អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

ដើម្បីងាយរកសេចក្ដីពិត ក្នុងរឿងនេះសូមពិនិត្យមើលហេតុដើមដែលនាំឱ្យកើតជាមនុស្សដូចបាននិយាយរួចហើយថា ហេតុដើមបំផុតដែលនាំឱ្យកើតចិត្ត កើតមនុស្សនោះគឺអវិជ្ជា បានដល់ដី ទឹក ភ្លើង ខ្យល់ អាកាស ដែលមិនដឹងគំនរទុក្ខ មិនដឹងហេតុឱ្យកើតទុក្ខ និងមិនដឹងការរំលត់ទុកជាដើម ។ 

ការមិនដឹងបែបនេះ ជាតួនៃលោភៈ ទោសៈ មោហៈ ដែលហៅថាកិលេសតណ្ហា ជាពូជនៃសេចក្តីអាក្រក់ មានចិត្តនៅក្នុងចិត្តមនុស្សគ្រប់រូប ។ 

កិលេសតណ្ហានេះឯង ដែលចេះតែបណ្ដាលចិត្តឱ្យលោភលន់ចង់តែបាន ឱ្យប្រទូសព្យាបាទ ឱ្យក្រោធខឹង ឱ្យចង់គំនុំ ឱ្យលុបគុណគេ ឱ្យវាយឫកលើកខ្លួន ឱ្យច្រណែនឫស្យា ឱ្យមានសេចក្ដីកំណាញ់ ឱ្យបិទបាំងទោសខ្លួនទុក ឱ្យមានអំនួតអួតអាង ឱ្យរឹងត្អឹងចចេសមុខរឹង ឱ្យប្រណាំងប្រជែងវាសនា ឱ្យប្រកាន់ខ្លួន ឱ្យមើលងាយគេ ឱ្យស្រវឹងវង្វេងភ្លេច និងឱ្យធ្វេសប្រហែស ។ 

ថាមពលនៃចិត្ត ដែលប្រកបដោយកិលេសតណ្ហានេះឯង បណ្ដាលឱ្យមានសកម្មភាពជាក់ស្ដែងតាមផ្លូវកាយ និងវាចា គឺឱ្យហ៊ានកាប់សម្លាប់ ឱ្យហ៊ានប្លន់ឆបោកកេងកិបស៊ីសំណូក ឱ្យហ៊ានស្នេហាខុសច្បាប់ទម្លាប់ ឱ្យហ៊ាននិយាយកុហកភូតភរ ឱ្យហ៊ាននិយាយញុះញុង ឱ្យហ៊ាននិយាយចាក់ដោត និងឱ្យហ៊ាននិយាយផ្ដេសផ្ដាស់ឥតប្រយោជន៍ ។ 

កិលេសតណ្ហាដូចរាប់ឈ្មោះខ្លីៗខាងលើនេះ ជារោគជំងឺប្រចាំដួងចិត្តដូចជារោគជំងឺគ្រុន ដំបៅ ឃ្លង់ របេងជាដើម ដែលជារោគប្រចាំរូបកាយដែរ ។ 

ក្នុងពិភពលោកនេះមានអង្គការច្រើនក្រុម ច្រើនក្រសួងណាស់សម្រាប់ការងារប្រឆាំងតែនឹងរោគជំងឺទាំងពីរក្រុមនេះឯង ដូចជាក្រសួងអប់រំជាតិ ក្រសួងការពារប្រទេស ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម ក្រសួងសង្គមកិច្ច និងការងារ  ក្រសួងប្រៃសណីយ៍ទូរគមនាគមន៍ ក្រសួងសុខាភិបាល ក្រសួងឃោសនាការ និងក្រសួងធម្មការជាដើម ។ ចំពោះរោគជំងឺក្នុងរូបកាយ មិនសូវកាចសាហាវឆ្លងរាលដាលប៉ុន្មានទេ គេបង្កើតតែក្រសួងសុខាភិបាលមួយប៉ុណ្ណោះ  អាចប្រឆាំងការពាររោគជំងឺនោះបាន ។ ឯក្រសួងទាំងឡាយក្រៅពីនេះ សុទ្ធតែជាក្រសួងប្រឆាំងការពារព្យាបាលរោគជំងឺក្នុងដួងចិត្តទាំងអស់ ព្រោះរោគជំងឺក្នុងដួងចិត្តនេះកាចសាហាវឆ្លងរាលដាលខ្លាំងណាស់  បើជនណាម្នាក់កើតរោគណាមួយ មានរោគប្រទូសព្យាបាទជាដើមចំពោះជនណាម្នាក់ហើយ រោគនោះរាលដាលភ្លាមដល់ជនអ្នករងអំពើនោះ ដល់គ្រួសារ ដល់ញាតិមិត្ត ដល់ពូជសាសន៍របស់ជននោះ បណ្ដាលឱ្យកើតការប្រទូសព្យាបាទតបវិញយ៉ាងសកម្ម ញ៉ាំងមនុស្សក្នុងលោកឱ្យវិនាសអន្តរាយ ខូចសុខភាពដួងចិត្តគ្រប់ៗគ្នាគ្មានសល់ម្នាក់ ។ 

សូមជ្រាបជាពិសេសថា អ្នកដែលធ្វើអំពើអាក្រក់ទាំងអស់ក្នុងលោកនេះ សុទ្ធតែមនុស្សមានជំងឺ គឺរោគកិលេសតណ្ហា បណ្ដាលឱ្យឈឺចាប់ក្នុងដួងចិត្តជានិច្ច ទើបចេះតែធ្វើអំពើអាក្រក់ផ្សេងៗតាមសមុដ្ឋានរោគ មានតែមនុស្សអ្នកជាដែលមានសុខភាពដួងចិត្តល្អប៉ុណ្ណោះទេ ដែលអាចធ្វើអំពើល្អបានច្រើនជាងអំពើអាក្រក់ ។ 

អាស្រ័យហេតុដូចរាយរាប់មកខាងលើនេះឯង ទើបមនុស្សលោកចូលចិត្តធ្វើអំពើអាក្រក់ច្រើនជាងល្អ ព្រោះសុទ្ធតែជាមនុស្សឈឺ  បើឈឺតិចធ្វើអំពើអាក្រក់តិច ឈឺច្រើនធ្វើអំពើអាក្រក់រឹតតែច្រើន ។ 

ដើម្បីការពារព្យាបាលរោគជំងឺដួងចិត្ត រក្សាចិត្តឱ្យមានសុខភាពល្អ ឱ្យធ្វើអំពើល្អបានច្រើននោះ ព្រះអរហន្តសម្ពុទ្ធជាមហាវេជ្ជបណ្ឌិតខាងផ្លូវចិត្ត ព្រះអង្គបានរកឃើញសមុដ្ឋានរោគ រកឃើញឱសថសម្រាប់ព្យាបាលរោគ និងរកឃើញគ្រូពេទ្យអ្នកព្យាបាលរោគនោះ នៅក្នុងដួងចិត្តតែមួយជាមួយគ្នា ព្រោះអវិជ្ជា និងសង្ខារបង្កើតចិត្តមនុស្សសត្វមក ជំងឺរោគា និងឱសថសម្រាប់ព្យាបាលរោគក៏កើតព្រមមកជាមួយគ្នាជាប់នឹងដួងចិត្តដែលជាគ្រូពេទ្យនោះដែរ ។ ឯឱសថ និងគ្រូពេទ្យដទៃដែលមាននៅក្រៅដួងចិត្ត មិនអាចយកមកព្យាបាលជំងឺដួងចិត្តឱ្យសះជាបានឡើយ មានតែចិត្តរបស់ខ្លួនយកឱសថក្នុងចិត្តខ្លួនព្យាបាលខ្លួនឯង ទើបសះជារោគបាន ។ 

សូមបញ្ជាក់ថា រូបកាយមនុស្សសត្វដែលរស់នៅក្នុងលោកគឺក្នុងគំនរធាតុដី ទឹក ភ្លើង ខ្យល់ អាកាសសព្វថ្ងៃនេះ កាលបើរូបកាយមានជំងឺរោគា ត្រូវស្វែងរកឱសថដែលមានក្នុងធាតុនោះៗមកព្យាបាលទើបបានសះជា ឯជំងឺរោគាដួងចិត្តក៏ត្រូវយកឱសថក្នុងដួងចិត្តមកព្យាបាលដែរ ទើបសះជាបាន ។ 

ឱសថដែលមានក្នុងដួងចិត្ត និងវិធីព្យាបាលរោគដួងចិត្តមានរបៀបបច្ចេកទេសជាឧទាហរណ៍ខ្លះដូចខាងក្រោមនេះ៖

_រោគលោភលន់ចង់តែបាន រម្ងាប់ដោយឱសថឈ្មោះសន្តោស ការល្មមគ្រប់គ្រាន់តាមមានតាមបាន ។ 

_រោគប្រទូសព្យាបាទ រម្ងាប់ដោយឱសថឈ្មោះមេត្តា ការប្រណីរាប់រកគ្នា ។ 

_រោគក្រោធខឹង រម្ងាប់ដោយឱសថឈ្មោះអកោធៈ ការមិនក្រេវក្រោធចេះអត់អោន ។

_រោគចងគំនុំ រម្ងាប់ដោយឱសថឈ្មោះករុណា ការអាណិតអាសូរ ។ 

_រោគលុបគុណគេ រម្ងាប់ដោយឱសថឈ្មោះកតញ្ញូកតវេទិតា ការដឹងគុណតបគុណ ។ 

_រោគវាយឫកលើកខ្លួន រោគអំនួតអួតអាង រោគរឹងត្អឹងចចេសមុខរឹង និងរោគប្រណាំងប្រជែងវាសនាទាំង៤មុខ នេះ រម្ងាប់ដោយឱសថឈ្មោះអត្តញ្ញុតា ការដឹងប្រមាណខ្លួន គឺដឹងឋានៈសមត្ថភាពរបស់ខ្លួន ។ 

_រោគច្រណែនឫស្យា រម្ងាប់ដោយឱសថឈ្មោះមុទិតា ការីករាយគាប់ចិត្ត ចំពោះសុខលាភអ្នកដទៃមិនរើសមុខ ។ 

_រោគកំណាញ់ រម្ងាប់ដោយឱសថឈ្មោះចាគទានៈ ការបរិច្ចាគទាន ។ 

_រោគបិទបាំងទោសខ្លួនទុក រម្ងាប់ដោយឱសថឈ្មោះសច្ចៈ ការពិតត្រង់ ។ 

_រោគប្រកាន់ខ្លួន និងរោគមើលងាយគេ ទាំងពីរនេះរម្ងាប់ដោយឱសថតែមួយឈ្មោះអបចាយនៈ ការគោរពកោតក្រែង ។ 

_រោគស្រវឹងវង្វេងភ្លេច រម្ងាប់ដោយឱសថឈ្មោះ សតិ ការប្រុងប្រយ័ត្នស្មាតី ។ 

_រោគធ្វេសប្រហែស រម្ងាប់ដោយឱសថឈ្មោះ អប្បមាទ ការប្រុងខ្លួនមិនឱ្យភ្លាំងភ្លាត់ ។ល។ 

ត្រង់ចំណុចនេះ មិត្តអ្នកអានទាំងឡាយពិតជាមានសេចក្ដីសង្ស័យថា បើជំងឺរោគាគឺកិលេសតណ្ហាមាននៅក្នុងចិត្ត ឱសថសម្រាប់ព្យាបាលបំបាត់ជំងឺរោគានោះក៏មាននៅក្នុងចិត្ត និងគ្រូពេទ្យក៏មាននៅក្នុងចិត្តដែរ ហេតុអ្វីក៏ចិត្តនៅតែមានជំងឺរោគាទៀត បើក្នុងចិត្តនោះសុទ្ធតែឱសថ និងមានគ្រូពេទ្យប្រចាំការទៅហើយ ។

ន័យនេះមិនខុសគ្នាពីជំងឺរោគាក្នុងរូបកាយឡើយ ដូចជារូបកាយរបស់គ្រូពេទ្យ ក្នុងផ្ទះខ្លួនសុទ្ធតែឱសថហើយខ្លួនទៀតក៏ជាគ្រូពេទ្យស្រាប់ ហេតុអ្វីក៏គ្រូពេទ្យនោះនៅតែឈឺស្លាប់ដែរ ។ 

ដើម្បីរិះរកសេចក្ដីពិតក្នុងរឿងនេះថែមទៀត សូមពិចារណាអំពីសកម្មភាពអចិន្ត្រៃយ៍របស់មនុស្សម្នាក់ៗ តើមានព្រឹត្តិការណ៍យ៉ាងណាខ្លះ ក្នុងដំណើរជីវិតរៀងៗខ្លួន និងបានជ្រាបភ្លាមតាមការណ៍ពិតថា៖

ផ្នែករូបកាយមនុស្សម្នាក់ៗ មិនមែនសុទ្ធតែមានសុខភាពល្អគ្មានជំងឺរោគាទេ ហើយក៏មិនមែនសុទ្ធតែឈឺដែរ ផ្នែកខាងដួងចិត្តក៏មិនមែនសុទ្ធតែធ្វើអាក្រក់ទាំងអស់ទេ ហើយក៏មិនមែនសុទ្ធតែធ្វើល្អទាំងអស់ដែរ ដូចជាពួកចោរដែលជាភស្តុតាងនៃសេចក្ដីអាក្រក់ ក៏គង់មានពេលខ្លះ វាមានមេត្តាករុណាបរិច្ចាគទានសង្គ្រោះអ្នកដទៃដែរ ប៉ុន្តែវានៅធ្វើចោរដដែល ។ ពួកអ្នកនេសាទជាព្រានប្រមាញ់ប្រមង់ ក៏គេមានមេត្តាករុណាធ្វើបុណ្យដាក់ទាន សង្គ្រោះអ្នកក្រីក្រ ជួយស្រោចស្រង់អាយុជីវិតសត្វខ្លះដែរ ប៉ុន្តែគេនៅជាព្រានដដែល ។ 

ម្យ៉ាងទៀតពួកជនសប្បុរសមិនមែនចោរ មិនមែនអ្នកនេសាទដែលជាភស្តុតាងនៃសេចក្ដីល្អនោះ ក៏មានពេលខ្លះចិត្តគេឃោរឃៅ ក្រោធខឹង គុំគួនព្យាបាទ កាប់សម្លាប់ ស៊ីសំណូកលួចប្លន់កេងកិប សាហាវជាងចោរ ជាងអ្នកនេសាទទៅទៀត ។ សូម្បីបព្វជិតអ្នកបួសដែលបានប្ដេជ្ញាដាច់ខាតថាមិនប្រព្រឹត្តិអំពើអាក្រក់ឃោរឃៅនោះ ក៏គង់មានបព្វជិតខ្លះហ៊ានលួចប្លន់បោកប្រាស់ រហូតដល់ហ៊ានកេងកិបលួចគរុភណ្ឌទ្រព្យសង្ឃដែរ ។

ឧទាហរណ៍ខាងលើនេះ បញ្ជាក់ឱ្យឃើញច្បាស់ថា ចិត្ត និងរូបកាយដែលកើតមកអំពីអវិជ្ជា គឺជាដី ទឹក ភ្លើង ខ្យល់ អាកាសនោះ គ្មានការទៀងទាត់ឡើយ ដូចជាដី ទឹក ភ្លើង ខ្យល់ អាកាសដែលចេះតែប្រែប្រួលពីក្ដៅទៅត្រជាក់ ពីត្រជាក់មកក្ដៅ ពីរាំងទៅភ្លៀង ពីភ្លៀងមករាំងជាដើមដូច្នោះដែរ រកទីបំផុតចុងចប់មិនឃើញឡើយ ។ 

ត្រង់ចំណុចនេះហើយដែលនាំឱ្យឆ្ងល់ថា ក្នុងចិត្តមានឱសថមានគ្រូពេទ្យប្រចាំការជានិច្ច ហេតុអ្វីក៏មើលជំងឺរោគាក្នុងដួងចិត្តខ្លួនមិនកើត? គឺមកពីចិត្តជាតួគ្រូពេទ្យ មិនស្គាល់នូវការមិនទៀងដែលចេះតែវិលវល់គ្មានចុងចប់នោះឯង នាំឱ្យគ្រូពេទ្យខូចសមត្ថភាព វង្វេងទិសទី ខ្សោយកម្លាំងចិត្ត មិនអាចយកឱសថទៅព្យាបាលបំបាត់រោគដែលកើតឡើងក្នុងទីចំពោះមុខខ្លួនបាន ។ លុះតែចិត្តស្គាល់ចាំជាក់ស្ដែងនូវការមិនទៀងនោះទើបព្យាបាលបំបាត់ជំងឺរោគាក្នុងដួងចិត្តបាន ។ 

ការមិនទៀងនោះក្នុងព្រះធម៌ជាអនិច្ចំ ជាចំណុចយ៉ាងសំខាន់ ជាមេរៀនធំបំផុតប្រចាំជីវិតមនុស្សសត្វគ្រប់រូបដែលមនុស្សលោកទាំងអស់មិនត្រូវស្អប់ខ្ពើម មិនត្រូវខ្លាច ត្រូវតែស្រឡាញ់ហើយយកចិត្តទុកដាក់សិក្សាស្រាវជ្រាវពិសោធឱ្យឃើញពិតជាមិនទៀងជាក់ស្ដែងផ្ទាល់ខ្លួន កុំគ្រាន់តែសិក្សាឱ្យចេះដឹងត្រឹមទ្រឹស្ដីនោះមិនបានការទេ ព្រោះការមិនទៀងនោះជាប្រភពនៃទុក្ខសោកក្នុងវដ្ដសង្សារផង ជាប្រភពនៃសេចក្ដីសុខសន្តិភាពក្នុងលោកនេះ និងក្នុងនិព្វានផង ។ 

ការស្គាល់អនិច្ចំ គឺការមិនទៀតនោះមិនច្បាស់ ជាហេតុឱ្យមានទុក្ខសោកក្នុងវដ្ដសង្សាររកទីបំផុតគ្មាន ការស្គាល់អនិច្ចំជាក់ច្បាស់ ជាហេតុឱ្យបានសេចក្ដីសុខសន្តិភាពក្នុងលោកនេះ និងក្នុងព្រះនិព្វាន ។ 

សូមកុំច្រឡំថា អនិច្ចំ ការមិនទៀងដែលចេះតែកើតចាស់ ឈឺ ស្លាប់ មានក្រ សុខ ទុក្ខ វិនាស ចម្រើននេះ ជាអកុសល ជាធម៌ថោកទាបឡើយ ។ សូម្បីក្នុងព្រះធម៌ដែលព្រះពុទ្ធសម្ដែងអំពីត្រៃលក្ខណ៍ ក៏ព្រះអង្គចាប់សម្ដែងអំពីការមិនទៀងដែលហៅថា អនិច្ចំ នេះ ទុកជាធម៌ទី១ដែរ ។

សូមពិចារណាមើលក្នុងលោកសព្វថ្ងៃ ដែលចម្រើនរុងរឿងគ្រប់វិស័យទាំងអស់ក៏មកពីការមិនទៀតនេះឯង រុញច្រានមនុស្សលោកគ្រប់ៗគ្នាឱ្យខំប្រឹងធ្វើការ ប្រឹងសិក្សា ប្រឹងកសាងដូចជាខាងវិស័យសុខាភិបាល ដែលចម្រើនរហូតដល់ចេះកាត់តថ្លើមប្រម៉ាត់ ចេះបំបាត់រោគកាចសាហាវ ចេះបណ្ដុះធ្មេញ ចេះកែសក់សឱ្យខ្មៅជាដើមនេះ គឺមកពីមនុស្សលោកចង់ឱ្យមានសុខភាពទៀតទាត់ជានិច្ចំ ព្រោះដឹងស្គាល់នូវអនិច្ចំនោះឯង ។ 

ប៉ុន្តែសេចក្ដីសុខចម្រើនដែលកើតមានឡើង ព្រោះការប្រឆាំងនឹងការមិនទៀងបែបនេះ ត្រូវធ្លាក់ទៅក្នុងអនិច្ចំ ការមិនទៀងកាន់តែជ្រៅថែមទៀត ចៀសមិនផុតគេចមិនរួចគឺសេចក្ដីសុខចម្រើននោះមិនបានយូរប៉ុន្មានទេ នឹងប្រែជាទុក្ខសោកវិនាសអន្តរាយទៅវិញ ព្រោះមនុស្សលោកប្រើមធ្យោបាយខុសចំពោះអនិច្ចំ ទុកអនិច្ចំជាសត្រូវទៅវិញ ។ 

កំហុសនេះឯង នាំឱ្យមនុស្សលោករឹតតែមានការមិនទៀងតទៅទៀតរកទីបំផុតគ្មាន ព្រោះការប្រឆាំងនឹងអនិច្ចំ ឈ្មោះថាប្រឆាំងនឹងនិច្ចំដែរ ត្បិតនិច្ចំមាននៅក្នុងអនិច្ចំនោះឯង ។ 

ចំណែកមធ្យោបាយល្អដែលត្រូវប្រើចំពោះអនិច្ចំ ការមិនទៀងនោះ ត្រូវអនុវត្តដូច្នេះ គឺត្រូវសិក្សាពិសោធមើលឱ្យចេះដឹងជាក់ច្បាស់ពិតប្រាកដនូវទ្រឹស្ដីអនិច្ចំ យកអនិច្ចំជាមិត្តដោយយកវត្ថុធាតុទាំងអស់ដែលខ្លួនធ្លាប់ស្គាល់ជាមូលដ្ឋាន ជាពិសេសយកមិត្តមនុស្សសត្វដែលនៅជុំវិញខ្លួន និងខ្លួនយើងមកសិក្សាពិចារណាជាបថមថា រូបកាយរបស់មនុស្សសត្វទៀង ឬមិនទៀង? យើងមុខជាដឹងតាមទម្លាប់ភ្លាមថាមិនទៀងទេ កាលពីក្មេងរូបកាយរាងរៅសាច់ ស្បែក សក់ ធ្មេញល្អ ដល់ចាស់ទៅ អាក្រក់បាក់រង្គោះធូរយុរយារ ។ល។ 

កាលបើបានដឹងសើៗ ដោយមធ្យោបាយត្រូវតាមទម្លាប់ដូច្នេះហើយគប្បីរក្សាទុកការដឹងនោះឱ្យស្ថិតនៅជាប់ក្នុងចិត្តជានិច្ច កុំឱ្យភ្លេចបាត់ទៅវិញតាមទម្លាប់ គឺត្រូវឧស្សាហ៍នឹកគិតឱ្យឃើញរាល់ថ្ងៃ រាល់ពេលវេលារាល់នាទី បើ

ឱ្យរឹតតែវិសេសទៅទៀត ត្រូវឱ្យនឹកឃើញរាល់ដង្ហើមចេញចូល ដល់យូរខែឆ្នាំទៅការចេះចាំកើតមានពិតប្រាកដមិនវង្វេងភ្លេច ដួងចិត្តដែលជាគ្រូពេទ្យមានស្មារតីរឹងប៉ឹង អាចព្យាបាលជំងឺរោគាដែលកើតមានក្នុងចិត្តបាន ។ ដូចជាពេលចិត្តកើតរោគលោភលន់ឡើងអាចយកឱសថឈ្មោះសន្ដោសទៅរម្ងាប់បាន ដោយកម្លាំងដួងចិត្តខ្លួនដែលបានចេះចាំថា វត្ថុដែលបានលោភលន់ចង់បាននោះជាអនិច្ចំមិនទៀង បើបានមកហើយមិនយូរប៉ុន្មានវត្ថុនោះត្រូវស៊ីចាយអស់ ឬពុកផុយរលួយវិនាសបាត់បង់ទៅវិញផង នាំឱ្យខូចកេរ្តិ៍ឈ្មោះមានទោសផង ព្រោះការលោភលន់បានមកនោះខុសច្បាប់ទម្លាប់ទាំងខ្លួនអាត្មាអញក៏មិនទៀងត្រូវស្លាប់ក្នុងពេលឆាប់ ឬក៏យូរមិនខាន ដល់ពេលស្លាប់ទៅយកវត្ថុដែលអញកេងកិបឆបោកស៊ីសំណូកបានមកនោះទៅផងមិនកើត ជាអសារឥតការ បើបានមកក៏ដូចជាមិនបានដែរ នាំឱ្យតែមានទោសកំបាំង និងទោសចំហសៅហ្មងដល់ខ្លួនតែម្យ៉ាង ។ បើសិនជាចេះបិទបាំងទោសចំហបាន ក៏ចៀសមិនផុតពីទោសកំបាំងដែរ ព្រោះខ្លួនឯងដឹងច្បាស់ថាខ្លួនអញមានទោសប្រចាំជីវិត ដោយបានលួចកេងកិប ឬស៊ីសំណូកពីកាលនោះៗប្រាកដក្នុងចិត្តខ្លួនដែលមានខ្លួនជាសាក្សីរបស់ខ្លួនស្រាប់ មិនអាចគិតគូរសូកបុគ្គលណាឱ្យជួយដោះសាបានឡើយ ។ 

កាលបើមនុស្សលោកមានចិត្តគំនិតជាបញ្ញវន្តត្រឹមត្រូវចេះដឹងស្គាល់នូវទ្រឹស្ដីមិនទៀតបែបនេះហើយ ឱសថឈ្មោះ សន្តោស ការល្មមគ្រប់គ្រាន់តាមមានតាមបានជ្រាបចូលទៅក្នុងដួងចិត្ត បំបាត់នូវរោគលោភលន់បានមួយរំពេច មិនរំភើបញាប់ញ័រចិត្ត ព្រោះឃើញគេមានទ្រព្យយសស័ក្ដិថ្កុំថ្កើងដោយការលោភលន់កេងកិបស៊ីសំណូកនោះឡើយ ត្រឡប់ជាមានចិត្តសង្វេគ សម្គាល់អ្នកលោភលន់នោះជាមនុស្សល្ងង់ដូចសត្វមមាចទៅវិញ ។ ឯចិត្តអ្នកដែលមានជាតិថ្នាំសន្តោសជ្រួតជ្រាបហើយនោះ ជាចិត្តល្អស្អាត មានរបៀបរបបសណ្ដាប់ធ្នាប់ត្រឹមត្រូវចង់បានចង់មានចង់ធំតែតាមច្បាប់ទម្លាប់ យកសេចក្ដីចេះដឹងទាំងអស់ដែលខ្លួនមានប្រើតែតាមច្បាប់ទម្លាប់ អាចញ៉ាំងសេចក្ដីព្យាយាម រកព្យាយាមធ្វើឱ្យចម្រើនឡើងជាអតិបរមា ព្រោះការរកការធ្វើតាមច្បាប់ទម្លាប់ត្រូវប្រើព្យាយាមធំ ទើបបានផលច្រើនសមតាមសេចក្ដីត្រូវការថែមទាំងមានចិត្តក្លាហានមិនចេះខ្លាចស្លាប់ទៀតព្រោះដឹងច្បាស់ថាពិតជាស្លាប់ដាច់ខាតទៅហើយ ។ 

ចំណែកអ្នកដែលគ្មានធម៌សន្តោស ដូចមនុស្សលោកភាគច្រើនសព្វថ្ងៃនេះ ជាមនុស្សទម្រន់ខ្ជិលចង់តែសស្រណុកខ្លាចស្លាប់មានព្យាយាមតិច ហើយមានការលោភលន់ចង់បានច្រើនលើសលប់ មិនអាចប្រើធម៌សន្តោសកើតឡើយ ទាល់តែប្រើការរំលោភខុសច្បាប់ទម្លាប់ លួចប្លន់កេងកិបស៊ីសំណូក ឬលក់ខ្លួនលក់ជាតិ ទើបបានផលច្រើនដូចបំណង ខំយកចំណេះវិជ្ជាដែលខ្លួនមានទាំងប៉ុន្មានទៅបម្រើតែសេចក្ដីលោភប៉ុណ្ណោះ ។ នេះជាសច្ចភាព មិនមែនដូចធ្លាប់យល់ស្មានថា អ្នកដែលមានធម៌សន្ដោសត្រេកអរតែតាមមានតាមបាននោះជាមនុស្សខ្ជិលទម្រន់រុយទំភ្នែកមិនបិទនោះឡើយ ។ 

ដូចនិយាយខាងលើនេះ គ្រាន់តែជាមធ្យោបាយបណ្ដោះអាសន្នក្នុងពេលចិត្តមានជំងឺរោគា បណ្ដាលឡើងម្ដងម្កាលប៉ុណ្ណោះទេ មិនមែនជាមធ្យោបាយ បំបាត់ជំងឺរោគាគឺកិលេសតណ្ហាឱ្យសះជាដាច់ជ្រះស្រឡះពីដួងចិត្តបានឡើយ ។ 

ឯមធ្យោបាយស័ក្តិសិទ្ធិ សម្រាប់បំបាត់ជំងឺរោគាដួងចិត្តឱ្យផុតរលត់សាបសូន្យមិនឱ្យកើតមានទៀតគឺបំបាត់អំពើអាក្រក់ទាំងអស់ចេញ ធ្វើអំពើល្អម្យ៉ាងដាច់ខាតនោះត្រូវសិក្សា និងពិសោធយ៉ាងហ្មត់ចត់តាមកម្មវិធីដូចតទៅនេះ៖ 

១.បដិបត្តិវិធីត្រូវសិក្សា ពិសោធតាមរបៀប សីល សមាធិ បញ្ញា ។ 

២. បដិវេធវិធីត្រូវសិក្សាពិសោធតាមលំដាប់នៃមគ្គផលនិព្វាន ។ 

ទ្រឹស្ដីនៃកម្មវិធីទាំងពីរនេះ មានន័យជ្រាលជ្រៅទូលំទូលាយណាស់ត្រូវសិក្សាពិសោធច្រើនជាតិកំណើតទើបសម្រេចដល់កម្រិតនៃទ្រឹស្ដីបាន ។ កាលបើបានសម្រេចដល់កម្រិតហើយអាចបំបាត់ចោលនូវការកើតចាស់ឈឺស្លាប់ និងទុក្ខសោករោគភ័យទាំងអស់បានមានតែបរមសុខម្យ៉ាងជានិច្ចំទៀងទាត់គ្មានការប្រែត្រឡប់ជានិច្ចំជាទុក្ខវិញឡើយ ។ 

ន័យនេះបញ្ជាក់ឱ្យយើងស្គាល់នូវសច្ចភាពរឹតតែច្បាស់ថែមទៀតថា បរមសុខជានិច្ចំទៀងទាត់គឺនិព្វាន កើតមកពីការប្រតិបត្តិដល់កម្រិតនៃកម្មវិធីទាំងពីរបាន កើតមកពីការស្គាល់ច្បាស់នូវអនិច្ចំការមិនទៀង អនិច្ចំកើតមកពីអវិជ្ជា ។ 

ត្រង់ចំណុចនេះសូមមិត្តអ្នកអានជ្រាបដោយខ្លីថែមទៀតថា និច្ចំ ឬនិព្វានមាននៅក្នុងអនិច្ចំ ឬអវិជ្ជា បើចង់បានបរមសុខជានិច្ចំ ឬចង់បាននិព្វាន ត្រូវស្វែងរកក្នុងទ្រឹស្ដីអនិច្ចំអវិជ្ជានេះឯងទើបបានសម្រេចដូចបំណង ។ 

(ចប់ហេតុដែលមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ)

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!