Cristiano Ronaldo ត្រូវបានព័រទុយហ្គាល់ខ្ជះខ្ជាយទេពកោសល្យរបស់គាត់នៅ World Cup 2022 ហើយបានក្លាយជាជនរងគ្រោះនៃបម្រាមនយោបាយ នេះបើយោងតាមប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ។
Ronaldo វ័យ 37 ឆ្នាំបានស៊ូទ្រាំនឹងពេលវេលាដ៏ក្រៀមក្រំក្នុងប្រទេសកាតា ខណៈដែលព័រទុយហ្គាល់បានធ្លាក់ក្រោមថ្វីជើងម៉ារ៉ុកក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រ ។
គាត់បានចាប់ផ្តើមការប្រកួតវគ្គចែកពូលក្នុងជម្រើស11នាក់ដំបូងចំនួនប្រកួតសម្រាប់ក្រុមរបស់គាត់ មុនត្រូវបានអង្គុយនៅកៅអីបម្រុង បន្ទាប់ពីត្រូវបានទម្លាក់ដោយអ្នកចាត់ការ Fernando Santos ហើយបានលេងត្រឹមតែ 40 នាទីនៅក្នុងការប្រកួតដែលព័រទុយហ្កាល់បរាជ័យក្រោមស្នាដៃក្រុមម៉ារ៉ុក ។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្រោយមកបានទទួលស្គាល់ថា ក្តីសុបិនរបស់គាត់ក្នុងការឈ្នះពាន World Cup ត្រូវបានបញ្ចប់ បន្ទាប់ពីទទួលរងការខកចិត្តកាន់តែខ្លាំង បើទោះជាគាត់ក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍ World Cup ចំនួន 5 ដងផ្សេងៗគ្នាក៏ដោយ ។
ជាក់ស្តែង គូប្រជែងរបស់ Ronaldo គឺ Lionel Messi បានបន្តដឹកនាំប្រទេសរបស់គាត់ឱ្យទទួលបានជោគជ័យក្នុងការប្រកួត World Cup ជាលើកដំបូងក្នុងរយៈពេល 36 ឆ្នាំ ។
យោងតាមលោក Erdogan ដែលជាអ្នកគាំទ្របាល់ទាត់ដ៏ល្បី និងជាអតីតកីឡាករបាល់ទាត់ពាក់កណ្តាលអាជីពផងដែរនោះបាននិយាយថា Ronaldo ត្រូវបានក្រុមរបស់គាត់ធ្វើបាប ។ “ពួកគេបានខ្ជះខ្ជាយទេពកោសល្យរបស់ Ronaldo ។ លោក Erdogan បាននិយាយនៅក្នុងព្រឹត្តិការណ៍យុវជនមួយនៅក្នុងខេត្ត Erzurum ភាគខាងកើតកាលពីថ្ងៃអាទិត្យ នេះបើយោងតាមទីភ្នាក់ងារ Anadolu ។
មេដឹកនាំរូបនេះបានបន្ថែមថា “ការបញ្ជូនកីឡាករបាល់ទាត់ដូចជា Ronaldo ទៅកាន់ទីលានប្រកួត ដែលនៅសល់តែ 30 នាទីនៃការប្រកួតបានបំផ្លាញចិត្តសាស្ត្ររបស់គាត់ ហើយបានធ្វើឲ្យបាត់បង់ថាមពលរបស់គាត់” ។
ប្រភព ៖ Al Jazeera
Translate by VISAL