អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

បញ្ហានេះគួរឱ្យសង្ស័យដែរ ព្រោះគ្រឿងយន្តទាំងឡាយមានរថយន្តជាដើម ដែលមានរូបរាងផ្សេងគ្នាដោយសារតែម៉ាកខុសគ្នាប៉ុណ្ណោះ បើម៉ាកដូចគ្នា រូបរាងរថយន្តនោះក៏ដូចគ្នាដែរ ព្រោះពុម្ពតែមួយ ។ ឯរូបមនុស្សប្រុសស្រីវិញ កើតពីមាតាបិតាតែមួយទុកដូចពុម្ពតែមួយដែរ ហេតុអ្វីក៏មានរូបរាងមិនដូចគ្នា?

តាមការវែកញែករកសេចក្ដីពិតឃើញថា រូបកាយមនុស្សប្រុសស្រីដែលមិនដូចគ្នានោះ មកពីមានពុម្ព និងម៉ាកផ្សេងៗគ្នា គឺរូបមនុស្សម្នាក់មានពុម្ពមួយ ម៉ាកមួយ ទោះបីកើតពីមាតាបិតាតែមួយក៏មិនដូចគ្នាដែរ ព្រោះឧទរនៃមាតានោះមិនមែនជាពុម្ពជាម៉ាកសម្រាប់បោះរូបមនុស្សប្រុសស្រីឡើយ គ្រាន់តែជាបន្ទប់ឧស្ម័នសម្រាប់បណ្ដុះសម្ភាររូបឱ្យកើតបានជាសំណុំរូបកាយមនុស្សប្រុសស្រីប៉ុណ្ណោះ ។ 

ឯពុម្ព និងម៉ាករបស់រូបកាយមនុស្សប្រុសស្រីនោះ គឺកម្មអំពើរបស់ចិត្តមនុស្សម្នាក់ៗដែលប្រព្រឹត្តទៅក្នុងចរន្តវិថីបំពេញសកម្មភាពមានលក្ខណៈប្លែកៗគ្នាគ្រប់នាទី ក្នុងមួយថ្ងៃៗចិត្តផ្លាស់ប្ដូរចរន្តវិថីរាប់លានដងពីសភាពល្អទៅអាក្រក់ពីអាក្រក់មកល្អ មានចលនាមិនទៀង ចួនខឹងស្អប់ ចួនស្រឡាញ់ពេញចិត្ត ចួនគុំគួនព្យាបាទ ចួនមានមេត្តាករុណា ចួនសង្គ្រោះឱ្យទាន ចួនកំណាញ់កេងកិប ចួនសប្បាយរីករាយស្នេហា ចួនកើតទុក្ខក្រៀមក្រំ ។ល។ លក្ខណៈផ្សេងៗគ្នានៃចិត្តមនុស្សម្នាក់ៗនេះឯងឈ្មោះថាកម្ម ជាពុម្ពជាម៉ាក សម្រាប់សាងរូបកាយមនុស្សសត្វឱ្យមានលក្ខណៈប្លែកពីគ្នា គឺប្លែកតាមវិថីចិត្តរៀងៗខ្លួន ។ 

ព្រះសម្ពុទ្ធ ជាអគ្គមហាទស្សនវិទូ ព្រះអង្គត្រាស់បញ្ជាក់ត្រង់ចំណុចនេះថា មនុស្សសត្វ មានកម្មជាទ្រព្យរបស់ខ្លួន មានកម្មជាអ្នកឱ្យផល មានកម្មជាពូជកំណើត មានកម្មជាផៅពង្ស ជាម៉ាក និងមានកម្មជាទីពំនាក់អាស្រ័យ ។ល។ 

ពាក្យថា កម្ម នេះមិនមែនជាអំពើអាថ៌កំបាំង អព្ភូតហេតុនោះទេ គឺជាពាក្យសាមញ្ញងាយស្ដាប់ងាយយល់ណាស់ ដូចជាការធ្វើស្រែចម្ការឱ្យកើតផលផ្សេងៗមានស្រូវជាដើម ឈ្មោះថាកសិកម្ម ការធ្វើជំនួញជួញលក់យកផលចំណេញឈ្មោះថា ពាណិជ្ជកម្ម ការធ្វើគ្រឿងប្រដាប់ប្រើប្រាស់ឱ្យកើតផលផ្សេងៗ មានសំពត់រថយន្តជាដើមឈ្មោះថា ឧស្សាហកម្ម ការធ្វើគ្រឿងប្រដាប់សម្រាប់ជ្រកនៅរបស់ចិត្តគឺរូបកាយមនុស្សប្រុសស្រី ឈ្មោះថា ជនកកម្ម ។ល។ 

ជនកកម្មនេះ ហាក់ដូចជាមានន័យប្លែកពីកសិកម្មជាដើមនោះឆ្ងាយណាស់ ព្រោះមិនធ្លាប់គិត ប៉ុន្តែធ្លាប់ធ្វើញឹកញាប់ជាងកសិកម្មជាដើមនោះ គឺធ្លាប់ធ្វើរាល់នាទី ហើយញៀនញ៉ាមចង់តែធ្វើថែមទៀត ។ មនុស្សម្នាក់ៗគិតតាំងពីថ្ងៃកើតដល់ថ្ងៃស្លាប់ នាំគ្នាធ្វើជនកកម្មនេះគ្រប់នាទីទាំងអស់វៀរតែដេកលក់ចេញ ។ 

តើជនកកម្មនោះគឺអ្វីបានជាមនុស្សម្នាក់ៗហាក់ដូចជាមិនដឹងថាខ្លួនធ្លាប់បានធ្វើសោះ?

ជនកកម្ម គឺអំពើដែលធ្វើដោយកាយ វាចា ចិត្ត ជាពូជកំណើតរបស់មនុស្សសត្វដែលនាំចិត្តឱ្យចាប់បដិសន្ធិក្នុងកំណើតផ្សេងៗ មានអំណាចឱ្យផលតែក្នុងបដិសន្ធិកាលចំនួន ៤២ថ្ងៃប៉ុណ្ណោះ បន្ទាប់មក កម្មដទៃៗមានឧបត្ថម្ភកកម្មជាដើមឱ្យផលបន្តៗគ្នា តាមកម្លាំងរៀងខ្លួនដរាបដល់ថ្ងៃស្លាប់ទៅវិញ ទើបជនកកម្មថ្មីនាំទៅកើតទៀត ។ 

ជនកកម្មនោះមាន៤បែបគឺ៖

១. អំពើអកុសលទាំងឡាយមាន លួចប្លន់ កាប់សម្លាប់ កុហកបោកប្រាស់ ផិតក្បត់ ផឹកជក់គ្រឿងស្រវឹង កេងបំបាត់ស៊ីសំណូក និងព្យាបាទប្រមាថមើលងាយលុបគុណជាដើមដែលកើតឡើងដោយអំណាច លោភៈ ទោសៈ មោហៈ អំពើបែបនេះ ឱ្យផលជាអហេតុកអកុសលវិបាក ឈ្មោះបំកាមទុគ្គតិបដិសន្ធិជនកកម្ម នាំអ្នកធ្វើឱ្យទៅកើតក្នុងអបាយភូមិមាននរក ប្រេត តិរច្ឆានជាដើម តាមសកម្មភាពរបស់ខ្លួន ។ 

២.អំពើជាកុសលខ្លះ អកុសលខ្លះ គឺធ្វើបុណ្យទានរក្សាសីលផង ធ្វើអំពើបាបខ្លះផង ដោយអំណាច លោភៈ ទោសៈ មោហៈខ្លះ ដោយអំណាចអលោភៈ អទោសៈ អមោហៈខ្លះ អំពើបែបនេះ ឱ្យផលជាអហេតុកកុសលវិបាកក៏មាន ជាសហេតុកកុសលវិបាកក៏មាន ឈ្មោះថា កាមសុគតិបដិសន្ធិជនកកម្ម នាំធ្វើឱ្យកើតជាមនុស្ស ចាប់តាំងពីមនុស្សវិកលវិការឆ្កួតលីលាថោកទាបបំផុត ដរាបដល់មនុស្សខ្ពង់ខ្ពស់ និងកើតជាទេព្តាក្នុងឋានសួគ៌៦ជាន់ តាមកម្លាំងកុសលកម្មរៀងខ្លួន ។ 

៣. អំពើជាកុសល របស់អ្នកបានសម្រេចរូបជ្ឈានទាំងឡាយឈ្មោះថា រូបាវចរបដិសន្ធិជនកកម្ម នាំអ្នកធ្វើឱ្យកើតក្នុងរូបភព គឺឋានព្រហ្មមានរូប ។ 

៤. អំពើជាកុសលរបស់អ្នកបានសម្រេចអរូបជ្ឈានទាំងឡាយឈ្មោះថា អរូបបាវចរបដិសន្ធិជនកកម្ម នាំអ្នកធ្វើឱ្យកើតក្នុងអរូបភព គឺឋានព្រហ្មគ្មានរូប ។ 

ជនកកម្មទាំង៤នេះ ទី១ និងទី២ ខាងដើមមនុស្សសត្វគ្រប់រូបញៀនញ៉ាមណាស់ចង់តែធ្វើ ទោះបីមានច្បាប់រដ្ឋឃាត់ហាមយ៉ាងណា ក៏នៅតែមានមនុស្សលួចធ្វើរាល់ថ្ងៃ ពាសពេញពិភពលោក ដូចជាការកាប់សម្លាប់ ស៊ីសំណូក លួចប្លន់កុហកបោកប្រាស់ ក្រោធខឹង ប្រទូសចងពៀរព្យាបាទ និងស្នេហាផិតក្បត់ជាដើម ។ អំពើបែបនេះហើយ ឈ្មោះថាកម្ម បណ្ដាលកើតមកពីមនោធាតុ គឺចិត្តនាំឱ្យធ្វើ ឱ្យចង់តែធ្វើគ្រប់នាទី ដល់ពេលស្លាប់ អំពើណាដែលមានកម្លាំងជាងគេ អំពើនោះជាជនកកម្ម ជាពូជ ជាពុម្ព ជាម៉ាក សម្រាប់បង្កើតរូបកាយឱ្យកើតឡើងតាមពូជ តាមពុម្ព តាមម៉ាកទាំងនោះ ដូចពូជគ្រាប់រុក្ខជាតិដែរ ។ 

កម្មបែបនេះ មាន១២យ៉ាង ប៉ុន្តែក្នុងទីនេះ ខ្ញុំយកតែជនកកម្មមួយមកនិយាយត្រួសៗ តម្រូវតាមដំណើរអត្ថបទ ល្មមតែស្ដាប់យល់ប៉ុណ្ណោះ ឯកម្ម១១ទៀតមិនបាននាំមកនិយាយទេ កុំឱ្យសៀវភៅនេះមានទំព័រច្រើនពេក ។ 

ម្យ៉ាងទៀត មានរូបកាយមនុស្សសត្វជាច្រើនដែរ ដែលប្រហាក់ប្រហែលគ្នា ល្មមសម្គាល់បានថាជាបងប្អូននឹងគ្នានោះដោយអំណាចជាតិពូជ នឹងកម្លាំងដួងចិត្ត នៃមាតាបិតាក្នុងពេលរួមតម្រេកជាមួយគ្នា ។ 

ចំណុចនេះ យើងគួរគិតដល់រឿងបង្កាត់ពូជសត្វ រហូតដល់វត្ថុឥតចិត្តវិញ្ញាណ ដូចរុក្ខជាតិធញ្ញជាតិ ដែលអាចប្រែក្លាយតាមគ្នាបានខ្លះនោះ យកមកវែកញែករកសេចក្ដីពិតឱ្យឃើញ ។

រឿងបង្កាត់ពូជសត្វ ក៏ដូចជាបង្កាត់ពូជមនុស្សដែរ សុទ្ធតែមានញីឈ្មោលមានជាតិពូជ២ មានកម្លាំងដួងចិត្ត២ ។ 

ក្នុងពេលរួមតម្រេកជាមួយគ្នា បើខាងញីមានតម្រេកខ្លាំងជាងដោយកម្លាំងដួងចិត្ត ឯជាតិពូជគឺឈាមជ័រ ក៏មានកម្លាំងច្រើន គឺមានសុខភាពជាងដែរ ហើយចួនជាក្នុងពេលនោះមានសត្វចុះចាប់បដិសន្ធិផង រូបកាយពណ៌សម្បុរកូន ត្រូវកាត់ទៅខាងញី គឺបើញីមានសម្បុរសហើយធំខ្ពស់ កូនក៏មានសម្បុរសហើយធំខ្ពស់ មានលក្ខណៈទ្រង់ទ្រាយស្រដៀងនឹងញីដែរ គឺខាងណាមានកម្លាំងទាំងពីរខ្លាំងជាង កូនកាត់ទៅខាងនោះច្រើនជាង ព្រោះធម្មជាតិអ្វីក៏ដោយ ឱ្យតែមានកម្លាំងជាងតែងតែឈ្នះខាងខ្សោយជាដរាបនេះជា សច្ចភាព ។ 

បើខាងញីមានតម្រេកខ្លាំងដោយកម្លាំងដួងចិត្ត ប៉ុន្តែខាងជាតិពូជ គឺឈាមជ័រខ្សោយជាងឈ្មោលនោះ ពណ៌សម្បុរសាច់ឈាមត្រូវកាត់ទៅខាងឈ្មោល ឯរូបរាងទ្រង់ទ្រាយកាត់ទៅខាងញី ។ បើមានកម្លាងទាំងពីរស្មើគ្នា កូនក៏មានរូបរាងទ្រង់ទ្រាយពណ៌សម្បុរស្មើភាគគ្នាដែរ គឺប្រហាក់ប្រហែលទៅខាងញីខ្លះ ឈ្មោលខ្លះ ។ 

ម្យ៉ាងវិញទៀត បើកំពុងរួមតម្រេកនោះ ចិត្តនឹកឃើញរូបបុរសស្ត្រីណា ឬក៏រូបសាមីជនដែលកំពុងរួមតម្រេកជាមួយគ្នានោះ ហើយខាងញី ឬខាងឈ្មោលមានតម្រេកកើតឡើងយ៉ាងខ្លាំងដោយកម្លាំងដួងចិត្ត ដែលចាប់យករូបនោះៗ មកជាអារម្មណ៍កូនត្រូវកាត់ទៅតាមរូបារម្មណ៍នោះៗក៏មានដែរ ។ ន័យនេះក៏សមម្យ៉ាង ព្រោះចាស់ៗជាបុព្វបុរសខ្លះបានយកស្បែកគោព្រៃ ឬឆ្អឹង ស្នែង ក្បាលគោព្រៃ មកឱ្យគោញីលិឍ ដើម្បីឱ្យកាត់ពូជបានធំៗល្អ ។ល។ រឿងនេះ សូមពិចារណាថែមទៀតចុះ ខ្ញុំគ្រាន់តែនាំមកជាមេគំនិតប៉ុណ្ណោះ ។ 

ចំណែកខាងធញ្ញជាតិដែលមានគ្រាប់ជាពូជនោះ អាចក្លាយតាមគ្នាបានដោយកម្លាំងជាតិពូជស្រូបគ្នាតែម្យ៉ាងដូចស្រូវដំណើប និងស្រូវខ្សាយ ពោតសនិងពោតក្រហម ដែលដាំជិតគ្នា ។ ពូជជាតិណា មានកម្លាំងជាងអាចគ្របសង្កត់លើពូជខ្សោយបានដូចស្រូវខ្សាយ និងពោតក្រហមដែលមានជាតិពូជខ្លាំងជាងអាចធ្វើឱ្យស្រូវដំណើបនិងពោតសក្លាយជាស្រូវខ្សាយជាពោតក្រហមតាមខ្លួនបាន ព្រោះថាកាលធញ្ញជាតិនោះមានផ្កាដើមចេញមក វាមានសម្បកសម្រាប់ដាក់គ្រាប់ ដែលនៅក្នុងសំបកនោះមានពូជជាតិសម្រាប់ផ្សំជាមួយលម្អងផ្កា ហាក់ដូចជាតិញីឈ្មោលដែរ ។ ជាតិដែលនៅក្នុងសម្បកក្ដី ក្នុងលម្អងផ្កាក្ដី តែដល់ពេលវេលាហើយ លម្អងផ្កាហោះហើរចេញផ្កាតាមខ្យល់រត់ចូលទៅក្នុងសម្បកតាមប្រហោងមួយនៅខាងចុង ដែលបានបើកចំហចាំជាស្រេច ដូចជាទ្វារមគ្គមនុស្សសត្វដែរ កាលណាសំបកបានទទួលលម្អងហើយបិទជិតភ្លាម  ឯសម្បកដែលមិនបានទទួលលម្អងទៅជាស្កកក៏គ្មានគ្រាប់ឡើយ ទោះបីមានគ្រាប់ខ្លះក៏មិនពេញជាគ្រាប់ល្អដែរ ។ 

ការសរសេររបស់ខ្ញុំមកដល់ត្រង់ចំណុចនេះ សូមលើកយកបញ្ហាអាថ៌កំបាំងមួយមកនាំមិត្តអ្នកអាន វែកញែករកការពិតទៀតគឺរកដើមកំណើតភេទញីឈ្មោល ប្រុសស្រី របស់មនុស្សសត្វដែលនាំគ្នាឆ្ងល់ថា អ្នកណានាំបង្កើតឱ្យមានញីមានឈ្មោល? ភេទញីឈ្មោលកើតពីអ្វី?

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!