កូរ៉េខាងជើងបាន ថ្កោលទោសអ្នកជំនាញសិទ្ធិមនុស្សថ្មីរបស់អង្គការសហប្រជាជាតិថា មានភាពលំអៀង និងគ្រាន់តែជាអាយ៉ងរបស់អាម៉េរិកប៉ុណ្ណោះ
Breaking News

កូរ៉េខាងជើងបាន ថ្កោលទោសអ្នកជំនាញសិទ្ធិមនុស្សថ្មីរបស់អង្គការសហប្រជាជាតិថា មានភាពលំអៀង និងគ្រាន់តែជាអាយ៉ងរបស់អាម៉េរិកប៉ុណ្ណោះ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រសួងការបរទេសកូរ៉េខាងជើងបានរិះគន់អ្នកជំនាញសិទ្ធិមនុស្សថ្មីរបស់អង្គការសហប្រជាជាតិថា មានភាពលំអៀងដោយនិយាយថា ប្រទេសនេះនឹងមិនអត់ឱនចំពោះអ្វីដែលខ្លួនហៅថាកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាម៉េរិកដើម្បីផ្តួលរំលំរបបឯកោនោះទេ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។​

លោកស្រី Elizabeth Salmon អ្នកជំនាញ​ថ្មី​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ចាប់តាំងពី​ចូលកាន់​តំណែង​កាលពី​ខែ​មុន ​។ នៅក្នុងសេចក្តីថ្លែងការណ៍លោកស្រី Salmon បាននិយាយថា ស្ថានភាពសិទ្ធិមនុស្សរបស់កូរ៉េខាងជើងកាន់តែអាក្រក់ទៅៗ បន្ទាប់ពីមានវិធានការតឹងរ៉ឹងជាងពីរឆ្នាំ ដើម្បីទប់ស្កាត់ COVID-19 ។

KCNA បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសដែលមិនបញ្ចេញអត្តសញ្ញាណថា “យើងបានបញ្ជាក់យ៉ាងច្បាស់នូវជំហរជាគោលការណ៍របស់យើងថា យើងមិនទទួលស្គាល់ ឬដោះស្រាយជាមួយ “អ្នករាយការណ៍ពិសេស” ដែលគ្រាន់តែជាអាយ៉ងរបស់សហរដ្ឋអាម៉េរិក” ។

ទីក្រុងព្យុងយ៉ាងបានច្រានចោលការចោទប្រកាន់ជាច្រើនដងអំពីការរំលោភសិទ្ធិមនុស្ស និងបានរិះគន់ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិលើបញ្ហានេះថា ជាគម្រោងដែលគាំទ្រដោយសហរដ្ឋអាម៉េរិក ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ។

មន្ត្រីរូបនេះបាននិយាយថា “កូរ៉េខាងជើងនឹងមិនលើកលែងទោសដល់សហរដ្ឋអាម៉េរិក និងអ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស ប្រឆាំងនឹងកូរ៉េខាងជើង ដែលមានគោលបំណងផ្តួលរំលំប្រព័ន្ធសង្គមរបស់ខ្លួនឡើយ” ។

របាយការណ៍របស់អង្គការសហប្រជាជាតិ ថ្មីៗនេះក៏បាននិយាយផងដែរថា វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ប្រទេសកូរ៉េខាងជើង បានធ្វើឱ្យការរំលោភសិទ្ធិមនុស្សរបស់ប្រទេសនេះ កាន់តែធ្ងន់ធ្ងរឡើង ដោយលើកឡើងពីការរឹតត្បិតបន្ថែមលើការទទួលបានព័ត៌មាន សន្តិសុខព្រំដែនកាន់តែតឹងរ៉ឹង និងការឃ្លាំមើលតាមប្រព័ន្ធឌីជីថល ។

Leave a Reply

Your email address will not be published. Required fields are marked *