ប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកគាំទ្រការសាងសង់បំពង់បង្ហូរប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសចិនដោយឆ្លងកាត់តាមរយៈប្រទេសម៉ុងហ្គោលី ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
ថ្លែងតាមរយៈអ្នកបកប្រែនៅក្នុងកិច្ចប្រជុំត្រីភាគីជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃក្នុងទីក្រុង Samarkand នៃប្រទេសអូបេគីស្ថាន លោក Khurelsukh បានគាំទ្រផែនការនេះ ដោយស្នើឱ្យសិក្សាពីលទ្ធភាពសេដ្ឋកិច្ចរបស់ពួកគេ ។
ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom សង្ឃឹមថានឹងសាងសង់បំពង់បង្ហូរឧស្ម័ន Power of Siberia 2 ឆ្លងកាត់ម៉ុងហ្គោលីទៅកាន់ប្រទេសចិន ក្នុងគោលបំណងនាំចេញឧស្ម័នចំនួន 50 ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំតាមរយៈផ្លូវនេះនៅឆ្នាំ 2030 ។