កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ខ្លួនមិនដែលផ្គត់ផ្គង់សព្វាវុធ ឬគ្រាប់រំសេវដល់រុស្ស៊ី និងមិនមានគម្រោងធ្វើដូច្នេះទេ និងបានព្រមានសហរដ្ឋអាម៉េរិកឱ្យ “បិទមាត់របស់ខ្លួន” និងបញ្ឈប់ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមដែលមានបំណង “ធ្វើឱ្យខូចមុខមាត់” របស់ប្រទេសកូរ៉េខាងជើង ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
អ្នកនាំពាក្យរងក្រសួងការបរទេសអាម៉េរិក លោក Vedant Patel កាលពីដើមខែនេះ បាននិយាយថា រុស្ស៊ី “កំពុងស្ថិតក្នុងដំណើរការទិញគ្រាប់រ៉ុក្កែត និងកាំភ្លើងធំរាប់លានគ្រាប់ពីកូរ៉េខាងជើង សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន”។
អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក John Kirby ក្រោយមកបានបំភ្លឺថា “មិនមានការចង្អុលបង្ហាញណាមួយដែលថាការទិញត្រូវបានបញ្ចប់ ហើយប្រាកដណាស់ថាគ្មានការចង្អុលបង្ហាញថាអាវុធទាំងនោះត្រូវបានប្រើប្រាស់នៅក្នុងអ៊ុយក្រែនទេ” ។
សហរដ្ឋអាម៉េរិកក៏បានចោទអ៊ីរ៉ង់ពីការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកឲ្យរុស្ស៊ីសម្រាប់ប្រើក្នុងសង្រ្គាមនៅអ៊ុយក្រែនដែរ ប៉ុន្តែត្រូវបានទីក្រុងតេអេរ៉ង់បានបដិសេធ ។ រុស្ស៊ីក៏បានបដិសេធការចោទប្រកាន់នេះ ហើយទាមទារឲ្យអាម៉េរិកផ្តល់ភស្តុតាង ។