មនុស្សមិនយល់ពីអព្ភូតហេតុនៃធម្មជាតិ មនុស្សចំណាយពេលវេលាជាមួយមនុស្សរហូតភ្លេចគិតពីធម្មជាតិ មនុស្សយល់ថាធម្មជាតិមិនសំខាន់ទាល់តែសោះ ។ រថភ្លើងដែលផ្ទុកពូជមនុស្សរាប់សិបកោត លាននាក់ កំពុងតែធ្វើដំណើរទៅរកទីបំផុតនៃភពផែនដីជ្រោះជ្រៅដែលងងឹតសូន្យសុងនៅទីខាងមុខ មនុស្សមើលមិនឃើញឡើយ ។ មនុស្សកំពុងតែច្រៀងរាំ សើចសប្បាយ ហ៊ោកញ្ជ្រៀវ កើតទុក្ខមិន សុខចិត្ត លោភលន់ កាប់សម្លាប់គ្នា នៅលើរថភ្លើងនៃជីវិត ដែលគេមិនអាចទៅឃាត់ឃាំងល្បឿននៃរថភ្លើងនោះបានទេ ប្រដូចទៅនឹងទឹកស្ទឹងនារដូវវស្សាហូរត្របាញ់ធ្លាក់ចុះទៅក្រោម ហ៊ុមព័ន្ធសងខាងដោយជួរភ្នំ និងព្រៃឈើដ៏ក្រាស់ឃ្មឹកសម្លឹងចុះទៅក្រោម មិនដឹងទីកន្លែងណា ដែលជាគោលដៅចុងក្រោយនៃលំហូរនេះឡើយ ។ ហើយមនុស្សលោកមិនបានយកចិត្តទុកដាក់នឹងដំណើរមួយនេះទាល់តែសោះ ។ គ្មានមនុស្សលោកណាម្នាក់ គេចផុតពីដំណើរលើរថភ្លើងជីវិតនេះបានទេ គ្រប់ជាតិសាសន៍ គ្រប់ប្រទេស គ្រប់ពូជអម្បូរសុទ្ធតែធ្វើដំណើរទៅរកសេចក្តីស្លាប់នៅទីបំផុត ។ រាងកាយចាស់ទ្រុឌទ្រោមមានតែស្នាមជ្រៀវជ្រួញ ខ្លួនប្រាណដេកសន្លប់ស្តូកស្តឹង លើគ្រែដែលអ្នកធ្លាប់គេងសុខស្រួលតាំងពីក្មេង នាទីចុងក្រោយនៃជីវិតក៏ខិតជិតមកដល់ ដូចនឹងស្ថានភាពនៃទូកដែលអណ្តែតលើផ្ទៃទន្លេអស់មកជាច្រើនខែឆ្នាំ មិនយូរឡើយ ទឹកដែលជ្រាបចូលក្នុងទូកយ៉ាងសន្សឹមៗនោះ វានឹងមកពន្លិចទូកឲ្យលិចសូន្យសុងរកស្រមោលពុំឃើញឥលូវនេះហើយ ។ ភាពសឹករេចរឹលនៃជីវិត មិនមានសំឡេងរោទ៍ប្រាប់ជាសញ្ញាឲ្យអ្នកដឹងថា “ណែ៎ផ្លូវជីវិត ដែលអ្នកកំពុងតែដើរសប្បាយនេះជិតផុតរលត់ហើយ ម៉្ដេចឡើយអ្នកនៅតែព្រងើយកណ្តើយនឹងជីវិត”? មនុស្សលោកជាប់កម្មនឹងជីវិតរហូតដល់ដង្ហើមចុងក្រោយ ភាព ស្រស់ស្អាតក្មេងខ្ចីដែលអ្នកស្រលាញ់ងប់ងល់ ទោះបីអ្នកខំប្រឹងកែកុន លាបក្រែមម្សៅ ផាត់មុខយ៉ាងណាក៏ដោយចុះ រូបសម្ផស្សចុងក្រោយនៃជីវិត អ្នកមិនអាចលាក់បាំងបានឡើយ ដូចជាគេព្យាយាមយកក្រដាសមកខ្ចប់រងើកភ្លើង ផ្សែងនឹងអណ្តាតភ្លើងនឹងឆេះហុយត្រលូមក្នុងរយៈដ៏ខ្លីជាមិនខាន ។ អ្នកត្រូវតែប្រឈមមុខ នឹងការវិលត្រឡប់ថយក្រោយនេះ ផែនដីដ៏ធំល្វឹងល្វើយ ដែលផ្ទុកចំណុះពូជមនុស្សរាប់សិបលានកោតនាក់ ពេលនេះកំពុងរង់ចាំវត្តមាននៃដង្ហើមចុងក្រោយរបស់អ្នក ដោយឥតតក់ក្រហល់ឡើយ ។ មនុស្សលោកភ្ញាក់ពីព្រលឹមក្រោកឡើងចេញមកធ្វើការងារចិញ្ចឹម ជីវិតដោះស្រាយបញ្ហារាប់រយជំពូក មិនចេះចប់មិនចេះហើយ ថាមពលក្នុងខ្លួនអ្នកចាប់ផ្តើមខ្សោះ ហើយម៉ាស៊ីនដែលឆេះពេញមួយថ្ងៃចាប់ផ្តើមខ្សោយចលនាប្រាប់ជាសញ្ញាឲ្យអ្នកដឹងថា វេលាពេញមួយថ្ងៃនេះ អ្នកមិនអាចបន្តបើកភ្នែកធ្វើការទៀតបានឡើយ ។ “អ្នកត្រូវទម្លាក់កិច្ចការចុះ ហើយដើរសំដៅទៅរកគ្រែ ដេក” ។ ជីវិតវាដូចជាគ្មានអ្វីគួរឲ្យចាប់អាម្មណ៍ទាល់តែសោះ ក្រៅពីទង្វើដដែលៗដូច្នេះរាល់ថ្ងៃ រហូតដល់ដង្ហើមចុងក្រោយ ។ តើហេតុផលអស្ចារ្យអ្វីណ៎ ដែលបណ្តាលចិត្តព្រៃផ្សៃរបស់អ្នក ឲ្យកាប់សម្លាប់គ្នាដើម្បីបំពេញតណ្ហា ដែលទីបំផុត គ្មានសេសសល់អ្វីទាល់តែសោះ? ចក្កវាឡសម្លឹងមើលទង្វើល្ងង់ខ្លៅរបស់មនុស្សលោក ហើយសើច ចំអកឲ្យអ្វីដែលមនុស្សលោកយល់ថាអស្ចារ្យ ។ ប្រសិនបើអ្នកដកឃ្លាតែបន្តិច បិទភ្នែក បិទត្រចៀក ស្តាប់ខ្យល់ដង្ហើមចេញចូល នោះកំហឹងខឹងក្រោធ ភាពមានះចង់ឈ្នះចង់ចាញ់ របស់អ្នកប្រហែលជាថមថយស្រកស្រុតចុះខ្លះជាមិនខាន ។ ហេតុអ្វីចិត្តមនុស្សស្រាលម៉្លេះ? ហេតុអ្វីពាក្យសម្តីខ្លះធ្វើឲ្យគេពុះកញ្ជ្រោល ទប់កំហឹងមិនជាប់?...
ជំពូក៤៖ ភាពសឹករេចរិលនៃជីវិត
