ថៃកំណត់គោលដៅទទួលបានភ្ញៀវទេសចរណ៍បរទេសឲ្យបានចំនួន 80 លាននាក់ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ2027 តទៅ
Asia Tourism

ថៃកំណត់គោលដៅទទួលបានភ្ញៀវទេសចរណ៍បរទេសឲ្យបានចំនួន 80 លាននាក់ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ2027 តទៅ

ប្រទេសថៃដាក់គោលដៅទទួលភ្ញៀវទេសចរបរទេសរហូតដល់ 80 លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ 2027 ដែលជាចំនួនច្រើនជាងពីរដងបើធៀបនឹងឆ្នាំ 2019 និងលើសពីចំនួនប្រជាជនថៃដែលមានចំនួន 70 លាននាក់ ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក Phiphat Ratchakitprakarn បានកំណត់គោលដៅរយៈពេល 5 ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ ដោយមានបំណងបង្កើតប្រាក់ចំណូលប្រចាំឆ្នាំចំនួន 5 ពាន់ពាន់លានបាត ឬស្មើនឹង 15០ ពាន់លានដុល្លារនៅឆ្នាំ 2027 ដែលស្ទើរតែកើនឡើងបីដងនៃចំនួន 1.93 ពាន់ពាន់លានបាតឬស្មើនឹង 58 ពាន់លានដុល្លារដែលបានមកពីការចូលមកដល់របស់ជនបរទេសក្នុងឆ្នាំ 2019 ។

នៅឆ្នាំនេះ ក្រសួងរំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសយ៉ាងតិច 25 លាននាក់ចូលមកក្នុងប្រទេសថៃ ដែលនឹងជួយវិស័យនេះឲ្យងើបឡើងវិញដល់ទៅ 60% នៃកម្រិតមុនការរាតត្បាតកូវីដ ។ ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរក្នុងស្រុក និងបរទេសក្នុងឆ្នាំ 2023 ត្រូវបានគេព្យាករណ៍ថាមានចំនួន 2.4 ពាន់ពាន់លានបាត (72ពាន់លានដុល្លារ) ឬ 80% នៃកម្រិតមុនកូវីដ-19 ដែលជំរុញដោយការមកដល់របស់ភ្ញៀវទេសចរចិន បន្ទាប់ពីប្រទេសនេះបានលុបចោលការរឹតបន្តឹងការធ្វើដំណើរកាលពីថ្ងៃទី 8 ខែមករា ។

លោក Phiphat បានមានប្រសាសន៍ថា មុនឆ្នាំ 2027 មកដល់ យើងត្រូវរៀបចំបុគ្គលិក និងធនធានរបស់យើង ដើម្បីស្វាគមន៍ភ្ញៀវទេសចរបរទេសដោយបន្ថែមថា ក្រសួងរបស់លោកនឹងសម្របសម្រួលជាមួយក្រសួងការងារ ដើម្បីកសាងទំហំ និងជំនាញនៃកម្លាំងពលកម្មទេសចរណ៍ ។

លោក Phitphat បាននិយាយថា ក្រៅពីការដោះស្រាយកង្វះខាតកម្មករជំនាញផ្នែកទេសចរណ៍ ប្រទេសថៃត្រូវបង្កើនសន្តិសុខ និងសុវត្ថិភាព ដើម្បីស្វាគមន៍ភ្ញៀវទេសចរបរទេសដែលមានចំនួនច្រើន។ នេះទាមទារឲ្យមានការសម្របសម្រួលរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទៅ ។

យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា កាលពីឆ្នាំមុន មានភ្ញៀវទេសចរបរទេសចំនួន 11.81 លាននាក់មកទស្សនាប្រទេសថៃ ដែលជួយបង្កើតប្រាក់ចំណូលសរុបពីភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិចំនួន 1.5 ពាន់ពាន់លានបាត ឬស្មើនឹង 45 ពាន់លានដុល្លារ ។

អាជ្ញាធរទេសចរណ៍ថៃបាននិយាយថា ភ្ញៀវបរទេសភាគច្រើនកាលពីឆ្នាំមុនគឺមកពីម៉ាឡេស៊ី (1.95 លាននាក់) បន្ទាប់មកគឺឥណ្ឌា (965,994នាក់) ឡាវ (844,959 នាក់) កម្ពុជា (591,657 នាក់) និងសិង្ហបុរី (589,770 នាក់)។

ប្រភព ៖ The Nation Thailand

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *