ក្រុមហ៊ុន Dell Technologies បានប្រាប់ថាខ្លួននឹងបណ្តេញបុគ្គលិកជាង 6,650 នាក់ ដើម្បីកាត់បន្ថយការចំណាយ នៅក្នុងឆ្នាំនេះ
Business Technology

ក្រុមហ៊ុន Dell Technologies បានប្រាប់ថាខ្លួននឹងបណ្តេញបុគ្គលិកជាង 6,650 នាក់ ដើម្បីកាត់បន្ថយការចំណាយ នៅក្នុងឆ្នាំនេះ

ក្រុមហ៊ុន Dell Technologies នឹងបណ្តេញបុគ្គលិកចំនួន 6,650 នាក់ឬប្រហែល 5 ភាគរយនៃកម្លាំងការងារសកលរបស់ខ្លួន ដោយសាររងការលំបាកនៃការធ្លាក់ចុះលើតម្រូវការកុំព្យូទ័រផ្ទាល់ខ្លួន នេះបើយោងតាមកាសែត Bloomberg News បានរាយការណ៍កាលពីថ្ងៃចន្ទ (ទី6 ខែកុម្ភៈ) ។ របាយការណ៍បាននិយាយថាប្រធានផ្នែកសហប្រតិបត្តិការលោក Jeff Clarke បានសរសេរនៅក្នុងអនុស្សរណៈមួយទៅកាន់បុគ្គលិកថា ក្រុមហ៊ុនកំពុងជួបប្រទះលក្ខខណ្ឌទីផ្សារដែលបន្តធ្លាក់ចុះជាមួយនឹងអនាគតមិនច្បាស់លាស់  ។

គេបានឱ្យដឹងថាលោក Clarke បាននិយាយនៅក្នុងអនុស្សរណៈនេះថា វិធានការកាត់បន្ថយការចំណាយពីមុន រួមទាំងការផ្អាកលើការជួលបុគ្គលិក និងការកំណត់លើការធ្វើដំណើរ គឺមិនគ្រប់គ្រាន់ទៀតទេ។ចំណែកឯ អ្នកនាំពាក្យក្រុមហ៊ុនបានប្រាប់កាសែត Bloomberg News ថា ការរៀបចំនាយកដ្ឋានឡើងវិញ និងការកាត់បន្ថយការងារ គឺជាឱកាសមួយដើម្បីជំរុញប្រសិទ្ធភាពរបស់ក្រុមហ៊ុនឱ្យកាន់តែប្រសើរឡើងវិញ។

គួររំលឹកដែរថា ក្រុមហ៊ុន Microsoft Corp ក្រុមហ៊ុន Amazon និងក្រុមហ៊ុន Goldman Sachs Group ក៏បានកាត់បន្ថយបុគ្គលិកការងាររាប់ពាន់នាក់នាពេលថ្មីៗនេះដែរ ក្នុងគោលបំណងដើម្បីជួយទប់ស្កាត់ការធ្លាក់ចុះនៃតម្រូវការ ខណៈដែលការចំណាយរបស់អតិថិជន និងសាជីវកម្មធ្លាក់ចុះដោយសារតែអតិផរណាខ្ពស់ និងអត្រាការប្រាក់កើនឡើង។ហើយរបាយការណ៍មួយបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ការបញ្ឈប់ការងារនៅក្នុងសហរដ្ឋអាម៉េរិកបានកើនឡើងដល់កម្រិតខ្ពស់ជាងកាលពីពីរឆ្នាំមុននៅក្នុងខែមករានេះ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាបានកាត់បន្ថយការងារក្នុងល្បឿនខ្ពស់បំផុតទីពីរក្នុងកំណត់ត្រាដើម្បីទប់ទល់និងវិបត្តិសេដ្ឋកិច្ចដែលអាចនឹងកើតមាននៅក្នុងឆ្នាំនេះផងដែរ។

Source: CNA

By Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *