រដ្ឋមន្រ្តីការពារជាតិកម្ពុជា និងរដ្ឋមន្រ្តីការពារជាតិអាម៉េរិកបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។
Important

រដ្ឋមន្រ្តីការពារជាតិកម្ពុជា និងរដ្ឋមន្រ្តីការពារជាតិអាម៉េរិកបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។

កិច្ចពិភាក្សានេះ ធ្វើឡើងរវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងចូលជួបសម្តែងការគួរសមដោយលោក Lloyd J. Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក នៅខេត្តសៀមរាប នាថ្ងៃទី២២ ខែវិច្ឆិកា នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩ (ADMM-Plus) ។

ភាគីទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់នៃការកសាងទំនាក់ទំនងទ្វេភាគីប្រកបដោយផលិតភាព ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរ ព្រមទាំងស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងទំនុកចិត្តទ្វេភាគី ។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក ក្នុងជំនួបទ្វេភាគីលោក Lloyd J. Austin III បានស្វាគមន៍ការដឹកនាំរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងអំឡុងឆ្នាំដ៏លំបាកមួយ ក៏ដូចជាការគាំទ្ររបស់កម្ពុជាចំពោះដំណោះស្រាយមហាសន្និបាតអង្គការសហប្រជាជាតិដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ។

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិក ក៏បានសម្តែងការកោតសរសើរចំពោះឆន្ទៈរបស់កម្ពុជាក្នុងការបញ្ជូនក្រុមដោះមីនទៅបណ្តុះបណ្តាលអ្នកជំនាញការដោះមីនអ៊ុយក្រែន ។

ប្រភព ៖​ AKP News

Leave a Reply

Your email address will not be published. Required fields are marked *