យោងតាមទីភ្នាក់ងាររដ្ឋ Anadolu របស់ប្រទេសតួកគី បានឲ្យដឹងថា មីស៊ីលពីដីទៅអាកាសរបស់ក្រិកបានតម្រង់រកបាញ់យន្តហោះចម្បាំង F-16 របស់តួកគី ដែលបំពេញបេសកកម្មឈ្លបយកការណ៍នៅក្នុងដែនអាកាសអន្តរជាតិ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera ។
ការចោទប្រកាន់នេះគឺជាការអះអាងចុងក្រោយពីប្រទេសតួកគីដែលថា ប្រទេសជិតខាងរបស់ខ្លួន និងជាសមាជិកណាតូក្រិកបានកំពុងកំណត់គោលដៅលើយន្តហោះរបស់ខ្លួននៅពីលើសមុទ្រមេឌីទែរ៉ាណេភាគខាងកើត និងសមុទ្រ Aegean។
Anadolu បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិថា រ៉ាដានៃប្រព័ន្ធការពារដែនអាកាស S-300 របស់ក្រិកដែលមានមូលដ្ឋានលើកោះ Crete បានកំណត់គោលដៅលើយន្តហោះតួកគីកាលពីថ្ងៃអង្គារ ។
របាយការណ៍បានបន្ថែមថា យន្តហោះ F-16 ស្ថិតនៅរយៈកម្ពស់ 3,000 ម៉ែត្រ (10,000 ហ្វីត) នៅភាគខាងលិចនៃកោះ Rhodes របស់ប្រទេសក្រិក នៅពេលដែលរ៉ាដាតាមដានគោលដៅរបស់ S-300 ដែលផលិតដោយរុស្ស៊ីបានកំណត់គោល ។ យន្តហោះតួកគីបានបញ្ចប់បេសកកម្មរបស់ពួកគេ ហើយត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញ “ទោះបីជាមានបរិយាកាសអរិភាពក៏ដោយ”។
ការកំណត់គោលដៅរបស់រ៉ាដាត្រូវបានគេចាត់ទុកថាជាអំពើអរិភាពក្រោមច្បាប់នៃការចូលរួមរបស់ណាតូ ។
ប្រភពក្រសួងការពារជាតិក្រិកបានច្រានចោលការចោទប្រកាន់នេះ ។ យោងតាមទូរទស្សន៍រដ្ឋក្រិក Ert បានឱ្យដឹងថា “ប្រព័ន្ធមីស៊ីល S-300 របស់ប្រទេសក្រិក មិនដែលបានកំណត់គោលលើយន្តហោះ F-16 របស់តួកគីទេ” ។