យន្តហោះដឹកអាវុធមួយគ្រឿងរបស់អ៊ុយក្រែនបានធ្លាក់នៅក្នុងប្រទេសក្រិក!!
Breaking News

យន្តហោះដឹកអាវុធមួយគ្រឿងរបស់អ៊ុយក្រែនបានធ្លាក់នៅក្នុងប្រទេសក្រិក!!

រដ្ឋមន្ត្រីការពារជាតិស៊ែប៊ីបាននិយាយថា សមាជិកនាវិកទាំងប្រាំបីនាក់ត្រូវបានសម្លាប់នៅពេលដែលយន្តហោះដឹកទំនិញ របស់អ៊ុយក្រែនដែលផ្ទុកអាវុធបានធ្លាក់នៅក្នុងប្រទេសក្រិកដែលកំពុងធ្វើដំណើរពីប្រទេសស៊ែប៊ីទៅកាន់ប្រទេសបង់ក្លាដែស ។

សាក្សី​បាន​និយាយ​ថា ពួកគេ​បាន​ឃើញ​យន្តហោះ Antonov ដែលជា​ប្រតិបត្តិការ​ឯកជន​នោះបាន​ឆេះ ហើយ​បាន​ឮ​សំឡេង​ផ្ទុះ។ វីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឱ្យឃើញពីយន្តហោះដែលឆេះដោយដុំភ្លើងដ៏ធំ ខណៈដែលវាបានបុកដីកាលពីល្ងាចថ្ងៃសៅរ៍នៅក្នុងភូមិ Paleochori ក្បែរទីក្រុង Kavala នៃប្រទេសក្រិក។

រដ្ឋមន្ត្រីការពារជាតិស៊ែប៊ី លោក Nebojsa Stefanovic បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា “គួរឱ្យសោកស្តាយ យោងតាមព័ត៌មានដែលយើងបានទទួល សមាជិកនាវិកទាំងប្រាំបីនាក់បានស្លាប់នៅក្នុងការធ្លាក់យន្តហោះ” ។

យន្តហោះ Antonov An-12 បានហោះចេញពីអាកាសយានដ្ឋាន Nis ភាគខាងត្បូងប្រទេសស៊ែប៊ី នៅម៉ោងប្រហែល 8:40 យប់ (18:40 GMT) កាលពីថ្ងៃសៅរ៍ ដោយបានដឹក “ទំនិញឧស្សាហកម្មយោធាប្រហែល 11 តោន” ដែលជាគ្រាប់មីនប្រភេទ Valir ដែលជារបស់ក្រុមហ៊ុនឯកជនស៊ែប៊ី ទៅកាន់ប្រទេសបង់ក្លាដែស ​។

ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយថា នាវិកទាំង ៨នាក់ គឺជាពលរដ្ឋអ៊ុយក្រែន។ អ្នកនាំពាក្យ Oleg Nikolenko បាននិយាយនៅលើ Facebook ថា “មូលហេតុបឋមនៃគ្រោះថ្នាក់គឺដោយម៉ាស៊ីនមួយរបស់យន្តហោះបានខូច” ។

លោក Denys Bogdanovych អគ្គនាយកក្រុមហ៊ុន Meridian ដែលជាក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន ដែលប្រតិបត្តិការលើយន្តហោះនេះ ក៏បានប្រាប់ទូរទស្សន៍អាល្លឺម៉ង់ Deutsche Welle ថា នាវិកទាំងអស់សុទ្ធតែជាជនជាតិអ៊ុយក្រែន ។

ប្រភព​ ៖ Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *