អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

ពួកសត្វតិរច្ឆានទាំងឡាយដែលរស់នៅលើគោក និងក្នុងទឹកមានគោ ក្របី ដំរី សេះ ឆ្កែ ឆ្មា ស្រមោចស្រមើល ត្រី បង្កងជាដើម មិនដែលរស់នៅទីស្ងាត់តែម្នាក់ឯងឡើយ ចូលចិត្តរស់នៅរួមគ្នាជាពួកជាក្រុម ជាសង្គមដើម្បីជីវិតវាព្រោះសត្វតិរច្ឆានត្រូវការសង្គមជាចាំបាច់ជាងជីវិតរុក្ខជាតិទៅទៀត ។ 

ពួកស្មៅឈើវល្លិទាំងឡាយត្រូវការចំណីអាហារតែមួយបែបដូចគ្នាគឺដីទឹកជីវជាតិ និងធាតុអាកាស ។ ឯពួកសត្វតិរច្ឆានត្រូវការចំណីអាហារច្រើនបែបផ្សេងៗគ្នា សត្វខ្លះស៊ីស្មៅឈើវល្លិជាចំណីអាហារ សត្វខ្លះទៀតស៊ីបាយចំណីដូចពួកមនុស្សដែរ ។ ចំណីអាហារទាំងអស់នេះ កើតមានតែក្នុងសង្គម ទើបសត្វតិរច្ឆានត្រូវការសង្គមជាចាំបាច់ខានមិនបាន ។ 

សង្គមតិរច្ឆានជាសង្គមអនាធិបតេយ្យឥតច្បាប់ទម្លាប់គ្មានធម្មនុញ្ញការពារសិទ្ធិសេរីភាពសត្វក្នុងសង្គមឡើយមានតែកម្លាំងដៃជើងកម្លាំងស្នែង និងចង្កូម ជាគ្រឿងការពារសិទ្ធិសេរីភាពរៀងៗខ្លួន ។ សត្វណាមានកម្លាំងច្រើនមានស្នែងស្រួច មានចង្កូមមុត មានពិស សត្វនោះមានសិទ្ធិសេរីភាពច្រើន មានចំណីអាហារគ្រប់គ្រាន់ មានគេគោរពកោតខ្លាចច្រើន សត្វណាខ្សោយគ្មានស្នែងគ្មានចង្កូមខ្វះការតស៊ូ សត្វនោះត្រូវគេបៀតបៀនជិះជាន់សម្លាប់ចោល និងត្រូវជាចំណីគេ ។ 

សូមពិចារណាមើលចុះ សត្វធំស៊ីសត្វតូច សត្វមានអានុភាព ស៊ីសត្វគ្មានអានុភាព ដូចត្រីធំស៊ីត្រីតូច ត្រីតូចស៊ីសត្វល្អិតតូចៗដូចដង្កូវទឹក បង្គារ កំពឹសជាដើមតទៅទៀត, ក្រពើក្រពា ស៊ីត្រីទាំងធំទាំងតូច សត្វស្កាសំពោចស៊ីមាន់ទា មាន់ទាស៊ីសត្វតូចៗដូចដង្កូវ ជន្លេន កណ្ដូប ចង្រិតជាដើម សត្វខ្លា ស៊ីគោ ក្របី ដំរី សេះ ក្ដាន់ រមាំង ឈ្លូស ប្រើស ចៀម ពពែជាដើម សត្វខ្លាធំៗដែលមានអានុភាព ស៊ីខ្លាដែលទន់ខ្សោយនោះទៀត ។ ឃើញច្បាស់ថា សត្វតិរច្ឆានត្រូវការសង្គមជាចាំបាច់ខ្លាំងណាស់ ព្រោះសង្គមជាចំណីអាហាររបស់វាៗ មានជីវិតរស់នៅមានអាស្រ័យសាច់ឈាមរសជាតិរបស់សង្គម ដូចសត្វខ្លា បើវាកើតឡើងក្រៅសង្គម គឺកើតក្នុងទីស្ងាត់តែម្នាក់ឯងគ្មានសត្វអ្វីនៅជិតវាសោះនោះ វាពិតជាស្លាប់មិនខាន ។

ក្នុងសង្គមសត្វតរិច្ឆាននេះ បើមិនបានជាពិនិត្យឱ្យហ្មត់ចត់ឃើញថាសង្គមពុករលួយអាក្រក់ពេកណាស់ ប៉ុន្តែបើពិនិត្យឱ្យដិតដល់ទៅឃើញថា ក្នុងសង្គមនេះមានសេចក្ដីល្អខ្លះដែរដូចពួកសត្វខ្លះវាមានចរិយាល្អជាងពួកមនុស្សទៅទៀត ។ 

ពួកសត្វស្រមោច កណ្ដៀរ វាមានសាមគ្គីធម៌ ចេះស្ដាប់បង្គាប់តាមមេបាវា មានសេចក្ដីព្យាយាម ចេះប្រមូលសន្សំសំចៃទុកទ្រព្យសម្បត្តិជាងពួកមនុស្សភាគច្រើនឆ្ងាយណាស់ ។ 

ដូចធ្លាប់ឃើញស្រាប់ ពួកកណ្ដៀរ វាស្រុះស្រួលចិត្តគ្នាចេះស្តាប់បង្គាប់តាមមេបា ចេះធ្វើការហត្ថកម្ម ជញ្ជូនដីម្នាក់ៗជញ្ជូនម្ដងបានតែបន្តិចប៉ុនចុងម្ជុលយកទៅគរពូនធ្វើវិមានប្រាសាទច្រើនជាន់ច្រើនថ្នាក់មានល្វែងបន្ទប់រាប់មិនអស់សម្រាប់គ្រួសារវាជ្រកនៅយូរៗកើតជាដំបូកយ៉ាងធំប៉ុនកូនភ្នំ ឃើញថាគ្រាន់បើជាងមនុស្សពួកខ្លះ ដែលគិតតែស៊ីចាយហ៊ឺហា រកដំបូលផ្ទះរបស់ខ្លួនជ្រកនៅគ្មាន ។ 

ពួកសត្វស្រមោចក៏ដូច្នោះដែរ រដូវរាំងស្ងួតវាចេះរួមសាមគ្គីតាមមេបាវា ខំប្រមូលជញ្ជូនចំណីអាហារ មានគ្រាប់ស្រូវអង្ករជាដើមដើរហូរហែយកទៅគរទុកក្នុងឃ្លាំងរបស់វា ដល់ពេលមានភ្លៀងរលឹមសើមដីមិនអាចរកចំណីអាហារបានវានាំគ្នាចិញ្ចឹមជីវិតដោយស្បៀងដែលបានសន្សំទុកនោះដោយស្រួលឃើញថាមានគំនិតមារយាទប្រសើរខ្ពង់ខ្ពស់ជាងមនុស្សពួកខ្លះដែលខ្ជិលច្រអូសស៊ីចាយខ្ជះខ្ជាយមិនចេះសំចៃទុក ដល់ពេលឃ្លានហើយអត់ធ្វើឫកថោកទាបបំផុតទៅសុំទានគេ ឬខ្ចីបុលស្រូវអង្ករអំបិលប្រហុកគេយកមកបន្តជីវិត ។ មនុស្សបែបនេះអន់ជាងសត្វស្រមោចទៅទៀត ។ 

ពួកសត្វអកក៏មានចិត្តគំនិតស្មោះត្រង់តស៊ូចំពោះគ្រួសារវាណាស់ដែរ វាមានសេចក្ដីស្នេហាស្រឡាញ់កូននិងញីឈ្មោលវា ស្មោះស្ម័គ្រស្មើជីវិត បើកូនវាស្លាប់ ឬញីឈ្មោលវាស្លាប់ ឬព្រាត់ប្រាសគ្នាដោយហេតុណាមួយវាស្រែកយំវាមិនស៊ីចំណីអាហារ ហើយហើរយ៉ាងខ្ពស់ទម្លាក់បោកខ្លួនសម្លាប់ឱ្យស្លាប់តាមដែរ ។ ឃើញថា គ្រាន់បើជាងមនុស្សពួកខ្លះដែលមានចិត្តវៀចផិតក្បត់ ស្វាមីភរិយាខ្លួនជាមនុស្សសាវ៉ា មានប្ដីហើយ មានប្រុសសហាយទៀត ឬមានប្រពន្ធហើយ មានស្រីសហាយទៀត នឹងគ្រាន់បើជាងម៉ែឪខ្លះ ដែលមិនចេះថែរក្សាកូន បង្កើតកូនហើយធ្វើបាបវាយតប់ដូចខ្ញុំកំដរយកកូនទៅលក់ឱ្យគេ ឬយកកូនទៅបោះចោលក្នុងគំនរសំរាមជាដើម ។ មនុស្សបែបនេះ អន់ជាងសត្វអកទៅទៀត ។ 

ពួកសត្វកេងកងញីក៏មានសេចក្ដីស្នេហាស្រឡាញ់ស្មោះស្ម័គ្រចំពោះឈ្មោល និងកូនវាណាស់ដែរ កាលបើវាមានកូនខ្ចីហើយ វាមិនឱ្យឈ្មោលវាចេញទៅរកស៊ីឡើយ វាខ្លាចមានសហាយ ឱ្យឈ្មោលវានៅក្រុងកូនក្នុងរូងឈើ ហើយវាពាំដីស្អិត យកមកបិទជិតទុកតែរន្ធបញ្ចុកចំណីគឺវាសុខចិត្តតស៊ូនឿយលំបាករកចំណីចិញ្ចឹមឈ្មោលវាផងកូនផង ដរាបដល់ធំដុះស្លាបហើរបានទើបវាចឹកបំបែកដីឱ្យហើយចេញទាំងកូនទាំងឪមក ។ ឃើញថាគ្រាន់បើជាងស្ត្រីខ្លះដែលកាចកាឡកណ្ណីឥតចេះស្រឡាញ់ប្ដី និងកូនសោះ គិតតែពីប្រមាថជេរវាយតប់ឈ្លោះរករឿង ហើយប្រើប្ដី និងកូនឱ្យបម្រើខ្លួនដូចទាសករ ។ ស្ត្រីបែបនេះអន់ជាងសត្វកេងកងញីឆ្ងាយណាស់ ។ 

ពួកសត្វប្រឡាំងកាសញីក៏មានសេចក្ដីស្នេហាស្រឡាញ់បម្រើផ្គាប់ចិត្តថ្នាក់ថ្នមឈ្មោលវាណាស់ដែរ វាមិនឱ្យឈ្មោលវាទៅរកស៊ីឃ្លាតឆ្ងាយពីខ្លួនឡើយ គឺវាសុខចិត្តបញ្ជិះឈ្មោលវាលើខ្នងដើរទៅរកស៊ីជាមួយគ្នា កាលរកបានចំណីហើយ បញ្ចុកឈ្មោលឱ្យស៊ីមុន ទើបវាស៊ីក្រោយ។ ឃើញថាគ្រាន់បើមែនទែនជាងស្រ្តីពួកខ្លះ ដែលខ្ជិលគិតតែ

តុបតែងខ្លួន និងស៊ីចាយហ៊ឺហាជិះជាន់កប្ដី បន្តិចទារអាវសំពត់ថ្មី បន្តិចទារមាសពេជ្របន្តិចទារឡាន បន្តិចទារលុយស៊ីចាយមើលកុនល្ខោន ធ្វើបាបប្ដីឱ្យខំស៊ីសំណូក ឱ្យខំធ្វើការរហាមនឿយហត់រកពេលឈប់សម្រាកគ្មាន បើទារប្ដីមិនបានដូចចិត្តរករឿងលែងលះគ្នាទៅរកប្ដីថ្មីទៀត ។ ស្ត្រីបែបនេះអន់បំផុតជាងសត្វប្រឡាំងកាសញីទៅទៀត ។ 

ពួកសត្វមាន់ក៏មានចរិយាល្អណាស់ដែរចេះគោរពពេលវេលាទៀងទាត់មិនខ្ជិលដេកទម្រន់ឱ្យហួសពេលវេលាឡើយគឺបើដល់ពេលជិតភ្លឺហើយ វាខំស្រែករងាវដាស់មិត្តភក្តិវា និងម្ចាស់វា ឱ្យក្រោកឡើងធ្វើការងារ ។ ឃើញថា គ្រាន់បើជាងមនុស្សពួកខ្លះជាអ្នកដេកនិយម ល្មោភដេកច្រើនយកមុងកន្ទេលខ្នើយធ្វើពួកម៉ាក ថ្ងៃរះពាក់កណ្ដាលមេឃហើយក៏នៅតែបើកភ្នែកមិនរួចទន់ជ្រាយសាច់ឆ្អឹងសរសៃអស់ក្រោកមិនបានបណ្ដាលឱ្យពេលវេលាដែលសុទ្ធ តែមាសប្រាក់នោះធ្វើដំណើរទៅចោលអស់ ។ មនុស្សបែបនេះអន់ជាងសត្វមាន់ទៅទៀត ។

ពួកសត្វព្រាបក៏មានគំនិតមារយាទល្អខ្លះដែរ បើវារស់នៅក្នុងទីកន្លែងណាវាស្រឡាញ់ជាប់ចិត្តក្នុងទីកន្លែងនោះ វាចាំទិសចាំផ្លូវទៅទីកន្លែងនោះច្បាស់ ពិតប្រាកដមិនវង្វេងភ្លេច ទោះបីគេចាប់វាយកទៅលែងចោលនៅទីឆ្ងាយក៏ដោយ វាអាចហើរមករកទីកន្លែងវាបានមិនភាន់ច្រឡំឡើយ ។ ឃើញថាគ្រាន់បើជាងមនុស្សពួកខ្លះដែលរកទីកន្លែងផ្ទះសម្បែងនៅពិតប្រាកដមិនបាន ចេះតែដើរអាវ៉ាសែ គ្មានអាសយដ្ឋានពិតប្រាកដម្ដងចង់នៅភូមិស្រុកនេះ ម្ដងចង់នៅភូមិស្រុកនោះចេះតែដើរទេសរសាត់អណ្ដែតភ្លេចភូមិស្រុកដូចសំណាត់អណ្ដែតទឹកតាំងពីក្មេងដល់ចាស់រកទីភូមិឋានស្រែចម្ការច្បារដំណាំគ្មាន ។ មនុស្សបែបនេះ អន់ជាងសត្វព្រាបទៅទៀត ។ 

ពួកសត្វត្រដេវវិច ជាសត្វមានចរិយាល្អ២យ៉ាងគឺ១ វាមានការប្រុងប្រយ័ត្នជានិច្ច សូម្បីវាដេកក៏យកជើងឡើងលើដែរក្រែងមេឃធ្លាក់សង្កត់វា ២. ជាសត្វចេះប្រុងប្រយ័ត្នថែរក្សាស៊ុតរបស់វាជាងសត្វបក្សីទាំងអស់ ។ ឃើញថាគ្រាន់បើជាងមនុស្សពួកខ្លះដែលគ្មានការប្រុងប្រយ័ត្នសោះ ធ្វើការអ្វីនិយាយស្ដីអ្វីចេះតែរម៉ាំងរម៉ោកខ្ជោកខ្ជាកធ្វើឱ្យរួចតែពីដៃ និយាយឱ្យរួចតែពីមាត់នាំឱ្យមានការខុសឆ្គងភ្លាំងភ្លាត់ខកខូចខាតប្រយោជន៍ខ្លួន និងប្រយោជន៍អ្នកដទៃ ។ មនុស្សបែបនេះ អន់ជាងសត្វត្រដេវវិចទៅទៀត ។ 

ពួកសត្វចាមរីជាសត្វចតុប្បាទមាឌធំចូលចិត្តនៅទីត្រជាក់ជិតភ្នំហិមាល័យវាមានចរិយាល្អណាស់ដែរ ជាសត្វចេះថែរក្សារោមកន្ទុយរបស់វាមិនឱ្យប្រឡាក់សៅហ្មងដោយធូលីអ្វីឡើយ ទីណាដែលមានភក់ជ្រាំកខ្វក់ សូម្បីស្រេកទឹកឃ្លានចំណីយ៉ាងណាក៏វាមិនចូលទៅទីនោះដែរ ។ ឃើញថាគ្រាន់បើជាងមនុស្សភាគច្រើនដែលបណ្ដាលកាយវាចាចិត្តឱ្យប្រឡាក់សៅហ្មងដោយអំពើទុច្ចរិត អបាយមុខ មានលួចប្លន់ស៊ីសំណូកកេងកិប និងលេងល្បែងភ្នាល់ជាដើម ព្រោះតែសេចក្ដីលោភ ស្រេកឃ្លានចង់មានទ្រព្យសម្បត្តិយសស័ក្តិចង់សប្បាយ ។ មនុស្សបែបនេះ អន់ជាងសត្វចាមរីឆ្ងាយណាស់ ។ 

ពួកសត្វជីងចក់ក៏ជាគំរូមួយយ៉ាងល្អ វាចេះផ្លាស់ពណ៌សម្បុរទៅតាមទីកន្លែង បើវានៅក្នុងផ្ទះឈើផ្ទះស្លឹក ឬទីដែលមានពណ៌ខ្មៅ ខ្លួនវាប្រែពណ៌ខ្មៅ បើវានៅក្នុងផ្ទះថ្ម ឬទីដែលមានពណ៌ស ខ្លួនវាប្រែពណ៌ស ជាសត្វទាន់សម័យ ចេះផ្លាស់ប្ដូររូបកាយតាមកាលៈទេសៈបាន ។ ឃើញថាគ្រាន់បើជាងមនុស្សពួកខ្លះដែលមានកាយវាជាចិត្តឆ្គងឈ្លើយ មិនទាន់សម័យ ឬជាអ្នកទាន់សម័យហួសហេតុ គឺក្នុងកាលៈទេសៈ ឬក្នុងទីប្រជុំដែលត្រូវស្លៀកពាក់ និយាយស្ដីឈរអង្គុយបែបនេះខ្លួនធ្វើបែបនោះខុសប្លែកពីគេ នាំឱ្យគេសើចគេត្មះតិះដៀល ។ ម្យ៉ាងទៀត ដូចអ្នកចូលទៅសេពគប់នឹងមនុស្សល្អត្រឹមត្រូវហើយខ្លួននៅតែធ្វើអំពើអាក្រក់ផ្ដេសផ្ដាស់ មិនផ្លាស់ចិត្តគំនិតតាមគេសោះ ។ មនុស្សបែបនេះ អន់ជាងសត្វជីងចក់ទៅទៀត ។ 

ពួកឆ្កែឆ្មាក៏វាមានចិត្តស្មោះត្រង់ដឹងគុណណាស់ដែរអ្នកណាដែលស្រឡាញ់វា ចិញ្ចឹមវា ឱ្យបាយវាស៊ីថ្នាក់ថ្នមវាគ្រាន់តែឃើញមុខអ្នកនោះ វាចេះគួរសមបក់កន្ទុយ បន្ទាបខ្លួន បន្ទន់ស្លឹកត្រចៀកថ្លែងសេចក្ដីគោរពស្រឡាញ់ស្មោះស្ម័គ្រអស់ពីដួងចិត្ត វាជួយឈឺឆ្អាលយកចិត្តទុកដាក់ជួយធ្វើការថែរក្សាផ្ទះភូមិឋានចាប់កណ្ដុរ ការពារសត្រូវមិនឱ្យបៀតបៀនបាន មិនបាច់ស្ដីប្រដៅបង្ខំចិត្តប្រើឱ្យវាជួយឡើយ ។ ឃើញថាគ្រាន់បើជាងមនុស្សពួកខ្លះ ជាអកតញ្ញូដែលប្រមាថប្រទូសព្យាបាទស្អប់ខ្ពើមមិនចង់ជួបមុខអ្នកមានឧបការគុណរបស់ខ្លួនដោយយកលេសផ្សេងៗមកលុបបំបាត់គុណគេចោល ។ មនុស្សបែបនេះអន់គម្រក់ជាងសត្វឆ្កែឆ្មាទៅទៀត ។ 

ពួកសត្វស្លាបខ្លះដូចស្មោញប្រវឹកជាដើម វាមានសណ្ដាប់ធ្នាប់ប្រសើរណាស់ ក្នុងពេលវាហោះហើរព្ធដ៍អាកាស មានរបៀបរបបសណ្ដាប់ធ្នាប់ជាជួរត្រឹមត្រង់ឥតខ្ចោះ គឺវាហើររៀងរាយគ្នាតាមលំដាប់មេកើយមុនក្រោយកណ្ដាលបន្តបន្ទាប់គ្នាមើលទៅត្រង់ភ្លឹងដូចបន្ទាត់ គ្មានរប៉ាត់រប៉ាយ រយីករយាក ព្រោងព្រាត ច្របូកច្របល់ឡើយ ។ ឃើញថាគ្រាន់បើជាងមនុស្សពួកខ្លះដែលឥតសណ្ដាប់ធ្នាប់ គ្មានសុជីវធម៌ក្នុងការដើរនិងអង្គុយ ។ ការឥតសណ្ដាប់ធ្នាប់របស់ពួកនេះ សូម្បីគ្នាតែពីរបីនាក់ក៏ដើរ និងអង្គុយមិនត្រឹមត្រង់ជួរគ្នាដែរ ចេះតែអង្គុយផ្ដេសផ្ដាស ដើរ

ទទឹសទទាសពាសពេញផ្លូវ គ្មានចេះគោរពច្បាប់ចរាចរ ទីកន្លែងគេមិនឱ្យដើរអង្គុយ ខ្លួនដើរអង្គុយ កន្លែងគេឱ្យឈប់ខ្លួនដើរកន្លែងគេឱ្យដើរខ្លួនឈប់ ផ្លូវគេឱ្យដើរទៅ ខ្លួនដើរមក ផ្លូវគេឱ្យដើរមកខ្លួនដើរទៅ ។ល។ មនុស្សបែបនេះ អន់ជាងសត្វស្មោញប្រវឹកជាដើមនោះទៅទៀត ។ 

ដូចនិយាយមកខាងលើនេះ បញ្ជាក់ឱ្យឃើញច្បាស់ថាក្នុងសង្គមសត្វតិរច្ឆានដែលជាសង្គមអនាធិបតេយ្យឥតច្បាប់ទម្លាប់សោះនោះក៏មានឧត្តមគតិមានសេចក្ដីល្អខ្លះដែរ ដូចសង្គមសត្វស្រមោច កណ្ដៀរជាដើម ជាសង្គមមានសាមគ្គី និងសេចក្ដីព្យាយាមល្អប្រសើរ ជាងសង្គមមនុស្សខ្លះនោះដែរ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!