អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

ពាក្យទាំងពីរម៉ាត់នេះនាំឱ្យមានបញ្ហាចោទឡើងថា៖ 

ហេតុអ្វីមនុស្សលោកគ្មានក្នុងឋាននិព្វាន មានតែក្នុងលោកធាតុ? ឋាននិព្វាន និងលោកធាតុនោះនៅឯណា? បានជាមិនឃើញមានក្នុងផែនទីភូមិសាស្ត្រសាកលលោកសព្វថ្ងៃនេះសោះ! 

បានជាមនុស្សលោក គ្មានក្នុងឋាននិព្វាននោះ ព្រោះមនុស្សលោកកើតមកពីធាតុដី ទឹក ភ្លើង ខ្យល់ អាកាសរស់នៅបានដោយធាតុដី ទឹក ភ្លើង ខ្យល់ អាកាស ។ ឯឋាននិព្វាននោះគ្មានធាតុដី ទឹក ភ្លើង ខ្យល់ អាកាសឡើយ អាស្រ័យហេតុនេះទើបមនុស្សលោកកើតមានតែក្នុងលោកធាតុប៉ុណ្ណោះ ។ ដូចជាសត្វត្រីកើតមានរស់នៅតែក្នុងទឹក មិនដែលកើតមានរស់នៅលើគោកឡើយ ។ 

ឯឋាននិព្វាននោះជាទីប្រសើរវិសេស មាននៅក្រៅលោកធាតុ សម្រាប់ផលញ្ញាណនៃព្រះខីណាស្រពអាស្រ័យនៅ ។ 

លោកធាតុ ក៏ជាឈ្មោះទីឋានដែរ គឺជាឈ្មោះទំហំលោកក្នុងមណ្ឌលចក្រវាលមួយៗ សម្រាប់មនុស្សសត្វនរក ប្រេត ទេព្ដា មារ ព្រហ្មអាស្រ័យនៅ ។ 

ក្នុងផ្ទៃលោកដែលធំល្ហល្ហេវរកជើងមេឃមិនឃើញនេះ មានលោកធាតុ ឬចក្រវាលច្រើនជាអនេកអនន្តរាប់មិនអស់ ក្នុងលោកធាតុមួយៗ គឺក្នុងចក្រវាលមួយៗនោះ មានទ្វីបធំតូចមានភ្នំ មានស្ថានសួគ៌ ស្ថានព្រហ្ម ស្ថានមនុស្ស ស្ថាននរកប្រេត មានព្រះអាទិត្យ ព្រះចន្ទ ផ្កាយ មានទន្លេ សមុទ្ទ រួមសម្ភារលោកទាំងអស់នេះមួយក្រុមៗ ហៅថាលោកធាតុមួយ ឬចក្រវាលមួយ ។ រួមលោកធាតុ ឬចក្រវាល ដែលមានរាប់មិនអស់នោះឈ្មោះថា ឱកាសលោក ប្រែថាទីវាលសម្រាប់សត្វលោកអាស្រ័យនៅ ឱកាសលោកនេះ នឹងហៅដោយសន្មតថាមហាសមុទ្ទធាតុដូច្នេះក៏បាន ព្រោះក្នុងទីវាលដ៏ធំល្ហល្ហេវរកជើងមេឃមិនឃើញនេះ ពេញព្រៀបទៅដោយធាតុ ដី ទឹក ភ្លើង ខ្យល់ អាកាស ។ 

ហេតុដែលឋាននិព្វាន និងលោកធាតុមិនឃើញមានក្នុងផែនទីភូមិសាស្ត្រសាកលលោកដែលអ្នកភូមិសាស្ត្រគូរសព្វថ្ងៃនេះ ព្រោះគេគូរតែត្រង់ឋានមនុស្សមួយ ដែលខ្លួនគេបានស្គាល់ប៉ុណ្ណោះ មិនបានគូរផែនទីគ្រប់ឋានទាំងអស់ក្នុងលោកធាតុមួយឡើយ គឺគេមិនទាន់ចេះគូរផែនទីលោកធាតុសាស្ត្រទេ គេចេះគូរតែត្រឹមផែនទីភូមិសាស្ត្រប៉ុណ្ណោះ ព្រោះអ្នកវិទ្យាសាស្ត្រសព្វថ្ងៃ គ្មានមធ្យោបាយទៅឱ្យបានជុំលោកធាតុឡើយ គេកំពុងតែខំទៅស្ថានព្រះចន្ទមួយបានដោយលំបាក ។ 

ឯឋាននិព្វាននោះ ទោះដល់ទៅសម័យវិទ្យាសាស្ត្រចម្រើនផុតលេខហើយ ក៏មិនអាចដឹងមិនអាចគូរផែនទីបានឡើយ ព្រោះជាឋាននៅក្រៅលោកធាតុ ក្រៅឱកាសលោក ។ 

ចំពោះឋាននិព្វាននេះ មានមតិខ្លះយល់ថា គ្មានទេ ព្រោះចិត្តជាអរូប ឯចិត្តនោះត្រូវចម្រាញ់ដោយសោឡសកិច្ចទាំង១៦ឱ្យកើតជាផលញ្ញាណទៀត គឺចម្រាញ់ចិត្តដែលនៅគ្រោតគ្រាតជាប់ធាតុដី ទឹក ភ្លើង ខ្យល់ អាកាសនោះ ឱ្យស្ងួតខ្សោះអស់ធាតុដើម ។ ផលញ្ញាណនោះ ឈប់កើតចាស់ឈឺស្លាប់ហើយ គឺសូន្យ បាត់តែម្ដង គ្មានការចាំបាច់ចំពោះទីស្ថានឡើយ ។ បានសេចក្ដីថា ព្រះនិព្វានដូចជាឡវិសេសមួយសម្រាប់ដុតកម្លោចចិត្តវិញ្ញាណចោល ឱ្យចប់ពូជចិត្តវិញ្ញាណមនុស្សសត្វមួយៗត្រឹមនោះ ។ 

មតិនេះប្រហែលមានសម្អាងចំពោះពុទ្ធភាសិតថា អច្ចិយថា វាតវេគេន ខីត្តំ អត្តំ មវលតី ន ទមេតិ សង្ខំ ។ ឯវំ មុនី នាមកាយោ វិមុត្តោ អត្ថំ បលេតិ ឧបេតិ សង្ខំ ។ 

ដែលប្រែថា អណ្ដាតភ្លើង ត្រូវខ្យល់បក់រលត់ទៅហើយ មិនប្រាកដថាអណ្ដាតភ្លើងនោះទៅនៅទីណាយ៉ាងណា ។ មុនីគឺព្រះខីណាស្រពដែលលះបង់នាមកាយ (សុគតហើយ) ក៏រមែងមិនប្រាកដថា ទៅនៅទីណាយ៉ាងនោះដែរ ។ 

ក្នុងពុទ្ធភាសិតនេះ ក៏មិនមែនបានសេចក្ដីថា សូន្យគ្មានអ្វីសោះដែរ គ្រាន់តែថាចិត្តព្រះខីណាស្រពនោះ មិនប្រាកដជានៅទីណា ឯទីស្ថាននោះពិតជាមានទើបមានពាក្យថា មិនប្រាកដទីណាព្រោះជាអលោកធាតុ ។ ដូចថាអណ្ដាតភ្លើងដែលរលត់ទៅ អណ្ដាតភ្លើងនោះពិតជានៅមាន ប៉ុន្តែមិនដឹងមាននៅទីណាឱ្យប្រាកដ ព្រោះអណ្ដាតភ្លើងនោះលះបង់ពណ៌ក្លិន និងកម្ដៅអស់ហើយ ។ 

មតិខ្លះទៀតយល់ថា ឋាននិព្វានមាននៅក្នុងលោកនេះឯង បើបុគ្គលណាបានសម្រេចព្រះនិព្វានហើយ ចិត្តបុគ្គលនោះឈប់ចាប់ជាតិ ជាមនុស្ស សត្វ ទេព្ដា មារព្រហ្មទៀតហើយ ព្រោះអស់ហេតុបច្ច័យ ការមិនកើតទៀតនាំឱ្យបានសុខស្ងប់ ព្រោះគ្មានការចាស់ ឈឺ ស្លាប់ ចិត្តនោះចេះតែអណ្ដែតសប្បាយតាមអាកាសដូចធូលី ។ 

មតិមួយបែបផ្សេងទៀត យល់ថាព្រះនិព្វានគ្រាន់តែជាឈ្មោះរបស់ចិត្តដែលស្ងប់ ឬឈ្មោះធម៌ដែលនាំឱ្យចិត្តស្ងប់ ឯសេចក្ដីស្ងប់នោះមិនមែនសេចក្ដីស្ងប់ធម្មតាដែលមនុស្សធ្លាប់ស្គាល់ចួបប្រទះក្នុងពេលខ្លះ ហើយបាត់បង់ទៅវិញនោះទេ គឺជាសេចក្ដីស្ងប់ទៀងទាត់ប្រាសចាកហេតុបច្ច័យ ។ វត្ថុណាដែលមានហេតុបច្ច័យតាក់តែងកាលណាអស់ហេតុបច្ច័យហើយ វត្ថុនោះរមែងចូលទៅនៅក្នុងសេចក្ដីស្ងប់ស្ងាត់របស់លោកធាតុ ឬចក្រវាលនេះឯង ។ 

មតិទាំងអស់នេះ អ្នកនិពន្ធខ្ញុំ មិនបានបដិសេធថាខុសទេ ហើយក៏មិនបានយល់ស្របថាពិតជាត្រឹមត្រូវផងដែរ ព្រោះហេតុ និងផលមិនសូវស្របគ្នា ។ 

សូមមិត្តអ្នកអានទាំងឡាយ ពិនិត្យរកសេចក្ដីពិតក្នុងរឿងព្រះនិព្វាននេះដោយយកចិត្តទុកដាក់កុំខាន ព្រោះជាបញ្ហាជីវិតពិតៗ បើបានពិនិត្យរកសេចក្ដីពិតក្នុងរឿងព្រះនិព្វាននេះឃើញហើយ គប្បីតម្រង់ដំណើរជីវិតឱ្យប្រព្រឹត្តទៅចំពោះនិព្វាននោះកុំខាន កុំបណ្ដោយឱ្យជីវិតរសាត់អណ្ដែតសាវា ស្លាប់ដូចពស់រស់ដូចកង្កែបនោះឡើយ ឯសេចក្ដីសុខចម្រើន ដែលមនុស្សលោកបានទទួលខ្លះៗក្នុងលោកនេះ ដូចជាសីលធម៌ អារ្យធម៌ វប្បធម៌ និងមនុស្សធម៌ជាដើមនោះ គឺជាកម្មរស្មីផ្សាយចេញមកពីព្រះនិព្វាននោះឯង ប៉ុន្តែមនុស្សលោកយល់ច្រឡំអស់ទាំងទ្វីបថា ព្រះនិព្វានគឺសេចក្ដីស្ងប់ជារបស់ខ្មោច មានប្រយោជន៍តែក្នុងស្រុកខ្មោច ជារឿងដោយឡែក សម្រាប់និយាយក្នុងវត្តអារាមសម្រាប់អ្នកបួស និងសម្រាប់មនុស្សចាស់ៗជិតស្លាប់ដែលឧស្សាហ៍ចូលវត្តលោកសង្ឃ ជាពិសេសគេថា សម្រាប់មនុស្សល្ងង់ មនុស្សខ្ជិល មិនមែនជាបញ្ហារបស់រដ្ឋ របស់អ្នកក្រុង របស់អ្នកពិភពលោកឡើយ ។ ឯការពិតនោះព្រះនិព្វានគឺជាវត្ថុបំណងធំបំផុតរបស់អ្នកពិភពលោកផ្ទាល់តែម្ដង ដូចសំឡេងស្រេកឃ្លានរបស់អ្នកពិភពលោកសព្វថ្ងៃ ដែលនាំគ្នាខំស្រែកទ្រហឹងពេញលោកថា សន្តិភាព សន្តិភាពនោះ តើអ្វីនាំឱ្យចេះនិយាយភាសានេះ? គឺកម្មរស្មីដែលផ្សាយចេញពីព្រះនិព្វានពិតៗនាំឱ្យចេះភាសានេះ ក្រៅពីព្រះនិព្វានចេញគ្មានភាសានេះឡើយ ។ 

ដើម្បីឱ្យបានយល់ខ្លះជាបណ្ដោះអាសន្នអំពីរឿងព្រះនិព្វានគឺឱ្យគ្រាន់តែដឹងថានិព្វាននោះវិសេសយ៉ាងណា? មានការពិតបែបណា? សូមត្រិះរិះពិចារណា តាមអត្ថបទដូចតទៅនេះ ។ 

ជាបឋម សូមលើកយកពាក្យបីម៉ាត់មកធ្វើជាប្រធានដើម្បីវែកញែកឱ្យងាយយល់គឺ៖ 

_និព្វាន

_អ្នកនិព្វាន

_ឋាននិព្វាន 

ពាក្យទាំងបីម៉ាត់នេះ បើមិនបានជាគិតច្រើនច្រឡំឈ្មោះ ធម៌ ឈ្មោះបុគ្គល និងឈ្មោះទីឋាន ការច្រឡំនេះឯងនាំឱ្យមានការបកស្រាយខុសរឿងព្រះនិព្វាន ។ 

ក/ និព្វាន ឬព្រះនិព្វាន ថាឈ្មោះធម៌ គឺឈ្មោះលោកុត្តរធម៌ទី៩ (មគ្គ៤ផល៤) ជាបរមត្ថធម៌ថ្នាក់ខ្ពស់បំផុតក្នុងទ្រឹស្ដីពុទ្ធសាសនា មាន២គឺ៖

_កិលេសនិព្វាន ធម៌រំលត់កិលេស គឺរំលត់លោភៈ ទោសៈ មោហៈ ជាដើម ។ 

_ខន្ធនិព្វាន ធម៌រំលត់ខន្ធ៥គឺរំលត់រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ។ 

ខ/អ្នកនិព្វាន ជាឈ្មោះបុគ្គលដែលបានសម្រេចនូវនិព្វានធម៌ មាន២ដែរគឺ៖

_ព្រះអរិយៈ ជាសេខបុគ្គល រាប់ពីសោតាបន្នៈឡើងទៅ ដែលលោកបានសម្រេចនូវកិលេសនិព្វាន ។ 

_ព្រះខីណាស្រព ជាអសេខបុគ្គលដែលលោកបានសម្រេចនូវខន្ធនិព្វាន ។ 

ចំណែកខាងអ្នកពិភពលោក និងពុទ្ធបរិស័ទទាំងឡាយជាបុថុជ្ជនដែលកំពុងស្វែងរកសន្តិភាព កំពុងបួសរៀន ធ្វើទានសីលភាវនាសព្វថ្ងៃនេះក៏ឈ្មោះថាអ្នកនិព្វានបានដោយសន្មតដែរ ព្រោះមានបំណងដើម្បីសន្តិភាពដើម្បីនិព្វាន ។ 

គ/ឋាននិព្វាន ទីលំនៅរបស់អ្នកនិព្វាន មាន២ដែរគឺ៖ 

_លោកធាតុ បានដល់ពិភពលោកនេះ គឺកាមភព រូបភព អរូបភព ជាទីលំនៅរបស់អ្នកបានសម្រេចកិលេសនិព្វានគឺថាបើលោកបានសម្រចមគ្គផល ក្នុងស្ថានមនុស្ស ស្ថានទេព្តា ឬស្ថានព្រហ្ម លោកស្ថិតនៅទីនោះៗសិន ព្រោះកម្រិតកាលនៃកិលេសតណ្ហា និងអាយុសង្ខារលោកមិនទាន់អស់មិនទាន់ដល់ ។ ឯព្រះអរិយបុគ្គលដែលលោកបានសម្រេចកិលេសនិព្វាននេះលោកទៅចាប់ជាតិកើតក្នុងទេវលោកមនុស្សលោក ព្រហ្មលោកនេះ ១ជាតិ ២ជាតិ ៣ជាតិ រហូតដល់៧ជាតិទៀត តាមនិស្ស័យវាសនារបស់លោក ទើបសម្រេចខន្ធនិព្វានក៏មាន ។ 

_អលោកធាតុ ឬនិព្វានដ្ឋាន ទីស្ថានវិសេសមិនទាក់ទងចំពោះធាតុដី ទឹក ភ្លើង ខ្យល់ អាកាសដែលជាទីតួអវិជ្ជាសង្ខារ ជាទីលំនៅរបស់ផលញ្ញាណនៃព្រះខីណាស្រពទាំងឡាយដែលលោកបានសម្រេចខន្ធនិព្វានហើយ ។ 

និព្វានដ្ឋាននេះ មាននៅក្រៅលោកធាតុក្រៅឱកាសលោកគឺទីស្ថាននោះឯងឈ្មោះនិព្វានដ្ឋាន គឺឋាននិព្វាន ។ ព្រោះចិត្តវិញ្ញាណមានជាន់ថ្នាក់ ឯទីស្ថានសម្រាប់ចិត្តវិញ្ញាណអាស្រ័យនៅក៏មានជាន់ថ្នាក់ដែរ ។ ដូចជាចិត្តវិញ្ញាណថ្នាក់មនុស្សសត្វត្រូវកើតអាស្រ័យនៅឋានមនុស្ស ចិត្តវិញ្ញាណ ថ្នាក់ទេព្តា ព្រហ្មមានរូបឥតរូបត្រូវកើតអាស្រ័យនៅ ឋានទេព្តា ឋានព្រហ្មមានរូបឥតរូប ចិត្តវិញ្ញាណថ្នាក់និព្វានដែលជាថ្នាក់ខ្ពស់បំផុតកំចាត់បង់អវិជ្ជាសង្ខារអស់ហើយ ត្រូវអាស្រ័យនៅក្នុងឋាននិព្វានដែលមាននៅក្រៅលោកធាតុ ក្រៅឱកាសលោក ។ 

ឯទីខាងក្រៅឱកាសលោកនេះ ពិតជាមានព្រោះមានពុទ្ធភាសិតមួយឃ្លាក្នុងគម្ពីរទីឃនិកាយត្រង់មហាបទានសូត្រដែលព្រះអរហន្តសម្ពុទ្ធបរមគ្រូ សម្ដែងអំពីប្រវត្តិរបស់ព្រះពុទ្ធវិបស្សីត្រង់សេចក្ដីអស្ចារ្យនៅពេលចុះចាប់បដិសន្ធិក្នុងផ្ទៃព្រះនាងពន្ធុមតី ជាពុទ្ធមាតានោះថា៖ 

យាបិ តា លោកន្តរិកា អឃា អសំវុតា អន្ធការតីមិសា យត្តបិមេ ចន្ទិមសុរិយា ឯវំមហិទ្ធិកាតឯវំមហានុតាវា អភាយ នានុភោន្តិ តត្ថបិ អប្បមាណោ ឪឡារោ ទិភាសោ បាតុភវតិ អតិក្កម្មេវ ទេវានំ ទេវានុភាវំ ។ 

ប្រែថា ទីណាដែលចំហទទេ នៅក្នុងទីបំផុតនៃលោកឥតមានអ្វីបាំងរាំង មានតែងងឹតសូន្យសុង សូម្បីព្រះអាទិត្យព្រះចន្ទដែលមានឫទ្ធិមានអានុភាពច្រើនយ៉ាងនេះក៏ផ្សាយពន្លឺទៅមិនដល់ក្នុងទីណា ពន្លឺភ្លឺស្វាងច្បាស់រកប្រមាណមិនបាន (ក្នុងពេលព្រះវិបស្សីពោធិសត្វចុះចាប់បដិសន្ធិនោះ) កន្លងនូវទេវានុភាពនៃទេវតាទាំងឡាយក៏កើតប្រាកដឡើងក្នុងទីនោះ ។ 

ត្រង់ពាក្យថា ទីដែលចំហទទេ នៅទីបំផុតលោក នេះឯងជាសក្ខីភាពមួយនៃការដឹងថាទីនោះគឺទីក្រៅលោកធាតុ ក្រៅឱកាស លោក ព្រោះមានពាក្យថា ទីចំហទទេ និងមានពាក្យថា នៅទីបំផុតលោក ទៀត គឺមិនមែនទីចំហទទេក្នុងលោកធាតុក្នុងឱកាសលោកនេះឡើយ ។ ពាក្យថា ទីបំផុតលោក នេះ បើនិយាយអំពីធម៌សំដៅ យកទីបំផុតនៃកាមគុណ៥ ឬទីបំផុតនៃកិលេសតណ្ហា បើនិយាយអំពីទីឋានសំដៅយកទីបំផុតភព ទីបំផុតលោកធាតុ ។ 

ត្រង់ចំណុចថា មានទីក្រៅឱកាសលោក និងមានឋាននិព្វាននៅក្រៅឱកាសលោកនេះ ប្រហែលមិត្តអ្នកអានភាគច្រើនមិនធ្លាប់គិតថា មានទេដឹង? ធ្លាប់តែយល់ថា អាកាសោ អនន្តោ អាកាសគ្មានទីបំផុត នេះឬ? តើអាកាស និងឱកាសលោកដូចគ្នាឬផ្សេងគ្នា? សូមវិនិច្ឆ័យចុះ ។ 

មតិថា ឋាននិព្វានមាននៅក្រៅលោកធាតុក្រៅឱកាសលោកនេះ មិនមែនជាមតិថ្មីចេញមកពីអ្នកនិពន្ធខ្ញុំទេ គឺជាមតិចាស់គំនិតចាស់ របស់អ្នកប្រាជ្ញទាំងឡាយពីបុរាណកាលមកប្រកបដោយហេតុផលត្រឹមត្រូវ ខ្ញុំគ្រាន់តែបញ្ជាក់ឱ្យរិតតែច្បាស់ថែមទៀតប៉ុណ្ណោះ ។ 

ក្នុងដីការអភិធម្មមានពាក្យថា លោកកន្តំ និព្វានំ ភវន្តំ និព្វានំ ប្រែថាឋាននិព្វាន ឋិតនៅទីបំផុតលោកទីបំផុតភព ។ ពាក្យថា លោកភព នេះ មាននៅក្នុងលោកធាតុក្នុងឱកាសលោក ពាក្យថា ទីបំផុត ដូចធ្លាប់ជ្រាបស្រាប់ហើយ បានសេចក្ដីថា ក្រៅដោយឡែកចាកគឺក្រៅដោយឡែកចាកលោក ចាកភព ។ នេះជាហេតុផលមួយសឱ្យឃើញថា ឋាននិព្វាន ពិតជានៅក្រៅឱកាសលោកមិនទាក់ទងនឹងធាតុ ទឹក ដី ភ្លើង ខ្យល់ ឡើយ ស្រប និងពុទ្ធភាសិតក្នុងកេវដ្ដសូត្រថា ឯត្ថ អាបោ ច បឋវី ច តេជោ វាយោ ន គាធតិ ប្រែថា ធាតុ ទឹក ដី ភ្លើង ខ្យល់ មិនតាំងនៅក្នុងឋាននិព្វាននោះឡើយ ។ 

ក្នុងអនុដីកាអភិធម្ម ដែលពន្យល់អំពីពាក្យថា លោកុត្តរចិត្ត នោះមានចងបទវិគ្គហៈពន្យល់ថា កាមរូបារូបសំខាតលោកាតោ ឧត្តាតិ តតោ វា សត្តេ ឧទ្ធំ និព្វាន តារេន្តីតិ លោកុត្តរំ ប្រែថា មគ្គញ្ញាណឯណា បានឆ្លងផុតចាកកាមលោក រូបលោក អរូបលោក មគ្គញ្ញាណនោះ ឈ្មោះលោកុត្តរៈ ម្យ៉ាងទៀតផលញ្ញាណឯណា ញ៉ាំងសត្វទាំងឡាយឱ្យឆ្លងទៅកាន់ឋាននិព្វាន ជាខាងលើចាកលោកទាំងបី ផលញ្ញាណនោះ ឈ្មោះលោកុត្តរ ។ 

អត្ថបទចុងក្រោយនេះរឹតតែមានហេតុផលច្បាស់ថែមទៀត បានទាំងប្រាប់ថា ឋាននិព្វាន ស្ថិតនៅទីបំផុតភពទិសខាងលើ ។ ឯពាក្យថាខាងលើ ឬខាងក្រោមនោះមិនជាការចាំបាច់អ្វីទេ ទោះជាទិសខាងណាក៏ដោយ ឱ្យតែទីនោះស្ថិតនៅក្រៅលោកធាតុក្រៅឱកាសលោកហើយ ឈ្មោះថាឋាននិព្វានទាំងអស់ ។ បានជាថាដូច្នេះ ព្រោះពាក្យថាលើក្រោមនេះ ជាពាក្យគ្មានខណ្ឌចប់ទេ ដូចជាអ្នកនៅស្ថានមនុស្ស មើលឃើញព្រះអាទិត្យព្រះចន្ទឃើញផ្កាយ ថានៅខាងលើខ្លួន អ្នកនៅក្នុងស្ថានព្រះចន្ទជាដើមនោះមើលឃើញពន្លឺភពដទៃទៀត ថានៅខាងលើខ្លួនទៀត ចេះតែមានលើមិនចប់ កាលបើមានលើមិនចប់ហើយ ពាក្យថាមានក្រោមក៏មិនចប់ដែរ ព្រោះឱកាសលោកគឺទីវាលសម្រាប់សត្វលោកនៅអាស្រ័យនេះធំណាស់គ្មានជើងមេឃឡើយ ។ 

បើឱកាសលោកដែលជាមហាសមុទ្ទនៃធាតុធំធេងគ្មានជើងមេឃសោះយ៉ាងនេះ ហេតុអ្វីក៏ហ៊ានថាឋាននិព្វានមាននៅក្រៅឱកាសលោកនោះ? តើត្រង់ទីណាទៅដែលហៅថាក្រៅ?

បញ្ហានេះមិនពិបាកដោះស្រាយឡើយ តាមធម្មតាលោកសច្ចៈ តែមានទុក្ខពិតជាមានសុខ មានអាក្រក់ពិតជាមានល្អ មានធំពិតជាមានតូច មានក្នុងពិតជាមានក្រៅ មានទីដែលមានធាតុ ពិតជាមានទីដែលគ្មានធាតុ ។ល។ អាស្រ័យហេតុនេះ ពាក្យថាឋាននិព្វានមាននៅក្រៅលោកធាតុក្រៅឱកាសលោកនេះជាពាក្យពិត ព្រោះមានពាក្យថា មានលោកធាតុថាមានឱកាសលោក ពិតហើយ ។ 

ឯពាក្យថាក្រៅឱកាសលោកនៅត្រង់ទីណានោះគឺនៅត្រង់ទីបំផុតនៃព្រំប្រទល់ឱកាសលោកសីមានោះឯង ដូចជាគេសួរថាទឹកដីបរទេសនៅត្រង់ទីណា? យើងអាចឆ្លើយថា នៅត្រង់ទីបំផុតនៃព្រំប្រទល់រដ្ឋសីមា ។ 

អំពីរឿងឋាននិព្វានស្ថិតនៅក្រៅឱកាសលោកនេះនៅមានពុទ្ធភាសិតច្រើនទៀតជាភស្តុតាង ដូចពុទ្ធភាសិតមានក្នុងគម្ពីរអង្កុត្តរនិកាយ នវកនិបាត សុត្តន្តបិដកត្រង់មហាវគ្គថា៖ 

បុន ចបរំ ព្រាហ្មណា ភិក្ខុ សព្វសោ នេវសញ្ញានាសញ្ញាយតនំសមតិក្កម្ម សញ្ញាវេទយិតនិរោធំ ឧបសម្បជ្ច វិហវតិ ។ បញ្ញាយស្ស ទិស្វា អាសវា បរិក្ខីណា ហោន្តិ ។ អយំ វុច្ចតិ ព្រហ្មណា ភិក្ខុ លោកស្ស អន្តមគមា លោកស្ស អន្តេ វិហរតិ តិណ្ណោ លោកេ វិសត្តិកន្តិ ។ 

ប្រែថា ម្នាលព្រហ្មណ៍ទាំងឡាយមួយទៀតភិក្ខុព្រោះកន្លងបង់ នេវសញ្ញានាសញ្ញាយតនជ្ឈានដោយប្រការទាំងពួងក៏បានអស់រលីងទៅ ព្រោះយល់ឃើញដោយប្រាជ្ញា ។ ម្នាលព្រាហ្មណ៍ទាំងឡាយ ភិក្ខុនេះតថាគតហៅថាបានដល់ទីបំផុតនៃលោកឋិតនៅក្នុងទីបំផុតនៃលោកបានឆ្លងផុតនូវតណ្ហាក្នុងលោកហើយ  

ពុទ្ធភាសិតមួយទៀត បានបញ្ជាក់យ៉ាងច្បាស់ថា ព្រះនិព្វានមានអាយតនៈដែលជាលំនៅដែនកកើត ពុទ្ធភាសិតថា៖

អត្ថិ ភិក្ខវេ តទាយនំ ។ យត្ថ នេវ បឋវី នអាបោ ន តេជោនវាយោនអាកាសានញ្ចាយតនំ ន វិញ្ញាណញ្ចាយតនំ ន អាកិញ្ចញ្ញាយតនំ ន នេវសញ្ញានាសញ្ញាយតនំ ។ នាយំ លោកោ ន បរលោកោ ន ឧភោ ចន្ទិមសុរិយា ។ តមហំ ភិក្ខវេ នេវ អាគតំ វទាមិ ន គតី ន ឋិតី ន ចុតិ ន ឧប្បត្តី ។ អប្បតិដ្ឋំ អប្បវត្តំ មនារម្មណមេវេតំ ។ ឯសេវន្តោ ទុក្ខស្ស ។ 

ប្រែថា ម្នាលភិក្ខុទាំងឡាយ អាយតនៈនោះមានក្នុងព្រះនិព្វាន ។ ក្នុងអាយតនៈមិនមានធាតុ ដី ទឹក ភ្លើង ខ្យល់ មិនមែនជា 

អាកាសាន ញ្ចាយតនៈ វិញ្ញាណញ្ចាយតនៈ អាកិញ្ចាញ្ញាយតនៈ និងមិនមែននេវសញ្ញានាសញ្ញាយតនៈឡើយ ។ អាយតនៈក្នុងលោកនេះក៏មិនមែនក្នុងលោកព្រះចន្ទព្រះអាទិត្យទាំងពីរនេះក៏មិនមែនដែរ ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនសម្ដែងនូវអាយតនៈនោះថា ជាការទៅមកជាការស្ថិតនៅ ជាការច្យុតិកើត ។ អាយតនៈនោះមិនមានទីតាំងនៅ មិនមានការប្រព្រឹត្តិទៅមិនមានអារម្មណ៍ ។ នេះឯងជាទី បំផុតទុក្ខ ។ 

ក្នុងពុទ្ធភាសិតនេះមានពាក្យថា អាយតនៈដែលប្រែថាលំនៅឬដែនកើតក្នុងលំនៅឬដែនកើតនោះគ្មានធាតុដី ទឹក ភ្លើង ខ្យល់ទេ មិនមែនស្ថានព្រហ្មមានរូបឥតរូបដែលមានឈ្មោះថាអាកាសានញ្ចាយតនៈជាដើមនោះទេ ។ ព្រះអង្គបានបញ្ជាក់ទៀតថា ជាផែនកើតក្នុងលោកនេះក៏មិនមែន ក្នុងលោកដទៃក៏មិនមែន ក្នុងលោកព្រះចន្ទព្រះអាទិត្យក៏មិនមែនដែរគឺអាយតនៈដែលប្រែថាលំនៅ ឬដែនកើតរបស់ព្រះនិព្វាននោះគ្មានក្នុងឱកាសលោកនេះ ។ លំនៅឬដែនកើតនោះ គ្មានចលនាទៅមកគ្មានទីតាំងនៅ ស្លាប់កើត និងគ្មានអារម្មណ៍ឡើយ ។ 

ត្រង់ចំណុចនេះ យើងបានដឹងច្បាស់ថា ឋានព្រះនិព្វានជាឋានវិសេសនៅក្រៅចំហាយធាតុ ដី ទឹក ភ្លើង ខ្យល់ ក្រៅឱកាសលោក ពិតជាស្ថានប្រាសចាកហេតុបច្ច័យ សមទីនៅអាស្រ័យរបស់ផលញ្ញាណនៃព្រះខីណាស្រពទាំងឡាយដែលលោកបានចម្រាញ់អស់ចំហាយធាតុហើយជាផលញ្ញាណប្រាស់ចាកហេតុបច្ច័យដូចគ្នា ។ 

ពាក្យថា អាយតនៈក្នុងពុទ្ធភាសិតនេះមានមតិខ្លះបកស្រាយថា មិនមែនជាអាយតនៈដែលប្រែថា លំនៅដែនកើត ជាទីស្ថានព្រះនិព្វាននោះទេ អាយតនៈនេះជាឈ្មោះព្រះនិព្វានគឺថាព្រះនិព្វានជាអាយតនៈ ដែលថាព្រះនិព្វានជាអាយតនៈនោះសំដៅសេចក្ដីថា ធម្មាយតនៈគឺធម្មារម្មណ៍ដែលចិត្តត្រូវពឹងផ្អែកក្នុងការឈានឡើងកាន់លោកុត្តៈធម៌ ព្រោះថាក្នុងខណៈចិត្តឡើងកាន់អរិយមគ្គនោះ អាយតនៈគឺព្រះនិព្វានមកប្រាកដក្នុងចិត្ត ។ អាស្រ័យហេតុនេះទើបចាត់ទុកព្រះនិព្វានជាអាយតនៈក្រៅ ចិត្តជាអាយតនៈក្នុង ។ 

មតិនេះប្រហែលគេយល់ថា គ្មានឋានព្រះនិព្វានទេ ។ បើគ្មានឋានព្រះនិព្វានពិតមែននោះ មតិនេះពិតជាត្រូវ ។ ត្រង់ពុទ្ធភាសិតថា មិនមែនជាអាយតនៈក្នុងលោកនេះ ។ល។ នឹងថាគ្មានអារម្មណ៍នោះខុសទៅវិញ ។ ព្រោះព្រះនិព្វានដែលមតិខាងលើនេះថាជាអាយតនៈគឺធម្មាយតនៈនោះ ជាអាយតនៈខាងក្រៅដែលជាអាយតនៈទី៦ក្នុងលោកនេះ ជាគូ និងមនាយតនៈគឺចិត្តដែលជាអាយតនៈស្រូបបានធម្មាយតនៈមកកើតជាធម្មារម្មណ៍ ធម្មារម្មណ៍នោះ មានមនាយតនៈនោះឯងជាទីតាំងនៅជាទីប្រព្រឹត្តិទៅ ។ មានន័យដូចគ្នានឹងធម្មាយតនៈក្នុងអនុស្សតិទី១០ គឺឧបសមានុស្សតិដែលយកព្រះនិព្វានជាធម្មារម្មណ៍នោះដែរ ។ ឃើញថាផ្ទុយនឹងពុទ្ធភាសិតដែលថា មិនមែនជាអាយតនៈក្នុងលោកនេះ មិនមានទីតាំងនៅមិនមានការប្រព្រឹត្តិទៅនឹងមិនមានអារម្មណ៍នោះទាំងស្រុង ។ 

ការសើរើរបស់អ្នកនិពន្ធខ្ញុំនេះ គ្រាន់តែជាមតិជំទាស់មួយសម្រាប់ពិចារណារកសេចក្ដីពិត ឱ្យឃើញសមហេតុផលក្នុងរឿងព្រះនិព្វានប៉ុណ្ណោះ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!