ទីភ្នាក់ងារអនុវត្តច្បាប់សហព័ន្ធ ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាអំពីការត្រៀមលក្ខណៈសន្តិសុខ ក្នុងករណីដែលអតីតប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំបទឧក្រិដ្ឋនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនដែលដកស្រង់សម្តីមន្ត្រីមិនបញ្ចេញឈ្មោះ ។
អតីតមេដឹកនាំអាម៉េរិករូបនេះស្ថិតក្រោមការស៊ើបអង្កេតរបស់គណកម្មាធិការវិនិច្ឆ័យធំមួយដែលធ្វើឡើងដោយការិយាល័យមេធាវីស្រុក Manhattan ជុំវិញបទចោទប្រកាន់ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្ម ហើយត្រូវបានចោទប្រកាន់ពីបទរៀបចំការបង់ប្រាក់ចំនួន 130,000 ដុល្លារដល់តារាភាពយន្តអាសអាភាស Stormy Daniels តាមរយៈមេធាវីរបស់គាត់ ។ នាង Daniels អះអាងថា ទទួលបានប្រាក់កំឡុងពេលយុទ្ធនាការបោះឆ្នោះប្រធានាធិបតីឆ្នាំ 2016 ដើម្បីរក្សាភាពស្ងៀមស្ងាត់អំពីទំនាក់ទំនងផ្លូវភេទរបស់នាង និងលោក ត្រាំ នាពេលកន្លងមក ទោះបីជាលោក ត្រាំ បានបដិសេធថាទំនាក់ទំនងបែបនេះមិនធ្លាប់មានក៏ដោយ ។
ចំណែកឯលោក ដូណាល់ ត្រាំ វិញបានអះអាងនៅមុននេះបន្តិចថា លោកនឹងត្រូវគេចាប់ខ្លួននៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ហើយបានអំពាវនាវឲ្យមានការតវ៉ាដើម្បី «យកប្រទេសរបស់យើងមកវិញ» ។
ប្រភព ៖ CNN
By Suon Visal