អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

សម្លម្ជូរត្រកួនមួយឆ្នាំង កើតមកពីសង្គមបី គឺម្ជូរនិងត្រកួនយកមកពីសង្គមរុក្ខជាតិ ត្រី និងប្រហុកយកមកពីសង្គមសត្វតិរច្ឆាន អ្នកបច្ចេកទេសខាងការផ្សំឱ្យកើតជាសម្ល យកមកពីសង្គមមនុស្សបើខ្វះសង្គមណាមួយ សម្លម្ជូរត្រកួនមួយឆ្នាំងនោះកើតឡើងមិនបានឡើយ ។ 

សម្លម្ជូរត្រកួននេះ ក៏ជាចំណីអាហាររបស់សង្គមទាំងបីដែរ គឺដំបូងជាចំណីអាហាររបស់មនុស្ស សល់ពីមនុស្សបានជាចំណីអាហាររបស់សត្វតិរច្ឆាន មានឆ្កែឆ្មាជ្រូកជាដើម សំណល់ ឬលាមករបស់មនុស្សនោះ ឬក៏រូបកាយរបស់មនុស្សសត្វដែលស៊ីសម្លម្ជូរនោះស្លាប់ទៅ រលួយកើតជាជី បានជាចំណីអាហាររបស់រុក្ខជាតិ ដល់រុក្ខជាតិដុះលូតលាស់ល្អឡើងមនុស្សសត្វយកមកធ្វើជាចំណីអាហារទៀត ចេះតែវិលកើតជាចំណីអាហារផ្ដល់ឱ្យសង្គមតៗគ្នា ដូចកង់រទេះរកចុងដើមមិនឃើញ នឹងថាសង្គមរុក្ខជាតិជាចំណីអាហារ របស់សង្គមមនុស្សសត្វតិរច្ឆានក៏ថាមិនត្រូវ នឹងថាសង្គមសត្វតិរច្ឆានជាចំណីអាហាររបស់សង្គមមនុស្ស និងសង្គមរុក្ខជាតិក៏ថាមិនត្រូវ និងថាសង្គមមនុស្សជាចំណីអាហាររបស់សង្គមសត្វតិរច្ឆាន និងសង្គមរុក្ខជាតិក៏ថាមិនត្រូវដែរ ព្រោះជាចំណីអាហារទាំងអស់គ្នា ជាអ្នកស៊ីចំណីអាហារនោះទាំងអស់គ្នា ។ ដើម្បីថាឱ្យត្រូវមានតែពាក្យមួយម៉ាត់ថា សង្គមជាចំណីអាហាររបស់សង្គម ឬថាសង្គមស៊ីសង្គម 

ហេតុអ្វីបានជាសង្គមជាចំណីអាហាររបស់សង្គម? សង្គមស៊ីសង្គមដូច្នេះ?

ដូចបាននិយាយខាងដើមហើយថា សង្គមទាំងបីកើតមកពីអវិជ្ជា និងសង្ខារ ដែលប្រមូលផ្ដុំផ្សំផ្គុំធាតុដី ទឹក 

ភ្លើង ខ្យល់ អាកាសជាធាតុរាយ ជាធាតុសុទ្ធ ឱ្យរួមចូលគ្នាជាពួកជាក្រុម ជាសង្គមនេះឯង ។ 

ឯធាតុដី ទឹក ភ្លើង ខ្យល់ អាកាសនោះមានការវិលទាក់ទងប្រាស្រ័យគ្នា ជាចំណីអាហារគ្នានិងគ្នាយ៉ាងណា សង្គមទាំងបីដែលកើតឡើង អំពីធាតុដី ទឹក ភ្លើង ខ្យល់អាកាសនោះ ក៏មានលំនាំវិលទាក់ទងប្រាស្រ័យគ្នា ជាចំណីអាហារគ្នានិងគ្នាយ៉ាងនោះដែរ គឺមានការកើតចាស់ឈឺស្លាប់ដូចគ្នា មានជីវិតដូចគ្នា ត្រូវការចំណីអាហារដូចគ្នា មានញីមានឈ្មោលដូចគ្នា ។ល។ 

សូមពិចារណាមើលចុះ! ពួកធាតុដី ទឹក ភ្លើង ខ្យល់ អាកាសនោះ មានការកើតចាស់ ឈឺ ស្លាប់ មានជីវិត ត្រូវការចំណីអាហារ ជាចំណីអាហារគ្នានិងគ្នា មានញីឈ្មោល ។ល។ ជាធម្មតារបស់ខ្លួនស្រាប់ ដូចជាធាតុដី មានដីចាស់ ដីថ្មី ដីចាស់គឺដីកើតយូរហើយ ដីថ្មីគឺដីទើបនឹងកើត ដីឈឺ ដីស្លាប់ គឺដីដែលខ្សោះ ក្រៀមរឹង អស់ជីវជាតិ និងដីដែលពុកផុយហុយប៉ើងអស់ទៅ ដីមានជីវិត គឺដីដែលចេះតែដុះចម្រើនឡើង ដីត្រូវការចំណីអាហារ គឺដីដែលត្រូវការជីវជាតិ និងធាតុទឹក ដីជាចំណីអាហារគ្នានិងគ្នា គឺដីជី ជាចំណីអាហាររបស់ដីឥតជីវជាតិ ដីខ្ពស់ជាចំណីអាហាររបស់ដីទាប អាស្រ័យហេតុធាតុដីចេះស៊ីចំណីអាហារដូច្នេះ ទើបមានពាក្យចាស់ថា ចំណីដី អាចម៍ដី ដីញីដីឈ្មោល គឺដីដែលមានធាតុញីឈ្មោលអាស្រ័យនៅ ។ ចំណែកខាងធាតុទឹក ភ្លើង ខ្យល់ អាកាសទៀត ក៏មានការកើត ចាស់ ឈឺ ស្លាប់ជាដើម ទំនងដូចធាតុដីដែរ ។ 

កាលបើអវិជ្ជាសង្ខារផ្សំផ្គុំធាតុដីទឹកភ្លើងខ្យល់អាកាសនេះបង្កើតជាសង្គមហើយ ការកើតចាស់ឈឺស្លាប់ជាដើមនោះក៏មានសភាពកាន់តែច្បាស់ឡើងៗជាលំដាប់ ដូចជាសង្គមរុក្ខជាតិមានឈើកើត គឺឈើទើបនឹងដុះ ឈើចាស់គឺឈើដែលដុះយូរហើយ ឈើឈឺគឺឈើដែលមានរោគមានមេស៊ីមានដង្កូវចៃរួបរឹតជញ្ជក់ស្រូបរសជាតិធ្វើឱ្យអន់ស្វិតក្រៀមដុះលូតលាស់មិនបានល្អ ឈើស្លាប់ គឺឈើងាប់លែងដុះលូតលាស់តទៅទៀត ឈើមានជីវិត គឺឈើកំពុងរស់នៅនឹងមានមេឈើ ពូជឈើ កូនឈើ ឈើញីឈើឈ្មោល ។ល។ ឯការស្រេកឃ្លានចំណីអាហាររបស់ឈើក៏កាន់តែច្បាស់ឡើងៗជាងធាតុនៅរាត់រាយដែលជាតួដីទឹកភ្លើងខ្យល់អាកាសសុទ្ធៗនោះ ។ លុះដល់សង្គមរុក្ខជាតិចម្រើនមកជាសង្គមសត្វតិរច្ឆានជាសង្គមមនុស្សហើយ ការកើតចាស់ឈឺស្លាប់ ការស្រេកឃ្លាន ភេទញីឈ្មោលជាដើមនោះកាន់តែច្បាស់ទាំងរូបរាងច្បាស់ទាំងសកម្មភាព ។ 

បើគេបញ្ជាក់ចង់ដឹងថែមទៀតថា ហេតុអ្វីបានជាមនុស្សសត្វនិងរុក្ខជាតិមានការកើតចាស់ឈឺស្លាប់? មានជីវិត? មានការស្រេកឃ្លាន? មានសេចក្ដីត្រូវការស៊ីជាចំណីអាហារ? និងមានញីមានឈ្មោលនោះ? គេអាចដឹងបានយ៉ាងងាយថា៖

រូបរាងកាយចិត្តវិញ្ញាណរបស់មនុស្សសត្វ និងរុក្ខជាតិនោះ គឺធាតុដីទឹកភ្លើងខ្យល់អាកាសនោះឯង ប្លែកគ្នាតែត្រង់ដីទឹកភ្លើងខ្យល់អាកាសជាធាតុសុទ្ធ មនុស្សសត្វ និងរុក្ខជាតិជាធាតុផ្សំ ដែលសង្ខារគឺចលនានៃធាតុបានផ្សំឡើងប៉ុណ្ណោះ ។ ហេតុដែលនាំឱ្យមនុស្សសត្វនិងរុក្ខជាតិមានការកើតចាស់ឈឺស្លាប់ ព្រោះធាតុសុទ្ធដែលជាវត្ថុធាតុដើមនោះមានការកើតចាស់ឈឺស្លាប់ដែរ ។ ហេតុដែលនាំឱ្យមនុស្សសត្វ និងរុក្ខជាតិមានជីវិតមានការស្រេកឃ្លាន មានសេចក្ដីត្រូវការស៊ីគ្នាជាចំណីអាហារ និងមានញីឈ្មោលនោះ ព្រោះធាតុសុទ្ធដែលជាវត្ថុធាតុដើមមានជីវិតមានការស្រេកឃ្លានមានការស៊ីគ្នាជាចំណីអាហារ និងមានញីឈ្មោលដែរ ។ 

អាស្រ័យសភាវៈពិតបែបនេះ ទើបព្រះអរហន្តសម្ពុទ្ធជាអគ្គមហាទស្សនវិទូ ព្រះអង្គបានធ្វើសន្និសីទប្រកាសសភាវៈពិតនេះក្នុងចំណោមមនុស្សលោក និងទេព្តាជាច្រើនដង ដូចក្នុងព្រះសូត្រទាំងឡាយមានសតិបដ្ឋានសូត្រជាដើម ជាពិសេសក្នុងធាតុប្បច្ចវេក្ខណវិធី ដែលជាវិធីមួយរបស់អ្នកបួសក្នុងព្រះពុទ្ធសាសនាត្រូវពិចារណារាល់ពេលទទួលបរិភោគប្រើប្រាស់នូវបច្ច័យ៤ដូចក្នុងពេលទទួលចង្ហាន់ជាដើមឱ្យពិចារណាថា៖

យថាបច្ចយំ បវត្តមានំ ធាតុមត្តមេវេតំ យទិទំ បិណ្ឌបាតោ តទុបភញ្ចកោ ច បុគ្គលោ ធាតុមគ្គកោ និស្សត្តោ និជ្ចីវោសុញ្ញោ ។

សេចក្ដីថាចង្ហាន់បិណ្ឌបាតគឺចំណីអាហារនេះជាធាតុដីទឹកភ្លើងខ្យល់អាកាសពិត គ្រាន់តែប្រព្រឹត្តទៅតាមសមគួរដល់បច្ច័យ ឯរូបអាត្មាអញដែលទទួលបរិភោគនូវចង្ហាន់នេះ ក៏ជាធាតុដែរ មិនមែនមនុស្សសត្វមិនមែនខ្លួនប្រាណតែងតែសោះសូន្យបាត់បង់ទៅដូចគ្នា ។ 

ក្នុងអត្ថបទនេះមានន័យច្បាស់លាស់ថា មនុស្សសត្វ រុក្ខជាតិ និងដីទឹកភ្លើងខ្យល់អាកាសជាធាតុដូចគ្នា មិនមែនមនុស្សសត្វ មិនមែនខ្លួនប្រាណឡើយ ។ 

បើគេចង់ដឹងថា មនុស្សជាធាតុដីទឹកភ្លើងខ្យល់អាកាសមែន ឬមិនមែននោះ គេយករូបមនុស្សម្នាក់មកពិនិត្យបញ្ជាក់រាវរក នឹងឃើញយ៉ាងងាយ គឺត្រង់ឆ្អឹងរឹងៗជាធាតុដី បើគេចង់ឃើញដីច្បាស់ភ្លាមៗ គ្រាន់តែយកដៃដុសលើស្បែកបន្តិច និងឃើញជីពិតៗដែលធ្លាប់ហៅថាក្អែល ឯទឹកមាត់ទឹកសំបោរជាដើមក្នុងខ្លួន មនុស្សនោះជាធាតុទឹក កម្ដៅក្នុងខ្លួនមនុស្សដែលគេស្ទាបទៅក្ដៅៗនោះជាធាតុភ្លើង ខ្យល់ដង្ហើមចេញចូល ជាធាតុខ្យល់ ទីស្រឡះក្នុងរន្ធត្រចៀកច្រមុះមាត់ជាដើមនោះជាធាតុអាកាស ។ កាលបើរូបកាយមនុស្សនោះស្លាប់ទៅ រលួយរលាយកើតជាដីទឹកភ្លើងខ្យល់អាកាស ដែលជាធាតុសុទ្ធដូចដើមវិញ ។ 

ត្រង់ពាក្យថា មនុស្ស សត្វ រុក្ខជាតិនោះ គ្រាន់តែសន្មតហៅតាមភ្នែកឃើញ កុំឱ្យច្រឡំគ្នា និងដីទឹកភ្លើងខ្យល់អាកាសដែលជាធាតុសុទ្ធប៉ុណ្ណោះ ។ ដូចជាគេយកដីមកសូនធ្វើរូប មនុស្សសត្វ នឹងថាមនុស្សសត្វពិតៗក៏ថាមិនត្រូវ ព្រោះវាជាដី និងថាដីពិតៗក៏ថាមិនត្រូវ ព្រោះជារូបមនុស្សសត្វ ។ 

ត្រង់ចំណុចនេះហើយ ដែលមានន័យសំខាន់បំផុតក្នុងទ្រឹស្ដីព្រះពុទ្ធសាសនា សម្រាប់មនុស្សលោក បើមនុស្សលោកបានដឹងយល់ច្បាស់លាស់ថា មនុស្ស សត្វ ជាធាតុដីទឹកភ្លើងខ្យល់អាកាសពិតៗមិនមែនមនុស្សសត្វ មិនមែនខ្លួនប្រាណហើយអស្មិមានះ គឺសេចក្ដីប្រកាន់ថា អញថាយើងថាគេនោះ ក៏គ្មានដែរ លោភៈ ទោសៈ មោហៈ ដែលហៅថា ប្រភពនៃអំពើអាក្រក់គ្រប់យ៉ាងមានការស៊ីសំណូក លួចប្លន់កេងកិប ឈ្លោះប្រកែកកាប់ចាក់ធ្វើសង្គ្រាមសង្កត់សង្កិនជិះជាន់គ្នាទៅវិញទៅមក និងសេចក្ដីស្នេហាស្រឡាញ់ស្អប់ក៏គ្មានដែរ ព្រោះដឹងស្គាល់យល់ឃើញ ពួកមនុស្សសត្វទាំងអស់សុទ្ធតែជាធាតុដី ទឹក ភ្លើង ខ្យល់ អាកាសពិតៗទៅហើយ ។ អ្នកដែលមានគំនិតយល់ឃើញច្បាស់តាមសភាវៈពិតដូច្នេះ ជាអ្នកមានប្រាជ្ញាខ្ពង់ខ្ពស់អាចបំបាត់ចោលនូវការឈឺ ចាស់កើតស្លាប់ក្នុងលោកធាតុនេះ ទៅនៅក្នុងឋានព្រះនិព្វានដែលជាទីគ្មានការកើតចាស់ឈឺស្លាប់បានព្រោះឋានព្រះនិព្វាននោះ ជាអលោកធាតុ គ្មានទាក់ទងចំពោះធាតុដីទឹកភ្លើងខ្យល់ អាកាសជាតួអវិជ្ជាសង្ខារឡើយ ។ 

ឯពាក្យថាមនុស្សលោកដែលអ្នកនិពន្ធខ្ញុំសន្មតឱ្យជាឈ្មោះសៀវភៅនេះក៏គ្មានក្នុងឋានព្រះនិព្វាននោះដែរ ព្រោះមនុស្សលោកកើតមានតែក្នុងលោកធាតុនេះឯង ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
 • Image
 • SKU
 • Rating
 • Price
 • Stock
 • Availability
 • Add to cart
 • Description
 • Content
 • Weight
 • Dimensions
 • Additional information
 • Attributes
 • Custom attributes
 • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!