Blog

នៅក្នុងក្រុមហ៊ុន ឬអាជីវកម្ម បើមានមនុស្ស «បីនាក់» នេះ គឺមិនងាយបរាជ័យទេ

តើប្រជាជនយើងប៉ុន្មាននាក់ ចាប់ផ្តើមអាជីវកម្មដោយគិតពីគុណតម្លៃ និង ដំណាក់កាលនៃការចាប់ផ្តើមនៃជំហ៊ាននីមួយៗ ។ បើនិយាយដល់ចំណុចនេះ សម្រាប់កូនអ្នកមាន មានលុយច្រើនគេមិនសូវខ្វល់ពីកិច្ចការរដ្ឋបាល ឬផែនការអាជីវកម្មអ្វីនោះទេ ។ ព្រោះគេចូលចិត្តទិញ ហ្វ្រេនឆាយបរទេសស្រាប់ៗ ដោយសារវាមានលក្ខណៈងាយស្រួល មិនឈឺ ក្បាល និង មិនពិបាកគិតច្រើន ។

កត្តានេះហើយ ដែលខ្មែរយើងពិបាកនឹងកសាងម៉ាកយីហោនាំចេញទៅក្រៅប្រទេស ដូចជា វៀតណាម និង ថៃ ។ សហគ្រិនគេមានការយល់ ដឹងច្រើនពីផែនការ និង គុណតម្លៃនៃអាជីវកម្ម ។​ យើងតែងតែគិតថា អាជីវកម្មដែលអាចនាំម៉ាកយីហោ ចេញទៅក្រៅប្រទេស គឺកើតចេញ​ពីអ្នកមានទុនច្រើន និងមនុស្សពូកែឈ្លៀសវៃ ។

តាមរយៈការស្រាវជ្រាវកន្លងមក ម៉ាកយីហោ ល្បីសុទ្ធសឹងតែចាប់ផ្តើមពីទុនតិចតួចបំផុត ។ គេគ្រាន់តែមានចំណង និងក្តីស្រលាញ់មិនបោះបង់ចំពោះអ្វីដែលគេធ្វើ អាចបង្កើតភាពអស្ចារ្យទាំងនោះបានហើយ ។ យើងសង្ឃឹមថា កូនខ្មែរដែលបានអានសៀវភៅនេះ មុននឹងចាប់ផ្តើម អាជីវកម្មត្រូវគិតឲ្យបានឆ្ងាយ នឹងអាចនាំម៉ាកយីហោទៅក្រៅប្រទេសបានដូចគេឯង ។

មុនពេលចាប់ផ្តើមអាជីវកម្ម អ្នកត្រូវសួរខ្លួនឯងថា “តើអ្នកចង់រស់នៅជាមួយជីវិតបែរបណា?” តើអ្នកចង់បានលុយប៉ុន្មាន និងចង់ធ្វើការប៉ុនណា?  ទាំងនេះ គឺជាសំណួរសំខាន់ៗដែលអ្នកត្រូវតែឆ្លើយមុនពេលអ្នកចាប់ផ្តើមអាជីវកម្ម ព្រោះអ្នកគួរតែបង្កើតអាជីវកម្មតាមរបៀបដែលអាចជួយអ្នកឲ្យសម្រេចគោលដៅរបស់អ្នកបាន ។

នៅក្នុងអង្គភាពអាជីវកម្មមួយ គឺមានមនុស្សបីប្រភេទ តើអ្នកស្ថិតនៅប្រភេទមួយណា?

១. សហគ្រិន

ក្នុងចំណោមបុគ្គលិកលក្ខណៈទាំងអស់របស់យើង សហគ្រិន គឺជាអ្នក ច្នៃប្រតិដ្ឋដែលមើលឃើញពិភពលោកពោពេញទៅដោយឱកាស ។

គេជាអ្នកដែលមានក្ដីសុបិនជាមួយនឹងថាមពលខ្ពស់ និងជាអ្នកមានគំនិតរវើរវាយ ។  គេមើលឃើញគ្រប់ជ្រុងនៃលទ្ធភាពទាំងអស់ឆ្ពោះទៅរកភាពជោគជ័យ ហើយផ្តោតសំខាន់លើអនាគត ។

ពេលខ្លះថាមពល និងការដេញតាមឱកាសឥតឈប់ឈរទាំងនោះបង្កើតឲ្យមានភាពវឹកវរ និងភាពចលាចល ។  គេព្យាយាមទាញមនុស្សឲ្យដើរតាមក្ដីស្រមៃរបស់គេ តែវាបានធ្វើឲ្យគេមានអារម្មណ៍តានតឹងនៅ ពេលល្បឿននៃការងារពួកគេត្រូវបន្ថយ ឬមានដំណើរការយឺតយ៉ាវ ។

បើគ្មាន សហគ្រិន ក៏គ្មានការច្នៃប្រតិដ្ឋថ្មីៗដែរ ។

២. អ្នកគ្រប់គ្រង

អ្នកគ្រប់គ្រងនៅខាងក្នុង គឺជាអ្នកគិតពីលទ្ធផលដោយផ្អែកលើ សកម្ម ភាព និងជាអ្នកបែរងចែកការងារ ។  ច្រើនជាងឱកាស អ្នកគ្រប់គ្រងមើលឃើញបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ។

សហគ្រិនជាអ្នកដែលច្នៃប្រតិដ្ឋ និងបង្កើតអ្វីដែលថ្មី ។ អ្នកគ្រប់គ្រង គឺជាអ្នកដែលរៀបចំ ចាត់ចែងការងារ ទៅតាមលំដាប់លំដោយ ។

បើគ្មានអ្នកគ្រប់គ្រង អាជីវកម្មនឹងមិនអាចដំណើរការបានឡើយ ។

៣. អ្នកបច្ចេកទេស អ្នកធ្វើ ឬអ្នកផ្សាំ

អ្នកបច្ចេកទេសនៅក្នុងខ្លួនអ្នក ចូលចិត្តគ្រប់គ្រងលំហូរការងារ និងសម្រេចកិច្ចការនានា ។

អ្នកបច្ចេកទេសមានការទើសចិត្តចំពោះភាពទន់ខ្សោយរបស់សហគ្រិន ដែលត្រូវការផ្លាស់ប្តូរគំនិតឥតឈប់ឈរ និងធ្វើឲ្យអ្នកបច្ចេកទេសធុញទ្រាន់ដោយសារអ្នកគ្រប់គ្រងជ្រៀតជ្រែកក្នុងលំហូរការងាររបស់ពួកគេ  ប៉ុន្តែពួកគេសប្បាយចិត្តនៅពេលសហគ្រិន និងអ្នកគ្រប់គ្រងបង្កើតការងារបន្ថែមទៀតសម្រាប់ពួកគេ ។

ដោយគ្មានអ្នកបច្ចេកទេស គឺគ្មានការងារណាមួយនៅក្នុងអាជីវកម្មត្រូវបានសម្រេចនោះទេ ។

ទោះបីបុគ្គលិកលក្ខណៈទាំង ៣ នៅខាងក្នុងខ្លួនយើងហាក់ដូចជាមិនចុះសម្រុងនឹងគ្នាក៏ដោយ យើងត្រូវតែប្រើប្រាស់ភាពខ្លាំងរបស់វានីមួយៗ ដើម្បីដំណើរការអាជីវកម្មឲ្យបានជោគជ័យ ។  នោះហើយជាមូលហេតុ ដែលម្ចាស់អាជីវកម្មខ្នាតតូចជាមធ្យម គឺប្រមាណ ១០% ដើរតួរជាសហគ្រិន អ្នកគ្រប់គ្រង ២០% និងអ្នកបច្ចេកទេស ៧០% ។

ដូច្នេះ ឥឡូវនេះអ្នកដឹងពីចំណុចខ្វះខាតដែលជាឧបសគ្គ ប្រសិនបើអ្នក សម្រេចចិត្តចាប់ផ្តើមក្រុមហ៊ុន ។  ប៉ុន្តែតើអ្នកអាចចៀសពីការក្លាយជា អាជីវកម្មមួយក្នុងចំណោមអាជីវកម្មដែលបរាជ័យចំនួន ៨០០,០០០ ជារៀងរាល់ឆ្នាំទាំងនោះយ៉ាងដូចម្តេច?  គឺមានបដិវត្តន៍កំពុងកើតឡើងនៅក្នុងដំណើរការអាជីវកម្មខ្នាតតូច ហើយវាស្ថិតនៅក្នុងអាថ៌កំបាំងនៃភាពជោគជ័យ ។

Please follow and like us: