យោធាចិននិយាយថា ខ្លួនបានបណ្ដេញនាវាចម្បាំងអាម៉េរិកដែលបានចូលដែនទឹករបស់ខ្លួនដោយខុសច្បាប់ក្នុងសមុទ្រចិនខាងត្បូង
China USA World

យោធាចិននិយាយថា ខ្លួនបានបណ្ដេញនាវាចម្បាំងអាម៉េរិកដែលបានចូលដែនទឹករបស់ខ្លួនដោយខុសច្បាប់ក្នុងសមុទ្រចិនខាងត្បូង

យោធាចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានត្រួតពិនិត្យ និងបណ្តេញនាវាពិឃាតអាម៉េរិកមួយគ្រឿង ដែលបានចូលដែនទឹករបស់ចិនដោយខុសច្បាប់នៅជុំវិញប្រជុំកោះប៉ារ៉ាស៊ែលក្នុងសមុទ្រចិនខាងត្បូង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាបាននិយាយថា នាវាពិឃាត USS Milius បានឈ្លានពានចូលទៅក្នុងដែនទឹករបស់ប្រទេសចិន ដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុងផ្លូវទឹកដ៏មមាញឹក ។

លោក Tian Junli អ្នកនាំពាក្យនៃបញ្ជាការដ្ឋានភាគខាងត្បូងរបស់ប្រទេសចិនបាននិយាយថា “កងកម្លាំងចិននឹងរក្សាភាពប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា និងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាពជាតិ និងសន្តិសុខ និងសន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង” ។

កងទ័ពជើងទឹកអាម៉េរិកច្រានចោលសេចក្តីថ្លែងការណ៍របស់យោធាចិនដោយនិយាយថា នាវាពិឃាតកំពុងធ្វើប្រតិបត្តិការជាប្រចាំ នៅក្នុងសមុទ្រចិនខាងត្បូង ហើយមិនត្រូវបានយោធាចិនបណ្តេញចេញទេ ។

សេចក្តីថ្លែងការណ៍របស់កងនាវាចរទី ៧ របស់សហរដ្ឋអាម៉េរិកបាននិយាយថា “សហរដ្ឋអាម៉េរិកនឹងបន្តហោះហើរ និងប្រតិបត្តិការគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត” ។ ខណៈភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងចិនបាននឹងកំពុងកើនឡើងក្នុងតំបន់ ។

សហរដ្ឋអាម៉េរិកបាននឹងកំពុងតែកេណ្ឌសម្ពន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលកំពុងស្វែងរកការប្រឆាំងការវាតទីរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ ខណៈដែលទីក្រុងប៉េកាំងព្យាយាមជំរុញការទាមទារទឹកដីរបស់ខ្លួន ។

ប្រភព ៖ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *