អ្វីជាបដិវត្តន៍ឧស្សហកម្ម ៤.០?
ពិភពលោករបស់យើង បានឆ្លងកាត់បដិវត្តន៍ឧស្សាហ កម្មបីដំណាក់កាលរួចមកហើយ បច្ចុប្បន្នយើងកំពុងរស់នៅក្នុងដំណាក់កាលទី ៤
ប្រហែលជា ១០,០០០ឆ្នាំមុន មានការប្រែប្រួលដ៏ធំមួយបានកើតឡើង ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ គឺមនុស្សចាប់ផ្ដើមធ្វើការដាំដុះ ហើយសកម្មភាពនេះមានលក្ខណៈខុសគ្នាយ៉ាងខ្លាំង ពីការស្វែងរកចំណី និងការបរបាញ់សត្វ ដែលពួកគេធ្លាប់បានធ្វើកន្លងមក ។ ជាការពិតណាស់ វាបានបង្កើតឲ្យមានបដិវត្តន៍ដ៏ធំមួយក្នុងសម័យកាលនោះ គឺបដិវត្តន៍វិស័យ កសិកម្ម ។
នេះជាបដិវត្តន៍មួយ ក្នុងចំណោមបដិវត្តន៍ដែលកើតឡើងជាបន្តបន្ទាប់ ក្នុងការរួមចំណែកនាំឲ្យមាន ការផ្លាស់ប្ដូររបៀបរស់នៅរបស់មនុស្សទូទាំងពិភពលោក ។ ឆ្លងកាត់រយៈពេលនៃប្រវត្តិសាស្ត្រកន្លងមក មនុស្សយើងបានជួបប្រទះបដិវត្តន៍ឧស្សាហកម្មចំនួនបីដំណាក់កាលរួចមកហើយ ដែលដំណាក់កាលដំបូងត្រូវបានគេស្គាល់ថា ជាសម័យកាលដែលយើងចាប់ផ្ដើមប្រើបា្រស់ថាមពលគ្រឿងយន្តសម្រាប់ជំនួសកម្លាំងមនុស្ស ។ វាបានកើតឡើងនៅចន្លោះឆ្នាំ ១៧៦០ និង ឆ្នាំ ១៨៤០ ដែលជំរុញឲ្យមានការអភិវឌ្ឍជាពិសេសទៅលើថាមពលចំហាយទឹក និងការសាងសង់ផ្លូវរថភ្លើង ។
ចំណែកឯបដិវត្តន៍ឧស្សហកម្មដំណាក់កាលទី ២ ត្រូវបានលេចចេញជារូបរាងឡើងជាមួយការកកើតនៃផលិតកម្មទ្រង់ទ្រាយធំនៅចុងស.វទី ១៩ ហើយបន្តចូលដល់ពាក់កណ្ដាលដើមស.វទី ២០ ។ នៅក្នុងដំណាក់កាលនេះ បានបង្កើតឲ្យមានការតម្លើងគ្រឿងម៉ាស៊ីនអេឡិចត្រូនិច និងថាមពលអគ្គិសនី ។
នៅចុងក្រោយនេះ គឺជាបដិវត្តន៍ឧស្សាហកម្មដំណាក់កាលទី ៣ ដែលជារឿយៗត្រូវបានគេស្គាល់ថា “ជាបដិវត្តន៍សម័យកុំព្យូទ័រ ឬបដិវត្តន៍សម័យឌីជីថល” ។ ការចាប់ផ្ដើមរបស់សម័យកាលនេះ គឺជាការចូលមកដល់នៃបច្ចេកវិទ្យាអេឡិចត្រូនិច មានកុំព្យូទ័រក៏ដូចជា ឧបករណ៍ភ្ជាប់ចរន្ត (Semicon ductors) និងប្រព័ន្ធអ៊ីនធឺណេត ដែលត្រូវបានបង្កើតឡើងនៅចុងពាក់កណ្ដាលស.វទី ២០ ។
ប៉ុន្តែនោះមិនមែន ជាបដិវត្តន៍ឧស្សហកម្មចុងក្រោយនោះទេ ។ ជាការពិតណាស់ នាពេលបច្ចុប្បនេះ យើងកំពុងតែរស់នៅក្នុងបដិវត្តន៍ឧស្សហកម្មដំណាក់កាលទី ៤ ដែលចាប់ផ្ដើមឡើងនៅដើមស.វទី ២១ ។ នៅក្នុងបដិវត្តន៍នេះបាននាំមកនូវបច្ចេកវិទ្យាទំនើបៗដូចជា ទូរស័ព្ទចល័តប្រើប្រព័ន្ធអ៊ីនធឺ-ណេត ដែលមានតម្លៃសមរម្យ និងផ្ទុកទៅដោយឧបករណ៍ភ្ជាប់បណ្ដាញទំហំតូចជាងមុន ដែលមានភាពងាយស្រួលក្នុងការទទួលយកការអភិវឌ្ឍបច្ចេក-វិទ្យាថ្មីៗបន្ថែមទៀត ។ លើសពីនេះទៅទៀត វាក៏បានបង្ហាញអំពីកំណកំណើតភាពឆ្លាតវៃរបស់ម៉ាស៊ីន (Machine Learning) និងប្រព័ន្ធបច្ចេកវិទ្យាសិប្បនិម្មិត (Artificial Intelligence) ទៀតផង ។
ទោះបីជាយ៉ាងណាក៏ដោយ បដិវត្តន៍ឧស្សហកម្មថ្មីនេះមិនបានសំដៅ ចំពោះការវិវត្តរបស់ឧបករណ៍អេឡិចត្រូ និចវៃឆ្លាត (Smart Machines) តែមួយមុខនោះទេ វាក៏បានរួមបញ្ចូលវិស័យផ្សេងៗជាច្រើន ចាប់ពីផ្នែកវិស្វកម្មវិទ្យាសាស្ត្ររហូតដល់ប្រព័ន្ធបច្ចេកវិទ្យាណាណូ (Nanotechnology) និងចាប់ពីផ្នែកថាមពល រហូតដល់ផ្នែកជីវសាស្ត្រជាដើម ។ ការច្របាច់បញ្ចូលគ្នានៃវិស័យទាំងនេះនឹងធ្វើការតភ្ជាប់ពួកវាដោយឆ្លងកាត់កម្មវិធីបច្ចេកវិទ្យាឌីជីថល រូបសាស្ត្រ និងជីវសាស្ត្រ បានធ្វើឲ្យបដិវត្តន៍នេះកាន់តែមានភាពរីកចម្រើនជឿនលឿន និងខុសប្លែកពីបដិវត្តន៍ដំណាក់កាលដទៃ ។
ជាធម្មតា នៅមានលក្ខណៈជាច្រើនទៀតដែលអាចយកមកធ្វើការវែកញែក អំពីលក្ខណៈពិសេសរបស់បដិវត្តន៍ឧស្សហកម្មដំណាក់កាលទី ៤ ហើយចំណុចទាំងនោះនឹងត្រូវស្វែងយល់ឲ្យកាន់តែលម្អិតនៅក្នុងចំណុចបន្ទាប់ ។
បដិវត្តន៍ឧស្សាហកម្មដំណាក់កាលទី ៤ មានលក្ខណៈឆាប់រហ័ស ទូលំទូលាយ និងមានឥទ្ធិពលខ្លាំងជាងបដិវត្តន៍ឧស្សាហកម្មមុនៗ
ដូចអ្នកបានដឹងហើយថា បដិវត្តន៍ឧស្សហកម្មដំណាក់កាលទី ៤ កំពុងមានដំណើរការទៅមុខ ហើយប្រព្រឹត្តិទៅយ៉ាងឆាប់រហ័សមានទ្រង់ទ្រាយធំ និងផ្ដល់ឥទ្ធិពលខ្លាំងដល់ពិភពលោកជាងបដិវត្តន៍ឧស្សហកម្ម ដែលធ្លាប់កើតមានពីមុន ។
ជាដំបូង បដិវត្តន៍ឧស្សាហកម្មនេះ មានសន្ទុះប្រែប្រួលលឿនប្រៀបបាននឹងផ្លេកបន្ទោរ ដែលជាហេតុធ្វើឲ្យយើងមើលឃើញយ៉ាងច្បាស់ថា ពិភពលោកដ៏ជឿនលឿនមួយនេះទទួលបានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធិ និងពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗ ខ្លាំងជាងបដិវត្តន៍ឧស្សាហកម្មកន្លងទៅ ។ កត្តាទាំងនេះបានជួយជំរុញឲ្យការអភិវឌ្ឍកាន់តែមានការវិវត្តទៅមុខបន្ថែមទៀតបានយ៉ាងល្អប្រសើរ និងទូលំទូលាយ ។
យើងអាចពិចារណាទៅលើ ការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន ដែលក្នុងនោះទូរស័ព្ទម៉ូដែល iPhone ត្រូវបានដាក់បង្ហាញដំបូងជាផ្លូវការក្នុងឆ្នាំ ២០០៧ ហើយនៅឆ្នាំ ២០១៥ គឺក្នុងរយៈពេលត្រឹមតែ ៨ឆ្នាំក្រោយប៉ុណ្ណោះ វាត្រូវបានគេប្រើប្រាស់ដល់ទៅប្រហែល ២ពាន់លានគ្រឿង ។ លើសពីនេះទៅទៀត បច្ចេកវិទ្យាទូរស័ព្ទនេះ ក៏ត្រូវបានអភិវឌ្ឍ និងកែលម្អជាបន្តបន្ទាប់ឲ្យកាន់តែល្អប្រសើរជាងមុន នៅអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
ដូច្នេះ បដិវត្តន៍នេះត្រូវបានកំណត់ឲ្យឃើញ ពីភាពរីកចម្រើនដ៏ឆាប់រហ័សមួយ ប៉ុន្តែវាក៏បានកំណត់ដោយលទ្ធផលដ៏អស្ចារ្យដែលទទួលបានត្រលប់មកវិញ ក្នុងការធ្វើឲ្យក្រុមហ៊ុនអាជីវកម្មអាចថ្លឹងថ្លែង និងសម្រេចចិត្តក្នុងការដាក់តម្លៃលក់ឲ្យដូចមុន ឬថ្លៃជាងនេះ ឲ្យសមស្របនឹងការចំណាយទៅលើកម្លាំងពលកម្ម ។ នៅក្នុងការផលិតនេះ ក៏ត្រូវបានជំរុញដោយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងការធ្វើស្វ័យប្រវត្តិកម្មផងដែរ ។
យើងអាចពិចារណាទៅលើឧទាហរណ៍ជាក់ស្ដែងមួយនៅឆ្នាំ ១៩៩០ ជាពេលដែលទីក្រុង Detroit កំពុងមានសក្ដានុពលយ៉ាងខ្លាំងលើវិស័យឧស្សាហកម្ម ក្រុមហ៊ុនអាជីវកម្មជោគជ័យធំៗចំនួនបីបានរួមសហការគ្នា ដោយមានទីផ្សារមូលធនសរុបចំនួន ៣៦ពាន់លានដុល្លារ រកចំណូលបាន ២៥០ពាន់លានដុល្លារ និងប្រើប្រាស់បុគ្គលិកសរុបចំនួន ១លាន២សែននាក់ ។ ផ្ទុយទៅវិញក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុនអាជីវកម្មធំៗបីទៀត នៅក្នុងទីក្រុង Silicon Valley រកចំណូលបាន ២៤៧ពាន់លានដុល្លារ និងមានទីផ្សារមូលធនដល់ទៅរាប់ពាន់-លានដុល្លារ ប៉ុន្តែចំនួនបុគ្គលិកសរុបមានត្រឹមតែ ១៣៧,០០០នាក់ប៉ុណ្ណោះ ដែលនេះគ្រាន់តែជាតួលេខ ១ភាគ១០ បើប្រៀបធៀបនឹងចំនួនបុគ្គលិករបស់ក្រុមហ៊ុនទាំងបីនៅទីក្រុង Detroit បានប្រើប្រាស់ក្នុងឆ្នាំ ១៩៩០ ។
នៅចុងក្រោយនេះ បដិវត្តន៍ឧស្សាហកម្មដំណាក់កាលទី ៤ កំពុងជះឥទ្ធិពលយ៉ាងទូលំទូលាយទៅកាន់ពិភពលោក តាមរយៈការធ្វើសមាហរណកម្មទៅលើវិសាលភាពនៃវិស័យនានា និងការសិក្សាស្រាវជា្រវជាដើម ។ ឧទាហរណ៍មានផ្នែកផ្សេងៗដូចជាបច្ចេកវិទ្យាផ្ដិតរូប3D កម្មវិធីគូរប្លង់ក្នុងកុំព្យូទ័រ (Computational Design) វិស្វកម្មវត្ថុធាតុដើម (Material Engineering) និងជីវវិទ្យាសំយោគ (Synthetic Biology) ដែលត្រូវបានរួមបញ្ចូលគ្នា ហើយបង្កើតឲ្យបានជាសរីរាង្គថ្មីៗ សម្រាប់មនុស្សដែលត្រូវការវាជាចាំបាច់ ។