អ្នកនាំពាក្យរបស់ចិនម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពអាកាសចិននឹងធ្វើការល្បាតជុំវិញកោះតៃវ៉ាន់ប្រសិនបើចាំបាច់ដើម្បី “ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី” ។ ប្រធានសភាអាម៉េរិក លោកស្រី Nancy Pelosi កំពុងធ្វើដំណើរទៅកាន់តំបន់នេះ ប៉ុន្តែវាមិនទាន់ច្បាស់ថាតើលោកស្រីនឹងបន្តដំណើរទស្សនៈកិច្ចដ៏ចម្រូងចម្រាសទៅកាន់កោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងប្រឆាំងដាច់ខាតនេះដែរឬក៏អត់ទេ ។
ថ្លែងនៅក្នុងពិធីតាំងពិព័រណ៍យោធាមួយកាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យកងទ័ពអាកាសលោក Shen Jinke បាននិយាយថា ប្រទេសចិនមានយន្តហោះជាច្រើនប្រភេទដែលមានសមត្ថភាពហោះហើរជុំវិញ “កោះដ៏មានតម្លៃនៃមាតុភូមិរបស់យើង” ។
លោក Shen បានបន្ថែមថា កងកម្លាំងទ័ពអាកាសរបស់ប្រទេសចិន “មានឆន្ទៈរឹងមាំ ទំនុកចិត្តពេញលេញ និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី” នេះបើយោងតាមរបាយការណ៍របស់ Reuters ដែលដកស្រង់សម្តីរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ។
ទីក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ដែលត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលដាច់ដោយឡែកពីគ្នាតាំងពីចុងទសវត្សរ៍ឆ្នាំ 1940 ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយប្រឆាំងនឹងការទទួលស្គាល់ការទូតកម្រិតខ្ពស់របស់អាជ្ញាធរកោះនេះ ។ ទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់ជាផ្លូវការ ប៉ុន្តែមិនគាំទ្រអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំងលើកោះនោះទេ។
ប្រសិនបើលោកស្រី Pelosi ធ្វើដំណើរទស្សនកិច្ចទៅកាន់កោះនេះ លោកស្រីនឹងក្លាយជាប្រធានសភាតំណាងរាស្រ្តដំបូងគេដែលធ្វើដូច្នេះចាប់តាំងពីលោក Newt Gingrich បានធ្វើដំណើរក្នុងឆ្នាំ 1997 ។