អ្នកជំនាញ IT រុស្ស៊ីជាច្រើននាក់ ចាកចេញពីប្រទេសរបស់ខ្លួន ដោយសារការភ័យខ្លាចពីការកេណ្ឌធ្វើជាយោធា
Breaking News

អ្នកជំនាញ IT រុស្ស៊ីជាច្រើននាក់ ចាកចេញពីប្រទេសរបស់ខ្លួន ដោយសារការភ័យខ្លាចពីការកេណ្ឌធ្វើជាយោធា

បណ្ដាអ្នកដែលមានជំនាញ IT រុស្ស៊ីជាច្រើននាក់ កំពុងធ្វើដំណើរទៅក្រៅប្រទេស ដើម្បីគេចពីការកេណ្ឌទ័ព ដើម្បីទៅប្រយុទ្ធជាមួយអ៊ុយក្រែន ។

ក្រសួងឌីជីថលរបស់ប្រទេសរុស្ស៊ីបានបញ្ជាក់ថា បណ្ដាអ្នកធ្វើការក្នុងឧស្សាហកម្ម IT នឹងត្រូវបានលើកលែងពីការកេណ្ឌទ័ពបម្រុងរបស់កងទ័ពរុស្ស៊ីរាប់សែននាក់នោះ ។ បណ្ដាបុគ្គលិកក្នុងឧស្សាហកម្ម IT របស់រុស្ស៊ីប្រហែល 70,000នាក់ត្រូវបានគេរាយការណ៍ថា បានចាកចេញពីប្រទេស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈរៀងមក ។

ទីភ្នាក់ងារសារព័ត៌មាន RBC បានរាយការណ៍ដោយដកស្រង់នូវការលាតត្រដាង របស់លោក Nikolai Komlev នាយកសមាគមឧស្សាហកម្មព័ត៌មានវិទ្យារុស្ស៊ីដែលបាននិយាយថា ចំនួនអ្នកជំនាញផ្នែក IT បានធ្វើការចាកចេញពីប្រទេសរុស្ស៊ី ប្រហែលជា 2-3 ដងច្រើនជាងចំនួនតួលេខខាងលើទៅទៀត ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Russoft របស់រុស្ស៊ី បានយល់ស្របទៅនឹងការព្យាករណ៍ខាងលើនេះ ប៉ុន្តែលោកក៏បាននិយាយថា វាពិបាកក្នុងការកំណត់ចំនួនពិតប្រាកដ ទាំងអ្នកដែលបានធ្វើដំណើរទៅក្រៅប្រទេសរួចទៅហើយ និងអ្នកកំពុងមានគម្រោងធ្វើដំណើរទៅក្រៅប្រទេសថាមានចំនួនប៉ុន្មាននាក់នោះ ។

បណ្ដាញសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រសួងឌីជីថលរបស់រុស្ស៊ី បានព្យាយាមជួយសង្គ្រោះដល់បណ្ដាបុគ្គលិកដែលបម្រើការក្នុងវិស័យបច្ចេកវិទ្យាពីការអំពាវនាវក្នុងការកេណ្ឌទ័ព និងបានចេញផ្សាយសេចក្តីណែនាំកាលពីថ្ងៃច័ន្ទដោយលម្អិតអំពីរបៀប ថាតើបុគ្គលិកផ្នែកណាខ្លះអាចជៀសផុតពីការធ្វើទាហាន ។

ក្រសួងបាននិយាយថា មានបុគ្គលិកផ្នែកព័ត៌មានវិទ្យា និងទំនាក់ទំនងចំនួន 195 ប្រភេទ ដែលមិនចាំបាច់ត្រូវបានកេណ្ឌទ័ព ក្នុងនោះរួមបញ្ចូលទាំងផ្នែកវិទ្យាសាស្ត្រ ថាមពល ការដឹកជញ្ជូន និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផងដែរ ។

ប្រភព៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *