អារម្ភកថាលើកទី២

ការគប់មិត្ត (រឿងក្អែក អណ្ដើក កណ្ដុរ និងប្រើស)

កថាទី១៖ រឿងអ្នកដំណើរ និងខ្លាចាស់

កថាទី២៖ រឿងប្រើស ចចក និងក្អែក

កថាទី៣៖ រឿងត្មាត ឆ្មា និងបក្សី

កថាទី៤៖ រឿងកណ្ដុរហិរណ្យកៈ

កថាទី៥៖ រឿងពាណិជចាស់ជរា និងភរិយាក្រមុំ

កថាទី៦៖ រឿងព្រាន ប្រើស ជ្រូក ពស់ និងចចក

កថាទី៧៖ រឿងព្រះរាជា បុត្រពាណិជ និងភរិយា

កថាទី៨៖ រឿងចចក និងដំរីស្ដ

សៀវភៅអេឡិកត្រូនិក

ក្នុងប្រទេសមគធៈ មានព្រៃធំមួយឈ្មោះចម្បាកវតី ជាទីអាស្រ័យនៅនៃប្រើស និងក្អែក សត្វទាំងពីរនេះចង់គ្នាជាមិត្តស្និទ្ធស្នេហា ស្រឡាញ់គ្នាយូរយារណាស់មកហើយ ។ ប្រើសតែងត្រេកត្រអាលចរទៅស្វែងរកស្មៅជាចំណីអាហារដោយទំនើងចិត្តតាមធម្មតា ជាវិស័យសត្វឥតមានខ្លាចក្រែងរអែងរអាអ្វីឡើយ រហូតដល់មានកាយធាត់ធំមាំមួនឡើងត្រឡុចឡុច ។ សម័យមួយ មិនដឹងជាទេសកាលអ្វីបណ្ដាលឲ្យធ្លោយគំនិតភ្លាត់ខ្លួនឲ្យចចកឃើញ ។ ឯចចក លុះឃើញប្រើសហើយ ក៏ត្រេកអរកខិបកខុបនឹកត្រិះរិះគិតរកឧបាយថា៖ ធ្វើដូចម្ដេចអេះ អាត្មាអញនឹងបញ្ឆោតបោកវ៉ែអែបឲ្យស្និទ្ធ ទាល់តែស្លាប់ចិត្តជាមុនសិន ។ ចចកគិតរកឧបាយកលឃើញហើយ ក៏ដើរចូលទៅសុំជួបនឹងប្រើស ស្រែកសួរពីចម្ងាយថា៖ អឺសម្លាញ់អើយ?  អ្នកបានប្រកបដោយសេចក្ដីសុខសប្បាយឬទេ? ។ ប្រើសបានឮហើយដណ្ដឹងសួរថា៖ បងឈ្មោះអ្វី? ចចកឆ្លើយប្រាប់ថា៖ ឈ្មោះក្សុទ្រពុទ្ធអាស្រ័យនៅនាព្រៃនេះ ឥតមានញាតិសន្ដានពឹងពាក់ទេ នៅត្រមង់ប្រមោចឯកោអនាថាតែម្នាក់ឯង ដូចជាមនុស្សស្លាប់ទៅហើយ ពេលនេះ មានភ័ព្វសំណាងបានសាងមកជួបនឹងបង នាំឲ្យកើតសេចក្ដីស្រឡាញ់ពេញចិត្ត ហាក់ដូចជាបានចាប់កំណើតកើតក្នុងលោកនេះជាថ្មីម្ដងទៀត ហើយបានជួបជុំញាតិសន្ដានព្រៀងលានវិញ តទៅរូបខ្ញុំសូមធ្វើជាមិត្តស្និទ្ធស្នាលជាមួយនឹងបង គ្រាន់បានជាទីពឹងពាក់បណ្ដើរគ្នាទៅមករកស៊ីតាំងពីពេលនេះតទៅ ។ ប្រើសស្លុងចិត្តជឿ ហើយឆ្លើយថា៖ មិនអីទេ! តាមចិត្តបងស្ម័គ្រចុះ ។ 

ក្សិណនោះព្រះទិនករដ៏ជាទីគោរព មានរស្មីរុងរឿងត្រចះពណ្ណរាយ ទ្រង់បររថប្រទក្សិណភ្នំព្រះសុមេរុ រសៀលជ្រៀងជ្រេទេរទន់ទាបរៀបនឹងអស្ដង្គតរលត់ចូលទៅកាន់សន្ធិយារាត្រី នៅនាភ្នំខាងបស្ចិមទិស សត្វទាំងពីរក៏លិលាបណ្ដើរគ្នាត្រសងទៅកាន់ទីលំនៅនៃប្រើស ។ កាលនោះ ក្អែកឈ្មោះសុពុទ្ធិ ដែលជាមិត្តស្និទ្ធស្នេហា និងសត្វប្រើសមកអស់កាលយូរអង្វែងហើយ កំពុងទំអាស្រ័យនៅលើមែកចំបក់នោះ លុះឃើញសត្វទាំងពីរបណ្ដើរគ្នាមកដល់ ក៏សួរទៅថា៖ ហៃសម្លាញ់ចិត្រាង្គៈ! អ្នកទីពីរនោះហ្ន៎! ត្រូវជាអ្វីនឹងបងឯង? ។ ប្រើសឆ្លើយប្រាប់ថា៖ ជាសត្វចចក ចូលមកសូមចងស្ពានមេត្រីរាប់អានយើង ។ ក្អែកក៏ពោលឡើងថា៖ នែសម្លាញ់! ការទុកចិត្តចងមេត្រីរាប់អានជាមួយអាគន្តុកៈមិនស្គាល់មុខដូច្នេះមិនល្អទេ ព្រោះថា៖ 

៥៦៖ អ្នកណានីមួយ មិនគួរគប្បីឲ្យទីអាស្រ័យនៅរួមគ្នាដល់មនុស្សមិនស្គាល់មុខ មានត្រកូលផ្សេងគ្នាឡើយ ដូចត្មាតឈ្មោះជរទ្ដវៈ ត្រូវគេសម្លាប់បង់ ព្រោះទោសមកពីឆ្មា ។ 

ប្រើស និងចចកសួរឡើងថា៖ រឿងនោះតើដូចម្ដេច? ។ ក្អែកថ្លាថ្លែងរឿងនោះថា៖ 

កថាទី៣

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!