អាមេរិក​នឹង​សាងសង់​មូលដ្ឋាន​ទ័ព​ថ្មីចំនួន​៤ នៅក្នុងតំបន់អាស៊ាន​​ ដើម្បីទប់ឥទ្ធិពលចិន
Asia China USA

អាមេរិក​នឹង​សាងសង់​មូលដ្ឋាន​ទ័ព​ថ្មីចំនួន​៤ នៅក្នុងតំបន់អាស៊ាន​​ ដើម្បីទប់ឥទ្ធិពលចិន

ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន លោក Ferdinand Marcos Jr. បាន​បញ្ជាក់​ថា សហរដ្ឋ​អាម៉េរិក​គ្រោង​នឹង​សាងសង់​មូលដ្ឋាន​យោធា​ថ្មី​ចំនួន​បួននៅ​រាយប៉ាយជុំវិញ​ប្រទេស​ហ្វីលីពីន ។ លោក​បាន​បន្ថែម​ថា យ៉ាង​ហោច​ណាស់​កន្លែង​មួយ​នឹង​ត្រូវ​ដាក់​នៅ​ក្បែរ​ប្រជុំ​កោះ​មានជម្លោះ​ដែល​ទាមទារ​ដោយ​ចិន និង​ប្រទេស​មួយ​ចំនួន​ទៀត ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ មេដឹកនាំហ្វីលីពីនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការសកម្មភាពថ្មី ដែលត្រូវបានបង្ហាញជាលើកដំបូងកាលពីខែមុន ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) ជាមួយទីក្រុងវ៉ាស៊ីនតោន ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា លោកមិនអាចបង្ហាញទីតាំងពិតប្រាកដរបស់ពួកគេបានទេ រហូតទាល់តែមានការប្រកាសជាផ្លូវការជាមួយសហរដ្ឋអាម៉េរិក ។

លោកបាននិយាយថា “មានទីតាំងយោធាបន្ថែមចំនួនបួនដែលនៅរាយប៉ាយនៅជុំវិញហ្វីលីពីន មានខ្លះនៅភាគខាងជើង មានខ្លះនៅជុំវិញកោះ Palawan មានភាគខាងត្បូង​ ដោយបន្ថែមថា មូលដ្ឋានទ័ពនឹងជួយការពារកោះ Luzon ដ៏ធំបំផុតរបស់ប្រទេស ។

កោះPalawan គឺជាតំបន់មួយក្នុងចំណោមកោះភាគខាងលិចបំផុតរបស់ប្រទេសហ្វីលីពីន ហើយស្ថិតនៅចម្ងាយប្រហែល 200 ម៉ាយល៍ (320 គីឡូម៉ែត្រ) ភាគខាងកើតនៃប្រជុំកោះ Spratly ដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដែលត្រូវបានគេស្គាល់ដោយឈ្មោះក្នុងស្រុកមួយចំនួនទៀត ។ ប្រទេសចំនួនប្រាំមួយបានទាមទារផ្នែកខ្លះនៃខ្សែសង្វាក់កោះតូច ដែលក្នុងនោះមាន ចិន តៃវ៉ាន់ វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ ក៏ដូចជាហ្វីលីពីន ទោះបីជាមន្ត្រីអាម៉េរិកបានច្រានចោលការទាមទាររបស់ទីក្រុងប៉េកាំងថា “ខុសច្បាប់” ក៏ដោយ ។

ទន្ទឹមនឹងនោះ មូលដ្ឋានទ័ពអាម៉េរិកនៅលើកោះ Luzon ទំនងជាត្រូវបានសាងសង់ឡើងដោយគិតគូរពីឈ្លានពានតៃវ៉ាន់ ដោយសារតែកោះនេះនៅជិតនឹងកោះតៃវ៉ាន់ ដែលចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីអធិបតេយ្យភាពរបស់ខ្លួន ។ ទោះបីជាទីក្រុងវ៉ាស៊ីនតោនបានរក្សាគោលនយោបាយ “ភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រ” ឆ្ពោះទៅទីក្រុងតៃប៉ិជាយូរយារណាស់មកហើយក៏ដោយ ប៉ុន្តែលោកប្រធានាធិបតី ចូ បៃដិន បាន​បញ្ជាក់យ៉ាងច្បាស់ថា កងកម្លាំងអាម៉េរិកនឹងមកការពារកោះតៃវ៉ាន់ក្នុងករណីមានការវាយប្រហាររបស់ចិន ។

នៅពេលសួរអំពីផែនការសម្រាប់មូលដ្ឋានទ័ពថ្មីរបស់អាម៉េរិកក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានអះអាងថា កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសគួរតែអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងមិនកំណត់គោលដៅ ឬបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍របស់ភាគីទីបីណាមួយឡើយ ។

ប្រភព ៖ RT

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *