គូសត្រូវរាប់សិបឆ្នាំរវាង សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ នឹងត្រូវប្រឈមមុខគ្នានៅលើទីលានបាល់ទាត់ក្នុងព្រឹត្តិការណ៍ World Cup នៅម៉ោង 2:00 យប់នេះ ដែលជាការប្រជែងគ្នាដ៏តានតឹងទាំងលើវិស័យបាល់ទាត់ និងនយោបាយ
Sport

គូសត្រូវរាប់សិបឆ្នាំរវាង សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ នឹងត្រូវប្រឈមមុខគ្នានៅលើទីលានបាល់ទាត់ក្នុងព្រឹត្តិការណ៍ World Cup នៅម៉ោង 2:00 យប់នេះ ដែលជាការប្រជែងគ្នាដ៏តានតឹងទាំងលើវិស័យបាល់ទាត់ និងនយោបាយ

សត្រូវការទូត សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ត្រូវប្រឈមមុខគ្នានៅលើទីលានបាល់ទាត់ក្នុងព្រឹត្តិការណ៍ World Cup នៅម៉ោង 2:00 យប់នេះ ក្នុងការប្រកួតដែលប្រជាជនអ៊ីរ៉ង់មួយចំនួនភ័យខ្លាចថាអាចនឹងមានការប៉ះទង្គិចជាមួយអ្នកគាំទ្ររដ្ឋាភិបាលជុំវិញការតវ៉ាដ៏ក្ដៅគគុកនៅក្នុងប្រទេសអ៊ីរ៉ង់ ។

ការប្រកួតរវាងប្រទេសទាំងពីរដែលបានផ្តាច់ទំនាក់ទំនងការទូតគ្នាកាលពីជាង 40 ឆ្នាំមុននឹងត្រូវបានធ្វើឡើងជាមួយនឹងការបង្កើនសន្តិសុខ ដើម្បីការពារការផ្ទុះឡើងនៃភាពតានតឹងជុំវិញភាពចលាចលតវ៉ាដែលបានគ្របដណ្ដប់ប្រទេសអ៊ីរ៉ង់ចាប់តាំងពីការស្លាប់របស់ Mahsa Amini អាយុ 22 ឆ្នាំកាលពីថ្ងៃទី 16 ខែកញ្ញា ។

ការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសអ៊ីរ៉ង់បានទាក់ទាញការចាប់អារម្មណ៍របស់ពិភពលោក និងការថ្កោលទោសរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ។ មេដឹកនាំអ៊ីរ៉ង់បានចោទអាម៉េរិកថា ជាអ្នកដែលនៅពីក្រោយការតវ៉ានេះ ។

ហើយសូម្បីតែចាប់តាំងពី World Cup ចាប់ផ្ដើមក៏មានភាពចម្រូងចម្រាសដែរ។ អ៊ីរ៉ង់បានស្នើឱ្យសហព័ន្ធបាល់ទាត់ពិភពលោកដកអាម៉េរិកចេញពីការប្រកួត បន្ទាប់ពីការបង្ហោះតាមបណ្តាញសង្គមរបស់សហព័ន្ធបាល់ទាត់អាម៉េរិកបានប្រើទង់ជាតិអ៊ីរ៉ង់ដែលខុសសភាពដើម ។

ចំណែកអ្នកគាំទ្រអ៊ីរ៉ង់វិញ នៅតែមានការខ្វែងគំនិតគ្នាថាតើគួរគាំទ្រក្រុមខ្លួនឬអត់ ទាក់ទងនឹងការតវ៉ាទាមទារសិទ្ធិស្ត្រីនៅក្នុងប្រទេសអ៊ីរ៉ង់ ។ អ្នកខ្លះនៅក្នុងជំរំប្រឆាំងរដ្ឋាភិបាលបារម្ភថា ជ័យជម្នះរបស់អ៊ីរ៉ង់លើសហរដ្ឋអាម៉េរិកនឹងត្រូវបានរដ្ឋាភិបាលអ៊ីរ៉ង់ប្រើដើម្បីឃោសនាប្រឆាំងនឹងអាម៉េរិក ។

កាតាដែលមានទំនាក់ទំនងខ្លាំងជាមួយទីក្រុងវ៉ាស៊ីនតោន និងទំនាក់ទំនងមិត្តភាពជាមួយទីក្រុងតេអេរ៉ង់បានរក្សាជំហររបស់ខ្លួនក្នុងការផ្តល់ការប្រកួតបាល់ទាត់ពិភពលោកដោយរលូន ដោយធ្វើការពង្រឹងសន្តិសុខក្នុងការប្រកួតអ៊ីរ៉ង់ និងហាមប្រាមរបស់របរមួយចំនួន ដូចជាទង់ជាតិមុនបដិវត្តន៍របស់អ៊ីរ៉ង់ជាដើម ។

មន្ត្រីកាតាបាននិយាយថា នៅពេលដែលអ៊ីរ៉ង់បានផ្តួលវេលស៍កាលពីថ្ងៃសុក្រ ក្រុមសន្តិសុខត្រូវបានដាក់ពង្រាយដើម្បីបំបែកការប៉ះទង្គិចមួយចំនួនតូចរវាងអ្នកគាំទ្រអ៊ីរ៉ង់នៅខាងក្រៅកីឡដ្ឋាន ដោយបន្ថែមថាឧប្បត្តិហេតុត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ដើម្បីទប់ស្កាត់ភាពតានតឹង។

គួរបញ្ជាក់ផងដែរថា ជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលទល់នឹងក្រុមជម្រើសជាតិវេលស៍ពីសំណាក់អ៊ីរ៉ង់ តម្រូវឲ្យសហរដ្ឋអាម៉េរិកត្រូវតែឈ្នះអ៊ីរ៉ង់ដាច់ខាត ដើម្បីឈានទៅវគ្គបន្តនៃការប្រកួត World Cup ខណៈដែលអ៊ីរ៉ង់ត្រូវការត្រឹមស្មើជាមួយអាម៉េរិកប៉ុណ្ណោះ ។

ប្រភព ៖ Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *