ក្រសួងការបរទេសរបស់តៃវ៉ាន់បានសម្តែង “ការដឹងគុណដោយស្មោះ” របស់ខ្លួនចំពោះសហរដ្ឋអាម៉េរិកដែលបានចាត់វិធានការជាក់ស្តែងដើម្បីរក្សាសន្តិសុខ និងសន្តិភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងតំបន់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍នេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អ្នកសម្របសម្រួលតំបន់ឥណ្ឌូប៉ាស៊ីហ្វិកលោក Kurt Campbell ដែលបាននិយាយកាលពីថ្ងៃសុក្រថាប្រទេសចិន “ប្រតិកម្មខ្លាំងពេក” ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាម៉េរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយថា ការបំភិតបំភ័យផ្នែកយោធា និងសេដ្ឋកិច្ចដោយមិនញញើតរបស់ចិនបានពង្រឹងបន្ថែមទៀតនូវការរួបរួម និងភាពធន់នៃប្រជាធិបតេយ្យពិភពលោក ។
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការគំរាមកំហែងប្រើប្រាស់កម្លាំងរបស់ចិនគឺគ្មានការថយចុះទេ ទោះបីជាសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ទីក្រុងប៉េកាំងនៅជុំវិញកោះនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi កាលពីសប្តាហ៍មុនហាក់ដូចជាមានការថយចុះក៏ដោយ។