អ្នកជំនាញបង្ហើបឱ្យដឹងថា ប្រទេសប៉ាគីស្ថាននឹងជួបគ្រោះទឹកជំនន់ 3ដងបន្ថែមទៀត ដែលបណ្តាលមកពីការរលាយផ្ទាំងទឹកកកនៅក្នុងឆ្នាំនេះ
Breaking News

អ្នកជំនាញបង្ហើបឱ្យដឹងថា ប្រទេសប៉ាគីស្ថាននឹងជួបគ្រោះទឹកជំនន់ 3ដងបន្ថែមទៀត ដែលបណ្តាលមកពីការរលាយផ្ទាំងទឹកកកនៅក្នុងឆ្នាំនេះ

អ្នកជំនាញបង្ហើបឱ្យដឹងថា ប្រទេសប៉ាគីស្ថាននឹងជួបគ្រោះទឹកជំនន់ 3ដងបន្ថែមទៀត ដែលបណ្តាលមកពីការរលាយផ្ទាំងទឹកកកនៅក្នុងឆ្នាំនេះ ពួកគេមានការបារម្ភថា ការរលាយផ្ទាំងទឹកកកនេះនឹងធ្វើឱ្យទឹកជំនន់កាន់តែមានភាពអាក្រក់ជាងមុនទៅទៀត ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN ។

ប្រសិនបើយើងមិនរាប់បញ្ចូលតំបន់ប៉ូលនោះទេ ប្រទេសប៉ាគីស្ថានត្រូវបានចាត់ទុកថា ជាប្រទេសដែលមានផ្ទាំងទឹកកកច្រើនជាងគេលើពិភពលោក ។ ប៉ុន្តែពេលនេះ វិបត្តិដែលបណ្ដាលមកពីការកើនឡើងនូវកម្ដៅផែនដី កំពុងធ្វើឲ្យផ្ទាំងទឹកកករលាយយ៉ាងឆាប់រហ័សបំផុត ជាក់ស្ដែងប្រទេសប៉ាគីស្ថានបានកើតមាននូវគ្រោះទឹកជំនន់ភ្លាមៗ ដែលហូរចេញពីបឹងនៃផ្ទាំងទឹកកកកាន់តែញឹកញាប់ឡើងៗនៅក្នុងឆ្នាំនេះ ។

អ្នកឧតុនិយមនិយាយថា ក្នុងឆ្នាំ2022នេះ ប្រទេសប៉ាគីស្ថាននឹងជួបគ្រោះទឹកជំនន់បណ្ដាលមកពីបឹងនៃផ្ទាំងទឹកកករលាយច្រើនជាងធម្មតាដល់ទៅ3ដង ដែលអាចធ្វើឲ្យទឹកជំនន់កាន់តែធ្ងន់ធ្ងរឡើងនៅក្នុងប្រទេសមួយនេះ ។ ជាក់ស្ដែងគឺនៅតំបន់ Gilgit-Baltistan នៅភាគខាងជើងនៃប្រទេស ដែលបានជួបប្រទះនឹងទឹកជំនន់ដែលបណ្ដាលមកពីបឹងនៃផ្ទាំងទឹកកករលាយចំនួន16ដង ក្នុងរយៈពេល 9ខែចុងក្រោយក្នុងឆ្នាំនេះ បើធៀបទៅនឹងឆ្នាំ2021 ដែលគ្រោះទឹកជំនន់បណ្ដាលមកពីបឹងនៃផ្ទាំងទឹកកករលាយកើតឡើងត្រឹមតែ5-6ដងតែប៉ុណ្ណោះ ។

មកទល់នឹងពេលនេះនៅមិនអាចបញ្ជាក់បាននៅឡើយទេថា គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលកំពុងតែកើតមានឡើងនាពេលឥឡូវនេះ ដែលបានលិចលង់ជាងមួយភាគបីនៃផ្ទៃដីរបស់ប្រទេសប៉ាគីស្ថាន គឺជាផ្នែកមួយដែលបណ្តាលមកពីផ្ទាំងទឹកកករលាយនោះដែរឬទេ? ប៉ុន្តែប្រសិនបើប្រទេសទាំងអស់មិនធ្វើការរួមគ្នាក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នោះទេ នោះការរលាយនូវផ្ទាំងទឹកកកយ៉ាងឆាប់រហ័សនឹងបន្តបង្កហានិភ័យដល់ពលរដ្ឋប៉ាគីស្ថាន ហើយអាចនឹងមានស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗផងដែរ ។

តាមពិតទៅប្រទេសប៉ាគីស្ថានមានការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅកាន់ពិភពលោកតែ1% តែប៉ុណ្ណោះ ប៉ុន្តែប្រទេសនេះបានជាប់ចំណាត់ថ្នាក់ទី8 ក្នុងចំណោមប្រទេសទាំង10 ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយហានិភ័យនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅកាន់ពិភពលោក ។ តំបន់អាស៊ីខាងត្បូងត្រូវបានចាត់ទុកថា ជាតំបន់ងាយរងគ្រោះបំផុត ប្រជាជនដែលរស់នៅក្នុងតំបន់នេះ ទំនងជាអាចនឹងស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅកាន់ពិភពលោក ជាងមនុស្សដែលរស់នៅក្នុងតំបន់ផ្សេងៗទៀតនៅជុំវិញពិភពលោក ។

រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកបម្រែបម្រួលអាកាសធាតុរបស់ប្រទេសប៉ាគីស្ថានលោក Sherry Rehman បាននិយាយថា ប្រទេសប៉ាគីស្ថាន គឺជាប្រទេសមួយដែលទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅកាន់ពិភពលោក ។ រលកកំដៅក្ដៅខ្លាំងនៅទូទាំងប្រទេស កើតមានទឹកជំនន់ភ្លាមៗ រួមទាំងទឹកជំនន់ដោយសារបឹងនៃផ្ទាំងទឹកកករលាយផងដែរ ហើយចុងក្រោយបំផុតនេះគឺ ខ្យល់មូសុងដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ។ រហូតមកទល់នឹងពេលនេះតំបន់ជាច្រើននៃប្រទេសប៉ាគីស្ថាន មានស្ថានភាពដូចទៅនឹងសមុទ្រទៅហើយ ។ មានការប៉ាន់ប្រមាណថា ប្រទេសប៉ាគីស្ថានយ៉ាងហោចណាស់ត្រូវការថវិកាចំនួន 10ពាន់លានដុល្លារអាម៉េរិក ដើម្បីស្ដាររាល់ការខូចខាតដោយគ្រោះទឹកជំនន់នេះ ។

Leave a Reply

Your email address will not be published. Required fields are marked *