ប៉ូលីសពន្ធដាររបស់ប្រទេសអ៊ីតាលីបានរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃជាង 141 លានអឺរ៉ូ (144 លានដុល្លារ) ពីស្ថាបត្យករម្នាក់ដែលមានទំនាក់ទំនងជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។
ប៉ូលីសពន្ធដាររបស់អ៊ីតាលីបានផ្ញើសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធដោយនិយាយថា ខ្លួនបានរឹបអូសទ្រព្យសម្បត្តិពី “អ្នកជំនាញដ៏ល្បី” នៅក្នុងទីក្រុង Brescia ដែលជាទីក្រុងនៅភាគខាងជើងប្រទេសអ៊ីតាលីដោយលើកឡើងពីបទល្មើសពន្ធដារ ។ ប៉ូលីសពន្ធដាររបស់អ៊ីតាលីបានបដិសេធមិនបញ្ចេញឈ្មោះទ្រព្យសម្បត្តិនោះទេ ។
ប្រភពបាននិយាយថា ទ្រព្យសម្បត្តិជាកម្មសិទ្ធិរបស់លោក Lanfranco Cirillo ដែលបានរចនាវិមានដ៏ធំនៅលើសមុទ្រខ្មៅក្នុងប្រទេសរុស្ស៊ី ដែលត្រូវបានគេស្គាល់ថាជា “វិមានរបស់ពូទីន” បន្ទាប់ពីអ្នកជំនួញម្នាក់បានចោទប្រកាន់ថា វិមាននេះត្រូវបានសាងសង់សម្រាប់លោកពូទីន។
កន្លងមកប្រធានាធិបតីរុស្សីធ្លាប់បានបដិសេធមិនដែលមានទាក់ទងគ្នាទៅនឹងអចលនទ្រព្យប្រណីតនោះទេ ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៊ីតាលីកាលពីដើមឆ្នាំនេះ លោក Cirillo បាននិយាយថា លោកបានរចនាអគារនេះ ប៉ុន្តែបាននិយាយថា វាត្រូវបានចាត់ចែងដោយក្រុមឯកជន ហើយលោកមិនមានទំនាក់ទំនងជាមួយលោក ពូទីន ទេ។