អ្នកនាំពាក្យរបបយោធាបាននិយាយថា ប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា គ្រោងនឹងនាំចូលប្រេងសាំង ពីរុស្ស៊ី ដើម្បីបន្ធូរបន្ថយកង្វល់នៃការផ្គត់ផ្គង់ និងការកើនឡើងតម្លៃថាមពល ខណៈដែលមីយ៉ាន់ម៉ាជាប្រទេសកំពុងអភិវឌ្ឍន៍ចុងក្រោយបង្អស់ដែលធ្វើដូច្នេះចំពេលមានវិបត្តិថាមពលពិភពលោក នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានរក្សាទំនាក់ទំនងមិត្តភាពជាមួយរុស្ស៊ី ទោះបីជាប្រទេសទាំងពីរនៅតែស្ថិតក្រោមការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច ពោលគឺមីយ៉ាន់ម៉ា សម្រាប់រដ្ឋប្រហារយោធាដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតកាលពីឆ្នាំមុន និងរុស្ស៊ីសម្រាប់ការលុកលុយអ៊ុយក្រែន ដែលខ្លួនបានហៅថា ” ប្រតិបត្តិការយោធាពិសេស” ។
ប្រទេសរុស្ស៊ីកំពុងស្វែងរកអតិថិជនថ្មីសម្រាប់ការលក់ថាមពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីដែលជាទិសដៅនាំចេញដ៏ធំបំផុតរបស់ខ្លួនគឺអឺរ៉ុបនឹងដាក់ទណ្ឌកម្មលើប្រេងរុស្ស៊ីជាដំណាក់កាលនៅចុងឆ្នាំនេះ ។
អ្នកនាំពាក្យយោធាលោក Zaw Min Tun បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា “យើងបានទទួលការអនុញ្ញាតឱ្យនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៊ី” ដោយបន្ថែមថា ខ្លួនពេញចិត្តសម្រាប់គុណភាព និងតម្លៃទាប” ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ការដឹកជញ្ជូនប្រេងឥន្ធនៈនឹងត្រូវចាប់ផ្តើមពីខែកញ្ញា។