេចនាគមានជីវ្ហារ២០០០ ខ្ញុំជឿថាមិនអាចនឹងពោលសរសើរពីកត្តិគុណស្ដេចកណ្ដុរនេះឲ្យអស់បានឡើយ ។ លុះក្អែកនិយាយដូច្នោះហើយ ក៏ពណ៌នារឿងស្ដេចព្រាបចិត្តគ្រីពមកថ្លាថ្លែប្រាប់ទៀត ។ អណ្ដើកមន្ថរៈបានស្លាប់ពាក្យក្អែកហើយ ក៏មានចិត្តសាទរឥតឧបមា ទើបគោរពបូជាកណ្ដុរហិរណ្យកៈដ៏ក្រៃលែង ហើយពោលពាក្យប្រស្រ័យថា៖ នៃសម្លាញ់ដ៏ចម្រើនអើយ! សូមបងមេត្តាប្រាប់ហេតុដែលនាំឲ្យមកកាន់ទីឋាននិរជនស្ងាត់ដូច្នេះឲ្យខ្ញុំបានដឹងផង! ។ កណ្ដុរហិរណ្យកៈនិយាយប្រាប់ថា៖ សូមចាំស្ដាប់ ខ្ញុំនឹងពណ៌នាពីប្រព្រឹត្តហេតុឲ្យស្ដាប់ដូចតទៅនេះ ។ 

កថាទី៤

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!