សភាអាម៉េរិកគ្រោងនឹងបោះឆ្នោតបិទមិនឱ្យប្រើប្រាស់ កម្មវិធី TikTok របស់ចិននៅខែក្រោយនេះ
Business China USA

សភាអាម៉េរិកគ្រោងនឹងបោះឆ្នោតបិទមិនឱ្យប្រើប្រាស់ កម្មវិធី TikTok របស់ចិននៅខែក្រោយនេះ

គណកម្មការកិច្ចការបរទេសរបស់សភាអាម៉េរិក កាលពីថ្ងៃសុក្រនេះ បានប្រកាសពីគម្រោងបោះឆ្នោតដើម្បីបញ្ឈប់ការប្រើប្រាស់បណ្តាញសង្គមដ៏ពេញនិយមរបស់ចិន TikTok នៅសហរដ្ធអាម៉េរិក។

លោក Michael McCaul តំណាងប្រធានក្រុមប្រឹក្សាគណកម្មការកិច្ចការបរទេស​ ដែលមកពីគណបក្សសាធារណរដ្ឋ បានរៀបចំឯកសារផ្លូវច្បាប់ ផ្ញើរទៅកាន់សេតវិមានរបស់ប្រធានាធិបតីរួចរាល់ហើយ អំពីគម្រោងបោះឆ្នោតលុបចោល TikTok ទាំងស្រុង ជុំវិញបញ្ហាបង្កហានិភ័យដល់សន្តិសុខជាតិអាម៉េរិក។

តំណាងប្រធានក្រុមប្រឹក្សាសភារូបនេះ បានប្រាប់ Bloomberg ថា “អាម៉េរិកមានការព្រួយបារម្ភថា កម្មវិធីនេះបានលួចផ្តល់ព័ត៌មានសម្ងាត់របស់អ្នកប្រើប្រាស់ខ្លួនឱ្យទៅរដ្ឋាភិបាលក្រុងប៉េកាំង” ។

គួររម្លឹកថា កាលពីឆ្នាំ ២០២០ លោកប្រធានាធិបតី Donald Trump បានព្យាយាមរារាំងមិនឱ្យមានអ្នកប្រើប្រាស់ថ្មីៗ និងបានហាមឃាត់ប្រតិបត្តិការណ៍ផ្សេងទៀត ក្នុងបំណងបិទបណ្តាញសង្គមមួយនេះទាំងស្រុងពីអាមេរិក ប៉ុន្តែយ៉ាងណាក្តី ការប៉ុនប៉ងនេះបានចាញ់នៅក្នុងជំនួបដ៏តានតឹងក្នុងតុលាការ។

ដោយឡែក រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ក៏បានបិទសំណុំរឿងនេះចោលនៅខែមិថុនា ឆ្នាំ ២០២១ មុនពេលដែលសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ Marco Rubio បានបង្ហាញច្បាប់ថ្មីមួយដែលមានឈ្មោះថា bipartisan ដើម្បីហាមឃាត់ TikTok និងរារាំងរាល់ប្រតិបត្តិការទាំងអស់ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយនៅក្នុង ឬស្ថិតនៅក្រោមឥទ្ធិពលរបស់ចិន និងរុស្ស៊ី។

គួរបន្ថែមថា ក្រោយបណ្តាញសង្គមមួយនេះដាក់ឲ្យប្រើប្រាស់ត្រឹមតែជាង៣ឆ្នាំប៉ុណ្ណោះ TikTok ទទួលបានអ្នកប្រើប្រាស់ជាង១០០លាននាក់នៅអាម៉េរិក ស្របពេលដែលរដ្ធបាលក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមទប់ស្កាត់បញ្ហានេះ។ តាមរយៈគណៈកម្មាធិការរបស់រដ្ឋាភិបាលលើការវិនិយោគបរទេសនៅសហរដ្ឋអាម៉េរិក (CFIUS) បានធ្វើការឃ្លាំមើលយ៉ាងតឹងរឹង ចំពោះទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋអាម៉េរិក ដោយមិនអាចលួចយក ឬគ្រប់គ្រងដោយបក្សកុម្មុយនិស្តចិន ឬនរណាម្នាក់ផ្សេងទៀតនៅក្រោមឥទ្ធិពលរបស់ទីក្រុងប៉េកាំងនោះទេ៕

Source: CFIUS

Translated by Vannak Noun

Leave a Reply

Your email address will not be published. Required fields are marked *