ឥណ្ឌាបំផ្ទុះអគារភ្លោះកម្ពស់ជិត100ម៉ែត្រចោល ក្រោយសាងសង់ដោយខុសច្បាប់
Breaking News

ឥណ្ឌាបំផ្ទុះអគារភ្លោះកម្ពស់ជិត100ម៉ែត្រចោល ក្រោយសាងសង់ដោយខុសច្បាប់

អគារខ្ពស់ៗចំនួន2 ដែលត្រូវបានសាងសង់ដោយខុសច្បាប់នៅជិតរដ្ឋធានីញូវដែលី របស់ប្រទេសឥណ្ឌា ត្រូវបានកម្ទេចដោយការបំផ្ទុះកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។ ករណីនេះគឺជាប្រតិបត្តិការធំបំផុតមួយដែលត្រូវធ្វើការកម្ទេចនៅក្នុងប្រទេសឥណ្ឌា ការកម្ទេចនេះចំណាយពេលតិចជាង10 វិនាទីតែប៉ុណ្ណោះ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP ។

មន្ត្រីឥណ្ឌាបានជម្លៀសពលរដ្ឋជាង1,500គ្រួសារចេញពីក្បែរទីតាំងនោះ 7ម៉ោង មុនពេលក្រុមមន្ត្រីបានចុចបំផ្ទុះបំផ្លាញអគារភ្លោះដែលទី1មានកម្ពស់ 32ជាន់ និងទី2កម្ពស់ 29ជាន់ ដែលមានកម្ពស់អគារជិត 100ម៉ែត្រ ក្នុងតំបន់ Noida ជាយទីក្រុងញូវដេលីរាជធានីរបស់ឥណ្ឌា ។

ការកម្ទេចនេះចំណាយពេលត្រឹមតែ 9វិនាទីប៉ុណ្ណោះ ដើម្បីបំផ្ទុះអគារភ្លោះនេះ ប៉ុន្តែមុនពេលឈានដល់ការបំផ្ទុះនេះ វាត្រូវបានឆ្លងកាត់ការតតាំងគ្នាក្នុងតុលាការរយៈពេលជាង 12ឆ្នាំរវាងអ្នកក្បែរនោះ ជាមួយនឹងម្ចាស់គម្រោង Supertech ។

តុលាការកំពូលរបស់ប្រទេសឥណ្ឌាបានសម្រេចថា ក្រុមហ៊ុន Supertech បានឃុបឃិតជាមួយមន្ត្រីរដ្ឋាភិបាល បំពានច្បាប់គ្រប់គ្រងអគារ ដែលតម្រូវឱ្យសាងសង់មានគម្លាតចម្ងាយត្រឹមត្រូវតាមដែលច្បាប់បានកំណត់ពីអគារផ្សេងទៀត ។ គេបានរកឃើញផងដែរថា អគារភ្លោះនេះត្រូវបានគេសាងសង់ដោយខុសច្បាប់ ដោយសារតែមានការមិនពេញចិត្តពីម្ចាស់ផ្ទះល្វែងជិតខាងផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *