អាម៉េរិកគំរាមបិទ TikTok ប្រសិនបើក្រុមហ៊ុនចិនមួយនេះមិនព្រមលក់ភាគហ៊ុនរបស់ខ្លួនទាំងអស់ទេនោះ
Business China

អាម៉េរិកគំរាមបិទ TikTok ប្រសិនបើក្រុមហ៊ុនចិនមួយនេះមិនព្រមលក់ភាគហ៊ុនរបស់ខ្លួនទាំងអស់ទេនោះ

ក្រុមហ៊ុន TikTok បានប្រាប់រ៉យទ័រកាលពីថ្ងៃពុធថារដ្ឋបាលបៃដិនបានទាមទារឱ្យម្ចាស់ TikTok របស់ចិនលក់ភាគហ៊ុនរបស់ពួកគេនៅក្នុងកម្មវិធីវីដេអូដ៏ពេញនិយម ឬក៏ចង់ប្រឈមនឹងការបិទវេទិកាមួយនេះនៅក្នុងសហរដ្ឋអាម៉េរិក ។

ការផ្លាស់ប្ដូរនេះគឺជាជំហានដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៅក្នុងជំហានថ្មីៗរបស់មន្ត្រីអាម៉េរិក និងសមាជិកសភា ដែលបានបង្កើនការភ័យខ្លាចថាទិន្នន័យអ្នកប្រើប្រាស់របស់ TikTok ក្នុងសហរដ្ឋអាម៉េរិកអាចត្រូវបានបញ្ជូនទៅរដ្ឋាភិបាលរបស់ប្រទេសចិន ។ TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance មានអ្នកប្រើប្រាស់ជាង ១០០ លាននាក់នៅសហរដ្ឋអាម៉េរិក ។

វាក៏ជាលើកទីមួយដែរដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យលោក ចូ បៃឌិន ដែលការបិទដ៏មានសក្តានុពលលើ TikTok ត្រូវបានគំរាមកំហែង ។ អ្នកកាន់តំណែងមុនរបស់លោក បៃឌិន គឺលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋបានព្យាយាមហាមឃាត់ TikTok ក្នុងឆ្នាំ 2020 ប៉ុន្តែត្រូវបានរារាំងដោយតុលាការសហរដ្ឋអាម៉េរិក ។

អ្នកនាំពាក្យ TikTok លោក Brooke Oberwetter បានប្រាប់រ៉យទ័រថា ថ្មីៗនេះ ក្រុមហ៊ុនបានទទួលដំណឹងពីគណៈកម្មាធិការគ្រប់គ្រងដោយរតនាគារសហរដ្ឋអាម៉េរិកសម្រាប់ការវិនិយោគបរទេសនៅសហរដ្ឋអាម៉េរិក (CFIUS) ដែលបានទាមទារឱ្យម្ចាស់កម្មវិធីចិនលក់ភាគហ៊ុនរបស់ពួកគេ ហើយបាននិយាយថា បើមិនដូច្នេះទេ ពួកគេនឹងប្រឈមមុខនឹងបញ្ហាអាចនឹងអាចហាមឃាត់កម្មវិធីនេះនៅក្នុងសហរដ្ឋអាម៉េរិកផងដែរ ។

កាសែត Wall Street Journal បានរាយការណ៍ជាលើកដំបូងអំពីការផ្លាស់ប្ដូរនេះ ។ ByteDance បានបញ្ជាក់ថា 60% នៃភាគហ៊ុនរបស់ខ្លួនត្រូវបានគ្រប់គ្រងដោយវិនិយោគិនសកល 20% ដោយបុគ្គលិក និង 20% ដោយស្ថាបនិករបស់ខ្លួន ។

ក្រសួងការបរទេសចិនបានឆ្លើយតបកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា សហរដ្ឋអាម៉េរិកមិនទាន់ផ្តល់ភស្តុតាងដែលថា TikTok គំរាមកំហែងដល់សន្តិសុខជាតិនៅឡើយទេ ។ អ្នកនាំពាក្យក្រសួងលោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា សហរដ្ឋអាម៉េរិកគួរតែបញ្ឈប់ការគាបសង្កត់ក្រុមហ៊ុនចិនបែបនេះតទៅទៀត ។

សេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ។

ប្រភព ៖ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *